Friday, April 1, 2011

តម្បាញ​ក្រមា​អ្នក​បន្ទាយ​អំពិល


តម្បាញ​ក្រមា​អ្នក​បន្ទាយ​អំពិល
ដោយ សូដា
អ្នក​ឧត្ដរមានជ័យ​ជា​អ្នកស្រុកខេត្ត​សង្កាត់​មាត់​ញក​ជាប់​នឹង​ជួរ​​ភ្នំ​ដងរែក ក្រៅពី​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ អ្នកស្រុក​នេះ​មាន​ទំនៀម​ទម្លាប់​ប្រពៃណី​ជា​ច្រើន ហើយ​ភាគច្រើន​ក៏​ខុស​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​ តួយ៉ាង​ដូច​ជា​​ការ​តម្បាញ​ក្រមា​របស់​អ្នក​ស្រុក​បន្ទាយអំពិល​ គឺ​មាន​លក្ខណៈ​ខុស​ពី​ក្រមា​ផលិត​នៅ​តំបន់​ផ្សេងៗ។
ក្រមា​គឺ​ជា​សំពត់​ប្រពៃណី​ដ៏​រឹងមាំ​របស់​ខ្មែរ​ ជាមួយ​ការ​ប្រើប្រាស់​បាន​ច្រើន​បែប​។ ក្រមា​គេ​ផលិត​ចេញ​ពី​សរសៃ​អំបោះ​ ឬ​ក៏​អំបោះ​សូត្រ​ ក្រមា​ប្រើប្រាស់​បាន​ច្រើន​យ៉ាង​ដូច​ជូត​មុខ បង់ក ជួត​ក្បាល អង្រឹង​សម្រាប់​ក្មេង ស្លៀក​ទាំង​ប្រុស​ស្រី​ ហើយនិង​កូនក្មេង.........។ ក្រមា​ជា​សំពត់​អំបោះ​ក្រឡា​ចត្រង្គ​ខ្លីៗ​ ហើយ​មក​ពី​ពណ៌​ប្រពៃណី​ ខៀវ​ ឬ​ក្រហម​។ វា​ជា​និមិត្ត​សញ្ញា​ជាតិ​ផង​ដែរ។ អ្នក​ឧត្តរមានជ័យ​កាល​ពី​ជំនាន់​មុន ពួកគាត់​ត្បាញ​ក្រមា​សម្រាប់​ប្រើប្រាស់​ ជា​លក្ខណៈ​គ្រួសារ​ ជូន​សាច់​ញាតិ​ពេល​ពិធី​បុណ្យទាន​ផ្សេងៗ​ ហើយ​ផលិត​ចេញ​អំបោះ​សរសៃ​សូត្រ​។​ តែ​បច្ចុប្បន្ន​នេះ​មិន​បាន​ធ្វើ​ចេញ​ពី​សូត្រ​ដូច​មុន​ទេ គឺ​ពួក​គាត់​ត្បាញ​ចេញ​ពី​អំបោះ​កែ​ច្នៃ​រួច​ហើយ​ពី​រោង​ចក្រ​ (អំបោះ​ថៃ​ជា​ពិសេស)។ ការ​ត្បាញ​នេះ​ទៀត​សោត​ ឃើញ​មាន​តែ​ក្នុង​ទឹក​ដី​ស្រុក​បន្ទាយអំពិល​ ជា​ពិសេស​ ក្នុង​ឃុំ​គោកមន តែ​ម្ដង​នា​ពេល​បច្ចុប្បន្ន​ លក្ខណៈ​ពិសេស​នៃ​ការ​ត្បាញ​ របស់​គាត់​គឺ​មាន​តាំង​ពី​ដូន​តា​របស់​គាត់​ ហើយ​បង្រៀន​តៗ​គ្នា​ ប៉ុន្តែ​មាន​ការ​ខុស​ប្លែក​ពី​គេ​​ត្រង់​ថា​ គេ​ត្បាញ​ជា​ក្រឡា​ចត្រង្គ​ដូច​គេ​ដែរ​​សម្រាប់​ក្រមា​ធំ តែ​នៅ​ចុង​មុន​ដល់​ជាយ​ក្រមា​ទាំង​សងខាង​ គឺ​ពួក​គាត់​ត្បាញ​ក្បាច់​នានា​ដែល​ពួកគាត់​ចេះ​ ដូចជា​ក្បាច់​ទំពក់​ ក្បាច់​រូប​សេះ ក្បាច់​រូប​ដំរី​....។ល។
ក្បាច់​​ខាង​លើ​ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គោកមន​នៅតែ​ផលិត​ តែ​ក្បាច់​រូប​ដំរី​ត្រូវ​បាន​មាន​ចំនួន​ថយ​ ចុះ​នៃ​ការ​ផលិត​ ព្រោះ​អ្នក​ចេះ​មាន​ចំនួន​តិច។
តាម​សំដី​ អ៊ំស្រី​ ពេជ្រ រៀម បាន​មានប្រសាសន៍ថា​ ក្បាច់​មួយ​ចំនួន​មាន​ការ​លំបាក​ក្នុង​ការ​បង្រៀន​និង​រៀន​ពី​ចាស់​ជំនាន់​មុន​ព្រោះ​ តែ​មាន​ជំនឿ និង​ តំណម​ជា​ច្រើន​នៅ​ពេល​ចាប់​ផ្ដើម​​រៀន ។ ដូចជា​ក្បាច់​រូប​ដំរី​ ត្រូវ​រៀបចំ​ស្លាធម៌ និង​តំណម​​មិន​ឲ្យ​មនុស្ស​អង្គុយ​នៅ​ក្បាល​កី....។ល។ នៅ​ពេល​ដែរ​មិន​អាច​ធ្វើ​តាម​តំណម​បាន​ អ្នក​រៀន​ អ្នក​ដែល​ចេះ​ហើយ​ មាន​បញ្ហា​ជា​ច្រើន​ទាក់​ទង​និង​ជីវិត​របស់​គាត់ ដូច​កន្លង​មក​​តាម​អ៊ំស្រី​ ធ្លាប់​ជួប​ មាន​ ងងឹត​ភ្នែក បែក​ភ្នែក វៀច​មាត់។
និយាយ​ជា​រួម​មក​​ការ​ត្បាញ​ក្រមា​នេះ​ត្រូវ​បាន​ថយ​ចំនួន ព្រោះ​តែ​គ្មាន​ទី​ផ្សារ​ ពី​នា​ពេល​បច្ចុប្បន្ន​នេះ​ កាល​ពី​មុន​មាន​ អង្គការ​កុមារ​មេគង្គ​បាន​ជួយ​រក​ទី​ផ្សារ​ ដោយ​ទិញ​ពី​កន្លែង​ផលិត​ យក​ទៅ​លក់​ក្នុង​ប្រទេស​បារាំង​។​ ទន្ទឹម​នឹង​នេះ ដើម្បី​ឲ្យ​តម្បាញ​ក្រមា​ទាំង​នេះ​ មាន​មុខ​មាត់​នៅ​ទី​ផ្សារ​ ហើយនិង​បង្កើន​ផលិត​ផល​ក្នុង​ស្រុក​ ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែរ​ពាក់​ព័ន្ធ​ក្នុង​ការ​តាំង​ពិព័រណ៍​ខេត្ត​មួយ​ផលិត​ផល​មួយ យក​ផលិត​ផល​នេះ​មក​ដាក់​តាំង​ពិព័រណ៍​ផង​ និង​ជា​ការ​ផ្សព្វផ្សាយ​​ដល់​អតិថិជន​ ហើយ​ស្នាដៃ​ទាំង​អស់​នេះ​ក៏​មិន​បាត់​បង់​នៅ​ពេល​ខាង​មុខដែរ៕៚