Monday, January 14, 2013

ដើម​ចេក



Source from :http://www.bijlmakers.com/fruits/banana.htm
យើង​ដឹង​ហើយ​ថា​ នៅ​លើ​លោក​យើង​នេះ​ក៏ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទាំង​មូល​​ គឺ​មាន​ដើម​រុក្ខជាតិ​ដែល​មាន​ប្រយោជន៍​ច្រើន​ណាស់ មិន​ថា​ដើម​រឹង​តាន់​ឬ ដើម​ស្រួយ​ភុយ​នោះ​ទេ​ គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​ទាំង​អស់​ ជាពិសេស​គឺ​ដើម​ចេក​ ។ ដើម​ចេក​គឺ​ជា​រុក្ខជាតិ​ម្យ៉ាង​​ដែល​នៅ​ក្នុង​ដើម​វា​ពោពេញ​ទៅ​ដោយ​ទឹ​ក​ និង​មាន​សំបក​ច្រើន​ជាន់​ រុក្ខជាតិ​ប្រភេទ​នេះ​គឺ​ច្រើន​ដុះ​នៅ​លើដី​ដែល​មាន​សំនើម​សមគួរ​ ហើយ​ត្រជាក់​ ប៉ុន្តែ​បើ​យើង​ដាំ​ដើម​នេះ​​នៅ​ឆ្ងាយ​ដាច់​ពី​គ្នា​ក៏​គ្មាន​ផល​ច្រើន​ដែរ​ ពី​ព្រោះ​វា​ត្រូវ​ការ​ដុះ​ជា​គុម្ព​ធំ​ៗ​ ហើយ​ជាប់​គ្នា​ទៀត​ បើយើង​ដាំ​វា​ដាច់​ឆ្ងាយ​ពី​គ្នា​ វា​អាច​ដុះ​មិន​ល្អ​ លូត​លាស់​មិន​ល្អ​ ហើយ​​មាន​ដើម​តូច​ ចំនែក​ផ្លែ​វា​ក៏ទទួល​បាន​ផល​មិន​ល្អ​ដែរ​ ។ ​ជា​ការ​ពិត​ណាស់​រុក្ខជាតិ​ប្រភេទ​នេះ​ គឺ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដល់​ប្រជាជន​ខ្មែរ​យើង​ ដូច​ជាៈ ស្លឹក​វា​យើង​អាច​មក​ធ្វើ​ជា​សំបក​សម្រាប់​វិច​នំ នំអន្សម និង​ជា​ពិសេស​យើ​ង​តែង​ឃើញ​ប្រជាជន​ដែល​រស់​នៅ​ឯ​ជន​បទ​ ពួក​គាត់​តែង​យក​ស្លឹក​នេះ​យក​មក​វិច​ខ្ចប់​បាយ​ឬ ម្ហូប​ផ្សេង​ៗ​ទៀត​សម្រាប់​ដាក់​យក​ទៅ​ស្រែ​ចំការ​ជា​ដើ​​ម​ ចំនែក​ដើម​វា​វិញ​​ ក៏​មាន​ប្រយោជន៍​មិន​ចាញ់​ស្លឹក​ដែរ​ គឺ​យើង​អាច​យក​ដើម​វា​មក​ធ្វើ​ជា​អាហារ​ សម្រាប់​សត្វ​ ដូច​ជាៈ​ ជ្រូក​ គោ និង​សត្វ​ផ្សេង​ៗ​ទៀត​ដែល​ស៊ី​ដើម​ចេក​ជា​អាហារ​ ជា​ពិសេស​យើង​ក៏​អាច​យក​ដើម​ចេក​មក​ធ្វើ​ជា​អន្លក់​ក៏​បាន​ ហើយ​ឆ្ងាញ់​ទៀត​​ ដោយ​យើង​យក​វា​មក​ជ្រៀក​ ដើម្បី​យក​បណ្ដូល​ខ្ចី​មក​ធ្វើ​ជា​អន្លក់ និង​ធ្វើ​សម្លរ​ម្ជូរ​ក៏​បាន​។ ​ចំនែក​ផ្លែ​វាវិញ​ក៏​មាន​ប្រយោជន៍​ ច្រើន​មិន​ចាញ់​ដើម​ និង​ស្លឹក​ដែរ​​ ហើយ​ផ្លែ​នេះ​មាន​ប្រយោជន៍​ជាង​គេ​ ពី​ព្រោះ​ពេល​ចេក​វា​ចេញ​ត្រយោង​មក​យើង​អាច​យក​វា​ម​ក​ធ្វើ​អន្លក់​ និង​ធ្វើ​ជា​បន្លែ​យ៉ាង​ពិសេស​ ពេល​ចេញ​ជា​ផ្លែ​ចេក​ហើយ​ប៉ុន្តែ​វា​នៅ​តូច​ខ្ចី​យើង​ក៏​អាច​យក​វា​ធ្វើ​ជា​បន្លែ​សម្រាប់​​សម្ល​ផ្សេងៗ​ដូច​ជា​សម្ល​កកូរ​ជា​ដើម​ ហើយ​ជា​ពិសេស​អ្វី​យើង​ទន្ទឹង​រងចាំ​ជា​យូ​ពេល​មក​ហើយ​នោះ​គឺ​នៅ​ពេល​ដែ​ល​វាមាន​​អាយុ​កាល​ចាស់​ នៅ​ពេល​នោះ​យើង​អាច​យក​ទៅ​ទុក​បន្ទុំ​ ដើម្បី​ឲ្យ​វា​ទុំ​ពេញ​លក្ខណៈ​នោះ​ទើប​យើង​អាច​យក​មក​បរិភោគ​ដែល​មាន​រស​ជាតិ​យ៉ាង​ឆ្ងាញ់​ និង​គេ​យក​វា​ទៅ​ធ្វើ​នំ​ នំ​អន្សម​ បង្អែម​ចេក​ខ្ទិះ​ និង​យក​ទៅ​ធ្វើ​នំ​ផ្សេងៗ​ច្រើន​ទៀត​។ ​ម្យ៉ាង​ទៀត​ផ្លែ​ចេក​ទុំ​​នេះ​ យើង​​អាច​យក​​​វា​មក​ធ្វើ​ជាដង្វាយ​ផ្សេងៗ​នៅ​ក្នុង​ពិធី​បុណ្យ​ដូច​ជា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែ​រ​ និង​ពិធី​បុណ្យ​សែន​ព្រេន​ផ្សេង​ៗ​ទៀត​ ជា​ពិ​សេស​យើង​ក៏​អាច​យក​ផ្លែ​ចេក​ទុំ​នេះ​ទៅ​លក់​នៅ​ទី​ផ្សារ​ក៏​បាន​ដែរ​។ តាម​ការ​បក​ស្រាយ​ខាង​លើ​នេះ​ យើង​ឃើញ​ថា​រុក្ខជាតិ​ប្រភេទ​នេះ​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ ដូច​នេះ​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​ និង​ដាំ​ដើម​រុក្ខជាតិ​ប្រភេទនេះ​(ដើម​ចេក​)​ឲ្យ​បាន​ច្រើន​ ដើម្បី​ទុក​សម្រាប់​ធ្វើ​ផល​ប្រយោជន៍​ដល់​ខ្លួន​ឯង​ ក៏​ដូច​ជា​សង្គម​យើង​ទាំង​មូល​ផង​ដែរ​ ៕ ស្ងាម​ ក្រឹម