Saturday, March 26, 2011

ត្រពាំង​ដូន​កែន


ត្រពាំង​ដូន​កែន
 ដោយ​ សូដា
ក្នុង​​ខេត្ត​ឧត្ដរមានជ័យ​ប្រជាជន​ភាគ​ច្រើន​ មិន​សូវ​និយម​ហៅ​បឹង​ទេ​ ពួក​គាត់​ចូលចិត្ត​ហៅ​តែ​ ត្រពាំង ដូចជា​ ត្រពាំង​ស្នោ​រ ត្រពាំង​​ឈូក ត្រពាំង​ភ្នៀត ត្រពាំង​ត្បែង...
ត្រពាំង​ដូន​កែន​ស្ថិត​នៅ​ក្នុង​ភូមិ​ដូន​កែន​(ខាងត្បូង) ដែល​មាន​ចម្ងាយ​ ប្រមាណ​២ គីឡូ​ម៉ែត្រ​កន្លះ បែក​ខាងត្បូង​ទី​រួម​ខេត្ត​ និង​នៅ​ចន្លោះ​ផ្លូវ​ជាតិ​លេខ​ ៦៨​បេ និង​ និង​ផ្លូវ ៥៩។ ហើយ​មាន​ប្រជាជន​រស់​នៅ​ជុំវិញ​ត្រពាំង​នេះ​​ លើក​លែង​តែ​មាត់​ត្រពាំង​ជាប់​និង​ផ្លូវ​លេខ​ ៥៩​ មាន​ប្រវែង​ប្រហែល​ជា​​១០០​ ម៉ែត្រ​​ដែល​គ្មាន​​មនុស្ស​រស់នៅ​ ព្រោះ​មាត់​​ត្រពាំង​នេះ​តូច​។
កាលពី​ដើម​ឡើយ​​ត្រពាំង​នេះ​មាន​ទំហំ​មិន​ធំ​ទេ​​ ប្រហែល​ជា​២​ហិតា​តែ​ប៉ុណ្ណោះ​ ហើយ​បែក​ខាង​ជើង​ឆាង​ខាង​លិច​​ ជា​ស្រែ​របស់​ប្រជាពលរដ្ឋ​។​ តែ​ដោយ​​សារ​​​តែ​ ស្រែ​ក្នុង​​ត្រពាំង​​មាន​ សត្វ​ឈ្លើង​ច្រើន​ពេក​ មិន​អាច​ធ្វើ​បាន​ ក៏​ពួក​គាត់​បោះបង់​ចោល​ទៅ​​ ហើយ​ក្លាយ​ទៅ​ជា​ផ្ទៃ​ត្រពាំង​។ ប្រវែង​ទំនប់​ជា​មាត់​ជុំវិញ​ ត្រពាំង​នេះ​ មាន​ប្រវែង​​៩៨៦ ម៉ែត្រ​ ហើយ​ជម្រៅ​ទឹក​មួយ​ម៉ែត្រ​កន្លះ ទៅ​ ២​ ម៉ែត្រ កាល​ពី​ឆ្នាំ​ ១៩៨០​ តែ​ក្រោយ​មក​ត្រពាំង​​នេះ កាន់​តែ​រាក់​ទៅ​ៗ។ កាល​ពី​​ដើម​ឡើង​ មាន​ចាស់​ ម្នាក់​មក​រស់​នៅ​ក្នុង​ ទី​ទួល​ខាង​ត្បូង​ ឆាង​ខាង​កើត​ត្រពាំង​ ដោយ​​ទីនោះ​ជា​កន្លែង​ដែល​ ដី​មាន​ជីវជាតិ ​និង​ខ្ពស់​មិន​មាន​ទឹក​លិច​ផង​​ ហើយ​មាន​ព្រៃ​ជុំ​វិញ​ចម្ការ​ និង​កន្លែង​រស់​នៅ​របស់​ លោក​យាយ​ ក្រៅ​ពី​ព្រៃ​កាល​ពី​សម័យ​នោះ​ មាន​ឆ្កែ​ចចក​ ត្មាត​​​ក្នុង​តំបន់​នេះ។ តែ​ក្រោយ​មក​ អ្នក​ភូមិ​សំរោង(ចាស់) បាន​ចាប់​ដី​ធ្វើ​ចម្ការ​ និង​រស់​នៅ​ម្ដង​​មួយ​ ហើយ​ព័ទ្ធ​ជុំវិញ​ត្រពាំង​នេះ ហើយ​មិន​ដឹង​ហៅ​ត្រពាំង​នេះ ឈ្មោះ​ដូច​ម្ដេច​ ក៏​ហៅ​ត្រពាំង​ដូន​កែន ដោយ​មាន​គ្រួសារ​យាយ​កែន​រស់​នៅ​តំបន់​នោះ​មុនគេ​ ទើប​ហៅ​ថា​ត្រពាំង​​ដូន​កែន​ ជាប់​រហូត​ដល់​សព្វ​ថ្ងៃ​​ទៅ។
នៅ​ពេល​បច្ចុប្បន្ន​ ត្រពាំង​នេះ លោក​ប្រធាន​ភូមិ​បាន​អនុញ្ញាត​ឲ្យ​ថៅកែ​ឡ​ឥដ្ឋ​ជា​អ្នក​ជីក យក​ដី​ក្នុង​ត្រពាំង​នេះ​ ដោយ​សារ​ត្រពាំង​រាក់​ជាង​ពី​អតីតកាល​ ដើម្បី​ឲ្យ​ត្រពាំង​នេះ កាន់​តែ​ជ្រៅ​និង ផ្ទុក​ទឹក​បាន​ច្រើន​និង​បម្រើ​សេចក្ដី​ត្រូវការ​របស់​អ្នកភូមិ។ ហើយ​មាន​ថៅកែ​ជា​មួយ​ទៀត​បាន​ ធ្វើ​ការ​ជីក​យក​ដី​ទៅ​លក់​ផង​ដែរ ដែល​ហាក់​ដូច​ជា​កាច់​កុង​គ្នា​ផង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ កាល​ពី​រដូវប្រាំង​ឆ្នាំ​២០១០។​​​​ អ្វី​ដែល​ជា​គំនិត​អភិវឌ្ឍន៍​របស់​ប្រធាន​ភូមិ​នេះ គឺ​ជា​គំនិត​ដ៏​ល្អ​ ប្រសើរ​ហើយ​សម្រាប់​ប្រធាន​ភូមិ​ក្នុង​ក្រុង​សំរោង​​យក​ទៅ​អភិវឌ្ឍន៍​តាម​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។ តែ​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ ប្រជាជន​នៅ​ជុំវិញ​ត្រពាំង​នេះ មិន​អាច​​​ទទួល​យក​ទឹក​មក​ប្រើប្រាស់​ដែល​ជា​ទឹក​ស្អាត​បាន​ទេ ព្រោះ​តែ​ក្រុម​ហ៊ុន​ដែល​ជីក​យក​ដី​នេះ ​ជី​កន្លែង​ដែល​អាច​ យក​ទៅ​ធ្វើ​ឥដ្ឋ​បាន (ជីក​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច)​​តែ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​បាត​ត្រពាំង​មិន​ស្អាត​​ នាំ​ឲ្យ​ទឹក​ក៏​មិន​អាច​ទទួលទាន​បាន ហើយ​មិន​អាច​ប្រើ​ប្រាស់​រួច​ប្រាំង​រួច​វស្សា​ដែរ។ លើស​ពី​ថៅកែ​ មាន​លុយ​មក​ជីក ​យក​ដី​ក្នុង​ត្រពាំង​នេះ មាន​ប្រជាជន​រស់​នៅ​ជុំវិញ​ និង​ជាប់​មាត់​ត្រពាំង​មិន​បាន​ជួយ​ថែរក្សា​ ឲ្យ​សត្វ​ចុះ​ ងូត​លេង​​ក្នុង​ត្រពាំង​ ហើយ​មនុស្ស​ក៏​ចុះ ងូត​ដូច​សត្វ​ទា​ ក្ងាន​ដែរ​ លើស​ពី​ការ​ងូត​គឺ​បង់​ត្រី​ ធ្វើ​ឲ្យ​ទឹក​នោះ​កាន់​តែ​កខ្វក់​មួយ​កម្រិត​ទៀត​។ ខ្ញុំ​សូម​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជុំវិញ​​ និង​អ្នក​ដែល​ប្រើ​ប្រាស់​ទឹក​ត្រពាំង​នេះ ជួយ​ថែ​រក្សា​ ការពារ​កុំ​ឲ្យ​ទឹក​កខ្វក់​ទៀត​ លើស​ពី​នេះ ប្រជាពលរដ្ឋ​នេះ​​គួរតែ​​ចូលរួម​ថែរក្សា​បន្ថែម​ទៀត។ ខ្ញុំ​សូម​អំពាវនាវ​ អាជ្ញាធរ​ដែនដី មេត្តា​ជួយ​អប់រំ​​និង​ផ្សព្វផ្សាយ​ ដល់​ប្រជាពលរដ្ឋ​​ឲ្យ​មាន​ការ​ចូលរួម​ថែរក្សា​ និង​ជួយ​សម្រួល​ ធ្វើ​យ៉ាង​ណា​ឲ្យ​ជា​ទឹក​ស្អាត​ ដែល​មិន​គិត​ពី​ប្រយោជន៍​បុគ្គល​ជា​ធំ​ គិត​ពី​ប្រយោជន៍​រួម​ជា​ធំ ប្រ​ទេស​ជាតិ​នឹង​អភិវឌ្ឍ​ទៅ​មុខ​ជា​និរន្តរភាព​។
ហើយ​សូម​អំពាវនាវ បង​ប្អូន​ខ្មែរ​ដែល​រស់នៅ​ឯនាយ​សមុទ្រ​ ជួយ​កសាង​ផ្លូវ​ព័ទ្ធ​ជុំវិញ​ត្រពាំង​នេះ និង​សាង​រូប​សំណាក​ប្រវត្តិ​នានា​ ក្នុង​ត្រពាំង​នេះ ហើយ​នឹង​ក្លាយ​ជា​តំបន់​ទេសចរ​ក្នុង​ ស្រុក​មួយ​នៅ​ពេល​អនាគត៕៚​​