ប្រវត្តិភូមិគោលថ្មី
ដោយ ឡាន ចំណាន
ភូមិគោលថ្មី ស្ថិតនៅក្នុងឃុំ កូនក្រៀល ស្រុក សំរោង ខេត្ត ឧត្តរមានជ័យ ។ ភូមិនេះមានចម្ងាយពីទីរួមខេត្តប្រមាណ ១០គម ផ្លូវជាតិលេខ ៦៨B តាមដងបណ្ដោយផ្លូវទៅព្រំដែនអូរស្មាច់(ទល់ព្រំដែនថៃ)។ ភូមិនេះមានព្រំប្រទល់ខាងកើតទល់ភូមិ តាម៉ាន ខាងត្បូងទល់ ភូមិថ្នល់បត់ ខាងលិចទល់វាលស្រែខាងជើងទល់ ភូមិត្រពាំងស្លែង។ ប្រជាជនភូមិនេះច្រើនប្រកបរបរកសិកម្មធ្វើស្រែចម្ការ។ ក្រៅពីនេះនៅរដូវប្រាំងគេតែងតែចូលព្រៃដើរបរបាញ់សត្វយកមកធ្វើជាចំណីអាហារ រីឯអ្នកខ្លះប្រវាស់ដៃគ្នាកាប់ឆ្ការព្រៃយកដីមកធ្វើស្រែចម្ការ និងមួយចំនួនតូចបានឆ្លងដែនចូលទៅប្រទេសថៃធ្វើជាកម្មករសំណងស៊ីឈ្នួលគេយកប្រាក់មកផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ។
ភូមិនេះមានដើមកំណើតយូរលង់ណាស់មកហើយដោយមានដូចតទៅ៖ តាមតំណាលចាស់ៗរស់នៅភូមិនិទានតៗគ្នា ជាពិសេសលោកមេភូមិឈ្មោះ សុង សិទ្ធិ បច្ចុប្បន្ននេះគាត់បានផ្ដល់ព័ត៌មានថាភូមិនេះបានកកើតតាំងពីសម័យបារាំង(បារាំងចូលមកដាក់អាណានិគមខ្មែរ)មកម្លិះ។ ក្រោយពីពេលដែលខ្មែរទទួលបានឯករាជ្យពីបារាំងហើយភូមិនេះក៏មានប្រជាជនមកសង់ផ្ទះនៅតាមបណ្ដោយ ផ្លូវដាច់ឆ្ងាយពីគ្នា។ រហូតមកដល់អំលុងឆ្នាំ១៩៧៥ និង ១៩៧៩ ជាសម័យរបបប្រល័យពូជសាសន៍(ហៅថាជំនាន់ប៉ុលពត)។ប្រជាជនទូទៅ និងប្រជាជននៅភូមិនេះត្រូវបានទាហានខ្មែរក្រហមប៉ុលពតជម្លៀសយកទៅនៅតាមការដ្ឋានបែកឆ្ងាយពីប្ដីប្រពន្ធកូនបងប្អូន។ នៅខាងកើតភូមិនេះមានការដ្ឋានមួយស្ថិតនៅឆ្ងាយពីភូមិខ្មុំប្រមាណជា១គ ម ប្រជាជន ត្រូវបានគេបង្ខំអោយលើកទំនប់ទាំងយប់ ទាំងថ្ងៃដេកមិនឆ្អែតហូបមិនគ្រប់គ្រាន់ ជំងឺរាតត្បាត ខ្លះសត្វពិសខាំ។ទំនប់នេះមានការបាក់ស្រុតខ្លះៗដោយទឹកជំនន់ និងប្រជាជនដើរដេញគោក្របីឆ្លងកាត់ទៅស្រែសព្វថ្ងៃគេហៅទំនប់នេះថាទំនប់គ្រាប់ពោត។ ដោយឡែកនៅខាងកើតទំនប់នេះមានទួលប្រាសាទបុរាណមួយហៅថាប្រាសាទ ល្បើកនិងមានស្រះទឹកមួយនៅឆៀងខាងកើតនៃប្រាសាទនេះសព្វថ្ងៃ ។ ក្រោយពីរំដោះថ្ងៃ៧ មករា រួចមកប្រជាជនបានវិលត្រឡប់ចូលមកជួបបងប្អូនម្ដាយឪពុកនៅភូមិកំណើតវិញ ប៉ុន្តែខ្លះបានស្លាប់ក្នុងគ្រាពេលដែលធ្វើការដោយខ្វះចំណីអាហារហូបមិនគ្រប់គ្រាន់ខ្លះត្រូវបានគេយកទៅសម្លាប់ចោល ។
បន្ទាប់មកនៅឆ្នាំ១៩៨៨ មានទាហានបារ៉ាចូលមកលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនហើយបានដាក់មីនតាមផ្លូវ និងតាមព្រៃធ្វើអោយគោក្របី និងប្រជាជនដើរជាន់មីនផ្ទុះស្លាប់បាត់បង់ជីវិត ខ្លះរង របួសពិការដៃជើង។ ភូមិនេះមានប្រជាជន ជនជាតិដើមភាគតិច(កួយ)រស់នៅផងដែរហើយសព្វថ្ងៃមានចំនួនប្រជាជនរស់នៅ ១៥៥ គ្រួសារ។ សព្វប្រជាជនមានជីវភាពលក្ខណៈល្អមធ្យមដោយពួកគេមមាញឹកនឹងការងារ ដាំដំនាំ ធ្វើស្រែចម្ការ ៕