Friday, January 11, 2013

ទំនួញ​សន្ទូង​ខែ​ប្រាំង​




នេះ​​ជា​​​ទំ​នួញ​តួញ​ត្អួញ​ត្អែ​
រៀប​រាប់​ហូហែ​ពី​រឿង​ខ្លួន​
ពី​ការ​ឈឺ​ចាប់​រ៉ាយ​រ៉ាប់​ផ្ទួន​
ដែ​ល​ធ្វើ​ឲ្យ​ខ្លួន​ប្រែ​ស្វិ​ត​ក្រៀម​ ។
ធ្លាប់​តែ​រស់​នៅ​ស្រួល​ត្រជាក់
​ក្នុង​ទឹកជ្រៅ​រាក់​ឥត​លាក់​លៀម​
បែក​គុម្ព​ធំៗ​ម្ចាស់​ថែ​យាម
ពេល​ព្រឹក​ព្រហាម​ស្រូប​ពន្លឺ​ ។
ជី​វិ​ត​រស់​នៅ​សែន​មាន​ន័យ
មិន​ដែល​ភិត​ភ័យ​រឿង​ជម្ងឺ​
ព្រោះ​ថា​មាន​ទឹក​គ្រប់​ស្រែ​ភ្លឺ​
ឥឡូវ​ជម្ងឺ​រាត​ត្បាត​ពេញ​ ។
ស្មៅ​ដែល​ដុះ​នៅ​តាម​ភ្លឺ​ស្រែ​
ខៀវ​ខ្ចី​ហូហែ​ប្រែ​ក្លាយ​វិញ​
ពេលនេះ​ងាប់​អស់​កម្ដៅ​ពេញ​
ធ្លាក់​ខ្លួន​ងាប់​វិញ​ឥត​ល្ហើយ​ល្ហែ​ ។
បឹង​ធ្លាប់​មាន​ទឹក​ត្រី​រស់​ពេញ​
ទឹក​ខ្មួល​ខ្មាញ់​ពេញ​ហូរវាល​ស្រែ​
មិន​ធ្លាប់​គិត​ទេ​ថា​កែ​ប្រែ​
ច្រើន​ឆ្នាំ​ច្រើន​ខែ​បែ​រ​ជា​ហួត​ ។
ដី​ប្រេះ​ក្រហែង​គ្មា​ន​ជី​ជាតិ​
គ្រប់​រូប​ធម្ម​ជាតិ​ធ្លាក់​អំនួត​
​ដំណាំ​គ្រប់​សព្វ​បែ​រ​ជា​ស្ងួត​
ម្ចាស់​ស្ទើ​កើត​ឆ្គួត​ព្រោះ​គ្មាន​ទឹក​ ។
ដើម​ស្រូវ​ធ្លាប់​សើម​បែរ​ជា​ស្រួយ​
ធ្លាប់​តែ​ព្រួយ​រលួយ​ក្នុង​ទឹក​
ពេល​នេះ​ហួត​ហែង​ព្រោះ​ទុរភិក្ស
សើម​បាន​តែ​ពឹក​ព្រោះ​សន្សើម​ ។
រដូវ​​វស្សា​ប្រែ​ក្រលាស់​
បែ​រ​ជា​មក​ផ្លាស់​ក្រលាស់​ផ្ដើម​
ជា​រដូវ​ប្រាំ​ង​ទាំង​នៅ​ដើម​
ខែវស្សា​សើម​​កណ្ដាល​ទី​ ។
នាំ​គ្នា​រស់​នៅ​ទាំង​វេតនា​
ធ្លាក់ខ្លួន​​គ្រាំ​គ្រាសែន​វុក​វី​
សល់​តិច​តួច​ណាស់​ងាប់​ខ្ទិច​ខ្ទី​
ទាំង​កណ្ដាល​ទី​នា​រដូវ​ ។
ឱ!​មេឃ​អើយ​មេឃ​ម្ដេច​ធ្លាក់​ភ្លៀង​
​មក​លើ​មិន​ទៀង​ជី​វិត​រស់​នៅ​
​ផែន​ពសុធា​អើយ​ម្ដេច​មិន​​ហៅ​
ឲ្យ​ភ្លៀង​ធ្លាក់​ទៅ​នៅ​ចាំ​អី​ ...៕
ស្ងាម ក្រឹម​