ដោយ សូដា
ទីតាំងនិងស្ថានភាពភូមិភ្លងថ្មី
បើយើងធ្វើដំណើរចេញពីទីរួមខេត្តក្នុងក្រុងសំរោង ផ្លូវក្រោយវត្តប្រាសាទរាជាសំរោង ទៅទិសខាងត្បូងមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ប៉ុណ្ណោះ។ យើងនឹងទៅដល់ភូមិមួយនៅខាងស្ដាំដៃ តែមុននឹងទៅដល់ភូមិខាងស្ដាំដៃដែលផ្ទះអ្នកភូមិនៅតាមបណ្ដោយផ្លូវគ្រួសក្រហម ត្រូវឆ្លងកាត់ សំរោង ភូមិភ្នៀត បុស្បូវ។ ភូមិនេះចេញពីភូមិបុស្បូវប្រមាណ៨០០ម៉ែត្រ នៅខាងស្តាំមានផ្លូវគ្រួសក្រហមកាត់ភូមិ ទីនោះហើយគឺភូមិភ្លងថ្មី។
ភូមិភ្លងថ្មី ស្ថិតក្នុងឃុំបុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ភូមិនេះរស់នៅលើទួល ខាងជើង ត្រពាំងភ្លង ហើយមានភាពស្ងប់ស្ងាត់ មិនសូវជាមានភាពអូរអរដូចភូមិផ្សេងទេ។
កំណើតទីភូមិភ្លងថ្មី
តាមការសិក្សាស្រាវជ្រាវ ស្វែងយល់ពីចាស់ៗ ជាច្រើន ដែលជាអ្នកដឹង ពីការកកើតភូមិនេះបានឲ្យដឹងថា ភូមិនេះទើបនឹងកើតក្នុងឆ្នាំ ១៩៨៧ គឺកើតក្រោយប្រទេសបានស្ថិតក្នុងរបបវាលពិឃាដ។ ដោយសារភូមិនេះជាដីទួលមិនលិចទឹក ហើយប្រជាជនក្នុងភូមិភ្លងចាស់មានចំនួនកើនឡើង ហើយភូមិនេះមិនអាចពង្រីកទៅណាបានទៀត ព្រោះខាងក្រោយភូមិជាដីទំនាបលិចទឹក និងសងខាងភូមិក៏ដូច្នោះដែរ។ ហើយនៅម្ខាងត្រពាំងភ្លងនោះមានដីទួល ហើយ ប្រជាជនចេញពីភូមិចាស់មកនៅ ដំបូងតែ៤ ទៅ ១០គ្រួសារតែប៉ុណ្ណោះចេញពី ភូមិភ្លងចាស់ ក្រោយមកប្រជាជន ចេះតែមករស់នៅបន្ថែម។ កាលពីមុនមក ភូមិមួយនេះនៅតែហៅ ភូមិភ្លង តែក្រោយមកក្នុងកំឡុងឆ្នាំ១៩៩០ ភូមិនេះចាប់ផ្ដើមថែម អក្សរមួយតួពីខាងក្រោយ មួយពាក្យ។ ភូមិដែលកើតមុន ដាក់ឈ្មោះថា ភូមិភ្លងចាស់ ឯភូមិដែលកើតក្រោយ ហៅថាភូមិភ្លងថ្មី។ ភូមិនេះមានប្រជាជនមកពី ភូមិ បុស្បូវ និងភូមិភ្លងចាស់មករស់នៅ។ ប្រជាជនមកពីភូមិបុស្បូវមានប្រហែលពី ៥ ទៅ ៨គ្រួសារតែប៉ុណ្ណោះដែលមករស់នៅក្នុងភូមិនេះ។
ប្រវត្តិសង្គ្រាមក្នុងភូមិភ្លងថ្មី
ឧត្តរមានជ័យជាខេត្តមួយដែលរងនៅសង្គ្រាមជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងខេត្តនេះចាប់កំណើតមកម្ល៉េះ។ គួររំលឹកផងដែរថា ខេត្តឧត្តរមានជ័យបង្កើតឡើងបន្ទាប់ពី តំបន់នេះមានការប្រយុទ្ធរវាងខ្មែរឥស្សរៈជាមួយកងទ័ពរាជានិយមដែលដឹកនាំដោយលោក វរសេនីយ៍ទោ ជា គឹមអេង បានប្រយុទ្ធឈ្នះទ័ពខ្មែរឥស្សរៈ ដឹកនាំដោយលោក ស៊ឹង ង៉ុកថាញ់ ក្នុងឆ្នាំ១៩៦៥។ តំបន់នេះ ត្រូវបានបំបែកចេញពីខេត្តសៀមរាប ហើយតែងតាំងឡើងពីឆ្នាំ ១៩៦៦ (ព្រះរាជក្រមលេខ ២៨២- បរ ចុះថ្ងៃទី១ មីនា ១៩៦៦) ។ ទោះបីខេត្តនេះ បានបង្កើតហើយក៏ដោយ ខេត្តរងនូវសង្គ្រាមស៊ីវិលរាប់អស់ តាំងពីភូមិភ្លងថ្មីនេះ មិនទាន់បានបង្កើតមកម្ល៉េះ។
ក្រោយពីភូមិភ្លងថ្មីនេះ បានបង្កើតឡើងហើយក៏ដោយ ខេត្តឧត្តរមានជ័យមិនទាន់បានសន្តិភាពមួយរយភាគរយនៅឡើយទេ គឺនៅតែមានសង្គ្រាមទ័ពរាជរដ្ឋាភិបាលកម្ពុជាជាមួយ ទ័ពខ្មែរក្រហម ដែលមិនទាន់ចុះចូលជាមួយរដ្ឋាភិបាល។ ភូមិនេះជាកន្លែងដែលទ័ពខ្មែរក្រហមឆ្លងកាត់ ហើយពេលខ្លះក៏ជាកន្លែងប្រយុទ្ធរវាងទ័ពទាំងពីរផងដែរ ធ្វើឲ្យប្រជាជនភូមិនេះរស់នៅក្នុងសភាពភ័យខ្លាច។ នៅពេលទាហានខ្មែរក្រហមឆ្លងកាត់ម្ដង សត្វជ្រូកមាន់ទាត្រូវបានទាហានខ្មែរក្រហមសម្លាប់ និងយកទៅធ្វើជាអាហាររបស់ពួកគេ។
ក្រោយពីភូមិភ្លងថ្មីនេះ បានបង្កើតឡើងហើយក៏ដោយ ខេត្តឧត្តរមានជ័យមិនទាន់បានសន្តិភាពមួយរយភាគរយនៅឡើយទេ គឺនៅតែមានសង្គ្រាមទ័ពរាជរដ្ឋាភិបាលកម្ពុជាជាមួយ ទ័ពខ្មែរក្រហម ដែលមិនទាន់ចុះចូលជាមួយរដ្ឋាភិបាល។ ភូមិនេះជាកន្លែងដែលទ័ពខ្មែរក្រហមឆ្លងកាត់ ហើយពេលខ្លះក៏ជាកន្លែងប្រយុទ្ធរវាងទ័ពទាំងពីរផងដែរ ធ្វើឲ្យប្រជាជនភូមិនេះរស់នៅក្នុងសភាពភ័យខ្លាច។ នៅពេលទាហានខ្មែរក្រហមឆ្លងកាត់ម្ដង សត្វជ្រូកមាន់ទាត្រូវបានទាហានខ្មែរក្រហមសម្លាប់ និងយកទៅធ្វើជាអាហាររបស់ពួកគេ។
ចំណែកជីវភាព និងមុខរបរប្រជាជនភូមិនេះគឺប្រកបរបរធ្វើស្រែចម្ការមួយរយភាគរយ ក្រោយពីរដូវស្រែបានបញ្ចប់ គ្រួសារមួយចំនួនបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ។ ពីព្រោះតែតំបន់នេះមិនសូវមានអ្នកចេះដឹង ដែលអាចប្រកបរបរអ្វីផ្សេង ក្រៅពីទៅធ្វើការនៅស្រុកថៃ។ ភូមិនេះមិនមានទឹកគ្រប់គ្រាន់ នៅរដូវប្រាំង សម្រាប់ឲ្យប្រជាជនក្នុងភូមិអាចដាំបន្លែបង្ការផ្សេងៗ ហើយក្រៅពីទឹក ប្រជាពលរដ្ឋក៏គ្មានបច្ចេកទេសក្នុងការដាំដុះផងដែរ។
សេចក្ដីសន្និដ្ឋាន និងសំណូមពរ
ឆ្លងតាមប្រសាសន៍ប្រជាពលរដ្ឋក្នុងភូមិនេះបានឲ្យដឹងថា ភូមិនេះកើតឡើងបន្ទាប់ពីភូមិភ្លងចាស់មានចំនួនប្រជាពលរដ្ឋច្រើនពេក ក៏មានការបំបែកមកនៅតំបន់ផ្សេងៗដែលជិតភូមិចាស់នោះ។ ភូមិនេះ កើតឡើងក្នុងឆ្នាំ ១៩៨៧ តែមេភូមិជាមួយនិងភូមិចាស់ដដែរ ហើយក្រោយមកក៏ប្រសិទ្ធនាមភូមិនេះថា ភូមិភ្លងថ្មី តែប្រជាជនមិនបានចាំពីឆ្នាំដែលដាក់ឈ្មោះភូមិនេះទេ។
សូមក្រសួងដែរពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម ក្រសួងធនធានទឹក ជួយធ្វើអាងស្តុកទឹក និងផ្ដល់បច្ចេកទេស ដល់ពួកគាត់ ដើម្បីចៀសវាងការធ្វើចំណាកស្រុកដែលជាគុណវិបត្តិដ៏ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋភូមិនេះ ក៏ដូចជាខេត្តឧត្តរមានជ័យទាំងមូល។ ក្រៅពីរដ្ឋាភិបាល សូមអង្គការដែលពាក់ព័ន្ធនឹងវិស័យនេះសូមជួយ យកចិត្តទុកដាក់ដល់ប្រជាជនដែលនៅក្នុងតំបន់ដាច់ស្រយាលផង ហើយសប្បុរសជននានាជួយជាថវិកាសម្រាប់ជីកត្រពាំងដែលមានស្រាប់ ឲ្យអាចផ្ទុកទឹកបានច្រើន សម្រាប់ប្រើប្រាស់នៅរដូវប្រាំង និងទាញយកមកធ្វើដាំដំណាំបានផងដែរ៕