Tuesday, February 7, 2012

សាលា​រៀន​ដែល​មាន​គ្រូ​តែ​ម្នាក់​គត់ នៅ​ខេត្ត​ឧត្តរមានជ័យ

ដោយ កែវ និមល
2012-02-06
វិទ្យុអាស៊ីសេរី
សាលា​បឋមសិក្សា​មួយ​ខ្នង នៅ​ភូមិ​អូរ​បាត់​ដាវ ឃុំ​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ជា​សាលា​រៀន​មាន​ការ​ខ្វះ​ខាត និង​ប្លែក។



RFA/Keo Nimol

ទិដ្ឋភាព​ក្នុង​ថ្នាក់​រៀន​នៃ​សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១២

លោក​គ្រូ អ៊ុយ លីណា ជា​គ្រូ​បង្រៀន​តែ​ម្នាក់​គត់ នៅ​សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ។ សាលា​រៀន​នោះ បើ​មិន​មាន​ស្លាក​ជា​អក្សរ​ដាក់​ថា សាលា​រៀន​ទេ ប្រហែល​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​មក​ពី​កន្លែង​ឆ្ងាយ​មិន​ដឹង​ថា មាន​សាលា​រៀន​ឡើយ។

សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ ជា​រោង​ឈើ​ប្រក់​ស្បូវ​មួយ មាន​បណ្ដោយ​ប្រមាណ ២៥​ម៉ែត្រ ទទឹង​ប្រហែល ១០​ម៉ែត្រ។ សាលា​នេះ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ពី​ក្រុង​សំរោង ទៅ​កាន់​ប្រាសាទ​តា​ក្របី និង​តា​មាន់។

លោកគ្រូ អ៊ុយ លីណា ដែល​មាន​អាយុ​ប្រមាណ ២៥​ឆ្នាំ មាន​ទឹក​មុខ​ញញឹម បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ថា លោក​ស្វាគមន៍​ភ្ញៀវ​ដែល​បាន​មក​ដល់​សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ។ ប៉ុន្តែ​លោក​គ្រូ​បាន​សុំ​ទោស ដោយ​សារ​សាលា​រៀន​នេះ មាន​តែ​ថ្នាក់​មួយ មាន​ដំបូល​ប្រក់​ស្បូវ ហើយ​មិន​មាន​កៅអី​សម្រាប់​ទទួល​ភ្ញៀវ ដែល​មក​មើល​សាលា​នេះ​ឡើយ។ ពី​ព្រោះ​លោក​គ្រូ លីណា ក៏​មិន​មាន​កៅអី​អង្គុយ​ដែរ។ ហើយ​រឿង​គ្មាន​កៅអី​សម្រាប់​គ្រូ​អង្គុយ​បង្រៀន​នេះ មិន​មែន​ទើប​តែ​កើត​ឡើង​ទេ។


សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ពី​ក្រុង​សំរោង ទៅ​កាន់​ប្រាសាទ​តា​ក្របី និង​តា​មាន់ (RFA/Keo Nimol)

រឿង​គ្រូ​គ្មាន​កៅអី​អង្គុយ​នោះ វា​ជា​បញ្ហា​មួយ​ទៅ​ហើយ តែ​រឿង​មួយ​ទៀត​នោះ គឺ​កៅអី​កូន​សិស្ស​ចំនួន ២​ជួរ ដែល​មាន​កុមារា កុមារី ប្រមាណ ៥០​នាក់​អង្គុយ​រៀន​នោះ ក៏​មិន​មាន​ភាព​មាំ​ទាំ​ដែរ។ គឺ​កៅអី​ជា​ជួរ​នោះ​រង្គើ​ញ័រ ពុំ​មាន​ភាព​រឹងមាំ​ឡើយ។

ប៉ុន្តែ​ទោះបី​សាលា​រៀន​មាន​តែ ១​ថ្នាក់ អត់​កៅអី​គ្រូ​អង្គុយ​នោះ​ក៏​ដោយ ក៏​លោក​គ្រូ លីណា មាន​ទឹក​មុខ​រាក់ទាក់​រៀប​រាប់​ឲ្យ​ដឹង​ថា សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ​នេះ មាន​សិស្ស​មក​រៀន ២​វេន។ វេន​ពេល​ព្រឹក គឺ​បង្រៀន​សិស្ស​ថ្នាក់​ទី​១ ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់។ វេន​ទី​២ ចាប់​ពី​ម៉ោង ១​រសៀល ដល់​ល្ងាច​ម៉ោង​៥។ ចំពោះ​វេន​ល្ងាច គឺ​សិស្ស​ថ្នាក់​ទី​២ និង​ទី​៣ រៀន​ជា​មួយ​គ្នា​ក្រោម​ដំបូល​ថ្នាក់​តែ​មួយ។ មាន​ក្ដារខៀន​បង្រៀន​២ និង​មាន​លោក​គ្រូ​បង្រៀន​តែ​ម្នាក់។

វា​ពិត​ជា​គួរ​ឲ្យ​ចម្លែក​មែន ដោយ​សារ​ខេត្ត​ឧត្តរ​មាន​ជ័យ មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​កើត​ជា​ព្រៃ​ឈើ តែ​រក​ឈើ​មួយ​ដុំ​ធ្វើ​កៅអី​ឲ្យ​គ្រូ​បង្រៀន​ម្នាក់​អង្គុយ​បង្រៀន​សិស្ស​ជិត ១៥០​នាក់ ក្នុង​មួយ​ថ្ងៃ​មិន​បាន?

ក្រៅ​ពី​សាលា​រៀន​មាន​ថ្នាក់​តែ​១ ហើយ​មាន​កូន​សិស្ស ២​វេន​រៀន​ជា​មួយ​លាយ​គ្នា​នោះ សាលា​រៀន​អូរ​បាត់​ដាវ មាន​ជញ្ជាំង​តែ ៣​ជ្រុង​ប៉ុណ្ណោះ។ លោក​គ្រូ លីណា បាន​ឲ្យ​ដឹង​ថា ថ្នាក់​រៀន​នេះ បើ​កាល​ណា​មាន​ភ្លៀង គឺ​សាច​ចូល​ថ្នាក់ កូន​សិស្ស​ដែល​អង្គុយ​ក្បែរ​កន្លែង​គ្មាន​ជញ្ជាំង​បាំង ត្រូវ​តែ​ទទឹក​ទឹក​ភ្លៀង។ ក្រៅ​ទឹក​ភ្លៀង​អាច​សាច​បាច​ចូល​យ៉ាង​ងាយ​នោះ សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ​ងាយ​ឆាប​ឆេះ​បាត់​រូប​រាង​ដោយ​ងាយ​ទៀត​ផង។ ពី​ព្រោះ​សាលា​រៀន​នោះ ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ដូច​ទ្រុង​មាន់​ខ្នាត​ធំ​មួយ​ប៉ុណ្ណោះ។

ប៉ុន្តែ​ទោះបី​សាលា​រៀន​មាន​សភាព​ដូច​រោង​ឈើ​ធ្វើ​ពី​ស្បូវ ប៉ុន្តែ​លោក​គ្រូ លីណា បាន​តុប​តែង​ថ្នាក់​រៀន​ខាង​ក្នុង មាន​កាលវិភាគ រូប​គំនូរ​បង្រៀន​បាន​យ៉ាង​សមរម្យ និង​មាន​របៀប​រៀប​រយ។

លោក​គ្រូ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​គ្រូ​បង្រៀន​នៅ​សាលា​នេះ​បាន​មួយ​ឆ្នាំ​ហើយ។ លោក​គ្រូ​ចង់​ផ្តល់​ចំណេះ​ដឹង​ឲ្យ​កុមារ​តូចៗ នៅ​ក្នុង​ភូមិ​ឲ្យ​ចេះ​អក្សរ និង​លេខ​នព្វន្ត។ លោក​គ្រូ​ចង់​បាន​ថ្នាក់​រៀន​មួយ ឲ្យ​បាន​សមរម្យ​សម្រាប់​សិស្ស​អង្គុយ​រៀន។ តែ​មិន​ដឹង​ពេល​ណា​មាន​ថ្នាក់​រៀន​តាម​និយាម​គរុកោសល្យ​អប់រំ​តម្រូវ​ឲ្យ​មាន​នោះ​កើត​មាន​ឡើយ។

កុមារា​មួយ​រូប​ជា​សិស្ស​ថ្នាក់​ទី​៣ ឈ្មោះ ឆា នន់ បាន​ឲ្យ​ដឹង​ថា ខ្លួន​ក៏​ចង់​បាន​សាលា​រៀន​មួយ និង​ថ្នាក់​រៀន​មួយ​សម​រម្យ​ដូច​ធ្លាប់​បាន​ឃើញ​ក្នុង​ទូរទស្សន៍​បញ្ចាំង​ដែរ។

លោក អ៊ឹង ប៉ូរ៉ាត់ ជា​នាយក​មន្ទីរ​អប់រំ​ខេត្ត​ឧត្តរ​មានជ័យ។ ទាក់​ទង​ការ​ខ្វះ​ខាត​របស់​សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ​នេះ លោក​នាយក​មន្ទីរ​អប់រំ​ខេត្ត​ឧត្តរ​មានជ័យ​បាន​មាន​ប្រសាសន៍​ថា រដ្ឋ​មិន​ទាន់​មាន​គម្រោង​សាង​សង់​សាលា​នៅ​ឡើយ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​សាលា​មាន​ការ​ខ្វះ​ខាត។

ចំពោះ​ការ​ឲ្យ​មាន​ការ​រៀន​គួប​រវាង​សិស្ស​ថ្នាក់​ទី​២ ជា​មួយ​សិស្ស​ថ្នាក់​ទី​៣​នោះ លោក​នាយក​មន្ទីរ​អប់រំ​ខេត្ត បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​សិស្ស​មាន​ចំនួន​តិច ទើប​បាន​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​បង្រៀន​គួប​នោះ បើ​ទោះបី​ជា​ដឹង​ថា មាន​ការ​ប៉ះពាល់​មិន​ត្រូវ​តាម​ក្បួន​គរុកោសល្យ​ក៏​ដោយ។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា លោក​នាយក​មន្ទីរ​អប់រំ​ខេត្ត​សន្យា​ថា នឹង​បញ្ជូន​ក្រុម​អធិការកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​សាលា​បឋម​សិក្សា​អូរ​បាត់​ដាវ​នោះ។

លោក រ៉ុង ឈន់ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯក​រាជ​កម្ពុជា​បាន​យោបល់​ថា ការ​បង្រៀន​សិស្ស​នៅ​ក្នុង​ថ្នាក់​២ កម្រិត​ខុស​គ្នា ក្នុង​ថ្នាក់​តែ​មួយ មិន​មែន​ជា​ការ​ល្អ​ឡើយ គេ​ហៅ​ថា​ការ​បង្រៀន​គួប។ ហើយ​ការ​បង្រៀន​គួប​នេះ ដោយ​សារ​នៅ​តាម​ជនបទ​មាន​ការ​ខ្វះ​គ្រូ​បង្រៀន និង​ថ្នាក់​រៀន។

របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១០ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​ឧត្តរ​មានជ័យ មាន​សាលា​បឋម​សិក្សា​ចំនួន​១៧០ ចែក​ជា​ថ្នាក់​រៀន​មាន​ចំនួន ១២០៥​ថ្នាក់ មាន​សិស្ស​ចំនួន ៣៧.២៥៣​នាក់ គ្រូ​បង្រៀន​សរុប​ចំនួន ៩០៨​នាក់៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។