មិនថាធ្វើអ្វី ការតូចធំក្ដី
ឲ្យតែខ្លួនច្បាស់ ទោះការងារនោះ
គេស្អប់ខ្លាំងណាស់ ឲ្យតែកុំប៉ះ
ពាល់អ្នកដទៃ។
តែបើធ្វើហើយ យើងតែងកណ្ដើយ
នោះពិតយ៉ាប់ក្រៃ ធ្វើអ្វីមិនចេញ
មិនបានប្រពៃ មិនថាយប់ថ្ងៃ
ក៏នៅមិនហើយ។
ទោះធ្វើយ៉ាងណា បើមិនឧស្សាហ៍
ពិតមិនចប់ឡើយ បើចេះស្ទើរៗ
ថ្ងៃណាទើបហើយ មិនងាយដល់ត្រើយ
ព្រោះមិនប្រាកដ។
បើធ្វើការធំ អ្នកតូចសុំកុំ
វេទនាកំសត់ ព្រោះវាសនាខ្លួន
គាត់អ្នកកំណត់ បើមិនប្រាកដ
អ្នកតូចជួបព្រួយ។
ច្បាស់ណាស់បើមាន អ្នកធំឈ្លានពាន
មិនគិតចាត់ជួយ គិតប្រយោជន៍ខ្លួន
មិនគិតលើកស្ទួយ ពិតស្អុយរលួយ
អាប់កេរ្ដិ៍ឈ្មោះឯង។
ការងារនៅសល់ ព្រោះមានចំងល់
មិនចេះចាត់ចែង ជាប់គាំងដំណើរ
ព្រោះគិតអត់វែង ទោះខំផ្សងព្រេង
នៅទៅមិនរួច។
វាសនាមិនល្អ ចំនេះនៅក្រ
ច្រកល្ហស្ដើងស្ដួច បន្តាបរូបគេ
ឲ្យខ្លួនបានរួច ពីការចងគួច
មិនខ្វល់អ្នកក្រ។
នេះចេះអត់ច្បាស់ ពិតពិបាកណាស់
ក្នុងការលំអ ធ្វើអ្វីក៏ឆ្គង
ព្រោះចិត្តមិនស ដើរផ្លូវមិនល្អ
វិនាសទាំងគេ៕៚ ស្ងាមក្រឹម