ដកស្រងពីគេហទំព័រ ដើមអម្ពិល
ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១១
ភ្នំពេញៈ គ្រួសារទុរគតមួយ មកពីខេត្តឧត្តរមានជ័យ កំពុងតែស្រែកដង្ហោយហៅ ស្វែងរកជំនួយពីសប្បុរសជន ដើម្បីជួយកូន ប្រុស ដែលមានជំងឺដ៏កាចសាហាវញាំញី ជីវិតកូន និងក្រុមគ្រួសារនេះ មិនដែលបានស្បើយទេ។
អ្នកស្រី ចេត ទូន រស់នៅភូមិ បុសស្បូវ ឃុំបុសស្បូវ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ត្រូវជាម្តាយរបស់កុមារាអភ័ព្វតាំងពីកំណើត ឈ្មោះ ពៅ បឿក អាយុ ៧ឆ្នាំ បានរៀបរាប់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ថាកាលពី៧ឆ្នាំមុន មុនពេលគាត់ឆ្លងទន្លេ១០ថ្ងៃ គាត់បានរអិលជើងដួល ហើយក្រោយមកពេលគាត់ឆ្លងទន្លេ ទើបឃើញកូនប្រុសរបស់គាត់ មានស្នាមប្រេះស្រាំត្រង់លលាដ៍ក្បាលទៅហើយ ។
អ្នកស្រីបានថ្លែងថា មានតែសប្បុរសជន ទេ ដែលផ្តល់ក្តីសង្ឃឹមដល់កូនប្រុសជាទី ស្រលាញ់ស្មើជីវិតរបស់គាត់។ អ្នកស្រីមាន ជំនឿថា សប្បុរសជននានា នឹងជួយយក អាសាកូនប្រុសអ្នកស្រី ទោះជាថវិកា សម្ភារៈ ឬស្មារតីក្តី។
អ្នកស្រីបានបន្តទៀតថា នៅពេលដែល កូនគាត់មានអាយុ២ខែ ក៏បានលានគ្រាប់ ភ្នែកមួយចំហៀងចេញមកក្រៅ គឺដោយសារសរសៃក្បាលវាទាក់ទង និងសរសៃភ្នែក ទើបធ្វើអោយប៉ះពាល់ដល់ភ្នែកមួយចំហៀងខាងស្តាំ។ ភ្នែកខាងស្តាំនេះ ក៏មិនអាចមើល ឃើញច្បាស់ ដូចភ្នែកម្ខាងទៀត ប្រហែលជា រយៈពេលពីរឆ្នាំក្រោយមកកុមារាអភ័ព្វនេះ ក៏ត្រូវបានបាត់បង់ភ្នែកមួយចំហៀងខាងស្តាំ នេះតែម្តងទៅ ហើយនៅពេលកុមារានេះ មានអាយុបាន៤ឆ្នាំ ជំងឺនេះបានឆ្លងទៅភ្នែក ខាងឆ្វេងលៀនចេញមកក្រៅទៀត។
បើទោះជាកុមារ បឿក មានអាយុ៧ឆ្នាំ ហើយក៏ដោយ តែគេមិនទាន់បានទៅសាលារៀន ដូចក្មេងដទៃនៅឡើយទេ ពីព្រោះ បឿក មិនមានលក្ខណៈធម្មតាដូចក្មេងដទៃ ដោយសារតែជំងឺ ដ៏អប្រិយតាំងពីកំណើត នៅតែតាមចងពៀរជាមួយក្មេងប្រុសរូបនេះមិនចេះចប់ មិនចេះហើយ ។
ម្តាយក្មេងប្រុសដ៏កម្សត់រូបនេះ បាននិយាយទាំងទឹកភ្នែកហូររហាមថា គ្រូពេទ្យបានប្រាប់ថា ភ្នែកខាងឆ្វេងរបស់កូនប្រុសខ្ញុំ មិនអាចធានាបានទេ អាចនឹងខ្វាក់ម្ខាងទៀត សព្វថ្ងៃនេះ កូនគាត់មិនអាចមើលឃើញច្បាស់នោះទេ ។
អ្នកស្រីបញ្ជាក់បន្ថែមថា បើទោះបីគាត់ ពីរនាក់ប្តីប្រពន្ធ មានជីវភាពក្រីក្រ ខ្វះមុខខ្វះ ក្រោយយ៉ាងណាក៏ដោយ ក្នុងរយៈពេល៧ឆ្នាំនេះ គាត់ខិតខំអស់ពីលទ្ធភាព ដើម្បីមើល ជំងឺភ្នែករបស់កូនគាត់។ ពឹងផ្អែកតែលើមុខរបរធ្វើស្រែបន្តិចបន្តួច និងដើរស៊ីឈ្នួលគេ អ្នកស្រីថា មិនគ្រប់គ្រាន់ទេ សម្រាប់ថ្លៃព្យាបាលជាប្រចាំទៅលើកូនប្រុសរបស់គាត់៕៚