ណាតាំងសម្រាប់កូន
ដោយៈកញ្ញា យឿង រតនា និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
នៅទីក្រុងភ្នំពេញមានសិស្ស និស្សិតជាច្រើនដែលមកពីបណ្ដាខេត្តនានាដើម្បីបន្តការ សិក្សារបស់គេ។ ការសិក្សាគឺជាពេលវេលាមួយដែលយូរណាស់សម្រាប់អ្នកម្ដាយ និងលោកឪពុក ដែលលោកទាំងពីរទន្ទឹងរងចាំមើលផ្លូវកូនរបស់លោកត្រឡប់មកលែងផ្ទះវិញនារដូវវិស្សមកាល។ លោកទាំងពីរតែងតែគិតដល់ពីការលំបាករបស់កូនទាំងការស្នាក់នៅ ទាំងការហូបចុកជាដើម។ ទាំងនេះជាមូលហេតុញាំងអោយអ្នកម្ដាយជាច្រើនរិះរកនូវវិធីធ្វើម្ហូបឆ្ងាញ់ៗសម្រាប់ទទួលកូនៗដូចជា ម្ហូបខ្មែរ ចិន យួន បារាំងជាដើម។ ខាងក្រោមនេះគឺជាវិធីធ្វើម្ហូបមួយដែល អ្នកម្តាយមួយចំនួនធ្វើសម្រាប់ទទួលកូនគឺ “ណាតាំង “ ។
ណាតាំង
១ - គ្រឿងផ្សំ
សាច់ជ្រូកសុទ្ធ បង្កង ដូងទុំ រមៀត ទឹកត្រី ស្ករ បាយក្ដាំង ខ្លាញ់ជ្រូក ខ្ទឹមស ខ្ទឹមក្រហម សណ្ដែកដី។
២-វិធីធ្វើ
- ចិញ្ច្រាំសាច់ជ្រូក និងបង្កងឲ្យល្អិត។
- ពូតដូងទុកក្បាលខ្ទិះផ្សេង បុកខ្ទឹមស ខ្ទឹមក្រហម រមៀតបន្តិចឲ្យម៉ដ្ឋ ។
- រំងាស់ក្បាលខ្ទិះឲ្យបែកប្រេង ដាក់ខ្ទឹមបុក សាច់ជ្រូក និងបង្កង ដាំមួយសន្ទុះ ទើបចាក់ទឹកត្រី ស្ករ សណ្ដែកដីលីងចិញ្ច្រាំល្អិត រួចច្របល់ឲ្យសព្វ ចាក់ខ្ទិះចុង រំងាស់ឲ្យឆ្អិនសាច់ ភ្លក់ឲ្យល្មម ទទួលទានជាមួយបាយក្ដាំងបំពង។
៣-របៀបបំពងបាយក្តាំង
ដាំខ្លាញ់ឲ្យក្ដៅ បង់បាយក្ដាំង ចៀនឲ្យឡើងពងស្រង់ចេញទុកឲ្យស្រស់ខ្លាញ់។
៤-ហេតុគួរកត់សំគាល់
យើងអាចដាំបាយដំណើប រួចធ្វើជាបន្ទះស្ដើងៗរាងមូលហើយសឹមហាលថ្ងៃឲ្យស្ងួត។
យើងក៏អាចយកនំប៉័ងជំនួសបាយក្ដាំងបានផងដែរ យកនំប៉័ងមកចិតចំណិតៗ អាំងឲ្យស្រួយ។
ការញ៉ាំ ណាតាំងនេះគេនិយមញ៉ាំធ្វើជាអាហារពេលល្ងាច ពេលជួបជុំគ្រួសារ ដែលមានក្មួយប្រុស ក្មួយស្រីដែលអាចជាតន្ត្រីកំដរក្នុងការជួបជុំនេះផងដែរ។ យើងក៏សង្កេតឃើញមានភេសជ្ជៈខ្លះៗ ដូចជា ៖ ទឹកដូង ទឹកត្នោត ទឹកក្រូចជាដើម មិនតែប៉ុណ្ណោះក៏មានតន្ត្រី កំដរដែរ៕