ថ្ងៃដែលខ្ញុំឈឺចាប់ជាងគេ
ជាថ្ងៃដែលខ្ញុំឆ្លងទន្លេ។ ហើយថ្ងៃដែលខ្ញុំសប្បាយចិត្តជាងគេក៏ជាថ្ងៃដែលខ្ញុំបានឮសម្លេងស្រែកយំកូនរបស់ខ្ញុំដែរ។
កូនដឹងទេម៉ែសប្បាយចិត្តណាស់នៅពេលបានឮសម្លេងកូនរបស់ម៉ែដំបូង នៅថ្ងៃនោះម៉ែផុតព្រួយ
ម៉ែផុតភ័យព្រោះកូនម៉ែបានផុតជីវិត ដែលម៉ែខំថែរក្សាអស់រយៈពេល៩ខែ១០ថ្ងៃណាកូនម៉ែ។
កូនដឹងទេម៉ែសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ម៉ែត្រេកអរណាស់
ម៉ែស្រក់ទឹកភ្នែកព្រោះតែរំភើបបានឃើញមុខកូនរបស់ម៉ែ។ ពេលកូននៅក្នុងផ្ទៃម្ដាយ ម្ដាយគិតម្ដាយព្រួយព្រោះខ្លាចកូនកើតមកមានរូបរាងមិនសមរម្យដូចគេ
ខ្លាចសាពាង្គកាយកូនមិនមានពេញលក្ខណៈ ព្រួយនឹកដល់កូនមានរាងកាយមិនរឹងមាំ។
ឱ!
កូនអើយ តើកូនដឹងទេថ្ងៃនោះ ថ្ងៃដែលកូនកើតមក គឺជាថ្ងៃដែលម៉ែឈឺណាស់ ស្ទើរដាច់ដង្ហើម។
ម៉ែបែកញើសហូរឈាម ម៉ែខ្សោយណាស់គ្មានកម្លាំងនៅក្នុងខ្លួនទេ តែម៉ែស៊ូទ្រាំ
ខំអន់ធន់ដើម្បីបានឃើញមុខ និង ថែរក្សាកូនឲ្យបានធំធាត់បានរៀនសូត្រមានចំណេះវិជ្ជាដូចគេដូចឯង។
ម៉ែបានគិតរួចហើយចាប់តាំងពីកូនមកទំផ្ទៃម៉ែម៉្លេះ ថានឹងថែរក្សាកូនឲ្យបានល្អ។
ពេលនៅក្នុងផ្ទៃនៅឡើយម៉ែមិនដែលហ៊ានធ្វើកិច្ចការអ្វីធ្ងន់ៗឲ្យហួសកម្លាំងទេ
ទាំងការដើរ ដេក ឈរ អង្គុយ ម៉ែប្រុងប្រយ័ត្នគ្រប់ជំហានទាំងអស់។ សូម្បីទាំងការហូបចុក
ក៏ម៉ែមិនដែលធ្វើឲ្យថ្លោះថ្លយដែលបណ្ដាលឲ្យកូនម៉ែក្នុងផ្ទៃឈឺចាប់ឡើយ។
ទោះបីជាម៉ែឃ្លានម្ហូបអាហារណា ឫ ចង់ហូបរបស់ណាដែលម៉ែចង់ក៏ម៉ែមិនបានហូបដែរព្រោះតែខ្លាចប៉ះពាល់ដល់កូនម៉ែនៅក្នុងផ្ទៃ។
កូនម៉ែ ហេតុអីក៏កូនយំខ្លាំងម៉្លេស? កូនកុំយំអីណាកូនម៉ែឆាប់គេងទៅ!
ម៉ែនៅជិតកូនហើយ។ តាំងតែពីកូននៅតូច រហូតដល់កូនធំម៉ែលំបាកច្រើនណាស់
ព្រោះត្រូវមើលថែទាំកូន សព្វគ្រប់បែបយ៉ាង ទាំងការស្លៀកពាក់របស់កូន ទាំងចំណីអាហារ
តែម៉ែគិតថាទោះជាពិបាកមែនតែម៉ែបានឃើញមុខកូន ហើយឃើញកូនមានសុខភាពល្អ គឺម៉ែត្រេតអរណាស់
ទោះបីជាកូនមិនបានយល់អំពីការលំបាករបស់ម៉ែក៏ដោយ ក៏ម៉ែសប្បាយចិត្តព្រោះមានកូនជាមូន របស់ម៉ែ ហើយទោះបីជាពេលខ្លះកូនមិនយល់ចិត្តម៉ែ
កូនប្រើពាក្យសម្ដីមិនល្អមកលើម៉ែ ក៏ម៉ែមិនខឹងកូន មិនអន់ចិត្តទេ
សូម្បីតែពេលកូនមិនស្ដាប់បង្គាប់ម៉ែទៅធ្វើរឿងមិនល្អ ក៏ម៉ែមិនប្រកាន់ខឹងកូនដែរ
ឲ្យតែកូនដឹងកំហុសហើយមករកម៉ែ កូនចេះកែខ្លួនម៉ែមិនថាទេណាកូនណា! ម៉ែមិនថាឲ្យកូនទេ ព្រោះកូននៅក្មេងមិនទាន់ចេះគិតបានវែងឆ្ងាយ
មិនទាន់ចេះគិតឲ្យបានជ្រៅជ្រះ។
ម៉ែហត់ណាស់
ព្រោះពេលនេះម៉ែកាន់តែចាស់ហើយ ម៉ែនឿយ ម៉ែព្រួយ តែម៉ែខំធ្វើការដើម្បីកូន
ឲ្យកូនម៉ែមានអនាគតល្អ ម៉ែមិនចង់ឃើញកូនក្លាយជាក្មេងដែលសង្គមស្អប់ខ្ពើមទេ ទើបខំរក។
មិនអីទេកូនការងារប៉ុណ្ណេះ ម៉ែអាចទ្រាំបាន។ ពេលខ្លះម៉ែឃ្លានខ្លាំងណាស់ ស្ទើរតែទ្រាំមិនបាន
ម៉ែឃ្លានឡើងស្រក់ទឹកមាត់ទៅហើយ តែម៉ែមិនហូបក៏បានដែរកូន
គឺម៉ែទុកសម្រាប់កូនឲ្យកូនញុំាបានឆ្អែត ហើយមួយវិញទៀតនោះម៉ែត្រូវសន្សំប្រាក់ទុកសម្រាប់ឲ្យកូនទៅរៀន
ដើម្បីអនាគតរបស់កូន។
ថ្ងៃនេះជាថ្ងៃដែលម៉ែរងចាំអស់រយៈពេលជិតពេញមួយជីវិតម៉ែ។
ម៉ែស្ទើរតែដាច់ដង្ហើមម្ដងៗទៅហើយ ទម្រាំបានដល់ថ្ងៃនេះ
ជាថ្ងៃដែលកូនម៉ែរៀនចប់មានការងារធ្វើ ហើយអាចរកអនាគតសម្រាប់ខ្លួនរបស់កូនផ្ទាល់បាន។
មើលរូបរាងកូនធំច្រើនណាស់ មិនដូចនៅពីក្មេងទេ កូនស្អាតជាងមុន។
ម៉ែសប្បាយចិត្តរហូតដល់ទប់ទឹកភ្នែកមិនបានទៅហើយ។ កូនម៉ែ ម៉ែឃើញកូនជោគជ័យម៉ែអរណាស់ ម៉ែមិនទាមទារអ្វីពីកូនទេ
សុំត្រឹមពេលកូនទំនេរពីការងារ កូនអាចមកលេងម៉ែបានទេ? ព្រោះម៉ែនឹកកូនណាស់។
តែមិនអីទេបើកូនរវល់ ម៉ែគ្រាន់តែចង់ប្រាប់កូនថា ម៉ែស្រឡាញ់កូន
ហើយម៉ែនៅតែបារម្ភពីកូនដូចមុន ម៉ែមិនដែលឈប់ស្រឡាញ់កូនឡើយ។
កូនសម្លាញ់មាសម្ដាយ
ពេលនេះកូនមានគ្រួសារហើយ នេះជាបំណងដ៏ធំរបស់ម៉ែ ម៉ែអស់បារម្ភដូចមុនទៀតហើយ
ព្រោះកូនប្រុសស្រីរបស់ម៉ែមានស្វាមី ភរិយា ជួយថែរក្សា។ ទោះបីជាកូនមិនបានមកលេងម៉ែមកមើលម៉ែពេលម៉ែឈឺក្ដាត់ក៏ដោយ។
នេះមកពីម៉ែចាស់ហើយម៉ែមិនអាចដើរទៅលេងកូនបានទៀតទេ ចាំពេលម៉ែបានគ្រាន់បើ
ពេលម៉ែជាម៉ែនឹងទៅលេងកូន។
កូនម៉ែ!
ម៉ែសង្ឃឹមថាពេលកូនមានគ្រួសារ នោះកូននឹងមានសេចក្ដីសុខ ហើយម៉ែក៏ផុតព្រួយដូចមុនទៀត ហេតុអីក៏កូនម៉ែមានបញ្ហាច្រើនម៉្លេះ
តើឲ្យម៉ែដោះស្រាយយ៉ាងណា? ម៉ែគ្មានកម្លាំងដូចមុនទេ
ម៉ែមិនអាចរត់ទៅមកដើម្បីជួយដោះស្រាយបញ្ហាកូនបានទេ។ កុំខឹងម៉ែអីកូន
ម៉ែមានតែទឹកភ្នែកប៉ុណ្ណោះ បើម៉ែដើររួចម៉ែមិនឲ្យកូនម៉ែលំបាកចិត្តឡើយ។
ឱ!
ខ្ញុំអើយ ខ្ញុំឈឺណាស់! តើខ្ញុំកើតអី? ឫមួយក៏សង្ខាខ្ញុំត្រូវរលត់ពេលនេះហើយ?
កូនប្រុសកូនស្រីមាសម្ដាយអើយ តើពេលនេះកូននៅឯណា? ម្ដាយឈឺខ្លាំងណាស់
ម្ដាយចង់ជួបមុខកូនគ្រប់គ្នាជាលើកចុងក្រោយ។ កូនម៉ែ
ម៉ែភ័យណាស់ខ្លាចលែងបានជួបមុខកូនរបស់ម៉ែទៀត មកជួបម៉ែបន្ទិចមកកូន។ កូនដឹងទេកូន
កូនចាំទេ កាលកូននៅក្មេង ម៉ែនឹករាល់រឿងទាំងអស់ដែលកន្លងទៅ
ម៉ែចាំទាំងអស់កាលកូនៗនៅពីក្មេង ម៉ែមិនភ្លេចទេ ទោះទាំងរឿងអាក្រក់ ឫ ល្អ
ទោះកូនធ្វើដាក់ម៉ែយ៉ាងណាក៏ដោយ ម៉ែមិនដែលប្រកាន់នឹងកូនទេ
សុំត្រឹមពេលនេះកូនមកជូបមុខម៉ែ។ កូនកុំទុកម៉ែឲ្យនៅស្ងាត់ម្នាក់ឯង ម៉ែខ្លាចណាស់។
ម៉ែត្រូវការកូនទាំងអស់គ្នា។ ឱកូនអើយកូនឮសំឡេងម៉ែហៅកូនទេ? ពេលគ្មានម៉ែកូនត្រូវចេះស្រឡាញ់បងប្អូន
កុំឈ្លោះប្រកែកគ្នា ត្រូវចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ចេះគោរពកោតខ្លាចដល់អ្នកដទៃ
ទើបប្រសើរ ព្រោះម៉ែលែងបាននៅជិតកូនមើលថែកូនដូចពីមុនទៀតហើយ កូនម៉ែ! ៕
ភួន សោភា( ទេសចេណ៍)
Email: Souphea.sn@gmail.com
|