Thursday, January 20, 2011

ដើម​ក្បុក​

ដើម​ក្បុក​

ដោយ ហោន ចន្រ្ទា
ក្បុក គឺ​ជា​ដើម​រុក្ខជាតិ​មួយ​ប្រភេទ ដែល​ផ្ដល់​ប្រយោជន៍​មួយ​ចំនួន​ដល់​មនុស្ស​គ្រប់​ៗ​រូប​។ ក្បុក​មាន​ពីរ​ប្រភេទ ក្បុក​ធម្មតា និង​ក្បុក​កន្ទុយ​គោ តែ​វា​មាន​ដើម​ធំ​ជាង និង ស្លឹក​ល្អិត​ជាង​ក្បុក​ធម្មតា ឯ​ទ្រង់​ទ្រាយ​ដទៃ​ទៀត​ប្រហាក់​ប្រហែល​គ្នា។ ដើម​រុក្ខជាតិនេះ​គឺ​ដុះ​នៅ​រដូវ​វស្សា ហើយ​ភាគ​ច្រើន​ដុះ​នៅ​តាម​តំបន់​ដី​សើម​។ ត្បិត​តែ​ដើម​វា​មិន​សូវ​ជា​រឹង​មាំ​ប៉ុន្តែ​ដើម​នេះ​ធន់​នឹង​កម្ដៅ​ថ្ងៃណាស់។ ដើម​វា​តូច​ៗ​ដែល​មាន​ប្រវែង​ប្រហែល​ជា​កន្លះ​ម៉ែត្រ​ ចំណែក​ស្លឹក​វា​មាន​​​៣​មែក​ធាង​ដុះ​នៅ​ទី​ចុង​បំផុត​នៃ​ដើម។ ប្រជាជន​យើង​អាច យក​វា​មក​ធ្វើ​ជា បន្លែ​សម្ល​ (ដូចជា សម្ល​ខ្ទិះ​ ម្ជូរ​) ស្ងោ​អន្លក់ បបរ​បាយ​ជ្រូក​និងធ្វើ​អ្វី​ផ្សេងៗ​ទៀត​ទៅ​តាម​តម្រូវ​ការ​របស់​ពួក​គេ។ ដើម​របស់​វា​មាន​ពណ៌​ក្រឡា​ប៉ារ៉ា​ ស ខ្មៅ ប្រផេះ​បៃតង​ ហើយ​ពេល​យើង​យក​វា​មក​បរិភោគ​គឺ​យើង​ត្រូវ​បក​សំបក​ពី​ដើម​វាចេញ​សិន ទើប​អាច​យក​ទៅ​ស្ងោរ​ឬ​ស្ល​បាន ប៉ុន្តែ​បើ​សិន​វា​មាន​ចេញ ផ្កា​ឬ​ផ្លែ​រួច​ហើយ​នោះ​យើង​មិន​អាច​យក​ដើម​នេះ​ទៅ​បរិភោគ​បាន​នោះ​ទេ ព្រោះ​ដើម​វា​ចាស់ ហើយ​រឹង​ថែម​ទៀត។ ដើម​នេះ​មិន​ពិបាក​ស្វែង​រក​នោះ​ទេ ព្រោះ​វា​សំបូរ​ណាស់​នៅ​តាម​ព្រៃ ហើយ​យើង​ក៏​អាច​ទិញ​វា​បាន​នៅ​តាម​ទីផ្សារ​មួយ​ចំនួន​បាន​ដែរ៕