ក្ដាមឡោ
ដោយ ហោន ចន្រ្ទា
ក្ដាមគឺជាសត្វម្យ៉ាងដែលរស់នៅក្នុងរន្ធដែលវាព្យាយាមកកាយដោយខ្លួនវាផ្ទាល់ជាពិសេសគឺរស់នៅតាមវាលស្រែ។ ចំណែកឯនៅខេត្តឧត្តរមានជ័យវិញ ខ្ញុំសង្កេតឃើញមានក្ដាមម្យ៉ាងដែលអ្នកភូមិខ្ញុំហៅថា “ក្ដាមឡោ”។ ឈ្មោះនេះខ្ញុំមិនដឹងថាជាការកំណត់របស់អ្នកណាម្នាក់ទេ ប៉ុន្តែពេលខ្ញុំធំដឹងក្ដីឡើង ក៏លឺចាស់ៗហៅថា “ក្ដាមឡោ ក្ដាមឡោ” ទៅ។ក្ដាមនេះមានរូបរាងស្រដៀងទៅនឹងក្ដាមស្រែដែរ ប៉ុន្តែខុសត្រង់វាតូចជាងបន្តិច ចំណែកឯតង្កៀបវាគ្មានប្រហោងកណ្ដាលដូចជាក្ដាមស្រែនោះទេ។ ខ្លួនរបស់វាមានពណ៌ក្រហមរាងចាស់បន្តិចហើយមានលាយពណ៌ក្រមៅផងដែរ។ តង្កៀបមាន២ ជើងវាមានចំនួន៨ ហើយមានបន្លាៗនៅតាមជើងទាំងអស់ គឺដូចជាក្ដាមសមុទ្រដូច្នោះដែរ។ វាចូលចិត្តរស់នៅតាមចន្លោះថ្មដែលមានទឹកហូររឹមៗ ឬរស់នៅក្រោមផ្ទាំងថ្មដែលនៅក្បែរៗទឹក ឬក៏រស់នៅក្នុងទឹកនៅលើដងភ្នំតែម្ដង ហើយបើសិនជាយើងចាប់វាយកមកដាក់ក្នុងទឹកធម្មតាវិញ ប្រហែលមិនដល់មួយម៉ោងទេវានឹងស្លាប់។ វារត់លឿនណាស់ បើសិនជាយើងចង់ចាប់វា គឺប្រហែលជាត្រូវរត់ដេញចាប់យ៉ាងត្រដាបត្រដួសទើបអាចចាប់បាន តែជួនកាលចាប់មិនបានទៀតផង។ ក្ដាមនេះអាចញ៉ាំបានដូចជាក្ដាមស្រែដែរ តែមិនសូវមានអ្នកណាគេញ៉ាំនោះទេ ប្រហែលមកពីគេពិបាកនឹងចាប់វាពេកក៏មិនដឹង។ រហូតមកដល់សព្វថ្ងៃនេះខ្ញុំមិនបានដឹងថា វាមាននៅសេសសល់ទៀត ឬយ៉ាងណានោះទេ គ្រាន់តែដឹងថាវាពិតជាមាន “ក្ដាមឡោ” នេះមែននៅក្នុងខេត្តឧត្តរមានជ័យ៕