ដោយ ហង្ស សាវយុត
2011-05-13
ដកស្រងពី វិទ្យុអាស៊ីសេរី
ថ្វីត្បិតតែការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ក្នុងរឿងជម្លោះព្រំដែនបានស្ងប់ស្ងាត់ក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្បែរព្រំដែនមិនទាន់ហ៊ានធ្វើស្រែ ចម្ការ និងសិស្សជាច្រើនមិនទាន់ហ៊ានចូលសិក្សាឡើយ។
មន្ត្រីមន្ទីរអប់រំរបស់ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យប្រមាណជិត ១ពាន់នាក់ ដែលរស់នៅក្បែរៗព្រំដែនខ្មែរ-ថៃ បានទទួលរងផលប៉ះពាល់ផ្នែកស្មារតីពីការប្រយុទ្ធគ្នាក្នុងរឿង ជម្លោះព្រំដែនកាលពីពេលថ្មីៗ ធ្វើឱ្យពួកគេមិនទាន់ហ៊ានចូលទៅបន្តការសិក្សា និងសាលាមួយចំនួននៅបន្តបិទទ្វារនៅឡើយរហូតមកដល់ពេលនេះ។
ពេលបច្ចុប្បន្នមានចំនួនគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរតិចតួច ប៉ុណ្ណោះដែលបានសម្រេចចិត្តវិលត្រឡប់ចូលទៅរស់នៅក្នុងភូមិជិតៗ ព្រំដែនខ្មែរ-ថៃ បន្ទាប់ពីពួកគេបានចាកចេញពីជំរំជនភៀសសឹក ដើម្បីសុវត្ថិភាពបន្ទាប់ពីមានការប្រយុទ្ធគ្នាមួយរយៈមក។ បើទោះបីជាពួកគេបានវិលចូលទៅរស់នៅក្នុងភូមិជិតៗតំបន់ព្រំដែន ក៏ដោយ ក៏ពួកគេនៅតែប្រុងប្រយ័ត្នដោយគេមិនទាន់ហ៊ានឲ្យកូនៗរបស់គេ បានចេញដើររហេតរហូត និងទៅសាលារៀននៅឡើយទេ។
លោក ទូច រុន ដែលក្រុមគ្រួសាររបស់គាត់ទើបតែត្រឡប់ពីការរត់ភៀសសឹកវិលចូលទៅ រស់នៅភូមិជិតប្រាសាទតាមាន់វិញ បានមានប្រសាសន៍ថា កូនៗរបស់គាត់ដែលស្ថិតនៅក្នុងវ័យកំពុងសិក្សាមិនទាន់បានចូលរៀន នៅឡើយទេ ដោយគាត់បានជម្លៀសពួកគេចេញទៅឆ្ងាយពីលំនៅឋានដែលធ្លាប់រស់នៅជិត ព្រំដែន ហើយមិនទាន់វិលត្រឡប់មកដល់លំនៅឋានវិញនៅឡើយ។
លោក ទូច រុន បន្តថា ៖ «ខ្ញុំកូន ៤រៀន ៣នាក់អត់បានចូលផង។ កូនចៅខ្ញុំជម្លៀសទៅឆ្ងាយអស់ហើយ។ សាលានៅបិទទ្វារ គ្រូក៏គេអត់មកបើកទ្វារបង្រៀនដែរ។ តាំងពីថ្ងៃទី២២ (មេសា) ហ្នឹង អត់បានរៀនខាតទាំងការរកស៊ីទាំងអស់ ការរៀនសូត្ររបស់ក្មេងក៏មិនបានដិតដល់ អាស្រែចម្ការក៏មិនបានធ្វើ»។
ចាប់តាំងពីការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ក្នុងរឿងជម្លោះព្រំដែនបានស្ងប់ស្ងាត់កាលពីថ្ងៃទី៣ ខែឧសភា មក សាលាមួយចំនួនបានចាប់ផ្ដើមបើកទ្វារ ហើយលោកគ្រូជាច្រើនបានមកត្រៀមលក្ខណៈដើម្បីបង្រៀនសិស្សវិញ ក៏ប៉ុន្តែទោះយ៉ាងណាសិស្សដែលបានវិលត្រឡប់មកចូលរៀនវិញ នៅមិនទាន់គ្រប់ចំនួនដូចកាលពីមុនពេលប្រយុទ្ធគ្នានោះឡើយ។
លោក ថេន សុវណ្ណ នាយកសាលាបឋមសិក្សាព្រៃវែង ក្នុងភូមិឈូក ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលនៅមិនឆ្ងាយប៉ុន្មានពីតំបន់ប្រាសាទតាមាន់ធំ បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះចំនួនសិស្សដែលបានវិលចូលរៀនក្នុងសាលាវិញ គឺទើបតែបានប្រមាណ ៧០% ប៉ុណ្ណោះ ឯមួយចំនួនទៀតមិនទាន់ឃើញវិលត្រឡប់មកចូលរៀនវិញទេ ដោយសារតែឪពុកម្ដាយរបស់ពួកគេនៅមានការភ័យខ្លាច។
លោក ថេន សុវណ្ណ មានប្រសាសន៍ទៀតថា ៖ «សាលាព្រៃវែងនេះសិស្ស ៣៨០ជាងនាក់ ឥឡូវមកប្រហែលខ្ទង់ ២៩០ (នាក់) ដោយសារមូលហេតុអារោងដោលប្រាសាទតាមាន់នោះអត់ហ៊ានមកទេ នៅជិតពេក បញ្ជូនមកសាលាគូខ្លះ សាលាព្រៃវែងខ្លះ។ សិស្សចង់មក ជួនកាលឪពុកម្ដាយនោះអត់ហ៊ានឱ្យមកនៅខ្លាច។ គ្រូបង្រៀនគាត់គិតថា ការបង្រៀនជាតួនាទីរបស់គាត់ ប៉ុន្តែសិស្សមិនមក អារម្មណ៍របស់គាត់នៅគិតរឿងខ្លាច នៅភ័យ នៅក្នុងការប្រយ័ត្ន មានត្រង់សេចំនួន២ សម្រាប់ចូល»។
គ្រូបង្រៀនមួយចំនួនដែលរស់នៅជិតៗព្រំដែនខ្មែរ-ថៃ នៃតំបន់ប្រយុទ្ធគ្នាកាលពីពេលថ្មីៗនោះ បានឱ្យដឹងថា ថ្វីត្បិតតែគេចាំបំពេញតួនាទីក្នុងការបង្រៀនសិស្សនៅតាមសាលា ក៏ដោយ ក៏គេនិយាយថា ការបង្រៀនពេលបច្ចុប្បន្ននេះមិនបានធ្វើត្រឹមត្រូវតាមបច្ចេកទេសនៃ គរុកោសល្យទេ ដោយសារតែពួកគេនៅមានអារម្មណ៍ដក់ជាប់នឹងការភ័យខ្លាចនៅឡើយ ឯការបង្រៀនសិស្សគឺគ្រាន់តែបំពេញការបង្រៀនខ្លះកុំឲ្យសិស្ស ខកខានក្នុងការរៀនសូត្រប៉ុណ្ណោះ។
លោក កៅ ថាវរៈ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្ដរមានជ័យ បានទទួលស្គាល់ថា ជាង១សប្ដាហ៍ក្រោយពីស្ងប់ស្ងាត់ការប្រយុទ្ធគ្នារវាងទាហានខ្មែរ- ថៃ នៅតាមព្រំដែននៃប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងថ្មដូន ក្នុងស្រុកបន្ទាយអំពិល មកនោះ គឺសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួនបានបើកទ្វារបង្រៀនឡើងវិញ ប៉ុន្តែសាលាខ្លះទៀតដែលនៅជិតព្រំដែនបំផុត គឺនៅបិទទ្វារនៅឡើយ។
លោកបន្តដូច្នេះ ៖ «សាលាជប់គគីរវាមានសាលានៅលើក្រោមអានោះទាំង២បិទ សាលាថ្មដូនហើយនិងបុស្សធំជាពិសេសគឺសាលាដែលនៅក្បែរៗនឹងតំបន់ ប្រយុទ្ធគ្នាហ្នឹង គឺដូចជានៅមួយជួរសាលាគូ សាលាព្រៃវែង គឺសិស្សមកមិនបានគ្រប់ចំនួនទេហើយនិងអនុវិទ្យាល័យឈូកនៅសិស្សចូល មិនទាន់បាន១០០%នៅឡើយទេ ខ្លះម៉ែឪគេមិនឱ្យចូលតែម្តងគេខ្លាច។បង្ខំអត់បានទេព្រោះនែលោកគ្រូ អ្នកគ្រូប្រកាសហៅចូល ប៉ុន្តែគាត់ថាគាត់មានការព្រួយបារម្ភ ហើយអ្នកណាអ្នកទទួលខុសត្រូវប្រសិនបើឱ្យកូនគាត់ទៅហើយមានបញ្ហាកើតឡើង»។
មន្ត្រីមន្ទីរអប់រំយុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានប៉ាន់ប្រមាណថា មានសិស្សសាលាប្រមាណក្រោម ១ពាន់នាក់ បានទទួលរងផលប៉ះពាល់ពីការប្រយុទ្ធកាលពីពេលថ្មីៗ ដោយពួកគេមិនហ៊ានចូលរៀននៅឡើយ។
លំនៅឋានជាច្រើនដែលនៅតាមភូមិជិតៗព្រំដែនខ្មែរ-ថៃ នៅតែបិទទ្វារចាក់សោចោល ហើយមានសភាពស្ងាត់ជ្រងំនៅឡើយ ដោយសារប្រជាពលរដ្ឋមិនទាន់វិលត្រឡប់ចូលលំនៅឋានប្រកបរបរចិញ្ចឹម ជីវិតវិញទាំងអស់ទេ ចាប់តាំងពីពួកគេចាកចេញពីលំនៅក្នុងពេលដែលមានការប្រយុទ្ធគ្នា រវាងទាហានខ្មែរ-ថៃ ដ៏ខ្លាំងក្លា នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ថ្មដូន កាលពីថ្ងៃទី២២ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា មកនោះ។
ពេលបច្ចុប្បន្ននេះមានចំនួនគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរតិចតួច ប៉ុណ្ណោះ ដែលបានសម្រេចចិត្តវិលត្រឡប់ចូលទៅរស់នៅក្នុងភូមិជិតៗព្រំដែន ខ្មែរ-ថៃ បន្ទាប់ពីពួកគេបានចាកចេញពីជំរំជនភៀសសឹក ដើម្បីសុវត្ថិភាពពីការប្រយុទ្ធគ្នាមួយរយៈមកនោះ។
បើទោះបីជាពួកគេបានវិលចូលទៅរស់នៅក្នុងភូមិជិតៗតំបន់ ព្រំដែនក៏ដោយ ក៏ពួកគេនៅតែប្រុងប្រយ័ត្ន ដោយគេមិនទាន់ហ៊ានចេញដើររហេតរហូត និងទៅភ្ជួររាស់ដីធ្វើកសិកម្មនៅតំបន់ឆ្ងាយៗពីផ្ទះនៅឡើយទេ។
បុរសម្នាក់នៅភូមិជិតប្រាសាទតាមាន់ធំ បានមានប្រសាសន៍ថា គាត់នៅមិនទាន់ប្រាកដនៅឡើយទេថា តើក្នុងស្រែរបស់គាត់អាចមានគ្រាប់ផ្លោងសេសសល់មិនទាន់ផ្ទុះ ឬយ៉ាងណាទេ បន្ទាប់ពីទាហានថៃ បានផ្លោងគ្រាប់កាំភ្លើងធំជាច្រើនធ្លាក់រាយប៉ាយនៅពេលដែលប្រយុទ្ធ គ្នាជាមួយទាហានខ្មែរ ចាប់ពីថ្ងៃទី២២ ខែមេសា រហូតមកដល់ថ្ងៃទី៣ ខែឧសភានោះ ៖ «គ្រាប់វាធ្លាក់មក ជួនណាវាអត់ទាន់ផ្ទុះយើងអត់ហ៊ានភ្ជួរ។គ្រាប់វាបូមធ្លាក់ទៅ ក្នុងវាអត់ផ្ទុះក៏មាន មួយតំបន់ហ្នឹងច្រើនណាស់ ទាំងអស់ច្រើនណាស់»។
មន្ត្រីកាកបាទក្រហមកម្ពុជា ប្រចាំខេត្តឧត្ដរមានជ័យ បានឲ្យដឹងកាលពីពេលថ្មីៗថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីចំនួន ១០ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភានោះ គ្រាប់កាំភ្លើងធំរបស់ទាហានថៃ ដែលផ្លោងចូលភូមិជនស៊ីវិលខ្មែរបានបំផ្លាញផ្ទះសម្បែងបណ្ដាលឲ្យ ឆេះ និងរងការខូចខាតចំនួន ៤៣ខ្នង ខូចខាតសាលារៀន និងវត្តអារាមមួយចំនួន និងជនស៊ីវិលចំនួន ៥នាក់បានរងរបួសទៀតផង៕