Monday, January 31, 2011

ប្រវត្តិ​ភូមិ​ជើង​ទៀន

ប្រវត្តិ​ភូមិ​ជើង​ទៀន


ដោយ យ៉េន សុជាតិ

ភូមិ​ជើង​ទៀន ស្ថិត​នៅ​ក្នុង​ស្រុក​ចុងកាល់ប៉ែក​ខាង​ត្បូង​ជាប់​និង​ផ្លូវ​លេខ​៦៨។ ចម្ងាយ​របស់​ភូមិ​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ​ទៅ​ទិស​ខាងត្បូង​មាន​ប្រហែល​៣០ .ម។ ឃុំ​នេះ មាន​ព្រំប្រទល់​ខាង​ត្បូង​ជាប់​និង​ ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប​ដែល​ខណ្ឌ​ដោយ​ស្ពាន​ទិព្វ​(ស្ពាន​អូ​ជីក​)និង​ទិស​ខាង​ជើង​ជាប់​ឃុំ​ចុងកាល់​មួយ​ផ្នែក​ និង​មួយ​ទៀត​ជាប់​និង​ឃុំ​ពង្រ ចំណែក​ខាង​លិច​ជាប់ ឃុំ​ក្រសាំង។ ម្យ៉ាង​វិញ​ទៀត​ប្រជាជន​ក្នុង​ឃុំ​នេះ​ប្រកប​របរ​កសិកម្ម​ទាំង​អស់​គ្នា​និង​ចិញ្ចឹម​សត្វ​ផ្សេងៗ​តាម​ស​មា​ជី​វ។
និយាយ​អំពី​ប្រវត្តិ​ឃុំ​នេះ បើ​តាម​ដំណាល់​របស់​ចាស់​គាត់​បាន​និយាយ​តៗ​គ្នា​ថា ជា​ពិសេស​នោះ​លោក អ៊ំ ធឹង ធុល ជា​ព្រឹទ្ធាចារ្យ​មួយ​រូប​ក្នុង​ឃុំ​នេះ​មាន​វ័យ​ចំណាស់​ជាងគេ គាត់​បាន​ផ្ដល់​ព័ត៌មាន​ថា មុន​មនុស្ស​មក​រស់​នៅ​ក្នុង​ឃុំ​នេះ​រហូត​មក​សព្វ​ថ្ងៃ​នេះ ពី​មុន​មាន​ចំនួន​មនុស្ស​រស់​នៅ​ក្នុង​ឃុំ​នេះ​តិច​តួច​ណាស់​ហើយ​មាន​វត្ត​មួយ​នៅ​ក្បែរ​ភូមិ​នេះ​ឈ្មោះ​ថា​វត្ត​ប្រាសាទ​សំរោង​ពោធិ​ទល់​ ហើយ​វត្ត​នេះ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​នៅ​ព័ទ្ធ​ជុំវិញ មិន​តែ​ប៉ុណ្ណោះ​ប្រជាជន​គឺ​រស់​នៅ​ក្បែរ​វត្ត​នេះ​ប្រហែល​ជាមាន​១៥​គ្រួសារ​និង​ប្រជាជន​នៅ​ក្បែរ​វត្ត​តែងតែ​កាប់​ឆ្ការ​ព្រៃ​ឈើ​ក្នុង​វត្ត​ដើម្បី​ដាំ​ដំណាំ​ហូប។ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វត្ត​នេះ​មាន​ដើម​សំរោង​ហើយ​ប្រជាជន​នាំ​គ្នា​កាប់​គាស់​ព្រៃ​ក្នុង​វត្ត​ដើម្បី​ដាំ​ដំណាំ​ហូប​បណ្ដោះ​អាសន្ន ហើយ​ក្រោយ​ពី​បាន​កាប់​ដើម​សំរោង​ក្នុង​វត្ត​ហើយ​នោះ​ក៏​ប្រជាជន​កើត​មាន​ជំងឺ​ចុះ​ក្អួត​ពេក​ពួក​គាត់​ក៏​នាំ​គ្នា​រត់​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​ទៅ​រស់​នៅ​ភូមិ​ក្បែរ​នេះ​មាន​ឈ្មោះ​ថា​គោក​ជើង​ទៀន​បណ្ដោះ​អាសន្ន ប៉ុន្តែ​លុះដល់​សាប​រលាប​ជំងឺ​នេះ​ហើយ​ ក៏ ប្រជាជន​នាំ​គ្នា​ត្រឡប់​មក​រស់​នៅ​វិញ​រហូត​ដល់​យូរ​ៗ​ទៅ​ប្រជាជន​ក៏​កើត​មាន​ជំងឺ​នេះ​ម្ដង​ទៀត ពួក​គាត់​ចាប់​ផ្ដើម​រត់​ភៀស​ខ្លួន​ទៅ​រស់​នៅ​ភូមិ​ដដែល​ទៀត​ហើយ​ដល់​ស្រាក​នូវ​ជំងឺ​នេះ​កើត​ទៀត​ក៏​ត្រឡប់​មក​វិញ។ មូលហេតុ​ដែល​កើត​ជំងឺ​នេះ​ ដោយសារ​តែ​វត្ត​ប្រាសាទ​សំរោង​ពោធិ​ទល់ ​ជា វត្ត​មួយ​ដ៏​ស័ក្ដិសិទ្ធិ​បំផុត សូម្បី​តែ​សត្វ​ហើរ​កាត់​ក៏​មិន​បាន​ តែ​បើ​តាម​លោក​អ៊ំធឹងធុល គាត់​មានប្រសាសន៍​ថាវត្ត​ប្រាសាទ​សំរោង​ពោធិ​ទល់​នេះ កើត​នូវ​ពាក់​កណ្ដាល​សាសនា។ តែ​បើ​តាម​ចាស់​ភូមិ​នេះ​គាត់​ថាវត្ត​ប្រាសាទ​សំរោង​ពោធិ​ទល់​ដែល​ជា​ឈ្មោះ​ភូមិ​ផង​ដែរ ​នោះ​វា​មាន
ដើម​កំណើត​មក​ពី​ក្នុង​វត្ត​មាន​ដើម​សំរោង​ច្រើន​ហើយ​និង​មាន​ដើម​ពោធិ​មួយ​នៅ​ក្បែរ​នោះ ពីព្រោះ​បើ​តាម​ការ​និយាយ​របស់​លោកអ៊ំ​​នោះ​ផង​ដែរ​ដើម​សំរោង​វា​ទាប​ជាង​ដើម​ពោធិក៏​ប៉ុន្តែ​ដើម​ទាំង​ពីរ​នេះ​វា​ស្ថិត​នៅ​ចម្ងាយ​ពី​គ្នា​នោះ​មាន​ប្រមាណ​៣០០ម៉ែត្រ បាន​ជា​ពួក​អ្នក​ស្រុក​ក៏​ដាក់​ឈ្មោះ​ភូមិ​នេះ​ថា សំរោង​ពោធិ​ទល់​ទៅ។ នៅ​ពេល​ភូមិ​នេះ​កើត​វា​ចំ​ពេល​ដែល​ពួក​អាណា​និគម​បារាំង​មក​កាន់​កាប់​ត្រួត​ត្រា​លើ​ទឹក​ដី​កម្ពុជា ហើយ​ពួក​បារាំង​បាន​ចាប់
ប្រជាជន​មក​ធ្វើ​ទាហាន​មិន​តែ​ប៉ុណ្ណោះ​នោះ​កង​ទាហាន​មាន​ហ្វឹកហាត់​ជា​រៀង​រាល់ថ្ងៃ​ហើយ​អាវុធ​របស់​ពួកគាត់​ហាត់​គឺ​ដើម​ឫស្សី​និង​មាន​កា​រៀន​អក្សរ​បារាំង​ផង​ដែរ។
បើ​តាម អ្នក​ភូមិ​ថា​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ភូមិ​នេះ​ពី​មុន​មក​ជា​ជន​ជាតិ​ឡាវ​មក​រស់​នៅ​ជា​អ្នក​ចំណូល​ទើប​មាន​ភាសា​នៃ​ការ​និយាយ​មាន​លក្ខណៈ​ខុស​ពី​អ្នក​ភូមិ​នៅ​ជិត​នោះ​បន្តិច​បន្តួច​ផង​ដែរ។
តាម​ប្រសាសន៍​របស់លោកអ៊ំ ធឹងធុល បាន​បន្ត​ទៀត​ថា​នា​សម័យ​នោះ​វត្ត
ប្រាសាទ​សំរោង​ពោធិ​ទល់​នេះ​គឺ​មាន​ប្រាសាទ​មួយ​ផង​ក្នុង​វត្ត​មាន​ទំហំ​ធំប៉ុន្តែ​ពុំ​មាន​លោក​គង់​នៅ​ទេមាន​តែ​វត្ត លុះ​ក្រោយ​មក​ក៏​មាន​ព្រះសង្ឃ​មាន​វ័យ​ចំណាស់​មួយ​អង្គ​មក​គង់​នៅ​ក្នុង​វត្ត​តែ​មួយ​អង្គ​ឯងហើយ​មិន​តែ​ប៉ុណ្ណោះ​ប្រជាជន​នៅ​ក្បែរ​នោះ​តែង​តែ​ពឹង​ផ្អែក​លើ​ដី​វត្ត​ ដើម្បី​ដាំ​ដំណាំ​ហូប ដល់​ក្រោយ​មក​ទៀត​នោះ​ ប្រជាជន​គាត់​ចេះ​តែ​កាប់​ឆ្ការ​ព្រៃ​ដាំ​ដំណាំ​ក៏​ពួក​គាត់​ក៏​ប្រទះ​ឃើញ​នៅ​ទៀន​មួយ​គូរ​និង​ប្រាសាទ​នៅ​ក្នុង​វត្ត​ដោយ​បា្រសាទ
មួយ​មាន​ភាព​ចំណាស់​ហើយ​មាន​ការ​បាក់​បែក ​បើ​តាម​រយះ​ពាក្យ​សំដី​របស់​ចាស់ៗ​ផង​ដែរ​នោះ​គាត់​បាន​និយាយ​ថា​ប្រាសាទ​នេះ​មាន​ការ​បាក់​បែក​ដោយ​សារ​តែ​មាន​មនុស្ស​វាយ​យក​រូប​ចម្លាក់​បុរាណ​ទៅ​លក់​អស់​រហូត​ធ្វើ​អោយ​​មាន​ការ​បាក់​បែក​អស់​មក​ដល់​សព្វ​ថ្ងៃ​នេះ​សល់​តែ​គ្រឹះ​បាត​ទេ។បើ​តាម​ការ​និយាយ​ទៅ​លើ​ទៀន​មួយ​គូរ​ដែល​ប្រជាជន​បាន​ឃើញ​នៅ​ក្នុង​វត្ត​នោះ​ក៏​យក​មក​ទុក​ក្នុង​វត្ត ដោយ​ប្រជាជន​មើល​ឃើញ​ទៅ​វា​មាន​ភាព​ចម្លែក​ពេក​ក៏​នាំ​គ្នា​គិត​ថា​ប្ដូរ​ឈ្មោះ​ភូមិ​នេះ​ទៅ​ជា​ភូមិ​ជើង​ទៀន​វិញ​ដោយ​សារ​តែ​ឈ្មោះ​ភូមិ​ដែល​មិន​សម​ក៏​មាន​ការ​ប្ដូរ​ទៅ​រហូត​មក​សព្វ​ថ្ងៃ​នេះ។
ប៉ុន្តែ​ភាព​ដ៏​អស្ចារ្យ​នៃ​ភូមិ​ជើង​ទៀន​គឺ​មាន​ប្រាសាទ​ចំនួន​៦​នៅ​ជុំវិញ​ភូមិ​នោះ​មាន​ប្រាសាទ​ដូចជា ប្រាសាទ​តា​ចយ នៅ​ភាគ​ពាយ័ព្យ​នៃ​ភូមិ​ ប្រាសាទ​​ត្រពាំង​សំរោង​ស្ថិត​នៅ​ទិស​ឦសាន​​ដែល​ប្រាសាទ​នេះ​មាន​ដើម​ពោធិ​មួយ​និង​មាន​ប្រាសាទ​មួយ​ចំនួន​ទៀត​មាន​ដូច​ជា​​ ប្រសាទ​អាស្រម តា​កិល ប្រាសាទ​ជើងទៀន​និង​ប្រាសាទ​ត្រពាំង​វែង​ មាន​នៅ​រហូត​ដល់​សព្វ​ថ្ងៃនេះ៕