Thursday, August 11, 2011

ដើម​អង្កាញ់

ដោយ​ សូដា
អង្កាញ់​ជា​ដើម​ឈើ​ព្រៃ​ដែល​មាន​ប្រភេទ​ផ្កា​លឿង​ ខ្លឹម​ខ្មៅ​ មាន​រស​ល្វីង ស្លឹក​ពណ៌​បៃតង​។​ ​ ដើម​អង្កាញ់​​ដុះ​ដោយ​មិន​រើស​ប្រភេទ​ដី​ទេ និង​​ងាយ​ស្រួល​ដាំ​។ ដើម​អង្កាញ់​នេះ​គេ​​ឃើញ​ដុះ​នៅ​ទាំង​​តំបន់​ខ្ពង់​រាប ទំនាប​ និង​តំបន់​ភ្នំ។ មាន​​មនុស្ស​ជាច្រើន​បាន​ស្គាល់​ដើម​អង្កាញ់ តាម​ការ​និយាយ​​និង​ពិពណ៌នា​របស់​មនុស្ស​ចាស់​ជំនាន់​​​មុន​ៗ​​។ ដើម​អង្កាញ់​​​​អាច​លូត​លាស់​ធំ​លឿន​តាម​ប្រភេទ​ដី​ដែល​មាន​ជីជាតិ​ ហើយ​ដើម​របស់​វា​ក៏​មាន​ធំ​តូច​​តាម​ការ​ការវិវឌ្ឍន៍​​តិច ឬ​ច្រើន​ឆ្នាំ។​ នៅ​ពេល​ដើម​របស់​វា​នៅ​ មិន​ទាន់​ធំ​ពេញ​រូបរាង​ទេ​ វា​គ្មាន​​ខ្លឹម​ពណ៌ខ្មៅ​ទេ។ ដើម​អង្កាញ់​​មាន​កម្ពស់
ចាប់​ពី​​៦ ទៅ​ ២០ ម៉ែត្រ​ ស្លឹក​របស់​វា​ដុះ​​​របៀប​ជា​ស្លាប ឆ្លាស់​គ្នា​ជា​មួយ​ស្លឹក​ទ្រវែង​។ ស្លឹក​ខ្ចី​មាន​រោម​តូច​​ៗ​។ រុក្ខជាតិ​នេះ​លូតលាស់​​​យ៉ាង​​​រហ័ស​​​ក្នុង​​​ពេល​​​វា​​នៅ​​​​វ័យ​ក្មេង​​ ដើម​​នេះ​វា​មាន​​តម្លៃ​សម្រាប់​​ការ​​ដាំ​​ឡើង​​វិញ។ អ្វី​​ដែល​​​អាច​​​យក​​​មក​​​ធ្វើ​​​ជា​​​អាហារ​​​បាន​​​មាន​ ​ផ្កា​ ស្លឹក​​ខ្ចី ​ផ្លែ​ខ្ចី។​
អង្កាញ់​​មាន​​អត្ថ​ប្រយោជន៍​​ច្រើន​​សម្រាប់​​មនុស្ស​ ហើយ​​អត្ថ​ប្រយោជន៍​ទាំង​អស់​ទៀត​សោត​​​ក៏​ប្រើប្រាស់​ផ្សេង​ៗ​​គ្នា​ ទៅ​តាម​​តំបន់​ដែល​​ប្រជាជន​រស់​​នៅ​​ តួយ៉ាង​​ ដើម​អង្កាញ់​នៅ​រាជធានី​ភ្នំពេញ​ គេ​​ដាំ​​សម្រាប់​​លម្អ​​ទី​​ក្រុង​​បាន​​ទាំ​​ង​​នៅ​​ពេល​​អង្កាញ់​​ផ្កា​​ និង​​នៅ​​ពេល​​ដែល​​គ្មាន​​ផ្កា ធ្វើ​ឲ្យ​​ទី​ក្រុង​​មាន​ ពណ៌​​បៃតង​​ស្រស់​​ជា​មួយ​​ស្លឹក​​របស់​​វា​​ ហើយ​​​ដើម​​ឈើ​​ផ្សេង​ៗ​​ទៀត​​ដូច​ជា​​ដើម​ត្រសេក គគីរ ក្រង៉ោក ត្របែក​ព្រៃ និង​លឿង​រាជ​ (​ដែល​អ្នក​ឧត្តរមានជ័យ​ ហៅថា​ដើម​គូន​ ផ្កា​របស់​វា​​​មា​ន​ពណ៌លឿង​ដូច​អង្កាញ់​ដែរ​)។ តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់ អ្នក​នៅ​ទំនាប​​កណ្ដាល​បាន​យក​អង្កាញ់​ ទៅ​ប្រើ​​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ដោយ​យក​ដើម​ មែក​ ធ្វើជា​អុស​សម្រាប់​ចម្អិន​អាហារ​ រី​ឯ​ស្លឹក​វិញ​​ ​គឺ​យក​តែ​ស្លឹក​ស្រស់​​ហើយ​មិន​ចាស់​ខ្លាំង​មក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម។ ប្រហែល​ជា​លោក​​អ្នក​​មួយ​​ចំនួន​ ធ្លាប់​​បាន​​លឺ ហើយ​និង​​​ធ្លាប់​​បាន​​ជួប​ប្រទះ​​ក្នុង​​ការ​​ប្រើប្រាស់​​ស្លឹក​របស់​​​វា​​​នៅ​​លើ​​វិស័យ​​នេះ​​ហើយ​។ ស្លឹក​​អង្កាញ់​​ជា​​ធាតុ​​ផ្សំ​​មួយ​​ដែល​​​មាន​​​គុណ​​ប្រយោជន៍​​​ក្នុង​​ការ​ធ្វើ​ជា​​ជី​​កំប៉ុស្ត​​ទឹក និង​​ថ្នាំ​ពុល​​សម្រាប់​​សម្លាប់​សត្វ​ល្អិត។ តាម​​សង្កេត និង​ដឹង​ហើយ​ថា ស្លឹក​អង្កាញ់​​មាន​​ជាតិ​​ល្វីង​ និង​​ពុល។ ស្លឹក​​អង្កាញ់​​មិន​​ដែល​​មាន​​សត្វ​ល្អិត​​ណា​ ស៊ី​វា​ទេ។​
តាម​​វចនានុក្រម​សម្ដេច​សង្ឃ​​​រាជ​ បណ្ឌិត​ជោ​ត​ញ្ញា​​​ណោ ជួន ណាត នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​​ដឹង​ថា​​ផ្កា​​ក៏​​មាន​​ប្រយោជន៍​​ផង​​ដែរ​ ដោយ​​យក​​ផ្កា​​នោប​ឬ​​​ក្រពុំ​ មក​ស្រុស​ហើយ​ពូត​ច្របាច់​យក​រស​ល្វីង​ចេញ​ខ្លះ​ប្រើ​ជា​បន្លែ​ស្ល​បាន​ អាច​រាប់​ថា​ជា​ថ្នាំ​រម្ងាប់​រោគ​ផងៈ​ សម្ល​ផ្កា​អង្កាញ់​។ ប៉ុន្តែ​សម្រាប់​អ្នក​ឧត្តរមានជ័យ​វិញ​ បាន​ទាញ​ប្រយោជន៍​ពី​អង្កាញ់​ សម្រាប់​ធ្វើ​ជា​អាហារ​បរិភោគ​ ​ប្រជាជន​ក្នុង​ខេត្ត​នេះ​បាន​យក​ស្លឹក​អង្កាញ់ និង​ផ្កា​ មក​ធ្វើ​ជា​បន្លែ​សម្រាប់​សម្ល ដ៏​រសជាតិ​ឆ្ងាញ់​ពិសា​​ទៅ​តាម​តំបន់​របស់​​ពួក​គាត់។ ហើយ​ផ្កា​អង្កាញ់​មាន​រសជាតិ​ឆ្ងាញ់​ជាង​​ ស្លឹក​ខ្ចី​ ប៉ុន្តែ​បើ​ដាក់​បញ្ចូល​គ្នា​ វា​ធ្វើ​ឲ្យ​សម្ល​កាន់​តែ​មាន​រសជាតិ​ឆ្ងាញ់​ទៀត។

វិធី​ស្ល​ស្លឹក​អង្កាញ់​របស់​អ្នក​ឧត្តរមានជ័យ
ស្លឹក​អង្កាញ់​ដែល​ប្រជាជន​អ្នក​ឧត្តរមានជ័យ​ យក​មក​ធ្វើ​ជា​សម្ល​សម្រាប់​បរិភោគ​បាន​ គឺ​ជា​ស្លឹក​ខ្ចី ចំណែក​ឯ​ផ្កា​យក​​ផ្កា​នោប ឬ​ក្រពុំ។ ហើយ​សម្ល​ដែល​អាច​ស្ល​បាន​មាន​ដូចជា​ សម្លប្រហើរ​អង្កាញ់ និង​ សម្ល​ខ្ទិះ​អង្កាញ់។ សម្ល​ទាំង​ពីរ​នេះ​បាន​ការ​ធ្វើ​ដូច​គ្នា​ តែ​គ្រាន់​តែ​សម្ល​មួយ​មាន​ខ្ទិះ​ និង​មួយ​ទៀត​គ្មាន​ខ្ទិះ​តែ​ប៉ុណ្ណោះ​។ នៅ​ពេល​ខ្ញុំ​សូម​លើក​យក​សម្ល​ខ្ទិះ​អង្កាញ់​មក​ធ្វើ​បទ​បង្ហាញ​។
គ្រឿងផ្សំ​រួម​មាន​ ខ្ទិះដូង ស្លឹក​ឬ​ផ្កា​អង្កាញ់​ គល់​ស្លឹក​គ្រៃ រំដេង រមៀត​ ខ្ទឹម​ស ខ្ជាយ​ អំបិល​ ស្ករ ប៊ីចេង​(​បើចង់ប្រើ) ប្រហុក​ ចំណែក​ឯ​សាច់​ វិញ​ អាច​ប្រើ​ត្រី​ ដូចជា​ត្រី​អណ្ដែង ឬ​ត្រី​រ៉ស់ ត្រី​ឆ្អើរ ត្រី​ងៀត សាច់​ជ្រូក សាច់​មាន់​ អាច​ជ្រើស​រើស​មួយ​ណា​ក៏​បាន​តាម​ការ​ចូល​ចិត្ត។
វិធី​ធ្វើ៖
អ្វី​ដែល​សំខាន់​ជាង​គេ​ ស្ងោរ​ស្លឹក​ ឬ​ផ្កា​អង្កាញ់​ រំងាស់​ឲ្យ​អស់​ជាតិ​ល្វីង​​ ដែល​ផ្លាស់​ប្ដូរ​ទឹក​ថ្មី​ ពី​ ២ ទៅ​ ៣ដង​ ហើយ​ម្តង​ៗ​ពី​​កន្លះ​ម៉ោង​ទៅ​មួយ​ម៉ោង​។ តែ​បើ​រំងាស់​ជ្រុល​ពេក​ ស្លឹក​អង្កាញ់​នោះ​ឡើង​ជាតិ​ជូ ច្រើនជាង​ជាតិ​ល្វីង​តិច​។
គល់​ស្លឹក​គ្រៃ​ ហាន់​បុក​ ជាមួយ​​រំដេង​ រមៀត​ ឬ​ក៏​បុក​ខ្ជាយ​បញ្ចូល​ទៀត​ តែ​បើ​មិន​ចង់​បុក​​ត្រូវ​ដំ​វា​ហើយ​អាច​បង់​សម្ល​ក៏បាន។
ដាក់​ឆ្នាំង​ទៅ​ក្នុង​ចង្ក្រាន​រហូត​ដល់​ក្ដៅ ​ចាក់​ខ្លាញ់​ឬ​ប្រេង​ឆា បន្ទាប់​មក​ទៀត​ ដាក់​គ្រឿង​និង​ប្រហុក​ដែល​ទើប​​​បុក​ កូរ​អោយ​សព្វ​ហើយ ដាក់​ត្រី​ ​រួច​ចាក់​ខ្ទិះដូង​ តែ​មិន​ឲ្យ​ខ្ទិះ​ដូង​​ចេញ​ជាតិ​ប្រេង​ទេ។
នៅ​ពេល​ឆ្អិន​សាច់​ហើយ​ ដាក់​អង្កាញ់​ដែល​ស្រុស​ ឬ​ស្ងោរ​រួ​ច​មុន​នេះ​បន្តិច​ ​រង់​ចំាំ​រហូត​ដល់​សម្ល​ពុះ ហើយ​ដាក់​គ្រឿង​ផ្សេង​ដែល​បាន​រាយ​ខាង​លើ​ រូច​ភ្លក់​តាម​តម្រូវ​ការ​។
រួច​ដួស​ដាក់​ចាន​ ជា​ការ​ស្រេច​ដែល​ធ្វើ​ឲ្យ​​សម្ល​អង្កាញ់​មាន​រស់​ជាតិ​ឆ្ងាញ់​គួរ​ឲ្យចង់​បរិភោគ នឹង​នឹក​ស្រមៃ​កាល​ពី​​នៅ​កុមារភាព​៕