ដោយ : បាយ័ន (ថ្ងៃទី 8 ឧសភា 2011,09:56:AM)
គេហទំព័រ CEN
បន្ទាយអម្ពិល ឧត្តរមានជ័យ: ដោយសារតែអំពើឈ្លានពានពីទាហានសៀមផ្លោងគ្រាប់១៥៥មមជាច្រើនគ្រាប់ ជាប់ៗគ្នាចូលមកភូមិដ្ឋានប្រជាពលរដ្ឋនៅឃុំគោកមន ស្រុកបន្ទាយអម្ពិល ក្នុងនោះមានឆេះផ្ទះខ្ទេចទាំងស្រុង ខូចខាតមធ្យម និងក្រោមមធ្យមបានត្រូវទទួលអំណោយជាថវិកាពីលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់រួចហើយ ដើម្បីយកមកកសាងផ្ទះរបស់ពួកគេឡើងវិញ។
លោកលួន អាន ប្រធានគណៈកម្មការសាខាកាកបាទក្រហមនិងជាអភិបាលរងខេត្តបន្ទាយមានជ័យ បានប្រកាសប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លំនៅដ្ឋានប្រជាពលរដ្ឋដែលខូចខាតក្នុងនោះឆេះខ្ទេច ខូចខាតមធ្យម ធ្លុះធ្លាយជញ្ជាំង និងដំបូលដោយគ្រាប់កាំភ្លើងសៀមបាញ់ផ្លោងត្រូវឆេះមានចំនួន ៣៨ ខ្នង។
លោកលួន អាន បានមានប្រសាសន៍ថា ក្នុងចំណោម ៣៨ ខ្នង គឺមាន ៦ ខ្នងត្រូវឆេះខ្ទេចដោយគ្រាប់កាំភ្លើង១៥៥មម របស់សៀម មួយខ្នងខូចខាតមធ្យម និង ៣១ ខ្នងទៀតធ្លុះធ្លាយជញ្ជាំងនិងដំបូលដោយគ្រាប់អំបែង កាំភ្លើងផ្លោងរបស់សៀម។
លោកប្រធានកាកបាតក្រហមសាខាខេត្តឧត្តរ មានជ័យបាននិយាយថា គ្រួសារដែលត្រូវឆេះផ្ទះខ្ទេចចំនួន ៦ គ្រួសារបានទទួលអំណោយពីកាកបាទក្រហមក្នុងមួយខ្នងផ្ទះចំនួន ១២ លានរៀល ខូចខាតមធ្យមមួយខ្នងផ្ទះទទួលបាន ៨ លានរៀល និងខូចខាតដោយធ្លុះធ្លាយជញ្ជាំងនិងដំបូលចំនួន ៣១ ខ្នង ក្នុងមួយខ្នងទទួលបាន ២ លានរៀល។
លោកលួន អាន បានបន្តថា គ្រួសារដែលឆេះផ្ទះ ៦ ខ្នងនិងខូចខាតមធ្យមចំនួន ១ ខ្នងត្រូវបានទទួលពីកាកបាទក្រហមកម្ពុជារួចហើយ កាលពីថ្ងៃទី៦ ឧសភា ២០១១កន្លងទៅ។
ដោយឡែកផ្ទះប្រជាពលរដ្ឋដែលធ្លុះធ្លាយជញ្ជាំង និងដំបូល ៣១ ខ្នងកាកបាទក្រហមខេត្តឧត្តរមានជ័យគ្រោងនាំថវិកាទៅចែកជួនពួកគាត់ នៅព្រឹកថ្ងៃច័ន្ទ ទី៩ ឧសភា។
លោកលួន អាន បានបញ្ជាក់ថា ជនភៀសសឹកសង្គ្រាមទាំងអស់ដែលភៀសខ្លួនមករស់កន្លែងមានសុវត្ថិភាព ស្រុកចុងកាល់ និងស្រុកសំរោង មានចំនួន ១៥ ០៦១ គ្រួសារ និងស្មើប្រជាពលរដ្ឋ ៤៥ ២៣២ នាក់។ ពួកគាត់ទាំងអស់បានវិលទៅកាន់លំនៅដ្ឋានវិញអស់ហើយគ្មានសេសសល់ទៀតឡើយ បន្ទាប់ពីការរត់គេចពីគ្រាប់កាំភ្លើងផ្លោងរបស់សៀមបាញ់ចូលទឹកដី កម្ពុជានៅខេត្តឧត្តរមានជ័យចាប់តាំងពីថ្ងៃទី២២ មេសា ដល់ថ្ងៃទី២ ឧសភា ឆ្នាំ២០១១មក។
លោកលួន អាន បានបន្តទៀតថា ក្រោយពីជនភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តឧត្តរមានជ័យ ពួកគាត់បានទទួលការយកចិត្តទុកដាក់រៀបចំកន្លែងដោយអាជ្ញាធរ និងមានការឧបត្ថម្ភសង្គ្រោះនូវស្បៀងពីកាកបាទក្រហមកម្ពុជាជា បន្តបន្ទាប់ ពីស្ថាប័នក្រសួង ពីស្ថាប័នឯកជន ៘៕