Sunday, March 17, 2013

ភូមិ​ជប់​​គគីរ

ភូមិ​ជប់​​គគីរ​ ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ភូមិ​នេះ​មាន​ទីតាំង​នៅ​លើ​ភ្នំ​ដង​រែក​ ជាប់​និង​ប្រទេស​ថៃ​ ដែល​របង​ខណ្ឌ​ចែក​រវាង​ថៃ​និង​ខ្មែរ​នៅ​ម្ខាង​ព្រំប្រទល់​​។ ជប់​គគីរ​នៅ​ខាង​ជើង​ឈៀង​ខាង​លិច​នៃ​ទី​រួម​ស្រុក​បន្ទាយ​អំពិល​ ប្រសិន​បើ​យើង​ចង់​ធ្វើ​ដំណើរ​ទៅ​លេង​ នៅ​ពេល​យើង​ទៅ​ដល់​ទី​រួម​ស្រុក​បន្ទាយ​អំពិល​យើង​និង​ឃើញ​រង្វង់​មូល​កសិករ​ក្នុង​ទី​រួម​ស្រុក​នោះ ​យើង​ត្រូវ​ទៅ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​ត្រង់​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​រហូត​ដល់​ជើង​ភ្នំ​ យើង​នឹង​ឃើញ​មាន​ភូមិ​ថ្មី​និង​បន្ទាយ​កង​ទ័ព​នៅ​ជាប់​ជើង​ភ្នំ និង​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​​មួយ​កាត់​ភូមិ​នោះ​ពី​ទិស​ខាង​កើត​ទៅ​ខាង​លិច​ ក្បែរ​ៗ​ជើង​ភ្នំ​។ យើង​បត់​ឆ្វេង​ហើយ​ទៅ​តាម​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​ ទៅ​ទិស​ខាង​លិច​​រហូត​ដល់​ផ្លូវ​មួយ​ទៀត​កាត់​ផ្លូវ​ខ្សែ​ក្រវ៉ាត់​ព្រំ​ដែន​ពី​ត្បូង​ទៅ​ជើង​​ យើង​ត្រូវ​បត់​​ស្ដាំ​ទៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​ជើង​ឡើង​ភ្នំ​ ពេល​ឡើង​ភ្នំ​ផុត​និង​ដល់​ភូមិ​នោះ​។ កាល​ពី​ប្រទេស​កម្ពុជា​មាន​សង្គ្រាម​ភូមិ​នោះ​គឺ​ជា​ទីតាំង​របស់​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​នៅ​ប្រចាំ​ការ​ទីនោះ​ ដើម្បី​ការ​ពារ​ព្រំដែន​ខ្មែរ​កុំ​អោយ​ថៃ​​ចូល​មក​ខាង​ទឹក​ដីខ្មែរ​យើង​​ ហើយ​កាល​នោះ​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ខ្លះ​ផង​ដែរ​ ប៉ុន្តែ​អ្នក​ដែល​រស់​នៅ​ទាំង​នោះ​មិនបាន​សុខ​ស្រួល​នោះ​ទេ​ ដោយសារ​តែ​ការ​ដណ្ដើមយក​ទី​តាំង​រវាង​ខ្មែរ​និង​ខ្មែរ​គ្នាឯង​ ដែល​ជា​ក្រុម​ផ្សេង​គ្នា​។ នៅ​ពេល​កង​ទ័ព​ទាំង​នោះ​បាញ់​គ្នា​ម្ដង​ៗ​​អ្នក​ភូមិ​នោះ​បាន​នាំគ្នា​រត់​ភៀស​ខ្លួន​ចូល​​ទៅ​ក្នុង​ទឹក​ដី​ថៃ ​មួយ​រយៈពេល ​នៅ​ពេល​ស្ងប់​ស្ងាត់​ទើប​នាំ​គ្នា​ត្រឡប់​ចូល​ផ្ទះ​សំបែង​របស់​​ខ្លួន​វិញ។ តែ​ក្រោយ​មក​ប្រជា​ជន​ទាំង​នោះ​ក៏បាន​សុខ​សន្តិភាព​ជាង​មុន​បន្តិច​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏បាន​សុខ​ស្រួល​ជាង​មុន​​ព្រោះ​ប្រជា​ជន​មិន​មិន​ចាំ​បាច់​រត់​ភៀស​ខ្លួន​ដូច​ពី​មុន​ មិន​រំខាន​ដោយ​ស្នូរ​កាំ​ភ្លើង​ដូច​ពី​សម័យ​មុន​ផង​ដែរ។ ភូមិ​នោះ​មាន​ទំហំ​ធំ​គ្រាន់​បើ​ដែរ​ ភូមិ​នេះ​ផង​ដែរ​ចែក​ចេញ​ជា​ពី​គឺ​ជប់​គគីរ​ខាង​លិច​និង​ជប់​គគីរ​ខាង​កើត ​ដែល​បច្ចុប្បន្ន​អ្នក​រស់​នៅ​ទីនោះ​និយម​ហៅថា​ភូមិ​ចៃ​ឆ្កែ​។ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ទី​នោះ​គឺ​ពឹង​ផ្អែក​លើ​ធម្មជាតិ​ជាធំ​ ហើយ​ពួក​គេ​ទាំង​នោះ​មាន​ជីវភាព​ខ្វះ​ខាត​ណាស់​ ព្រោះ​នៅ​ទី​នោះ​ជា​តំបន់​​លើ​ភ្នំ​គ្មាន​ដី​ស្រែ សម្រាប់​ប្រកប​របរ​កសិកម្ម​នោះ​ទេ​។ សព្វ​ថ្ងៃ​នេះ​​ប្រជាជន​រស់​នៅ​ទី​នោះ​មាន​អ្នក​​ឈឺ​​ចំនួន​ច្រើន​ជាង​ពី​មុន​ឆ្ងាយ​ ហើយ​ផ្ទះ​របស់​ពួក​គេ​គឺ​មិន​មាន​លក្ខណៈ​ធំ​ៗ​ទេ​​​​ គឺ​ពួក​គេ​សង់​ជា​លក្ខណៈ​តូច​ៗ ទាប​ៗ​ប្រក់​ស្បូវ​​ខ្លះ​និង​ខ្លះ​ទៀត​ប្រក់​ស័ង្កសី​។ អ្នក​ភូមិ​នោះ​ភាគ​ច្រើន​ជា​អ្នក​មិន​បាន​ចូល​សាលា​មិន​មាន​ចំណេះ​ដឹង​ ហើយ​ក្មេង​ៗ​នៅ​ទីនោះ​ក៏​មិន​បាន​ទទួល​យក​ការ​អប់​រំ​ពី​សាលា​រៀន​ផង​ដែរ នៅ​ពេល​ពួក​គេ​ធំ​ដឹង​ក្ដី​ឡើង​ភាគ​ច្រើន​ឪពុក​ម្ដាយ​របស់​ពួក​គេ​បាន​បញ្ជូន​ពួក​គេ​អោយ​ទៅ​ធ្វើការ​ស៊ី​ឈ្នួល​នៅ​ប្រទេស​ថៃ​ មាន​គ្រួសារ​ខ្លះ​ទៅ​ទាំង​ពុក​ម្ដាយ​ដោយ​ទុក​កូន​ខ្លះ​អោយ​នៅ​មើល​ថែ​ផ្ទះ​ ហើយ​ខ្លះ​ទៀត​យក​ទៅ​ជា​មួយ​ដោយ​ពួកគេ​មិន​បាន​ស្គាល់​ទេ​ពាក្យ​ថា​ទៅ​រៀន​។ នៅ​ភូមិ​ជប់​គគីរ​គ្មាន​សាលា​រៀន​ទេ ដោយ​សារ​តែ​ភូមិ​នោះ​នៅ​ឆ្ងាយ​ពី​ទីរួម​ស្រុក​ ហើយ​គេ​កម្រ​បាន​គិត​គូ​ពី​ស្ថានភាព​របស់​អ្នក​រស់​នៅ​ទីនោះ​ណាស់​ ទីនោះ​ខ្វះ​ទាំង​សាលារៀន​​ មណ្ឌល​សុខភាព​និ​ង ការងារ​ ដូចនេះ​បាន​ជា​ជំរុញ​អោយ​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ បច្ចុប្បន្ន​នេះ​អ្នកភូមិ​នោះ​ពឹង​ផ្អែក​ទៅលើ​ថៃ​ទាំង​ស្រុង​ ព្រោះ​សព្វ​ថៃ្ង​នេះ​ដោយសារ​តែ​ភាគី​ថៃ​និង​កម្ពុជា​បាន​ស្រុះស្រួល​គ្នា ហើយ​បាន​បើក​ច្រក​របៀង​ជប់​គគីរ​នេះ​អោយ​ដំណើរ​ការ​ ដែល​អាច​អោយ​ប្រជាជន​រស់​នៅ​ទីនោះ​បាន​ធូរ​ខ្លះ​ដោយ​បាន​ដោះ​ដូរ​ទំនិញ​ខ្លះ​ៗ​ ជា​មួយ​ថៃ​ ដូចជា​​ពួកគេ​បាន​ក្រង​ស្បូវ​លក់​អោយ​ថៃ​និង​ របស់​របរ​ផ្សេងៗ​ទៀត​ទៅតាម​អ្វី​ដែល​ពួក​គេ​អាច​រក​បាន​ ដើម្បី​លក់​អោយ​ប្រជាជន​ថៃ ដើម​កំណើត​ខ្មែរ​។​ តែ​ខាង​ភាគី​ថៃ​វិញ​គេ​បាន​យក​បន្លែ​ សំលៀក​បំពាក់​និង​របស់​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត មក​លក់​អោយ​ប្រជាជន​ខ្មែរ​យើង​ក្នុង​តម្លៃ​ដែល​​សមរម្យ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​អ្នក​រស់​នៅ​ភូមិ​នោះ​ នៅ​តែ​បារម្ភ​អំពី​ស្ថាន​ភាព​រវាង​កងទ័ព​ថៃ​និង​កម្ពុជា ​ដោយ​សារ​តែ​ថៃ​ឈ្លានពាន​មក​ក្នុង​ទឹក​ដីខ្មែរ​ ដូច​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​បង្ករ​អោយ​មាន​ជម្លោះ​ប្រដាប់​អាវុធ​កាល​ពី​ខែ មេសា ឆ្នាំ២០១១ កន្លង​ទៅ​ដែល​បាន​ បណ្ដាល​អោយ​មាន​ការ​ខាត​បង់​ទាំង​សង​ខាង​រវាង​ភាគី​ថៃ​ និង​កម្ពុជា​។
ខ្ញុំ​សូម​អំពាវ​នាវ​ដល់​​មហា​ជន​ទូទៅ​ទាំង​ឡាយ​អោយ​ជួយ​គិត​គូរ​ពី​បង​ប្អូន​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​តាម​ ព្រំដែន​មិន​ថា​តែ​ភូមិ​ជប់​គគីរ​នេះ​ទេ​ ផ្សេងៗ​ទៀត​ដែល​នៅ​ជាប់​ច្រក​ចូល​ទឹក​ដី​ថៃ​ សូម​អោយ​ជួយ​សង​សង់ សាលា​រៀន​ មណ្ឌលសុខភាព​ដើម្បី​អោយ​ប្រជាជន​នៅ​ទី​នោះ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ បញ្ជូន​កូន​អោយ​ទៅ​រៀន​និង​ព្យាបាល​ជម្ងឺ​ផ្សេង​ៗ និង​បញ្ហា​នៃ​ការ​ថែទាំ​សុខភាព​៕៚ អូត ឡាទីន