ឧត្ដរមានជ័យ ៖ រោងសិប្បកម្មកែច្នៃតូចៗ ជាលក្ខណៈគ្រួសារតាមភូមិនីមួយៗ ដែលអាជ្ញាធរ ស្រុកមានការយោគយល់ និង អនុគ្រោះ ហើយស្ថាប័នក្នុងស្រុកក៏មានការយោគយល់ និង អនុគ្រោះដូចគ្នាដែរ ប៉ុន្តែអង្គការបរិស្ថាននិងការពារសិទ្ធប្រជាពលរដ្ឋមិនយោគយល់ទេគឺ កំពុងតែដើរបង្កភាពចលាចលនៅក្នុងខេត្តឧត្ដរមានជ័យ។
ម្ចាស់សិប្បកម្មមួយរូបនៅក្នុងស្រុកអន្លង់វេង សូមមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់កម្ពុជាថ្មីឲ្យដឹងថា កាលពីកន្លងមកបរិស្ថានអង្គការនិង ការពារសិទ្ធប្រជាពលរដ្ឋ ធ្លាប់ដើរដាក់លុយខែ តាមរោងសិប្បកម្មទាំងអស់នេះដែរ ហេតុអ្វីបានជាមកដាក់ពាក្យបណ្ដឹងពួកគាត់ទៅវិញ ដោយអាជ្ញាស្រុក និង សមត្ថកិច្ចនៅក្នុងស្រុកទាំងអស់មិនបានដឹងរឿងអ្វីទាំងអស់ ហើយសព្វថ្ងៃនេះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កំពុងតែធ្វើការកោះហៅពួកគាត់ឲ្យឡើងទៅបំភ្លឺនៅសាលាដំបូងខេត្តបណ្ដើរៗ ហើយ។
ហេតុនេះហើយប្រជាពលរដ្ឋដែលធ្វើសិប្បកម្មកែច្នៃតូចៗ ជាលក្ខណៈគ្រួសារនោះកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលពួកគាត់ទទួលទិញឈើក្រាក់ដែលសល់ពីអណ្ដាតភ្លើងតាមស្រែចំការ របស់អ្នកស្រុកត្រូវគេដាក់ពាក្យបណ្ដឹងឲ្យចូលបំភ្លឺនៅសាលាដំបូង ខេត្តទៅវិញ។
ប្រជាពលរដ្ឋទូទាំងខេត្តឧត្ដរមានជ័យដែលមានសិប្បកម្មតូច ៗ បានស្រែកឡើងថា អយុត្តិធម៌ណាស់បើឈើតាមព្រៃសម្បទានរបស់រដ្ឋត្រូវពួកឈ្មួញកាប់អារ និង ដឹកជញ្ជូន នៅនឹងមុខ បែរជាធ្វើមិនដឹងទៅវិញតើមកពីមូលហេតុអ្វី?។
ហេតុនេះហើយប្រជាពលរដ្ឋ ទាំងអស់សូមអំពាវនាវដល់អង្គការបិស្ថាននិង ការពារសិទ្ធប្រជាពលរដ្ឋសូមធ្វើការឲ្យដូចឈ្មោះផង ហើយសូមឲ្យបើកភ្នែកមើលស្ថាប័នដែលដែលនៅជុំវិញខ្លួនដូចជាអាជ្ញាធរស្រុក និង សមត្ថកិច្ចនៅក្នុងស្រុកទាំងអស់ លោក មិនដែលសម្លាប់ប្រជាពលរដ្ឋទាំងរស់ដូចបរិស្ថានអង្គការ និង ការពារសិទ្ធប្រជាពលរដ្ឋនេះទេ៕
ប៉ែននួន