បើយើងធ្វើចេញពីខេត្តឧត្តរមានជ័យឆ្ពោះទៅទិសខាងលិចប្រហែលជា ២៥km យើងនឹងបានទៅដល់បឹងដ៏ធំមួយ នៅជាប់ផ្លូវ ដែលអ្នកភូមិនាំគ្នាហៅថា “ទន្លេ-ស”។ បឹងនេះមានទីតាំងនៅភូមិ ទន្លេ-ស ឃុំ គោកខ្ពស់ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ ។ ដែលមានបណ្ដោយប្រហែល ៣០០m ទទឹង ២០០m ។ បើយើងក្រឡេកមើលពីផ្លូវយើងឃើញរលកទឹកខ្មាញ់ៗត្របាញ់ប្រដេញគ្នាដោយកម្លំាងខ្យល់បក់ធ្វើឲ្យអារម្មណ៏បាត់អស់នូវ ទុក្ខកង្វល់ព្រោះថា វាពិតជាស្អាតអស្ចារ្យណាស់។ ទឹកនៅក្នុងបឹងមានប្រភពមកពីខាងជើង ឈៀងខាងលិច ស្របនឹងបណ្តោយផ្លូវ ភូមិគាបនិងគោកខ្ពស់ ប៉ុន្តែចម្លែកត្រង់ថា បឹងនេះមិនដែលរីងទឹកម្ដងណាសោះ រដូវប្រាំងក៏ដូចជារដូវវស្សាដែរ គឺទឹកបឹងហាក់ដូចជា នៅដ៏ដែលរៀងរាល់ឆ្នាំ។ អ្នកភូមិក៏ដូចជាអ្នកស្រុករស់នៅទីនោះមានជំនឿយ៉ាងខ្លាំងទៅលើបឹងទន្លេស។
អ្នកស្រុកមានជំនឿថាដីបាតបឹងគឺជាដីដ៏ពូកែសក្តិសិទ្ធ ដូចនេះហើយពេលប្រជាជនធ្វើការសាងសង់ផ្ទះ ពួកគេតែងតែទៅមុចទឹកកើបយកដីបាតបឹង យកមកដាក់ក្រោមបាតផ្ទះ ឬក្រោមសរសរផ្ទះដើម្បីឲ្យក្រុមគ្រួសារ មានភាពចម្រុងចម្រើន ហើយរស់នៅបានត្រជាក់ត្រជុំ រកស៊ីតែងតែមានការកាក់កបហូរហៀរប្រៀបបានដូចជាទឹក ដែលនៅក្នុងបឹងទន្លេសដែលមិនដែលរីងស្ងួតនោះដែរ។ នៅជាប់មាត់បឹងទន្លេសមានដើមឈើមួយដើមយ៉ាងត្រឈុំត្រឈៃ ។ នេះបើតាមអ្នកស្រុកនិយាយតៗគ្នា គេប្រាប់ថាដើមពោធិ៏នោះពីមុន មានមេ(ខ្មោច)រស់នៅ បើមនុស្សណាដើរយប់ឆ្លងកាត់ទីនោះគេនឹងបានឃើញមេដើមពោធិ៏នោះជាមិនខាន ដូចនេះហើយគ្មាននរណាម្នាក់ហ៊ានដើរកាត់ក្រោមដើមពោធិ៍នៅពេលយប់ឡើយ។ រហូតដល់ពេលឥឡូវក៏នៅតែនៅមានជំនឿដូចពីមុនដដែល។ បើយើងសង្កេតមើលជុំវិញបឹង យើងឃើញថា នៅប៉ែកខាងលិច និង ខាងកើត មានផ្ទះអ្នកភូមិ នៅប៉ែកខាងត្បូងគឺជាប់នឹងផ្លូវ ហើយចំណែកឯប៉ែកខាងជើងបឹងគឺមានវាលស្រែដ៏ធំល្វឹងល្វើយ។ រុក្ខជាតិដែលដុះនៅតាមមាត់បឹងនេះគឺសម្បូរទៅដោយ ត្រាវទឹក ដែលដុះប្របមាត់បឹង ហើយនៅលើផ្ទៃទឹកទាំងមូលគ្មានរុក្ខជាតិច្រើនទេ គឺមានតែដើមចកតិចតួចប៉ុណ្ណោះ។
ទន្លេសនេះជាបឹងដែលគួរឲ្យចង់ទស្សនាពីសំណាក់ប្រជាជនយើងព្រោះវាជាបឹងមួយដែលអ្នកភូមិមានជំនឿគ្រប់បែបយ៉ាង ណាមួយផ្ទៃទឹកទាំងមូលនៅក្នុងបឹងមិនដែលរីងស្ងួតទាល់តែសោះ។ បឹងនេះជាប្រភពទឹកមួយយ៉ាងសំខាន់ដែលអ្នកភូមិទាញយកទឹកមកប្រើប្រាស់ប៉ុន្តែការទាញយកមកប្រើប្រាស់របស់ពួកគាត់គឺ ហាក់ដូចជាមិនបានគិតពីផលប៉ះពាល់ទៅដល់សុខភាពក៏ដូចជាផ្ទៃទឹកទាំងមូលនោះទេ ព្រោះថាពួកគាត់ចុះងូតនៅក្នុងបឹង បោកសំលៀកបំពាក់ក៏នៅក្នុងបឹង ដោយគ្មានការថែរក្សាទាល់តែសោះ។ ៚