សួស្ដី! មិត្តអ្នកអានទាំងអស់គ្នា ខ្ញុំបាទឈ្មោះ លឿង ត្រា ជានិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ជំនាញសំណង់ស៊ីវិល ក្នុងក្រុងភ្នំពេញ។ ខ្ញុំបាទកើតនៅភូមិសិង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និង ស្រឡាញ់ពេញចិត្តចំពោះស្រុកកំណើតរបស់ខ្ញុំណាស់ ថ្វីត្បិតតែស្រុកដ៏តូចនេះ គ្មានប្រព័ន្ធទឹកស្អាត ផ្លូវមិនសូវមានភាពល្អប្រសើរ និងគ្មានអ្នកចេះដឹងច្រើនទេ វាមានលក្ខណៈជាព្រៃភ្នំក៏ពិតមែន ក៏ខ្ញុំគិតថាគ្មានកន្លែងណាដែលល្អជាងភូមិកំណើតរបស់ខ្លួនឡើយ។ បន្ទាប់ពីលទ្ធផលសិក្សាបានប្រកាស ខ្ញុំបានសុំឪពុកម្តាយរបស់ខ្ញុំទៅរៀនបន្តនៅសាកលវិទ្យាល័យ នៅទីក្រុងភ្នំពេញ ព្រោះខ្ញុំបានទទួលអាហាររូបករណ៍សិស្សក្រីក្ររបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្ដម ព្រឿង ប្រណិត ជាអ្នកសែ្វងរកឱកាសល្អនេះសម្រាប់ខ្ញុំ។
ទោះបីជាខ្ញុំបានអាហាររូបករណ៍និស្សិតក្រីក្រយ៉ាងណាក៏ដោយ ក៏គាត់ទំាងពីរ នៅតែមានការព្រួយបារម្ភអំពីការរស់នៅស្រុកគេ។ តែក្រោយពេលដែលខ្ញុំបានពន្យល់ដល់គាត់ឲ្យយល់ ពីរបៀបរបបនៃការរស់នៅក្នុងសមាគមនិស្សិតឧត្តរមានជ័យ នៅក្នុងទីក្រុងភ្នំពេញ ព្រោះខ្ញុំបានដឹងព័ត៌មានមួយចំនួនពីសមាគម ពួកគាត់ក៏យល់ព្រមទាំងគ្មានការរារែកចិត្ត។ ពេលដែលខ្ញុំមកដល់ទីក្រុងភ្នំពេញដំបូង ខ្ញុំមានអារម្មណ៍ភិតភ័យ រំភើបរកនិយាយមិនត្រូវ គឺវាហួសពីការស្មានរបស់ខ្ញុំ ដែលនៅតាមជនបទមិនដែលមានសោះ ផ្លូវខ្វែងខ្វាត់ ឡានហូរហៀ សំណង់អាគារតូចធំ ភ្លើងភ្លឺពាសពេញដងផ្លូវ។ លើសពីនេះទៅទៀត គឺមានការខុសគ្នាឆ្ងាយមែនទែនរវាងទីក្រុងនិងជនបទ ទាំងការនិយាយស្តី ទំនាក់ទំនង ទីផ្សារការងារកត្តាដែលសំខាន់នោះ គឺចំណេះដឹងទាំងសង្គម និងផ្នែកវិទ្យាសាស្រ្តដូចជាការប្រើប្រាស់ ប្រព័ន្ធកុំព្យូទ័រ អ៊ីនធឺណិត អ៊ីមែលនិងភាសាបរទេស ដូចដែលមិត្តអ្នកអានបានដឹងស្រាប់ហើយថា រវាងសិស្សនៅទីក្រុង និងជនបទ ថាតើមួយណាមានឱកាស និងកន្លែងរៀនបានច្រើនជាង? ហេតុដូច្នេះ ពេលដែលខ្ញុំក្រឡេកមើលមកក្រោយវិញ ការសិក្សារបស់ខ្ញុំនៅវិទ្យាល័យគឺប្រៀបដូចកង្កែបដែលនៅក្នុងអណ្ដូង ថាអណ្ដូងធំ ទូលាយណាស់សម្រាប់គេ។ ខណៈពេលនៅក្នុងអណ្តូងហើយ មានឱកាសក៏មិនដឹងថាយកមកធ្វើអី្វដែរ។ ពេលនេះទើបដឹងថា ចំណេះដឹងរបស់ខ្លួននៅមានកម្រិត។ ហេតុដូច្នេះហើយ ខ្ញុំត្រូវខិតខំរៀន ឲ្យបានច្រើននូវភាសាបរទេស កុំព្យូទ័រ និងមុខវិជ្ជាដែលជាជំនាញរបស់ខ្ញុំជាសំខាន់ ដើម្បីចូលប្រកួតប្រជែងនឹងនិស្សិតក្នុងទីក្រុងបាន ពីព្រោះខ្ញុំមានគម្រោងមួយទៅថ្ងៃក្រោយ គឺខ្ញុំចង់ក្លាយជាមនុស្សមួយដែលមានសមត្ថភាពធ្វើការងារល្អសម្រាប់សង្គម និងក្រុមគ្រួសារ ព្រមទាំងទទួលបានការស្រឡាញ់ពីប្រជាពលរដ្ឋក្នុងតំបន់។
ជាចុងបញ្ចប់ ខ្ញុំមានការផ្ដាំផ្ញើមួយចំនួនដល់ប្អូនៗ ដែលជាសិស្សកំពុងរៀននៅវិទ្យាល័យ និងត្រៀមប្រឡងយកសញ្ញាប័ត្រខាងមុខ ដើម្បីបានឡើងមកបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានា គឺប្អូនៗត្រូវ ព្យាយាមសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សាក្នុងវ័យក្មេង និងពុះពារចាប់យកចំណេះដឹងតាមរយៈការអាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ហើយវាជាស្ពានមួយចម្លងយើងឲ្យដល់គោលដៅ ដែលយើងបានកំណត់ទុក។ ខ្ញុំសូមជូនពរដល់មិត្តអ្នកអាន ប្អូនៗជំនាន់ក្រោយ មានសុខភាពល្អ សំណាងល្អគ្រប់ពេលវេលា និងជោគជ័យរាល់កិច្ចការទាំងអស់៕