Showing posts with label ឧត្តរមានជ័យ. Show all posts
Showing posts with label ឧត្តរមានជ័យ. Show all posts

Sunday, March 17, 2013

ភូមិ​ជប់​​គគីរ

ភូមិ​ជប់​​គគីរ​ ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ភូមិ​នេះ​មាន​ទីតាំង​នៅ​លើ​ភ្នំ​ដង​រែក​ ជាប់​និង​ប្រទេស​ថៃ​ ដែល​របង​ខណ្ឌ​ចែក​រវាង​ថៃ​និង​ខ្មែរ​នៅ​ម្ខាង​ព្រំប្រទល់​​។ ជប់​គគីរ​នៅ​ខាង​ជើង​ឈៀង​ខាង​លិច​នៃ​ទី​រួម​ស្រុក​បន្ទាយ​អំពិល​ ប្រសិន​បើ​យើង​ចង់​ធ្វើ​ដំណើរ​ទៅ​លេង​ នៅ​ពេល​យើង​ទៅ​ដល់​ទី​រួម​ស្រុក​បន្ទាយ​អំពិល​យើង​និង​ឃើញ​រង្វង់​មូល​កសិករ​ក្នុង​ទី​រួម​ស្រុក​នោះ ​យើង​ត្រូវ​ទៅ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​ត្រង់​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​រហូត​ដល់​ជើង​ភ្នំ​ យើង​នឹង​ឃើញ​មាន​ភូមិ​ថ្មី​និង​បន្ទាយ​កង​ទ័ព​នៅ​ជាប់​ជើង​ភ្នំ និង​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​​មួយ​កាត់​ភូមិ​នោះ​ពី​ទិស​ខាង​កើត​ទៅ​ខាង​លិច​ ក្បែរ​ៗ​ជើង​ភ្នំ​។ យើង​បត់​ឆ្វេង​ហើយ​ទៅ​តាម​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​ ទៅ​ទិស​ខាង​លិច​​រហូត​ដល់​ផ្លូវ​មួយ​ទៀត​កាត់​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​ពី​ត្បូង​ទៅ​ជើង​​ យើង​ត្រូវ​បត់​​ស្ដាំ​ទៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​ជើង​ឡើង​ភ្នំ​ ពេល​ឡើង​ភ្នំ​ផុត​និង​ដល់​ភូមិ​នោះ​។ កាល​ពី​ប្រទេស​កម្ពុជា​មាន​សង្គ្រាម​ភូមិ​នោះ​គឺ​ជា​ទីតាំង​របស់​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​នៅ​ប្រចាំ​ការ​ទីនោះ​ ដើម្បី​ការ​ពារ​ព្រំដែន​ខ្មែរ​កុំ​អោយ​ថៃ​​ចូល​មក​ខាង​ទឹក​ដីខ្មែរ​យើង​​ ហើយ​កាល​នោះ​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ខ្លះ​ផង​ដែរ​ ប៉ុន្តែ​អ្នក​ដែល​រស់​នៅ​ទាំង​នោះ​មិនបាន​សុខ​ស្រួល​នោះ​ទេ​ ដោយសារ​តែ​ការ​ដណ្ដើមយក​ទី​តាំង​រវាង​ខ្មែរ​និង​ខ្មែរ​គ្នាឯង​ ដែល​ជា​ក្រុម​ផ្សេង​គ្នា​។ នៅ​ពេល​កង​ទ័ព​ទាំង​នោះ​បាញ់​គ្នា​ម្ដង​ៗ​​អ្នក​ភូមិ​នោះ​បាន​នាំគ្នា​រត់​ភៀស​ខ្លួន​ចូល​​ទៅ​ក្នុង​ទឹក​ដី​ថៃ ​មួយ​រយៈពេល ​នៅ​ពេល​ស្ងប់​ស្ងាត់​ទើប​នាំ​គ្នា​ត្រឡប់​ចូល​ផ្ទះ​សំបែង​របស់​​ខ្លួន​វិញ។ តែ​ក្រោយ​មក​ប្រជា​ជន​ទាំង​នោះ​ក៏បាន​សុខ​សន្តិភាព​ជាង​មុន​បន្តិច​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏បាន​សុខ​ស្រួល​ជាង​មុន​​ព្រោះ​ប្រជា​ជន​មិន​មិន​ចាំ​បាច់​រត់​ភៀស​ខ្លួន​ដូច​ពី​មុន​ មិន​រំខាន​ដោយ​ស្នូរ​កាំ​ភ្លើង​ដូច​ពី​សម័យ​មុន​ផង​ដែរ។ ភូមិ​នោះ​មាន​ទំហំ​ធំ​គ្រាន់​បើ​ដែរ​ ភូមិ​នេះ​ផង​ដែរ​ចែក​ចេញ​ជា​ពី​គឺ​ជប់​គគីរ​ខាង​លិច​និង​ជប់​គគីរ​ខាង​កើត ​ដែល​បច្ចុប្បន្ន​អ្នក​រស់​នៅ​ទីនោះ​និយម​ហៅថា​ភូមិ​ចៃ​ឆ្កែ​។ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ទី​នោះ​គឺ​ពឹង​ផ្អែក​លើ​ធម្មជាតិ​ជាធំ​ ហើយ​ពួក​គេ​ទាំង​នោះ​មាន​ជីវភាព​ខ្វះ​ខាត​ណាស់​ ព្រោះ​នៅ​ទី​នោះ​ជា​តំបន់​​លើ​ភ្នំ​គ្មាន​ដី​ស្រែ សម្រាប់​ប្រកប​របរ​កសិកម្ម​នោះ​ទេ​។ សព្វ​ថ្ងៃ​នេះ​​ប្រជាជន​រស់​នៅ​ទី​នោះ​មាន​អ្នក​​ឈឺ​​ចំនួន​ច្រើន​ជាង​ពី​មុន​ឆ្ងាយ​ ហើយ​ផ្ទះ​របស់​ពួក​គេ​គឺ​មិន​មាន​លក្ខណៈ​ធំ​ៗ​ទេ​​​​ គឺ​ពួក​គេ​សង់​ជា​លក្ខណៈ​តូច​ៗ ទាប​ៗ​ប្រក់​ស្បូវ​​ខ្លះ​និង​ខ្លះ​ទៀត​ប្រក់​ស័ង្កសី​។ អ្នក​ភូមិ​នោះ​ភាគ​ច្រើន​ជា​អ្នក​មិន​បាន​ចូល​សាលា​មិន​មាន​ចំណេះ​ដឹង​ ហើយ​ក្មេង​ៗ​នៅ​ទីនោះ​ក៏​មិន​បាន​ទទួល​យក​ការ​អប់​រំ​ពី​សាលា​រៀន​ផង​ដែរ នៅ​ពេល​ពួក​គេ​ធំ​ដឹង​ក្ដី​ឡើង​ភាគ​ច្រើន​ឪពុក​ម្ដាយ​របស់​ពួក​គេ​បាន​បញ្ជូន​ពួក​គេ​អោយ​ទៅ​ធ្វើការ​ស៊ី​ឈ្នួល​នៅ​ប្រទេស​ថៃ​ មាន​គ្រួសារ​ខ្លះ​ទៅ​ទាំង​ពុក​ម្ដាយ​ដោយ​ទុក​កូន​ខ្លះ​អោយ​នៅ​មើល​ថែ​ផ្ទះ​ ហើយ​ខ្លះ​ទៀត​យក​ទៅ​ជា​មួយ​ដោយ​ពួកគេ​មិន​បាន​ស្គាល់​ទេ​ពាក្យ​ថា​ទៅ​រៀន​។ នៅ​ភូមិ​ជប់​គគីរ​គ្មាន​សាលា​រៀន​ទេ ដោយ​សារ​តែ​ភូមិ​នោះ​នៅ​ឆ្ងាយ​ពី​ទីរួម​ស្រុក​ ហើយ​គេ​កម្រ​បាន​គិត​គូ​ពី​ស្ថានភាព​របស់​អ្នក​រស់​នៅ​ទីនោះ​ណាស់​ ទីនោះ​ខ្វះ​ទាំង​សាលារៀន​​ មណ្ឌល​សុខភាព​និ​ង ការងារ​ ដូចនេះ​បាន​ជា​ជំរុញ​អោយ​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ បច្ចុប្បន្ន​នេះ​អ្នកភូមិ​នោះ​ពឹង​ផ្អែក​ទៅលើ​ថៃ​ទាំង​ស្រុង​ ព្រោះ​សព្វ​ថៃ្ង​នេះ​ដោយសារ​តែ​ភាគី​ថៃ​និង​កម្ពុជា​បាន​ស្រុះស្រួល​គ្នា ហើយ​បាន​បើក​ច្រក​របៀង​ជប់​គគីរ​នេះ​អោយ​ដំណើរ​ការ​ ដែល​អាច​អោយ​ប្រជាជន​រស់​នៅ​ទីនោះ​បាន​ធូរ​ខ្លះ​ដោយ​បាន​ដោះ​ដូរ​ទំនិញ​ខ្លះ​ៗ​ ជា​មួយ​ថៃ​ ដូចជា​​ពួកគេ​បាន​ក្រង​ស្បូវ​លក់​អោយ​ថៃ​និង​ របស់​របរ​ផ្សេងៗ​ទៀត​ទៅតាម​អ្វី​ដែល​ពួក​គេ​អាច​រក​បាន​ ដើម្បី​លក់​អោយ​ប្រជាជន​ថៃ ដើម​កំណើត​ខ្មែរ​។​ តែ​ខាង​ភាគី​ថៃ​វិញ​គេ​បាន​យក​បន្លែ​ សំលៀក​បំពាក់​និង​របស់​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត មក​លក់​អោយ​ប្រជាជន​ខ្មែរ​យើង​ក្នុង​តម្លៃ​ដែល​​សមរម្យ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​អ្នក​រស់​នៅ​ភូមិ​នោះ​ នៅ​តែ​បារម្ភ​អំពី​ស្ថាន​ភាព​រវាង​កងទ័ព​ថៃ​និង​កម្ពុជា ​ដោយ​សារ​តែ​ថៃ​ឈ្លានពាន​មក​ក្នុង​ទឹក​ដីខ្មែរ​ ដូច​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​បង្ករ​អោយ​មាន​ជម្លោះ​ប្រដាប់​អាវុធ​កាល​ពី​ខែ មេសា ឆ្នាំ២០១១ កន្លង​ទៅ​ដែល​បាន​ បណ្ដាល​អោយ​មាន​ការ​ខាត​បង់​ទាំង​សង​ខាង​រវាង​ភាគី​ថៃ​ និង​កម្ពុជា​។
ខ្ញុំ​សូម​អំពាវ​នាវ​ដល់​​មហា​ជន​ទូទៅ​ទាំង​ឡាយ​អោយ​ជួយ​គិត​គូរ​ពី​បង​ប្អូន​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​តាម​ ព្រំដែន​មិន​ថា​តែ​ភូមិ​ជប់​គគីរ​នេះ​ទេ​ ផ្សេងៗ​ទៀត​ដែល​នៅ​ជាប់​ច្រក​ចូល​ទឹក​ដី​ថៃ​ សូម​អោយ​ជួយ​សង​សង់ សាលា​រៀន​ មណ្ឌលសុខភាព​ដើម្បី​អោយ​ប្រជាជន​នៅ​ទី​នោះ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ បញ្ជូន​កូន​អោយ​ទៅ​រៀន​និង​ព្យាបាល​ជម្ងឺ​ផ្សេង​ៗ និង​បញ្ហា​នៃ​ការ​ថែទាំ​សុខភាព​៕៚ អូត ឡាទីន

Wednesday, December 26, 2012

ចំណាស់​ពិតប្រាកដ​នៃ​ប្រាសាទតាមាន់ធំ

ដកស្រង់ពីគេហទំព័រ​ CEN

    ​នៅពេលដែល​គេ​និយាយ​ដល់​ប្រាសាទតាមាន់ធំ សំនួរ​មួយ​ដែល​គេ​តែងតែ​ចោទ គឺ​អាយុកាល​នៃ​បូជនីយដ្ឋាន​នេះ​។ ថ្វីត្បិតតែ​បញ្ហា​នេះ​មិនមែនជា​បញ្ហាសំខាន់​ណាស់ណា​ទេ​សម្រាប់​មនុស្ស​ សាមញ្ញ ព្រោះ​គេ​ដឹងថា ប្រាសាទ​នេះ​ស្ថិតក្នុង​សម័យអង្គរ​។ តែ​ជាការ​ចាំបាច់ ដើម្បី​អ្នកស្រាវជ្រាវ ឬ​អ្នកនិពន្ធ​ក្នុងការ​ស្វែងយល់​អំពី​ប្រវត្តិ​របស់​សំណង់​ស្ថាបត្យកម្ម​ ខ្មែរ​ខាងលើនេះ​។​
​    ​ចម្ងល់ ឬក៏​ចម្លើយ និង​សំនួរ​ខាងលើ​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយស្រួល បើ​គេ​សំអាង​លើ​ខ្លឹមសារ​នៃ​សិលាចារឹក​មួយ​ផ្ទាំង ដែល​សព្វថ្ងៃ​កាន់កាប់​ដោយ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​។ ពីមុន​សិលាចារឹក​នេះ ស្ថិតក្នុង​បរិវេណ​សាលារៀន​ភូមិ​រោង​ខ្នា ឃុំ​តា​មាន់ ស្រុក​កាប់​ជើង ខេត្ត​សុ​រិ​ន្ទ្រ​។​
សិលាចារឹក​ប្រាសាទតាមាន់ធំ លេខ ៥ (​ឯកសារ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)

​     ​ចំពោះ​សិលាចារឹក​នេះ ដែល​សរសេរ​ជា​ភាសាសំស្ក្រឹត និង​ខ្មែរ ត្រូវបាន​ចុះ​លេខ​រៀង Ka 361 ហើយ​។ ចារ​នៅ​ឆ្នាំ ៩៤២ សក ត្រូវ​នឹង​ឆ្នាំ ១០៦០ នៃ​គ​.​ស ចារឹក​នេះ​មាន​ចារ​តួអក្សរ​ទាំង​៣​ជ្រុង​។ នៅ​ជ្រុង​ទីមួយ​មាន ១៩ បន្ទាត់ ជ្រុង​ទី​២ មាន​១៩ បន្ទាត់ និង​ជ្រុង​ទី​៣ មាន ២​បន្ទាត់​។ រីឯ​ប្រភេទ​សិលាចារឹក គឺជា​ថ្មភក់ ដោយមាន​លក្ខណៈ​រាង​ជា​បន្ទះ​សីមា​។ កន្លែង​ដែល​គេ​បាន​រកឃើញ​ផ្ទាំងសិលា​ចារឹក​នេះ គឺ​នៅមុខ​ប្រាសាទ​តែម្តង​។ កំពស់​នៃ​សិលាចារឹក​នេះ គឺ ៥០ ស​.​ម ទទឹង ២៩,៥ ស​.​ម និង​កម្រាស់ ៧ ស​.​ម​។​
​    ​ជាទី​បញ្ចប់ សូមបញ្ជាក់​ផងដែរ​ថា ថ្វីត្បិតតែ​ប្រាសាទតាមាន់ធំ​ត្រូវបាន​កសាងឡើង​នៅ​ស​.​វ​ទី​១១ ក្តី ក៏ប៉ុន្តែ​មិនមែន​មានន័យថា ទីតាំង​នេះ​ទើបតែ​ត្រូវបាន​ជ្រើសរើស​នៅក្នុង​សម័យកាល​នោះទេ​។ យោងតាម​ការស្រាវជ្រាវ​របស់​យើងៗ​អាច​កត់សម្គាល់ថា ទីតាំង​នេះ​ត្រូវបាន​ប្រជានុរាស្ត្រ​ខ្មែរ ដែលជា​អ្នកស្រុក​ក្នុង​តំបន់​គោរពបូជា​តាំងតែ​សម័យ​បុ​រេ​អង្គរ​ម្ល៉េះ​។ ពោលគឺ​នៅ​ដើម​សម័យ​ចេនឡា​ម្ល៉េះ នៅ​ចុង​ស​.​វ​ទី​៦ ដើម​ស​.​វ​ទី​៧ ជាពិសេស​ក្នុង​សម័យកាល​របស់​ព្រះបាទ​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា​។
ប្លង់​នៃ​ប្រាសាទតាមាន់ធំ ឯកសារ​បារាំង​

​     ​សូមបញ្ជាក់​នៅត្រង់​នេះ​ថា លក្ខណៈ​ពិសិដ្ឋ​នៃ​ទីតាំង​ដ៏​អស្ចារ្យ​នេះ ក៏​ដោយសារតែ​វត្តមាន​របស់​ថ្ម​ធម្មជាតិ​មួយ​ដែលមាន​លក្ខណៈ​សើម​ជានិច្ច បណ្តាលមកពី​ចរន្តទឹក​ដែល​ផុស​ចេញពី​បាត​ភ្នំ​។ គឺ​ថ្ម​ធម្មជាតិ​នេះហើយ ដែល​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ព្រះ​សិវលិង្គ ឬ​លិង្គព្រះឥសូរ​ដ៏​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធ​ក្នុង​សម័យកាល​បុរាណ​។ គឺ​ប្រការ​នេះហើយ ដែល​ថ្ម​លិង្គ​ស្វ័យ​ជម្ពូ​វ បាន​ក្លាយទៅជា​ចំណុចកណ្តាល ឬ​បេះដូង​នៃ​ប្រាសាទតាមាន់ធំ ដោយហេតុថា មានការ​សាងសង់​ប្រាង្គ​ប្រធាន​ហ៊ុំព័ទ្ធ​ពីលើ ព្រមទាំង​សំណង់​ឧបសម្ព័ន្ធ​នានា​នៅ​ជុំវិញ​។ គឺ​ក្នុង​បរិបទ​នេះហើយ ទីតាំង​នៃ​ប្រាសាទ​កាន់តែ​ស័ក្តិសិទ្ធិ​ឡើង​មួយ​ជា​ទ្វេ​រដង​៕ (​ម​.​ត្រា​ណេ​)

Monday, December 24, 2012

ប្រាសាទតាមាន់ធំ ក្នុង​ខេត្តឧត្តរមានជ័យ

Tuesday, October 2, 2012

ប្រវត្តិអូរខ្មោចចិន

ហេតុ​អ្វី​បាន​គេ​ហៅវា​ថា​ជា​ អូរ​ខ្មោច​ចិន​?​ ចូរ​អាន​ទាំង​អស់​គ្នា​ដោយ​សប្បាយរីក​រាយ​។​
          អូរ​ខ្មោច​ចិន​ស្ថិត​នៅភូមិ​ស្រែប្រាំង​ ឃុំ​ជើង​ទៀន​ ស្រុក​ចុង​កាល់ ​ខេត្ត​ឧត្ត​រមាន​ជ័យ​ ដែល​អូរ​នេះ​មាន​ភាព​ស្មុគ​ស្មាញ​បន្តិច​ត្រង់​ថា​យើង​ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​លឺ​តែ​តាម​តែ​ចាស់​ៗ​និយាយ​ប្រាប់​ត្រួសៗ​ ហើយ​ខ្ញុំលើក​យក​មក​បក​ស្រាយ​ ដើម្បី​ជូន​អ្នក​អាន​បាន​ស្គាល់​ប្រវត្តិ​អូរ​នេះ​ និង​ទុក​សម្រាប់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​ពី​ប្រវត្តិនេះ​ព្រមទាំង​ស្រាវជ្រាវ​និង​ចង​ក្រង​បន្ត​ទៀត​។​​​ កាល​ពីសម័យ​សង្គម​រាស្រ្ត​និយម​ដែល​ដឹក​នាំដោយ​សម្តេចតា​ នរោត្តម​ សីហនុ មាន​លោក​​រដ្ឋ​មន្រ្តីល​ន់ ​នុល     ដែល​ជា​បុរ​ស​ស្នេ​ហា​​​ជាតិ​​ដោយ​ខ្លាច​ជន​បរទេស​លុក​លុយ​ចូល​ប្រទេស​កម្ពុជា​ ដោយ​ឆ្លៀត​ឱកាស​ធ្វើ​រដ្ឋប្រហារ​ទំលាក់​សម្តេចតា ដើម្បី​គ្រប់គ្រង​ប្រទេស​ ​ដោយ​បាន​មើល​ឃើញ​ប្រទេស​មាន​ភាព​តឹង​តែង​លំបាក​ដោយ​ជន​ជាតិ​វៀត​ណាម​ចូល​ច្រើន​លើស​លុប​​ ក៍​ធ្វើបដិវត្ដ​ប្រឆាំង​ដោយ​សម្លាប់​ជន​ជាតិ​យួន​​និង​ជន​បរទេស​មួយចំនួន​ទៀត​ ដែល​ជា​ជន​អន្តោ​ប្រវេសន៏​ គ្មាន​អត្តសញ្ញាណ​ច្បាស់​លាស់។ ​មាន​ថ្ងៃមួយ​យុវ​ជន​ យុវ​នារី​កំពុង​តែ​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ​ ដែល​មាន​ជនជាតិ​ខ្មែរ​  ជន​ជាតិ​ដ៏ទៃ​ទៀត ​តែ​ភូមិ​នោះ​សម្បូរ​ជន​ជាតិ​ចិន​រស់​នៅ​ច្រើន​ជាង​គេ(​ភូមិ​នោះ​ឈ្មោះថា​ភូមិ​ចាស់​)មាន​ប្រជា​ជន​ប្រមាណ​ជា​៩០​គ្រួសារ​ តែ​ដោយសា​រតែ​ប្រទេស​មាន​សង្គ្រាម​ប្រយុទ្ធ​គ្នា​ជា​មួយ​វៀត​ណា​ម ដែល​ឈ្លាន​ពាន​ទឹក​ដី​ រហូត​ដល់​សំលាប់​យ៉ាង​រង្គៀល​ ដោយ​បណ្ដែត​តាម​ទឹក​ទន្លេ​ ឈាម​ហូរ​ដាប​​ ​ទឹក​ក្រហម​ដូច​ល័ក្ខ ដោយ​ចិន​ខ្លាច​រដ្ឋ​ខ្មែរ​សម្លាប់​ ក៏នាំ​គ្នា​រត់​លាក់​ខ្លួន​ពេញ​ព្រៃ​ឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​ ដើម្បី​លាក់​ខ្លួន​ពួក​គេ​ធ្វើ​ដំនើ​រពី​ទិស​ខាង​ត្បូង​មក​ទិស​ខាង​ជើង​ដើម្បី​ឆ្ពោះ​មក​រក​ខេត្ត​នា​ទិស​ឧត្ដរ​ដែល​សំបូរ​ព្រៃ ​នឹង​ជ្រលង​ភ្នំ​ក្នុង​ការ​លាក់​ខ្លួន​ នឹង​រក​ស៊ីចិញ្ចឹម​ជីវិត​ តែជា​អកុសល នៅ​ពេល​គេ​ធ្វើ​ដំនើ​រឆ្លង​កាត់​ស្ទឹង​ដែល​ជាព្រំ​ប្រទល់​ខេត្ត​ឧត្តរ​សព្វ​ថ្ងៃ​ ពួក​គេឆ្លង​ផុត​ស្ទឹង​បន្តិច​ក៏​នាំ​គ្នាសំរាក​ញ៉ាំអាហា​រក្បែរ​ដៃ​ស្ទឹង​ ដែល​ហូរ​កាត់​ចូល​រលំ​មួយ​(ដែល​មាន​ ចក​ កំប្លោក​ ដើមរុន​ និង​ប្រភេទ​ពើកក្រាស់ៗ) ទឹក​ក្នុង​រលំ​នោះ​ពណ៌​ខ្មៅ​ថ្លា​ដូច​កញ្ចក់​ត្រជាក់​ស្លឹប​ ហើយ​សំបូរ​ដើម​ឈើដុះ​ក្រោម​ដណ្ដប់​ ពន្លឺថ្ងៃ​ចាំង​ចូល​តាម​ប្រលោះ​ស្លឹក​ព្រិច​ៗ​ដូច​ផ្កាយ​មក​តាម​ផ្ទៃ​ទឹក។ ​នៅចន្លោះ​ស្ទឹង​និង​រលំ​មាន​កោះមួយ​ឈ្មោះ​កោះ​ស្មោង​ ព្រោះវា​សំបូរ​ដើម​ស្មោង​ ដោយ​នៅ​ខាង​ជើង​កោះ​នោះ​មាន​បន្ទាយ​ទាហ៊ាន​មួយ​យ៉ាង​ធំ​ ដែល​ជា​ក្រវ៉ាត់​ការ​ពារ​របស់ខ្មែ​រ ​ដោយ​ទា​ហ៊ាន​បាន​ឃើញផ្សែង​
ភ្លើង​ចេញ​ពី​ក្នុង​អូរ​តូច​នោះ​ គឺ​គេនាំ​គ្នា​រង្កិល​ខ្លួន​យ៉ាង​ស្ងៀម​ស្ងាត់​ ដោយ​ពួក​គេ​ស្មាន​ថា​យួន​ក៏​ហ៊ុំ​ព័ទ្ធ​ចាប់​ជន​ជាតិ​ចិន​ ហើយ​គេ​ក៏​នាំ​គ្នាបាញ់​សំលាប់​ទំលាក់​ចូលក្នុង​អូរ​ជា​រង្គាល​ប្រមាណ​ជា​៣០០​ទៅ​៥០០​នាក់​ ចាប់​ពីពេល​នោះមក​ពួក​គេ​ក៏​នាំគ្នា​ ហៅថា​អូរ​ខ្មោចចិ​ន​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​តាំង​ពីពេល​នោះ​មក​កន្លែង​អូរ​មាន​ភាព​ស្ងប់ស្ងា​ត់​ ប្រជាជន​ឈប់​នាំ​គ្នា​ទៅ​កាប់​ស្មោង​មក​ធ្វើ​ជង្រុក​ទៀត​ តែមក​ដល់​សព្វ​ថ្ងៃ​ភូមិ​និង​បន្ទាយ​ទាហាន​ត្រូវ​បាន​ផ្លាស់ទីកន្លែង​ថ្មី ​ហើយ​កន្លែង​នោះ​ក៏​ត្រូវ​បាន​​ប្រជាជ​ន​យក​ដី​ដាំ​ដំ​នាំ​ផ្សេងៗ​ ហើយ​ទាហាន​បានប​ន្សល់ទុក​នូ​វដើមហូប​ផ្លែ​ជា​ច្រើន​ដូច​ជា​ ស្វាយ​ អំពិល​ ពុទ្រា ​ស្ពឺ​ ចេក​ ត្នោត​ ល្វា ៕៚​​   បូ ​វិ​ណៃ

Wednesday, August 15, 2012

ប្រាសាទតាមាន់ធំ និង តាក្របី ក្នុងសភាពស្ងប់ស្ងាត់

ដកស្រង់ពីគេហទំព័រ​ភ្នំពេញដេលី
Written by ភ្នំពេញដេលីញូវ   
Tuesday, 14 August 2012 02:45



កាលពីប៉ុន្មានឆ្នាំមុនការធ្វើដំណើរទៅកាន់ ប្រាសាទតាមាន់និងតាក្របីដែលជា ប្រាសាទបុរាណតាំងពីសតវត្សរ៍ទី ១១ មានការ លំបាកជាខ្លាំង ពិសេសនៅ រដូវវស្សា  ផ្លូវចូលទៅកាន់ប្រាសាទមានទឹកលិច ដីបែកភក់ និង រអិល តែមក ទល់ពេលនេះ លែងមានរូបភាពបែបនោះទៀតហើយ ដោយសារផ្លូវនោះត្រូវ បានកសាងយ៉ាងល្អ គឺមានទាំងផ្លូវក្រាលក្រួសក្រហម និង ចាក់បេតុងរលោង ។
      ភ្ញៀវទាំងឡាយអាចទៅទស្សនាប្រាសាទតាមាន់ធំជាមុន រួចទើបបន្តដំណើរទៅប្រាសាទតាក្របី ជាក្រោយ ឬ ទៅទស្សនាប្រាសាទតាក្របីមុនក៏បាន ព្រោះប្រាសាទទាំងពីរនេះស្ថិតនៅលើជួរភ្នំដងរែក ជាមួយគ្នា ចម្ងាយពីគ្នាត្រឹមតែ ១៣ គីឡូម៉ែត្រប៉ុណ្ណោះ ។
      ប្រាសាទតាមាន់ធំស្ថិតនៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន  ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមាន ជ័យ ចម្ងាយ ៨៥ គីឡូម៉ែត្រពីខេត្តឧត្តរមានជ័យ ។
      ផ្លូវទៅកាន់ប្រាសាតាមាន់ធំបានកសាងនៅឆ្នាំ ២០០៩ និង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពី ឆ្នាំ ២០១០ ដែលក្នុងនោះមានផ្លូវក្រាលក្រួសក្រហម ២៤ គីឡូម៉ែត្រ និង ផ្លូវបេតុងឡើងភ្នំប្រវែង ៥០០ ម៉ែត្រ ។
      ពេលធ្វើដំណើរដល់ជើងភ្នំភ្ញៀវនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំដងរែក ដែលក្រៅពី ដើមឈើមានមែកត្រឈឹងត្រឈៃពណ៌ខៀវស្រងាត់ គេ ក៏ចាប់អារម្មណ៍ផងដែរនឹងផ្កានៃដើមត្របែកព្រៃភ្នំមាន ពណ៌ស្វាយដ៏ច្រើនស្អេកស្កះ ។ ក្បែរគ្នានោះមានភ្នំ កំព្រា និង ភ្នំបេះដូង ដែលសម្បូរដោយផ្កាត្របែកព្រៃ រីកព្រោងព្រាតស្ទើរពេញព្រៃភ្នំ ។ រថយន្តភ្ញៀវដែលទៅដល់ជើងភ្នំត្រូវឈប់សំចតនៅទីនោះ រួចគេអាចបន្តដំណើរដោយថ្មើរជើង ឡើងភ្នំតាមផ្លូវបេតុងចម្ងាយកន្លះគីឡូម៉ែត្រដែលរាងខ្ពស់ និង ចោតខ្លាំងបន្តិចពេល ទៅជិតដល់ប្រាសាទ តែបើមានការហត់នឿយក្នុងការដើរគេអាចជិះម៉ូតូឌុបក៏បាន ដែលគិតទាំងការជូនឡើងភ្នំ និង ចុះភ្នំថ្លៃ ១០.០០០ រៀល ។
      នៅក្បែរផ្លូវឡើងទៅភ្នំតាមាន់ ខាងឆ្វេងដៃគេឃើញមានរោងលោកតា ព្រះភក្ត្រ ៨ សម្រាប់ឱ្យភ្ញៀវដែលមានជំនឿចូលធ្វើការបន់ស្រន់ទៅតាមបំណង របស់គេរៀងខ្លួន ។
      ពេលឡើងដល់លើភ្នំ គេនឹងបានឃើញប្រាសាទតាមាន់ធំបង្ហាញរូបរាងនៅ លើទីវាលស្រឡះធំទូលាយ ទំហំប្រមាណជាកន្លះហិកតារ ដោយមានជញ្ជាំង កំពែងថ្មព័ទ្ធជុំវិញ ។ គេត្រូវឡើងតាមជណ្តើរដ៏ចោតដែលសម្រាប់ចាស់ៗគាត់ ហាក់មានការពិបាកបន្តិច ដោយត្រូវប្រឹងប្រែងបញ្ចោញកម្លាំងតោងគ្នា ឬ វារឡើង ទើបបាន ។ នៅលើប្រាសាទនោះអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ គឺដោយបាន ឃើញកងទ័ពខ្មែរ និង ថៃម្ខាងៗមានគ្នា ៥ នាក់ នៅមើលការខុសត្រូវទីនោះ ប៉ុន្តែ ពុំឃើញមានកាន់អាវុធឡើយ ។ ប្រាសាទតាមាន់ធំមានក្បាច់ចម្លាក់តិចតួច និង មានការខូចខាតច្រើនបង្គួរ ដែលគេអាចសន្និដ្ឋានថាជាប្រាសាទបុរាណ កសាង តាំងពីសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័ន តែក៏មានអ្នកខ្លះគិតថាកសាង តាំងពីសតវត្សរ៍ទី ៩ ឬ ១០ ម៉្លេះ ។ អ្នកដែលបានទៅឃើញផ្ទាល់ភ្នែកពិតជាមានក្តី ស្រណោះចំពោះប្រាសាទបុរាណស្ថិតនៅលើភ្នំដងរែកនេះណាស់ ។
      តាមការឱ្យដឹងពីបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានកងទ័ពខ្មែររៀបរាប់ ប្រាប់ថា ជាងមួយឆ្នាំហើយនៅប្រាសាទតាមាន់មានសភាពស្ងប់ស្ងាត់ល្អ ជាហេតុ អំណោយផលដល់អ្នកដែលចង់ដឹងចង់ឃើញមកទស្សនាដល់ទីប្រាសាទផ្ទាល់ជា ហូរហែ ។ ភ្ញៀវភាគច្រើនដែលបានមកទស្សនាប្រាសាទគឺមានចម្រុះ ដោយខ្លះ មកជាលក្ខណៈក្រុមគ្រួសារក៏មាន ជាក្រុមចាស់ៗជួលរថយន្តមកទាំងរថយន្តៗក៏ មាន ជាក្រុមគណៈប្រតិភូក៏មាន... ។ ចំណែកខាងកងទ័ពទាំងសងខាងដែលនៅ មើលការពារប្រាសាទបុរាណនេះគឺម៉ោង ៩ ព្រឹក ទើបនាំគ្នាឡើងទៅកាន់ទីប្រា-សាទ និង ទាល់តែដល់ម៉ោង ៣ រសៀលនាំគ្នាចុះមកវិញ ។
      ឈ្មោះប្រាសាទតាមាន់ត្រូវបានគេយល់ថា គឺជាពាក្យក្លាយប៉ុណ្ណោះ ព្រោះ ពីដើមប្រាសាទនេះមានឈ្មោះថា“ប្រាសាទវេទមន្ត” តែដោយការហៅតគ្នា យូរលង់ទៅ ពាក្យវេទមន្តក៏បានក្លាយជាពាក្យតាមាន់វិញទៅ ។
      ភ្ញៀវដែលបានចូលទៅទស្សនាប្រាសាទតាមាន់គឺមានចូលទាំងពីរច្រក បើ ចូលពីខាងថៃត្រូវបានខាងទាហានថៃជាអ្នកជូនដើរមើល ហើយបើខាងខ្មែរគឺ កងទ័ពខ្មែរជូនដើរមើលដោយពុំមានបញ្ហាអ្វីឡើយ ។
      នៅពេលភ្ញៀវទស្សនាប្រាសាទតាមាន់រួចរាល់ គេក៏បន្តដំណើរទៅកាន់ ប្រាសាទតាក្របីទៀតដោយមិនមានការលំបាកដែរ ព្រោះផ្លូវធ្វើរួចរាល់ហើយ ដោយបានចាក់បេតុងឡើងរហូតដល់លើភ្នំក្បែរប្រាសាទតែម្តង ។ ចេញពីប្រា-សាទតាមាន់តាមរថយន្តមិនដល់កន្លះម៉ោងទេ គេនឹងបានទៅដល់ទីដៅដូចបំណង ដោយត្រូវជិះតាមផ្លូវជម្រាលឡើងភ្នំ ។
      តាមផ្លូវចូលទៅកាន់ប្រាសាទតាក្របី បើគេពិនិត្យមើលដើមឈើក្បែរនោះ នឹងបានឃើញស្លាកស្នាមគ្រាប់កាំភ្លើងបាញ្ញ់ត្រូវដើមឈើ ដែលដើមខ្លះរបកសម្បក,ខ្លះធ្លុះធ្លាយដើមបែកស្ញាញ, ខ្លះបាក់រលំដើមបន្សល់ទុកតាំងពីមានការប៉ះទង្គិច គ្នាកាលពីខែមេសា ឆ្នាំ ២០១១ មក ។ ពេលទៅជិតដល់ទីតាំងប្រាសាទតាក្របី គេក៏មិនអាចមើលឃើញតួប្រាសាទភ្លាមដែរ ព្រោះតែជុំវិញនោះសម្បូរដោយ ដើមឈើធំៗដុះជុំជិត លុះត្រាតែចូលទៅកៀកប្រមាណជា ១០ ទៅ ១៥ ម៉ែត្រពី ប្រាសាទទើបគេអាចមើលឃើញរូបរាងយ៉ាងច្បាស់គឺជាប្រាសាទទោល ។ រីឯ ថ្មប្រាសាទក៏ពុំមានក្បាច់ចម្លាក់អ្វីដែរ ជាហេតុអាចឱ្យគេសន្និដ្ឋានថាជាប្រាសាទ បុរាណមានវ័យចំណាស់កសាងតាំងពីសតវត្សរ៍ទី ១០ ឬ ១១ ម៉្លេះ ។ ភ្ញៀវដែល បានទៅដល់ប្រាសាទតាក្របីគ្រប់គ្នាមិនភ្លេចក្នុងការអុជធូបបន់ស្រន់ ឬ បួងសួង ទៅតាមអ្វីដែលគេចង់បាន និង ប៉ងប្រាថ្នានោះឡើយ ព្រោះតែប្រាសាទតាក្របី ជាប្រាសាទទោល គេដើរមើលតែមួយសន្ទុះក៏ចុះ និង វិលត្រឡប់មកវិញ ហើយ ក៏ដូចគ្នានឹងប្រាសាទតាមាន់ដែរ ភ្ញៀវដែលទៅទស្សនាប្រាសាទតាក្របីគឺមាន ទាំងខាងខ្មែរ និង ថៃ គ្រាន់តែភ្ញៀវចូលមើលពីខាងថៃត្រូវបានទាហានថៃជូន និង ភ្ញៀវខាងខ្មែរត្រូវបានកងទ័ពខ្មែរជូន ។ នៅប្រាសាទតាក្របីឃើញមានកង ទ័ពខ្មែរ ៣ នាក់ និង ថៃ ៣ នាក់នៅយាមការពារនៅទីនោះ ។
      ប្រាសាទតាក្របីឈ្មោះពិតតាមទស្សនៈខ្មែរខ្លះហៅថា ប្រាសាទព្រះតង្វាយ ។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរដូចគ្នាទៅនឹងប្រាសាទព្រះ-វិហារ ប្រាសាទតាមាន់ ដែរ ។
      ប្រាសាទតាមាន់ និង តាក្របីចាប់ផ្តើមល្បី និង ធ្វើឱ្យគេចង់ស្គាល់ក្រោយ ពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពខ្មែរ និង ថៃ ដើម្បីគ្រប់គ្រងប្រាសាទ នេះ ។
      គេសង្កេតឃើញភ្ញៀវទៅទស្សនាច្រើនតែក្នុងពេលមានបុណ្យធំៗដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ...ជាដើម ព្រោះជាពេលគេមានឱកាសឈប់សម្រាក ពីការងារច្រើនថ្ងៃបានទៅដើរលេង ។ ក្រៅពីនោះក៏មានចាស់ៗដែលគាត់ចង់ ឃើញចង់ស្គាល់នាំគ្នាជួលរថយន្តទៅទាំងរថយន្តៗ ប៉ុន្តែត្រូវចាំថាបើបានទៅកុំ ភ្លេចត្រៀមអាហារសម្រាប់ហូបទៅជាមួយផង ព្រោះនៅទីនោះគ្មានហាងលក់ ដូរម្ហូបអាហារអ្វីទេ ៕ 

Monday, August 13, 2012

ប្រាសាទតូច រង់ចាំការ ជួយសង្គ្រោះ

ដកស្រង់ពីគេហទំព័រទំព័រព័ត៌មាន​ខ្មែរ

ក្រោយពីចប់ សង្គ្រាមស៊ីវិលមក អ្នកស្រាវជ្រាវ បុរាណវិទ្យា បានខិតខំ ស្វែងរក ប្រាសាទ បុរាណនានា នៅតាមបន្ទាត់ ព្រំដែន ខ្មែរ-ថៃ ពិសេសគឺ នៅតំបន់ ភ្នំដងរែក តែម្តង ។ ប្រាសាទតូច ជាប្រាសាទ មួយដែល អ្នកស្រាវជ្រាវ បានរកឃើញ នាពេល កន្លងមក ហើយមាន ស្ថានភាព ទ្រុឌទ្រោម យ៉ាងខ្លាំង ដែលទាមទារ ឱ្យមាន ការថែរក្សា និង អភិរក្ស ជាបន្ទាន់ ។
Written by ភ្នំពេញដេលីញូវ
Friday, 10 August 2012

បាសាទតូច មានទីតាំង ស្ថិតនៅខាង ជើងទីប្រជុំជន នៃទីរួមស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ដែលនៅ ទីនោះ មានវត្តថ្មីមួយ បានរៀបចំ កសាងឡើង នៅខាងលិច ប្រាសាទ ។ នៅជ្រុងខាង ជើង ប្រាសាទតូច មានប្រាសាទ មួយទៀត ដែល មានឈ្មោះ ប្រាសាទ ធំ ។
ប្រាសាទទាំងពីរ សុទ្ធតែមាន តដាកនៅ ចំពីមុខ គឺនៅចំទិស ខាងកើត នៃប្រាសាទ ។ តដាកស្ថិតនៅ មុខប្រាសាទ តូចមាន ទំហំធំ ជាងតដាក នៅខាងកើត ប្រាសាទធំ ។ ប្រាសាទតូចជា ប្រាសាទ មានតួបី ដែលតួទាំងបី សង់លើខឿន តែមួយ ហោត្រៃ មាន កស្សិណទឹក ព័ទ្ធ ជុំវិញកំពែងថ្ម បាយក្រៀម និង មានគោបុរៈនៅគ្រប់ទិស ទាំងបួន ទិសខាងកើត ខាងលិច ខាងជើង និង នៅទិស ខាងត្បូង ។ ប្រាសាទតូច មានឈ្មោះ មួយទៀត គឺ ប្រាសាទ ខាងត្បូង ។
លោក ផុន កសិកា ប្រធានផ្នែក បុរាណវិទ្យា នៃវិទ្យាស្ថាន វប្បធម៌ និង វិចិត្រសិល្បៈ រាជបណ្ឌិត្យសភា កម្ពុជា បានឱ្យដឹងថា ប្រាសាទតូច មានគូទឹក ព័ទ្ធស្ទើរ តែជុំវិញ នៅសល់តែ ច្រកចូល ប្រាសាទ នៅទិសខាង កើតប៉ុណ្ណោះ ។ គូទឹកនេះ មាន ជម្រៅ ជ្រៅ និង រាក់ទៅ តាមកន្លែង នៅជ្រុង ខាងជើងឆៀង ខាងកើត នៅមានទឹក ដក់ ។ នៅពេល បច្ចុប្បន្នមាន គោក្របី អ្នកភូមិ មកផឹកទឹក និង ដេកត្រាំទឹក នៅក្នុង គូទឹកនេះ ។ គូទឹកនេះ មានទទឹង ពីជើងទៅត្បូង ប្រវែង ១០៥ ម៉ែត្រ និង បណ្តោយ ពីកើត ទៅលិច ប្រវែង ១០៨ ម៉ែត្រ ។ នៅ ជុំវិញប្រាសាទ មានកំពែង ព័ទ្ធជុំវិញ ដែល មានទទឹង ពីជើងទៅត្បូង ប្រវែង ៣៧ ម៉ែត្រ និង បណ្តោយពីកើត ទៅលិច ប្រវែង ៤០ ម៉ែត្រ ។ នៅគ្រប់ជ្រុង នៃកំពែងមាន ខ្លោងទ្វារ ចូលប្រាសាទ ។ ប្រាសាទតូច មានគោ បុរៈ ឬ ខ្លោងទ្វារ ចូលបួន នៅគ្រប់ទិស ។ ខ្លោងទ្វារ ប្រាសាទ ធ្វើពីឥដ្ឋ និង ស៊ុមទ្វារ ធ្វើពីថ្មភក់ ។ គោបុរៈ ខាងលិច និង ខាងកើត សង់ចំ ពាក់កណ្តាល កំពែង ចំណែកគោបុរៈ ខាងជើង និង ត្បូងសង់មិន ចំពាក់កណ្តាល នៃកំពែងទេ ។ តួប្រាសាទ ទាំងបី សង់ លើខឿន រួមតែមួយ ដែលមាន ប្រវែងប្រហាក់ ប្រហែល គឺពី ជើង ទៅត្បូង ប្រវែង ២៦ ម៉ែត្រ និង ពីកើតទៅ លិចប្រវែង ២០ ម៉ែត្រ ។ ខឿន ប្រាសាទសង់ ពីថ្មបាយក្រៀម ព័ទ្ធជុំវិញ ។ ខឿនប្រាសាទនេះ លយចេញ នៅចំពី មុខតួប្រាសាទ កណ្តាល ។ នៅកន្លែង លយនេះ មានជណ្តើរ ឡើងឆ្ពោះ ទៅកាន់តួ កណ្តាល និង តួប្រាសាទ ពីរ ទៀត ។ ដោយសារ ការបាក់បែក ខ្លាំងនៅខឿននេះ គេពិបាក សន្និដ្ឋានថា តើមានជណ្តើរ នៅចំពីមុខតួ ប្រាសាទពីរទៀត ឬក៏ គ្មាន ។ គេអាចដឹង បានដរាបណា យើងធ្វើ កំណាយ នៅខាងកើត នៃខឿននេះ ។
* ប្រាង្គកណ្តាល
ប្រាង្គកណ្តាល ជាប្រាង្គសំខាន់ ជាងគេបំផុត ហើយជាទូទៅ មានទំហំធំជាង និង ខ្ពស់ជាងប្រាង្គ ដទៃទៀត ។ ប្រាង្គកណ្តាល នៃប្រាសាទតូច មាន កម្ពស់ ៦,៣ ម៉ែត្រ និង កម្រាស់ជញ្ជាំង ១,៣ ម៉ែត្រ ប្រាង្គនេះ ទទួលរងការ បំផ្លាញច្រើន ។ ដំបូលប្រា សាទ ដែល ជាទូទៅ ធ្វើពីថ្មភក់ មានរាងដូច ផ្កាឈូក ក្រពុំបាន ជ្រុះបាត់ រីឯសំណល់ ដំបូល ប្រាសាទនេះ ប្រហែលជាក្នុង បរិវេណវត្ត បច្ចុប្បន្ន ។ ប្រាង្គនេះ សង់ពីឥដ្ឋ សម្រាប់តួប្រាសាទ ទាំងមូល លើកលែង គ្រឿងលម្អ ដូចជា ផ្តែរ មេទ្វារ សសរផ្អោប កាំជណ្តើរ និង ទ្រនាប់ជណ្តើរ ធ្វើពីថ្មភក់ ។ ការប្រើថ្មភក់ សម្រាប់ គ្រឿងលម្អ ប្រាសាទបែបនេះ ជាលក្ខណៈទូទៅសម្រាប់ សំណង់ប្រាសាទ ក្នុងប្រទេស កម្ពុជា និង ប្រាសាទផ្សេងៗ ក្នុងតំបន់ អាស៊ីអាគ្នេយ៍ នេះ ។ មានការប្រើថ្ម ភក់នៅ ទ្វារបញ្ឆោតនៅ ជ្រុងខាងលិច ។
* ប្រាង្គខាងត្បូង
ប្រាង្គខាងត្បូង មានកម្ពស់ ២,៥ ម៉ែត្រ និង មានកម្រាស់ ជញ្ជាំង ១,៣ ម៉ែត្រ ។ ប្រាង្គនេះ ក៏ទទួលរង ការបំផ្លាញ ខ្លាំងដែរ គឺមានសភាព ទ្រុឌទ្រោម ខ្លាំងជាង ប្រាង្គកណ្តាល ។ រចនាសម្ព័ន្ធ ខាងលើគឺ ដំបូលប្រាសាទ បានជ្រុះបាត់ ។ ប្រាង្គនេះ សង់ពីឥដ្ឋ លើកលែង គ្រឿងលម្អ ដូចជា ផ្តែរ មេទ្វារ សសរផ្អោប កាំជណ្តើរ និង ទ្រនាប់ជណ្តើរ ធ្វើពីថ្មភក់ ។ ចំពោះប្រាង្គ ខាងត្បូងវិញ គ្រឿងលម្អធ្វើ ពីថ្មភក់ តែឥឡូវ មាននៅសេស សល់តែសសរ ផ្អោបមួយ និង បំណែកសសរពេជ្រ មួយប៉ុណ្ណោះ ។ សម្រាប់ទ្វារ បញ្ឆោតវិញ គេធ្វើដូចគ្នា នឹងទ្វារបញ្ឆោត នៃប្រាង្គ កណ្តាលដែរ តែមិន មានប្រើថ្មភក់ ជាមួយទេ ។ បើនិយាយពីការ ខូចខាតវិញ ប្រាង្គនេះទទួល រងការ បំផ្លាញខ្លាំង ។ ផ្តែរ ស៊ុមទ្វារ សសរពេជ្រ បានជ្រុះបាត់ ពីប្រាសាទ រីឯជញ្ជាំង ខាងកើត បាត់ទាំង ស្រុង ។ នៅ គ្រប់ជញ្ជាំង ផ្នែកខាងលើ បាក់ បែកទាំងស្រុង ។ ប្រាង្គនេះ រកកល់នឹង រលំទៅហើយ ដោយទិស ខាងត្បូងប្រាង្គ នេះកំពុង ទ្រេតខ្លាំង ទៅទិស ខាងត្បូង ។ ជញ្ជាំងខាង ត្បូងបានរហែក ញ្ញែកដាច់ចេញពី ជញ្ជាំងខាងលិច ទាំងស្រុង ។
* ប្រាង្គខាងជើង
ប្រាង្គទីបីគឺ ប្រាង្គខាងជើងនៃ ជញ្ជាំងខាងជើង មានកម្ពស់ ៦ ម៉ែត្រ ចំណែកជញ្ជាំង ខាងត្បូង មានកម្ពស់ ៤,៨ ម៉ែត្រ និង កម្រាស់ជញ្ជាំង ១,៣ ម៉ែត្រ ប្រាង្គនេះ ទទួលរងការ បំផ្លាញខ្លាំង ជាងគេ ក្នុងចំណោម ប្រាង្គទាំងបី នៃប្រាសាទ ត្រពាំង ប្រាសាទ តូច ។ រចនាសម្ព័ន្ធ ខាង លើ គឺដំបូលប្រាសាទ បានជ្រុះបាត់ ស្ទើរតែ ទាំងអស់ទៅ ហើយដែរ តួប្រាសាទ ទាំងមូល នៅសេសសល់ តិចតួចបំផុត ។ ប្រាង្គនេះ ក៏ដូចជា ប្រាង្គដ៏ទៀតដែរ គឺសង់ពីឥដ្ឋ លើកលែង គ្រឿងលម្អ ដូចជា ផ្តែរ មេទ្វារ សសរ ផ្អោប កាំជណ្តើរ និង ទ្រនាប់ជណ្តើរ ធ្វើពី ថ្មភក់ ។ ប្រាង្គខាងជើង គ្រឿងលម្អធ្វើពី ថ្មភក់ មាននៅ សេសសល់ តែមេទ្វារមួយ ប៉ុណ្ណោះ ចំណែកគ្រឿងលម្អ ផ្សេងៗមិន មាន សេសសល់ ឡើយ ។
ប្រាង្គខាងជើងនេះ ទទួលរងការបំផ្លាញ ខ្លាំងបំផុត ផ្តែរ ស៊ុមទ្វារ សសរពេជ្រ បានជ្រុះបាត់ ពីប្រាសាទ រីឯជញ្ជាំង ខាងកើត បាត់ទាំងស្រុង ដូចប្រាង្គ ខាងត្បូងដែរ ។ នៅគ្រប់ជញ្ជាំង ផ្នែកខាងលើ បាក់បែក ទាំងស្រុង ។ ប្រាង្គខាងជើង មានលក្ខណៈ បំផ្លាញ ដូចគ្នា នឹង ប្រាង្គ ខាងត្បូងដែរ ។ ប្រាង្គខាងជើង ទ្រេតទៅទិស ខាងជើង គឺ ទ្រេតទៅរកខឿន ដែលទទួលរង ការបាក់បែក ។ ចំណែកជញ្ជាំង ខាងជើងទ្រេត ខ្លាំងជាងគេ និង ទទួលរងការ បំផ្លាញខ្លាំង ជាងគេដែរ ។
ប្រាសាទតូច ត្រូវបានបុព្វរចនា ទៅដោយ ហោជាង ផ្តែរ សសរផ្អោប សសរ ស្តម្ភ ប៉ុន្តែគ្រឿងលម្អ ទាំងនោះ ត្រូវបាក់ធ្លាក់ ទ្រុឌទ្រោម យ៉ាងខ្លាំងចុះពី តួប្រាសាទ ។ គេសង្កេតឃើញ មានបំណែក ហោជាង ពីរបំណែក ស្ថិតក្នុង បរិវេណ ប្រាសាទ ។ តាម រយៈ បំណែកហោ ជាងទាំងពីរ ហោជាងនោះ ប្រហែលមាន ទំហំធំ ហើយ បំណែកទាំងពីរ ជាបំណែកខ្លះ នៃហោជាង ឃើញមាន រចនាលម្អ បែបរចនាបថ សម័យអង្គរ និង មានលម្អ សត្វស្លាបមួយ ។
តាមការស្រាវជ្រាវ របស់ រាជបណ្ឌិត្យសភា កម្ពុជា បានឱ្យដឹងថា ប្រាសាទ ខាងត្បូងនេះ ប្រហែលជា ស្ថាបនានៅ សតវត្សរ៍ទី ១០ ក្នុងរចនាបថ កោះកេរ ឬ រចនាបថប្រែរូប ។ សព្វថ្ងៃ ប្រាសាទតូច ឬ ប្រាសាទខាងត្បូង មានសភាពបាក់ បែកយ៉ាងខ្លាំង ដែល ទាមទារឱ្យ មានការ ថែរក្សា និង អភិរក្ស ជាបន្ទាន់ ៕

Tuesday, July 10, 2012

រក​ឃើញ​ប្រាសាទ​បុរាណ​មួយ​ទៀត​ឈ្មោះ ដៃ​កី នៅ​ព្រំដែន​កម្ពុជា​-​សៀម

ដកស្រង់ពីគេហទំព័រ CEN
តួ​ប្រាសាទ​ដៃ​កី​ដែល​សល់​ស្លាកស្នាម​ខ្លះ
មានប្រាសាទ​បុរាណ​ខ្មែរ​មួយ​ឈ្មោះ "​ដៃ​កី​" ស្ថិត​លើ​ខ្នងភ្នំ​ដងរែក ចំនុច​លើ​ផែនទី UA 173861។ ប្រាសាទនេះស្ថិតនៅខាងត្បូង​បង្គោល​ព្រំដែន​លេខ 22B ជិត១គីឡូម៉ែត្រ (​ក្នុង​ទឹកដី​កម្ពុជា​) និង​នៅខាងជើង​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​កម្ពុជា​ប្រមាណ ៣០០ ម៉ែត្រ ក្នុងភូមិសាស្ត្រ​ភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ។វាមាន ចម្ងាយ​ប្រមាណ ៤ គីឡូម៉ែត្រ ខាងលិច​ទីប្រជុំជន​ភូមិ​ថ្ម​ដូន ។​ ​កម្ពុជា​ត្រួតត្រា​ទាំងស្រុង​លើ​ប្រាសាទ​បុរាណ​ខ្មែរ​នេះ ក្នុងអំឡុង​ពេលដែលកងវិស្វកម្ម​អគ្គបញ្ជាការ ខ​.​ភ​.​ម ស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន កាលពី​ចុងឆ្នាំ ២០០៨ កន្លងមក ពោល​គឺ ក្រោយ​ពី​កងកម្លាំង​សៀម​បាន​ឈ្លានពាន និង​ប៉ុនប៉ង​ឈ្លានពាន​ចំណែក​ខ្លះ​នៃបូរណភាព​ដែនដី​កម្ពុជា កាលពី​ខែ​កក្កដា​ ២០០៨ ។​
អណ្ដូង​បុរាណ​នៅ​ប្រាសាទ​ដៃ​កី
ប្រាសាទ​នេះ​ត្រូវបាន​កងទ័ព​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ស្គាល់​ជា​យូរ​មក​ហើយ ប៉ុន្តែ​គេ​គ្មាន​លទ្ធភាព​ឈរជើង​ការពារ​ជាប្រចាំ​នោះទេ ព្រោះ​​គ្មាន​ផ្លូវ​ និង​គ្មាន​អំណោយផល​ក្នុង​ការឈរជើង ព្រមទាំង​ជា​តំបន់​ចំការមីន​ផង ។​ ​ប្រាសាទ​​ស្ថិតនៅ​ចន្លោះ​ក្រុម​ប្រាសាទ​តា​មាន់ ​និង​ប្រាសាទ​តា​ក្របី​ គឺ​នៅ ៦ គីឡូម៉ែត្រ ខាងកើត​ប្រាសាទ​តា​មាន់ និង ៤ គីឡូម៉ែត្រខាងលិច​ប្រាសាទ​តា​ក្របី ។ វា​ជា​ប្រាសាទ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​សៀម នៅក្នុង​ទឹកដី​កម្ពុជា ។​
កងទ័ព និង​នគរបាល​កម្ពុជា​ល្បាត​នៅ​ប្រាសាទ​ដៃ​កី
ប្រាសាទ​នេះ មាន​ទំហំ​តួ​ប្រហែល ១២ ម៉ែត្រ គុណ​នឹង ១២ ម៉ែត្រ ។ ជា​ប្រាសាទ​ធ្វើ​ពី​ថ្ម​បាយក្រៀម លាយ​ថ្មភក់​ហើយ​អាច​កសាង​ក្នុង​ចុង​ស​.​ត ទី១២ ដំណាល​នឹង​ការកសាង​ប្រាសាទ​តា​មាន់ និងប្រាសាទ​តា​ក្របី​ដែរ ។ គេ​ឃើញ​នៅសល់​ថ្ម​ខឿន​ប្រាសាទពី​ថ្ម​បាយក្រៀម លាយ​ថ្មភក់​ និងថ្មភក់​ជា យោ​នី ៣ ដុំ នៅ​ទិសនិរតីប្រាសាទ ព្រមទាំង មានរណ្តៅ​រាង​ជា​អណ្ដូង​បុរាណ​ចំនួន ២ នៅ​ទិស​ខាងលិច​​​ប្រាសាទ ២០ ម៉ែត្រ ។​ ​អណ្ដូង​​នោះ ​ដូច​គ្នា​បេះបិទ​នឹង​អណ្ដូង​បុរាណ​នៅ​ប្រាសាទ​អ៊ុត​ លើ​ខ្នងភ្នំ​ដងរែក​នៃ​ព្រំដែន នា​ភូមិ​រំដួល ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ (​ខាងលិច​ប្រាសាទ​តា​មាន់​ជិត ២០ គីឡូ​ម៉ែត្រ​) ។​ ​ប្រាសាទ​នេះ​គ្រប​ពីលើ​ដោយ​​ព្រៃ​ស្មោង​តូចៗ ។ គេ​សង្ស័យថា ពីមុន​មាន​ដើមឈើ​ធំៗ​តែ​ត្រូវគេ​កាប់​អស់​ ។​​ មុនការស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន ​គេ​ពិបាក​នឹង​រកឃើញ​ប្រាសាទ​នេះ​ណាស់ ដោយសារ​ស្ថិត​លើ​ខ្នងភ្នំ ​និង​ព្រៃ​ជ្រៅ ។​ ​
ថ្ម​ចម្លាក់​យោនី​នាង​ឧមា នៅ​ប្រាសាទ​ដៃ​កី
មុន​នេះ​គេ​ច្រឡំ​ប្រាសាទ​ដៃ​កី​នេះ​ថា ប្រាសាទ​នាង​លាក់ ដែល​ស្ថិត​ក្បែរ​ប្រាសាទ​តា​ក្របី ភូមិ​ថ្ម​ដូន ឬ​ខាងជើង​ភូមិ​បុស្ស​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ។ ប្រាសាទ​នាង​លាក់ មាន​រឿង​និយាយ​តៗ​គ្នា​ថា ទាល់តែ​មនុស្ស​វង្វេង​ទើប​បានជួប​ប្រាសាទ​នោះ ។ តែបើ​បានឃើញ​ហើយ ទោះ​ចង់​ទៅ​រក​ម្ដងទៀត ក៏រ​ក​ពុំ​ឃើញ​ដែរ ហេតុនេះហើយ​ទើប​គេ​ឲ្យឈ្មោះ​ថា ប្រាសាទ​នាង​លាក់ ៕

Monday, July 9, 2012

ប្រវត្តិ​ប្រាសាទតាមាន់ធំ​តាមរយៈ​រឿងព្រេង​

ដកស្រង់ពីគេហទំព័រ CEN
​ពាក់ព័ន្ធ​នឹង​ប្រាសាទ​តា​មាន់ ស្ថិតនៅ​ស្រុក​អំពិល ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន មានរឿង​តំណាល​ថា ’​ដើមឡើយ មាន​តា​ម្នាក់​ឈ្មោះ តា​មាន់ ។ តា​មាន់​គឺ ជា​ស្តេច​យីកេ គ្រប់គ្រង​នៅ​នគររាជ ។ ស្តេច​យើង​នេះ ជា​ស្តេច​ឪ របស់​ស្តេច​អូ​លូ គ្រង​នៅ​ខ្មែរក្រោម ។ ទាំងពីរ​ជា​ស្តេច​ខ្មែរ ។ តែ​ស្តេច​ខ្មែរ​ខាង​ណោះ (​អូ​លូ​) ជា​កូន​មក​ចាប់​ស្តេច​ឪ (​យីកេ​) យើង​ខាង​ណេះ ទៅ​សម្លាប់ ។ មិនដឹង​តា​មាន់​ស្តេច​ឪ​ធ្វើ​ខុស​អី​ទេ បានជា​គាត់​ត្រូវគេ​យកទៅ​សម្លាប់ ។ ប្រហែលជា​គាត់​គោង​រ៉ាត់​បាន (​រដ្ឋបាល​) ទេ​ដឹង ?
​    ​ពេលនោះ​កូន​លបមើល​ឃើញ ឪពុក​មិន​ងាប់ ម្តាយ​ឈ្មោះ​យាយ​ផាត់​ងាប់ ។​

 
ប្រាសាទ​តា​មាន់ នា​សម័យអង្គរ (​ម​.​ត ១៩៩០)​

​     ​ស្តេច​យីកេ ខ្មែរ​យើង​ខាង​ណេះ ក៏​មក​ផ្ទះ​វិញ មិនឃើញ​ប្រពន្ធ ពេល​ត្រឡប់មកវិញ តែ​តាមផ្លូវ​ក៏​បានឃើញ​ប្រាសាទ​នេះ ហើយក៏​គេ​ដាក់ឈ្មោះថា ប្រាសាទ​តា​មាន់​”​។ ពី​ដើម ពេលយប់​ប្រាសាទចេញ​ពន្លឺ​ខៀវ ព្រោះ​ពី​ដើម មនុស្ស​ខ្លាំងពូកែ ។ ប្រាសាទ​ស័ក្តិសិទ្ធិ​ណាស់ ។
​ខាងលើនេះ គឺជា​ការ​តំណាល​របស់​អ្នកស្រុក​មួយ​នាក់ ដែល​រស់នៅ​ក្បែរ​ប្រាសាទ​នេះ តែ​ស្ថិតក្នុង​បង្គោល​សីមា​ថៃ​បច្ចុប្បន្ន គឺ​ភូមិ​រុន ឬ​បាន​រុន នៅ​ខេត្ត​សុ​រិ​ន្ទ្រ នៅ​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៧៩ ។
​    ​ជា​ព័ត៌មាន សូមជម្រាបថា នៅទីនេះ​ពាក្យ​គោង មានន័យថា ក្បត់ ក្បត់​រដ្ឋបាល​ជា​ពាក្យ​ខ្មែរ​សុទ្ធសាធ ។ គឺ​ពាក្យ​នេះហើយ​ដែល​បាន​ឲ្យ​កំណើត​ទៅ​ឲ្យ​ពាក្យ​យូ​គង សព្វថ្ងៃនេះ ។ ពាក្យ​រដ្ឋបាល​ត្រូវបាន​អាន​ថា រ៉ាត់​បាន តាម​សំនៀង​សៀម ។​
​    ​រីឯ​ពាក្យ មាន់ នៅទីនេះ គឺ​ប្រហែលជា​មិន​សំំ​ដៅ​សត្វ​មាន់​នោះទេ ក៏ប៉ុន្តែ​អាចជា​ពាក្យ​កំឡា​យ វរ្ម័ន ដែលជា​គោរមងារ​របស់​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យបុរាណ ដែល​ខ្មែរ​សុ​រិ​ន្ទ្រ​ចេញ​សម្លេង​ថាម័ន។ ប៉ុន្តែនេះគ្រាន់តែជាសម្មតិកម្មមួយប៉ុណ្ណោះ ៕ (​ម​.​ត្រា​ណេ​)

Thursday, May 31, 2012

ការងារស្រែចំការ

មុខ​របរ​ស្រែចំ​ការ​ជា​មុខ​របរ​មួយ​ដែល​ប្រជាជន​ទូ​ទាំង​ប្រទេស​ ក៏​ដូច​ជាប្រជាជន​ខ្មែរ​​មួយ​ភាគ​ធំដែរ​ ដែល​​ប្រកប​របរ​ធ្វើ​ស្រែចំការ​នេះ​ សម្រាប់​រក​ស៊ីទទួល​ទាន​ចិញ្ចឹម​ជី​វិត​ ក៏​ដូច ជា​ជួយ​ដល់​ក្រុម​គ្រួសារ​ទាំង​មូល​ផង​ដែរ​។ ជា​ការ​ពិត​ណាស់​ រប​រ​បែប​នេះ​គឺ​គេ​ចាំ​បាច់​ប្រើ​កម្លាំង​បាយ​ច្រើន​ណាស់​ ដើម្បី​ប្រកប​ការ​ងារ​នេះ​ ពី​ព្រោះ​ពេល​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​របរ​នេះ​គឺ​ចាំ​បាច់​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ ហើយ​នឿយ​ហត់​ថែម​ទៀត​ ​ជា​ពិសេស​នោះ​គឺ​ការ​ប្រកប​មុខ​របរ​បែប​នេះ​ មាន​ច្រើន​ដំណាក់​កាល​ណាស់​ ។ ពី​ដំបូង​គឺ​គេ​ត្រូវ​ រើស​មើល​ដី​ដែល​មាន​លក្ខណៈ​ល្អ សម​ស្រប​និង​ផល​ដំណាំ​របស់​ពួក​គេ រួច​ហើយ​គេ​ធ្វើ​ការកាប់​ច្ការតែ​ម្ដង​ ហើយ​ឧបករណ៍​ដែល​ត្រូវ​ប្រើ​ក្នុង​រដូវ​កាល​នោះ​គឺ មាន​ដូច​ជា កាំបិត​ ពូថៅ​ ផ្គាក់ ចបជី​ ចបកាប់​ និង​ឧបករណ៍​ផ្សេង​ៗ​ច្រើន​ទៀត​។ ដោយ​ឡែក​ការ​កាប់​ច្ការ​ព្រៃ​ឈើ ដើម្បី​ធ្វើ​ស្រែ​ចំ​ការ​នេះ​មាន​ផល​ប៉ះ​ពាល់​ច្រើ​ន​ណាស់​​ដល់​បរិស្ថាន​ ដូចជា​ ធ្វើ​មាន​ផល​ប៉ះ​ពាល់​ដល់​ជី​វិត​សត្វ​ព្រៃ​ ធ្វើ​ឲ្យ​ពួក​វា​គ្មាន​ទី​ជំ​រក​ ធ្វើ​ឲ្យ​បាត់​បង់​ព្រៃ​ឈើ​ដែល​ជា​ប្រ​ភព​នៃ​ថាមពល​ផ្សេង​ៗ​ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​គ្រោះ​រីង​ស្ងួត​ ហើយ​សំបូរ​កូន​រដូវ​ប្រាំង​ និង​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះ​មហន្តរាយ​​ មួយ​ចំនួន​ដូចជា​ ខ្យល់​ព្យុះ​ ទឹក​ជំនន់ជា​ដើម​...​ប៉ុន្តែ​បើ​ពួក​គេ​មិន​ធ្វើ​បែប​នេះគឺពួក​គាត់​ប្រាកដ​ជាគ្មាន​ការ​ងារ​ធ្វើ​ ហើយ​រក​ស៊ីទទួល​ទាន​អ្វី​ក៏​មិន​បាន​ទៀត​ដែរ​ ពី​ព្រោះ​ថា​អ្នក​ដែល​ប្រកប​ការងារ​ស្រែចំការ​នេះ​គឺ​អ្នក​ដែល​មាន​ជីវភាព​អន់​ថយ​ ក្រី​ក្រ​ និង​គ្មាន​ចំណេះ​ដឹង​…។ លុះពេល​កាប់​ច្ការ​ព្រៃ​ឲ្យ​ស្រឡះ​​ហើយ​គេ​ក៏​ធ្វើ​ការ​ជ្រើស​រើស​ ថា​តើ​គួរ​ដាក់​​អ្វី​ដែល​ត្រូវ​និង​ដី​នោះ​ ដំឡូង​ សណ្ដែក​ ពោត​ ឬ​ស្រូវ​... តែ​បើ​ដាក់​ស្រូវ​ ហើយ​ត្រូវ​ជ្រើ​ស​រើស​ពូជ​ស្រូវ​ណា​ដែល​ត្រូវ​និង​ដី​នោះ​។​  រដូវ​វស្សា ប្រជាជន​តាម​តំបន់​ខ្លះ គេ​ធ្វើ​​ស្រូវ​ពង្រោះ​ ចំនែក​តំបន់​ខ្លះ​ទៀត​គេ​ធ្វើ​​ស្រូវ​សន្ទូង​។ ឧបករណ៍​សម្រាប់​ប្រើ​ក្នុង​រដូវ​នេះ​មាន​ដូច​ជា​ នង្គ័ល​ រនាស់​ ចបជីក​ ចបកាប់​ និង​ឧបករណ៍​ផ្សេងៗ​ជា​ច្រើន​ទៀត...។ បើ​ធ្វើ​ស្រូវ​ពង្រោះ​ គេ​ត្រូវ​ភ្ជួរ​ដី​យ៉ាង​តិច​​ពី​ពីរ​ទៅ​បី​ដង​ ដើម្បី​ឲ្យដីនោះ​មាន​សភាព​ទន់​ស្រួយ​ល្អសម្រាប់​ឲ្យ​គ្រាប់​ធញ្ញជាតិ​លូត​លាស់​បាន​ល្អ លុះពេល​ភ្ជួរ​ដី​រួច​ហើយ​ គេ​ក៏​ចាប់​ផ្ដើម​បាច​គ្រាប់​ស្រូវ​នោះ​ទៅ​លើ​ដី​ដែ​រ​ភ្ជួរ​រួច​ហើយ​នោះ​ បន្ទាប់​មក​ គេ​ក៏​រាស់​ពី​លើ​ដី​ដែល​ពោពេញ​ទៅ​ដោយ​គ្រាប់​ស្រូវ​​នោះ​ ឲ្យ​វា​កប់​ក្នុង​ដី​ដើម្បី​ឲ្យ​វា​ចាប់​ផ្ដើ​ម​លូត​លាស់​ ក្នុង​ដី​សើម​ល្មម​សម្រាប់​​វា។ លុះ​ដល់​ពេល​វាមាន​ពន្លក​មក​ហើយ​​ គេ​នៅថែរក្សា​រហូត​ដល់​វា​​ចេញ​ផ្កា​ផ្លែ និងរហូតស្រូវ​ទុំ ទើបធ្វើការ​ច្រូត​កាត់​។ ចំនែក​ការ​ធ្វើ​ស្រែ​បែប​ស្រូវ​សន្ទូង​វិញ​គឺ​វា​មាន​លក្ខណៈ​ពិបាក​ជាង​ស្រូវ​ពង្រោះ​បន្តិច​ ដោយ​​គេ​ធ្វើ​សំ​ណាប​ជាមុន​សិន​​ មុន​និង​យក​វា​ទៅ​ស្ទូង​។ ការ​ធ្វើ​សំ​ណាប​គឺ​គេ​ត្រូវ​ភ្ជួរ​ដី​ ដូច​ធ្វើ​ស្រូវ​ពង្រោះ​ដែរ​ គឺ​ត្រូវ​ភ្ជួរដី​យ៉ាង​តិច​ចំនួន​ពី​ពីរ​ទៅ​បី​ដង​រួច​ហើយ​ គេ​រាស់​ដី​នោះ​ឲ្យ​មាន​លក្ខណៈ​រាប​ស្មើ​ដូច​កន្ទេល​ គេ​ធ្វើ​បែប​នេះ​គឺដើម្បី​ងាយ​ស្រួល​ដល់​ពេល​ដក​វា​យក​ទៅ​ស្ទូង​ លុះ​គេ​រាស់​រួច​ហើយ​គេ​ត្រូវ​បាច​គ្រាប់​ពូជ​ស្រូវ​ ទៅ​លើ​ដី​ដែល​រាស់​រួច​ នៅ​ពេល​ដែល​គ្រាប់​ពូជ​ស្រូវនោះ​មាន​ពន្លក​ខ្ចី​ដុះ​មក​ហើយ​គេ​ត្រូវ​នៅ​ថែរក្សា​វា​ទៀត​ ពី​ព្រោះ​ការពារ​កុំ​ឲ្យ​មានសត្វ​មក​ចឹក​កកាយ​លើ​ដី​នោះ​ រយៈ​ពេល​ដែល​សំណាប​នោះ​វែង​ល្មម​ដក​បាន​គឺវា​មាន​អាយុ​កាល​ប្រហែល​ពី​មួយ​ខែ​កន្លះ​ទៅ​ពីរខែ​ ឬ​ក៏​លើស​ពី​នោះ​ ទើប​ដក​យក​មក​ស្ទូង​បាន​។ ពេល​សំ​ណាប​​គ្រប់​អាយុ​ល្មម​ដក​ហើយ​ គេ​ក៏​ចាប់​ផ្ដើម​ដក​វា​ ហើយ​ក្នុង​ការ​ដក​គេ​មាន​ឧបករណ៍​ដូច​ជា ចំណង​សម្រាប់​ចង​ ហើយ​ចំណង​ចង​នេះ​ អ្នក​ខ្លះ​គេ​យក​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​លក្ខណៈ​ស្វឹត​ហើយ​ជាប់​ ដែល​គេតែង​តែ​ហៅ​រុក្ខជាតិ​​នោះ​ថា​ឈើ​ព្រាល ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​គេ​យក​ខ្សែ​ជ័រ​ឬ​ វល្លិ និង​ស្លឹក​ត្នោត​ ឬ​ស្លឹក​រឹត​​ដើម្បី​ចង​សំណាប​ធ្វើ​ជាដុំ​សំណាប​ឬ​ដៃ​សំណាប​តូចៗ​ ហើយ​ងាយ​ស្រួល​ក្នុង​ការ​ស្ទូង​ផង​ដែរ ពេល​គេ​ដក​បាន​រួច​រាល់​ហើយ​ទើប​គេ​យក​សំណាប​នោះ​​ទៅ​ដោត​ ឬស្ទូង​លើ​ដី​ ដែល​ភ្ជួរ​ ហើយការ​ស្ទូង​​នោះ​គឺ​មាន​ពីរ​បែប​ទៀត​គឺ​ស្ទូង​ក្នុង​ទឹក​ និង​ស្ទួង​នៅ​លើ​ដី​គោក​។ ការ​ស្ទូង​ក្នុង​ទឹក​គឺ​មាន​លក្ខណៈ​ងាយ​ស្រួល​ណាស់​ ពី​ព្រោះ​ក្នុង​ទឹក​ត្រជាក់​ហើយ​ដី​ទន់​ស្រួល​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ស្ទូង​ ចំនែក​ការ​ស្ទូង​នៅ​លើ​ដី​គោក​វិញ​នោះ​គឺ​មាន​លក្ខណៈ​ពិបាក​បន្តិច​ ដោយ​គេ​កាប់​ឈើ​តូច​ល្មម​​ប៉ុន​កំ​ភួន​ដៃ​ ដើម្បី​យក​មក​ធ្វើ​រន្ធដាក់​​​​សំណាប​ ដើម្បី​ឲ្យ​កើត​ជា​សន្ទូង​។ អស់​រយៈ​កាល​មិន​យូរប៉ុន្មាន​ សន្ទូង​ដែល​គេ​ស្ទូង​នៅលើ​ផ្ទៃ​​ធំ​ល្វឹង​ល្វើយ​ ក៏​កើត​ចេញ​ពាស​ពេញ​ផ្ទៃ​​វាល​ស្រែនោះ​។​ ពីមួយ​ខែ​ទៅ​មួយ​ខែ​ពណ៌​ខៀវ​ខ្ចី​ស្រងាត់​បាន​កើត​ឡើង​នៅលើ​​ផែន​​​​ពសុធា​ ដែល​ប្រកប​ទៅ​ដោយ​ដើម​ស្រូវ​ធំ​ៗ​គួរ​ឲ្យ​​កោត​សសើរ​ពេក​ក្រៃ ។ ​ ទន្ទឹម​និង​ការ​ធ្វើ​ស្រែ​ចំ​ការ​នេះ​ផង​ដែរ​ គឺ​មាន​ប្រជាជន​មួយ​ចំនួន​ដែល​ធ្វើ​ស្រែ​ចំការ​ពឹង​លើ​ធម្មជាតិ​ទាំង​ស្រុង​ ដូច​ជា​រង​ចាំ​ទឹក​ភ្លៀង​ជា​ដើម​ ហើយ​ការ​ប្រកប​ការ​ងារ​បែប​នេះ​គឺ​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ពួក​គាត់​ពី​ព្រោះ​ថា​ ជួន​កាល​ភ្លៀង​ ជួន​កាល​រាំង​ធ្វើ​ឲ្យ​ស្រែ​ស្រូវ​ពួក​គាត់​ស្កក​ខូច​ខាត​អស់​ បើ​ឆ្នាំ​ណា​មាន​ភ្លៀង​​ធ្លាក់​គ្រប់​គ្រាន់​ការ​ប្រកប​ការងារ​ក៏​បាន​ផល​ល្អ​ណាស់​ដែរ​ ប៉ុន្តែ​បើ​ឆ្នាំ​ណាមិន​សំបូរ​ទឹក​ភ្លៀង​វិញ​នោះ គឺ​ធ្វើ​ឲ្យ​ខូច​ខាត​ផល​ដំណាំ​អស់​ជួន​កាល​ស្ទើតែ​មិនបាន​ប្រមូល​ផល​ទៀត​ផង... ​។ ​ចំ​នែក​ការ​ធ្វើ​ស្រែ​ម៉្យាង​ទៀត​ គឺគេ​មិន​ពឹង​លើ​​ទឹក​ភ្លៀង​ទាំង​ស្រុង​ទេ​ ដោយ​គេ​បិត​ទំនប់ ធ្វើ​ស្រះ​​ធំៗ​​សម្រាប់​ទប់​​​ ឬស្តុកទឹក​បាន​យូរ​ នៅ​ពេល​គេ​ត្រូវ​ការ​ទឹក​គឺ​វា​ងាយស្រួល ចំនែក​ការ​ប្រមូល​ផល​វិញ​ក៏​បាន​ល្អ​ដែរ​ ។ ​នៅ​ពេល​ដែល​ស្រូវ​សន្ទូង​ ក៏​ដូច​ជាស្រូវ​ពង្រោះ​ចេញ​ផ្កា​ផ្លែ​ រហូត​ដល់​​ទុំ​ហើយ​នោះ​ទើប​គេ​ច្រូត​កាត់​ ចំ​នែក​ក្នុង​ការ​ច្រូត​កាត់​នេះ​មាន​ឧបករណ៍​ដូចជា​កណ្តៀវ​ ប៉ុន្តែ​សព្វ​ថ្ងៃ​ជា​សម័យ​ទំ​នើប​មាន​អ្នក​ខ្លះ​ប្រើ​ម៉ាស៊ីន​សម្រាប់​ច្រូត​ជាដើម​...​ នៅ​ពេល​គេ​ច្រូត​កាត់​រួច​ហើយ​ ត្រូវ​​ចង​កណ្ដាប់​​ឲ្យ​សម​ល្មម​ដើម្បី​យក​ទៅ​បោក។ ការ​បោក​ស្រូវ​នេះក៏​មាន​ពីរ​ប្រភេទ​ដោយ​អ្នក​ខ្លះ​គេ​បោក​ដោយ​ប្រើ​ដៃ​ ប៉ុន្តែ​អ្នក​ខ្លះ​គេ​ប្រើ​ម៉ាស៊ីន​​ដើម្បី​បូត​ស្រូវ​ជា​ដើម​ លុះ​បោក​រួច​ហើយ​ទើប​យក​ទៅ​កិន​ទៀត​ដើម្បី​ឲ្យ​បាន​ជា​គ្រាប់​អង្ករ​ សម្រាប់​បរិភោគ​ក៏​ដូច​ជាសម្រាប់​ដោះ​ដូ​រអ្វី​ផ្សេង​ទៀត​ដើម្បី​បាន​លុយ​យក​មក​ផ្គត់​ផ្គង់​គ្រួសារ​ផង​ដែរ... ​​​។​​ ជា​ការ​ពិត​ណាស់​ការ​ប្រកប​ការ​ងារ​ស្រែ​ចំការ​នេះ​ គឺមាន​លក្ខណៈ​ពិបាក​ណាស់​ នឿយ​ហត់​ណាស់​​ទម្រាំ​បាន​យក​មក​បរិភោគ​ ប៉ុន្តែ​បើ​គ្មា​ន​អ្ន​ក​ស្រែ​នោះ​ទេ​ក៏​គ្មាន​បាយ​បរិភោគ​ដែរ​។​ ដូច​នេះ​យើង​ទាំង​អស់​គ្នា​​ត្រូវ​តែ​ជួយ​លើក​តម្កើង​ និង​កុំ​រើស​អើង​អ្នក​ស្រែ​ចំការ​ត​ទៅ​ទៀត​​​​​​​​​៕

ស្ងាម ក្រឹម