ដោយ ៖ សហការី
ថ្ងៃទី 30-03-2011 ម៉ោង 17:52:42
ដកស្រង់ពីគេហទំព័រ នគរវត្ត
ខេត្ដឧត្ដរមានជ័យ៖ រូបចម្លាក់ព្រះ ពុទ្ធបដិមាមួយអង្គទ្រង់ភ្នែនបែបបុរាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុង ដីព្រៃមួយកន្លែង ខណៈដែលពួកគាត់ចេញទៅកាប់ឈើដើម្បីយកមកធ្វើអគារសាលាសម្រាប់ ឱ្យកូនចៅក្នុងភូមិបានរៀនសូត្រ។
ហេតុ ការណ៍ប្រទះឃើញរូបព្រះពុទ្ធបដិមានេះ កើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១នេះ ស្ថិតនៅក្នុងភូមិសាស្ដ្រភ្នំដងរែក។ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ គឺជាតំបន់មួយ ស្ថិតនៅតាមបណ្ដោយភ្នំដងរែក មានចំងាយប្រហែល១.៥គីឡូ ម៉ែត្រ។ មានគ្រួសារប្រជាពលរដ្ឋចំនួនជាង១០០ គ្រួសារ ហើយកូនចៅប្រជាជននៅទីនោះ មានការខ្វះខាតអគារសិក្សាទើបអ្នកភូមិបានព្រមព្រៀងគ្នាចូលទៅ ព្រៃជ្រៅដើម្បីកាប់ឈើសម្រាប់ធ្វើអគារសិក្សា។ ប្រជាពលរដ្ឋមានប្រុសមានស្រីជាច្រើននាក់ ដែលបានចូលទៅព្រៃនោះ ក៏ប្រទះឃើញថ្មមួយដុំដែលលេចក្បាលថ្មឡើងលើលឹមៗបន្ដិច ប៉ុណ្ណោះ។ ដោយសារមានការងឿងឆ្ងល់ពួកគាត់ក៏បាននាំគ្នាជីកគាស់កកាយដី ចេញពីបរិវេណថ្ម ក៏ស្រាប់តែឃើញរូបសំណាក់យ៉ាងធំមួយជារូបចម្លាក់ព្រះពុទ្ធ បដិមាទ្រង់ភ្នែនមួយអង្គ ហើយនៅជាប់ក្បែររូបព្រះអង្គនោះ មានរូបចម្លាក់តូចមួយទៀត ហាក់ដូចជាអ្នកឈរ យាមព្រះបដិមានោះ ដែលតាមមើលទ្រង់ទ្រាយរូបចម្លាក់នោះមានស្ថានភាពរស់រវើកនិងយ៉ាង ស្អាត។ ឃើញព្រឹត្ដិការណ៍បែបនេះ អ្នកស្រុកបានគិតថា ជាវត្ថុបុរាណដែលត្រូវចោរលួចបម្រុងយកទៅលក់នៅប្រទេសសៀម កាលពីអតីតកាល ហើយជួបនឹងគ្រោះកាចអាក្រក់ក៏កប់ទុកចោលនៅទីនោះតែម្ដងទៅ។ ដោយមានការសង្ស័យថា ជាវត្ថុបុរាណ លោកមេភូមិត្រពាំងបីឈ្មោះ គាំ ឌុប ក៏បានទាក់ទងទៅលោកអភិបាលស្រុកត្រពាំងប្រាសាទនៅព្រឹកថ្ងៃទី៣០ ខែមីនានេះ ដើម្បីជួយចាត់ចែងធ្វើយ៉ាងណាអាចយករូបព្រះពុទ្ធបដិមានេះទៅ រក្សាទុក និងឱ្យខាងមន្ដ្រីជំនាញនៃមន្ទីរវប្បធម៌ត្រួតពិនិត្យឱ្យបានដឹង ប្រាកដ ថាជាវត្ថុបុរាណឬយ៉ាងណា ?
ព័ត៌មាន នេះ ត្រូវបានលេចឮទៅដល់កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ហើយត្រូវបានរៀបចំរថយន្ដដើម្បីស្ទូចយកថ្មចម្លាក់ព្រះពុទ្ធ បដិមានោះ។
គួរ ជម្រាបថា រូបចម្លាក់ព្រះពុទ្ធបដិមាមួយអង្គនេះ មានទម្ងន់ប្រហែលជាង១តោន រួមទាំងរូបចម្លាក់ថ្មតូចមួយដែលឈរនៅក្បែរពុទ្ធបដិមានោះផង ហើយតាមការសន្និដ្នាននៃថ្មទំនងជាសមិទ្ធផល នៃស្នាដៃបុព្វបុរសសម័យបុរាណ។
លោក អភិបាលខេត្ដឧត្ដរមានជ័យបានថ្លែងថា ក្រោយពេលទទួលបានដំណឹងនេះ លោកបានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះទៅពិនិត្យដល់ទីកន្លែង និងធ្វើយ៉ាងណាស្ទូចយកព្រះពុទ្ធបដិមានោះឱ្យបានត្រឹមត្រូវ និងដឹកជញ្ជូនយកមកសាលាខេត្ដឧត្ដរមានជ័យ ដើម្បីឱ្យមន្ដ្រីជំនាញពិនិត្យ ថាតើត្រូវរក្សាទុកដោយវិធីណា ហើយជាវត្ថុបុរាណពិតប្រាកដឬយ៉ាងដូចម្ដេច ?
ទន្ទឹម គ្នានោះដែរ ប្រជាពលរដ្ឋក៏បានធ្វើសំណូមពរតាមរយៈកាសែតនគរវត្ដ អំពាវនាវដល់សប្បុរសជនសូមជួយផ្ដល់នូវអំណោយជាអគារសិក្សាសម្រាប់ កូនចៅប្រជាជននៅក្នុងតំបន់ដូចខាងលើនេះផង៕