នៅពេលដែលគេនិយាយដល់ប្រាសាទតាមាន់ធំ សំនួរមួយដែលគេតែងតែចោទ គឺអាយុកាលនៃបូជនីយដ្ឋាននេះ។ ថ្វីត្បិតតែបញ្ហានេះមិនមែនជាបញ្ហាសំខាន់ណាស់ណាទេសម្រាប់មនុស្ស សាមញ្ញ ព្រោះគេដឹងថា ប្រាសាទនេះស្ថិតក្នុងសម័យអង្គរ។ តែជាការចាំបាច់ ដើម្បីអ្នកស្រាវជ្រាវ ឬអ្នកនិពន្ធក្នុងការស្វែងយល់អំពីប្រវត្តិរបស់សំណង់ស្ថាបត្យកម្ម ខ្មែរខាងលើនេះ។
ចម្ងល់ ឬក៏ចម្លើយ និងសំនួរខាងលើត្រូវបានដោះស្រាយយ៉ាងងាយស្រួល បើគេសំអាងលើខ្លឹមសារនៃសិលាចារឹកមួយផ្ទាំង ដែលសព្វថ្ងៃកាន់កាប់ដោយនាយកដ្ឋានវិចិត្រសិល្បៈថៃ។ ពីមុនសិលាចារឹកនេះ ស្ថិតក្នុងបរិវេណសាលារៀនភូមិរោងខ្នា ឃុំតាមាន់ ស្រុកកាប់ជើង ខេត្តសុរិន្ទ្រ។
សិលាចារឹកប្រាសាទតាមាន់ធំ លេខ ៥ (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)
ចំពោះសិលាចារឹកនេះ ដែលសរសេរជាភាសាសំស្ក្រឹត និងខ្មែរ ត្រូវបានចុះលេខរៀង Ka 361 ហើយ។ ចារនៅឆ្នាំ ៩៤២ សក ត្រូវនឹងឆ្នាំ ១០៦០ នៃគ.ស ចារឹកនេះមានចារតួអក្សរទាំង៣ជ្រុង។ នៅជ្រុងទីមួយមាន ១៩ បន្ទាត់ ជ្រុងទី២ មាន១៩ បន្ទាត់ និងជ្រុងទី៣ មាន ២បន្ទាត់។ រីឯប្រភេទសិលាចារឹក គឺជាថ្មភក់ ដោយមានលក្ខណៈរាងជាបន្ទះសីមា។ កន្លែងដែលគេបានរកឃើញផ្ទាំងសិលាចារឹកនេះ គឺនៅមុខប្រាសាទតែម្តង។ កំពស់នៃសិលាចារឹកនេះ គឺ ៥០ ស.ម ទទឹង ២៩,៥ ស.ម និងកម្រាស់ ៧ ស.ម។
ជាទីបញ្ចប់ សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែប្រាសាទតាមាន់ធំត្រូវបានកសាងឡើងនៅស.វទី១១ ក្តី ក៏ប៉ុន្តែមិនមែនមានន័យថា ទីតាំងនេះទើបតែត្រូវបានជ្រើសរើសនៅក្នុងសម័យកាលនោះទេ។ យោងតាមការស្រាវជ្រាវរបស់យើងៗអាចកត់សម្គាល់ថា ទីតាំងនេះត្រូវបានប្រជានុរាស្ត្រខ្មែរ ដែលជាអ្នកស្រុកក្នុងតំបន់គោរពបូជាតាំងតែសម័យបុរេអង្គរម្ល៉េះ។ ពោលគឺនៅដើមសម័យចេនឡាម្ល៉េះ នៅចុងស.វទី៦ ដើមស.វទី៧ ជាពិសេសក្នុងសម័យកាលរបស់ព្រះបាទមហេន្ទ្រវរ្ម័នចិត្រសេនា។
ប្លង់នៃប្រាសាទតាមាន់ធំ ឯកសារបារាំង
សូមបញ្ជាក់នៅត្រង់នេះថា លក្ខណៈពិសិដ្ឋនៃទីតាំងដ៏អស្ចារ្យនេះ ក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ច បណ្តាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំ។ គឺថ្មធម្មជាតិនេះហើយ ដែលត្រូវបានគេប្រដូចទៅនឹងព្រះសិវលិង្គ ឬលិង្គព្រះឥសូរដ៏មានមហិទ្ធិរិទ្ធក្នុងសម័យកាលបុរាណ។ គឺប្រការនេះហើយ ដែលថ្មលិង្គស្វ័យជម្ពូវ បានក្លាយទៅជាចំណុចកណ្តាល ឬបេះដូងនៃប្រាសាទតាមាន់ធំ ដោយហេតុថា មានការសាងសង់ប្រាង្គប្រធានហ៊ុំព័ទ្ធពីលើ ព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញ។ គឺក្នុងបរិបទនេះហើយ ទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយជាទ្វេរដង៕ (ម.ត្រាណេ)