ដោយ លឿង ត្រា
ដើមក្តួច(រូបភាពដោយ ជិម សុជាតិ)
នៅក្នុងខេត្តឧត្ដរមានជ័យមានប្រជាជនជាច្រើនបានស្គាល់ឈ្មោះ រុក្ខជាតិនេះ ដែលមានដុះនៅតាមព្រៃយ៉ាងច្រើន។ ឈ្មោះរុក្ខជាតិភាគច្រើន ដែលបានស្គាល់គឺតាមរយៈការហៅឈ្មោះ តៗគ្នា តាមមនុស្សចាស់ជំនាន់មុនគាត់ប្រាប់ និងពិពណ៌នា...។ តាមព្រៃក្នុងខេត្តឧត្ដរមានជ័យគេបានសង្កេតឃើញប្រភេទរុក្ខជាតិ ម្យ៉ាង វាជាវល្លិដែលមានសារប្រយោជន៍យ៉ាងសំខាន់ចំពោះប្រជាជនដែលរស់នៅឧត្តរមានជ័យនិងបណ្ដាខេត្តមួយចំនួន។ ក្រៅពីមើមក្តួចមានមើមរុក្ខជាតិដ៏ទៃទៀតដូចជា៖ ដំឡូងជ្រូក ដំឡូងស្យ៉ា ដំឡូងទឹក ដំឡូងទៀន ដំឡូងច្រង់ ដំឡូងពងលលក ... ។ ដំឡូងទាំងអស់នេះ ប្រជាជនគាត់ទៅជីក យកមកបរិភោគទៅតាមខែដែលរុក្ខជាតិនេះ មានមើម។ មិនតែប៉ុណ្ណោះចំពោះដំឡូងទៀន ក៏ត្រូវបានប្រជាជនខ្មែរសុរិន្ទ គាត់និយមទទួលទានផងដែរ។ ហេតុដូច្នេះប្រជាជន ដែលរស់នៅក្បែរព្រំដែនគាត់ទៅជីកមកពីព្រៃហើយយកទៅលក់ឲ្យប្រជាជនខ្មែរសុរិន្ទពេលគេបើកច្រកម្ដងៗ។ រីឯរុក្ខជាតិមួយទៀត ក៏មានប្រយោជន៍ចំពោះអ្នកភូមិផងដែរហើយវាមានលក្ខណៈដូចជាដំឡូងដែរ តែគេមិនអាចយកវាមកស្ងោហូបបានភ្លាមៗដូចជាដំឡូងឯទៀតៗបានទេ វាមានឈ្មោះថា« ក្ដួច»។ ប្រហែលជាមានខេត្ដខ្លះបាន ឮ និងធ្លាប់ស្គាល់ ហើយក៏មានខ្លះទៀតមិនបានឮ មិនបានឃើញ អ្នកខ្លះឃើញហើយមិនស្គាល់ក៏ថាបានដែរ ។
ជាការពិតណាស់«ក្ដូច»ត្រូវ បានអ្នកឧត្ដរមានជ័យចាត់ទុក វាជារុក្ខជាតិដែលមានសារប្រយោជន៍ចំពោះពួកគេជាខ្លាំង។ នៅសម័យមុនមិនមានផ្លូវទាក់ទង ពួកគេរស់នៅដោយសារក្តួច នៅពេលមានអាកាសធាតុក្ដៅស្ងួតហួតហែងធ្វើស្រែមិនកើតខ្វះខាតស្រូវអង្ករ គ្មានកាកបាទក្រហមណាដែលទៅចែកដល់តំបន់នោះទេ។ ហើយនៅក្នុង សម័យខ្មែរក្រហម ក្តួចនេះក៏មានតម្លៃសម្រាប់ជីវិតមនុស្សផងដែរ គេអាចយកវាមកធ្វើជាអាហារញ៉ាំជំនួសបាយបាន ត្បិតតែគេមិនអាចទទួលទានវាបានភ្លាមៗមែន។ រុក្ខជាតិនេះដុះនៅតំបន់ដីទួលធំៗ។
លក្ខណៈនិងរូបរាងរបស់វល្លិក្ដូច
វល្លិរបស់វាមានទំហំទៅតាមដីមានជីជាតិច្រើនឬតិច ប៉ុន្តែជាមធ្យមដើមរបស់វាមានទំហំប៉ុនមេដៃ ប្រវែងវាគឺអាចលូតវែងទៅតាមដើមឈើដែលវាដុះរុំឡើងអាចពី ៥ ទៅ ១០ម ដុះរុំព័ទ្ធដើមឡើងទៅលើ តែដោយឡែកចំពោះកន្លែងណាដែលអត់មានដើមឈើខ្ពស់ៗ វារុំឡើងដើមគ្នាវាដូចជាគេដាំសណ្ដែកមិនមានទ្រើងយ៉ាងដូច្នោះដែរ។ នៅលើដើមរបស់វាមានបន្លាប្រវែងជា ១ម.ម ជាច្រើនតាំងពីគល់រហូតដល់ចុង តែនៅខាងគល់ មានបន្លារាងញឹកបន្តិច ហើយរង្វើលបន្តិចម្ដងៗរហូតដល់ចុង។ រីឯស្លឹករបស់វាវិញមានធំ មានតូច ទៅតាមលក្ខណៈដើមរបស់វាដែរ ជាមធ្យមស្លឹកមួយមានទំហំប៉ុនបាតដៃ តែក្នុងមួយធាងវាចែកចេញជាបីសន្លឹក។ ធាងរបស់វាមានរាងមូលទ្រវែងដែលមានអង្កត់ផ្ចិតប្រហែល ២ម.ម និងមានប្រវែងពី ១០ទៅ១៥ស.ម ទើបបែកចេញជាស្លឹកបី ដោយស្លឹកមួយនៅកណ្ដាល និងពីរទៀតនៅសងខាង។ ធាងស្លឹករបស់វាចាប់មានត្រឹមពាក់កណ្ដាលដើមទៅលើ ព្រោះនៅខាងគល់របស់វា ចាស់ទុំជ្រុះអស់មានតែជាបន្លាទេ ។ ចំណែកឯមើមរបស់វាវិញមានលក្ខណៈជា ចង្កោម តូចធំចម្រុះគ្នា ហើយមើមនីមួយៗរបស់វាមានរោមឆ្មាជាច្រើនហើយរឹង ដុះជុំវិញមើម ទៀតផង ។
សារៈប្រយោជន៍របស់វា
ជា ការពិតណាស់គឺនៅខែឆ្នាំណាដែលអាកាសធាតុមិនអនុគ្រោះដល់ដំណាំ កសិកម្មពិសេសគឺដំណាំស្រូវតែម្ដង ដូចជាមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ធ្វើឲ្យដំណាំស្រូវមានការ ខូចខាត ដោយសារគ្រោះរាំងស្ងួត ពេលនេះហើយជាពេលដែលក្ដួចមានសារប្រយោជន៍ចំពោះប្រជាកសិករនៅឧត្ដរមានជ័យ គឺគេអាចយកវាមកទទួលទានជំនួសបាយបាន គេអាចបុកជាម្សៅធ្វើជានំក៏បាន រឺចំហុយដាក់ដូងស្កសរញ៉ាំក៏បាន ឬក៏ធ្វើជាបង្អែម។
គុណវិបត្ដិរបស់ក្ដួច
ទន្ទឹម នឹងនេះ ក្ដួចក៏ជារុក្ខជាតិមួយដែលអាចបង្កគ្រោះថ្នាក់ដល់យើងបានដែរ ប្រសិនបើយើងមិនបានដឹងពីវិធីសាស្រ្ដក្នុងការធ្វើវាឲ្យក្លាយ ទៅជារបស់មួយថ្មីដែលយើងអាចទទួលទានបាន នោះគឺវាធ្វើអោយយើងពុលបានដែរ តែមិនធ្ងន់ធ្ងរទេ គ្រាន់តែមានអាការៈដូចជា៖ ឈឺក្បាល វិលមុខ ក្អួតចង្អោរ គ្រុនក្ដៅ បន្តិចបន្តួចតែប៉ុណ្ណោះ។
វិធីសាស្រ្ដក្នុងការធ្វើ
ដើម្បី បានក្ដួចយកមកបរិភោគបាន មុនដំបូងគឺយើងត្រូវទៅជីកយកមើមរបស់វា ពីព្រៃយកមក មានមើមខ្លះស្វិត ដូច្នេះយើងត្រូវការត្រាំទឹកវាប្រហែលជា ១ម៉ោងទៅ ២ម៉ោងដើម្បីឲ្យវាបានស្រូបជាតិទឹកហើយរឹង។ ក្រោយមកយើងត្រូវតែចិតសំបកវាចេញឲ្យបានស្អាត រួចដាក់ចូលក្នុងចានឡាតទឹកធំមួយ ដើម្បីលាងវាម្ដងទៀត។ បន្ទាប់មកទៀត គេត្រូវឆាក(ចិត)ក្ដួច ដែលចិតសំបកនោះជាចំណិតស្ដើងៗកម្រាស់ប្រហែលជា ១ម.ម ដាក់ត្រាំទឹកអំបិលក្នុងពាង។ គឺយើងដាក់ទឹកកន្លះពាងមុន ហើយដាក់អំបិលពីរក្ដាប់រួចដាក់ក្ដួចដែលឆាកចូលបន្ដិចរួចដាក់អំបិលចូលទៀត យើងបន្តធ្វើបែបនេះរហូតដល់អស់ក្ដួច។ ក្រោយពេលដែលបានត្រាំក្នុងពាងរយៈពេលមួយថ្ងៃគេស្រង់វាចេញ ហើយច្រកចូលក្នុងការុងទម្ងន់ប្រហែល ២០គីឡូក្រាមទៅ ៣០គីឡូក្រាមក្នុងមួយការុង រួចចងមាត់វាឲ្យជិតហើយដាក់ត្រាំក្នុងទឹកបឹង ឬត្រពាំងធំៗ ។ ពេលដែលត្រាំវា គេត្រូវជ្រើសរើសយកកន្លែង ណាដែលមានទឹកល្អ ថ្លា គ្មានកករ ល្អក់ គឺស្អាត។ ប្រសិនបើយើងត្រាំទឹកមិនល្អ វាធ្វើឲ្យក្ដួចរបស់យើងមិនល្អ មានដីចូល និងមានពណ៌ខ្មៅទៀត ។ បន្ទាប់ពីនេះយើងត្រូវស្រង់វាយកមក សង្កត់ឬជាន់វាពីលើការុងឲ្យស្រស់ទឹករួចដាក់វាចូលកន្លែងដើមវិញ ធ្វើបែបនេះដើម្បីវាឆាប់សាប (អស់ជាតិពុល)ធ្វើ បែបនេះក្នុងមួយថ្ងៃបីដងឬពីរដងរយៈពេលបីថ្ងៃទើបលើកវាចេញពី ទឹកហើយសម្រស់វាឲ្យស្រស់បន្តិចពេលនោះយើងអាចយកមកធ្វើអ្វី ផ្សេងៗទទួលទានបាន។ ហើយក៏គេអាចរក្សាវាទុក ដោយការដាក់សំដិល(ដាក់ពង្រាយហាលអត់មានថ្ងៃ ហាលក្នុងម្លប់) រួចច្រកការុងទុក ។ ភាគច្រើនដែលគាត់ចូលចិត្តធ្វើគឺចំហុយពេលជិតឆ្អិនគេដាក់ដូង(បានកោសរូច) និង ដាក់ស្ករស ព្រោះងាយស្រួលធ្វើហើយឆ្ងាញ់ផង ។ គេអាចលាយជាមួយអង្ករដាំជាមួយបាយបរិភោគ បាន ។ មួយវិញទៀតគេអាចយកវាទៅធ្វើជាម្សៅសម្រាប់ធ្វើនំបានទៀតផង ពិសេសគឺនំខ្ចប់ស្លឹកចេក លាយជាមួយដូងនិងស្កររួចដាក់អាំងឲ្យក្រៀមក្រហមរាងក្រមៅបន្ដិច នោះយើងញ៉ាំបានយ៉ាងឆ្ងាញ់ពិសា ។ ហើយគេក៏អាចយកក្ដួចនេះទៅកែច្នៃធ្វើជាអ្វីផ្សេងៗទៀតបានទៅតាម កាប៉ិនប្រសប់របស់ពួកគេ។
ដូច្នេះ ក្ដួចថ្វីត្បិតតែវាមិនមែនជារុក្ខជាតិពិសេសដុះក្នុងព្រៃ គ្មានប្រយោជន៍អ្វីចំពោះមនុស្សជាច្រើនក៏ពិតមែន តែវាក៏មានប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករនៅឧត្ដរមានជ័យ នៅពេលដែលពួកគាត់ជួបនឹងគ្រោះរាំងស្ងួត ខ្វះខាតស្រូវអង្ករបានមួយគ្រាៗដែរ ៕