ដោយ សូដា
ផ្សិតផក់ជាផ្សិតម្យ៉ាងដែលមានដុះក្នុងទឹកដីនៃខេត្តឧត្តរមានជ័យក្នុងចំណោមផ្សិតឯទៀតដែលមានវត្តមាននៅទីនោះ មានដូចជាផ្សិត ព្រិច ក្ងោក ក្ងោកអន្សោង ដំបូក ស្បង់លោក....។
ផ្សិតផក់ដុះក្នុងដីខ្មៅមានជីជាតិ និងប្រភេទដីមមោកក្នុងព្រៃរបោះ និងត្រជាក់ក្រោមដើម ឈើ។ ផ្សិតនេះមានរាងមូលដូចផ្សិតចំបើងហើយធំៗ ស្ទើរតែប៉ុនផ្សិតចំបើងដែរ តែវាដុះកប់ក្នុងដីហើយមានពណ៌ស នៅពេលវានៅខ្ចីឬតូច ពេលវាចាស់ផ្សិតនេះមានពណ៌សក្រមៅ។ ផ្សិតនេះដុះនៅក្នុងរដូវវស្សាក្នុងកំឡុងខែមិថុនា កក្កដា ហើយវាមិនមានអាយុបានយូរ ហើយផ្សិតនេះ និងអស់ទៅវិញនៅក្នុងខែកញ្ញា។ ផ្សិតនេះពេលវាចាស់ញ៉ាំទៅមាន ដឹបៗដូចជាស្លឹកត្រចៀកជ្រូក តែពេលចាស់ខ្លាំងមែនទែន ផ្សិតនេះស្វិតដូចជាផ្សិតឈើចាស់អញ្ចឹង។ តែនៅពេលដែលផ្សិតនេះចាស់មិនឆ្ងាញ់ដូចផ្សិតឈើទេ។ ផ្សិតនេះពេលវាចាស់ និងទុំ ក្នុងផ្សិតមានសាច់ខាងក្នុងពណ៌ខ្មៅ ហើយហ៊ុយដូចផ្សិតអាចម៍គោទុំអញ្ចឹងដែរ។
ផ្សិតផក់ អ្នកឧត្តរមានជ័យនិយមយកទៅស្លម្ជូរ ដោយយកពេលបេះមកបានលាងទឹកឲ្យស្អាត ជ្រាសដី ហើយដាក់ឆ្នាំងដំាំទឹក ដាក់ស្លឹកគ្រៃ ដំខ្ទឹមសរដាក់ ដាក់អំបិល ប៊ីចេង ។ ពេលទឹកពុះដាក់ត្រី តែបើគ្មានត្រីទេ ដាក់ផ្សិតផក់ចូល ហើយពេលសម្លពុះម្ដងទៀត គេចាប់ផ្ដើមបង់ប្រហុក ឬជ្រំប្រហុក ដាក់ម្ជូរស្លឹកអំពិល ឬក៏ទុំអំពិលក៏បាន។ ក្រោយពេលបង់ទាំងអស់នេះរួចហើយ ភ្លក់មើលតាមតម្រូវការជាការស្រេច។
នៅពេលបច្ចុប្បន្នផ្សិតប្រភេទនេះ មិនសូវសំបូរដូចកាលពីមុនទេព្រោះ ដីដែលផ្សិតនេះធ្លាប់ដុសត្រូវបានប្រជាជនរានដីធ្វើស្រែចម្ការ ដោយសារតែប្រជាជនមានការកើនឡើង ហើយតំបន់មួយចំនួនទៀតត្រូវបានរដ្ឋាភិបាលសម្បទាដល់ក្រុមហ៊ុនហើយបានឈូសឆាយដីដែលធ្វើឲ្យផ្សិតនេះមិនអាចដុសបាន៕៚