យើងដឹងហើយថានៅលើលោកយើងនេះ មានវត្ថុច្រើនណាស់មិនថារបស់បុរាណឬរបស់ទំនើបនោះទេនិងវត្ថុមានតម្លៃផ្សេងៗជាច្រើនទៀត ដែលសុទ្ធមានតម្លៃនិងមានសារប្រយោជន៍សម្រាប់មនុស្សនៅលើពិភពលោកក៏ដូចប្រទេសកម្ពុជាយើងនេះតែម្ដង។
ជាការពិតណាស់ទោះបីវត្ថុមានទំហំធំឬមានតម្លៃយ៉ាងណាក៏ដោយ គឺមិនអាចប្រៀបស្មើនិងទឹកចិត្តរបស់មនុស្សយើងដែរ។ តាមពិតទៅទឹកចិត្ត ដែលយើងមានលើគ្នាទៅវិញទៅមក វាជាទឹកចិត្តមួយដែលមានតម្លៃធំធេងណាស់សម្រាប់យើងគ្រប់ៗគ្នា ជាការពិតណាស់យើងតែងតែផ្ដល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក ជួយទំនុកបម្រុងគ្នា ជួយយកអាសារទុក្ខធុរៈគ្នា និងជួយផ្ដល់របស់ផ្សេងៗដែលមិត្តភក្តិជាទីស្រឡាញ់របស់យើងកំពុងជួបប្រទះ និងខ្វះខាត។ ទាំងអស់នេះ ទោះជាមិត្តជួយមិត្តយកចិត្តទុកដាក់ចំពោះមិត្តយ៉ាងណាក៏ដោយ ក៏មិនស្មើនិងទឹកចិត្តមនុស្សពីរនាក់ទៀតដែលតែងតែជួយទាំងកម្លាំងកាយ ជួយទាំងកម្លាំងចិត្ត ជួយបីបាច់ថែរក្សាយើងតាំងពីនៅតូចៗក្រូចឆ្មារមក សូម្បីតែស្រមោចមួយវាលើក៏មិនបានដែរ ថែមទាំងខិតខំស្វាតស្វែងរកប្រាក់ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ អ្នកដែលជាម្ចាស់ទឹកចិត្តនោះគឺជាឪពុកម្ដាយយើងនេះឯង។ មែនហើយអ្នកទាំងពីរ គឺពិតជាមានគុណធំធេងណាស់ មកលើយើងក៏ដូចក្រុមគ្រួសារទាំងផងដែរ។ ពួកគាត់ខិតខំធ្វើការងារមិនថាក្ដៅត្រជាក់ និងនឿយហត់យ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែតស៊ូពុះពារដើម្បីដើរអោយដល់គោលដៅចំបង សម្រាប់អនាគតភ្លឺស្វាងរបស់គាត់ក៏ដូចពួកយើងផងដែរ។ ជាក់ស្ដែងដូចជាឪពុកម្ដាយរបស់សិស្សនិស្សិត ដែលទៅសិក្សានៅឆ្ងាយពីផ្ទះ ឬក៏ដូចជាភូមិកំណើត។ សកម្មភាពពួកគាត់ មួយចំនួន បានធ្វើឲ្យពួកយើង តក់ស្លុត និងអាណិតពួកគាត់យ៉ាងខ្លាំង ព្រោះថា ទោះបីជាពួកគាត់ធ្វើការក្រោមពន្លឺថ្ងៃដ៏ក្តៅយ៉ាងណាក៏ដោយ ក៏គាត់មិនរាថយឡើយ ពួកគាត់ខំខាំមាត់ សង្កត់ចិត្តលួចសំរកទឹកភ្នែកតែម្នាក់ឯង តែមិនឲ្យពួកយើងដឹងឡើយ ហើយទឹកមុខពួកគាត់នៅតែ ញញឹមដាក់យើងជានិច្ច ព្រមទាំងបញ្ចេញវាចារនូវពាក្យផ្អែមល្ហែមដែលបង្កប់អត្ថន័យជ្រាលជ្រៅ ព្រមទាំងធ្វើឲ្យយើងភាពរំភើបនិងកក់ក្តៅយ៉ាងខ្លាំង។ លោកទាំងពីរ ខិតខំស្វះស្វែងរិះរក គ្រប់មធ្យោបាយដើម្បី ធ្វើយ៉ាងណាឲ្យកូនជាទីស្រឡាញ់របស់គាត់បានដល់សេចក្តីសុខ និងមានសុភមង្គលគ្រប់ៗគ្នា ម្យ៉ាងវិញទៀត នៅពេលកូនរបស់ពួកគាត់ធ្វើដំណើរចាកចេញ ពីផ្ទះសម្បែងជាក់ស្ដែងនៅពេលដែលពួកកូនចេញទៅប្រកបកិច្ចការងារ ក៏ដូចជាចេញមករៀនជាដើម ពួកគាត់លួចមើលដំនើរកូនគាត់ដោយក្ដីអាណិតអាសូរជាទីបំផុតនិងមានសេចក្ដីនឹករលឹកជាខ្លាំងព្រមទាំងខំញញឹមដើម្បីលើកទឹកចិត្តកូនជាទីស្រឡាញ់របស់ពួកគាត់ជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះអ្នកថែមទាំងជួយរំលឹក និងប្រដៅកូនៗជាទីស្រឡាញ់ពួកគាត់ឲ្យដើរតាមផ្លូវល្អ ចេះគោរពចាស់ទុំ ស្គាល់ល្អ ស្គាល់អាក្រក់ ស្គាល់ខ្ពស់ស្គាល់ទាប់ និងដឹងខុសត្រូវគ្រប់កាលទេសៈទាំងអស់ ជាពិសេសព្រមទាំងធ្វើឲ្យកូនៗជាទីស្រឡាញ់របស់គាត់ក្លាយជាមនុស្សល្អសម្រាប់សង្គម សិស្សល្អសម្រាប់គ្រួនិងកូនៗល្អសម្រាប់ពួកគាត់ផងដែរ។ ទន្ទឹមនិងនោះគាត់ថែមទាំងប្រាប់កូនៗថាឲ្យធ្វើតែអំពើល្អ ហើយបើធ្វើអ្វីក៏ដោយកុំឲ្យប៉ះពាល់ដល់អ្នកដទៃ និយាយរួមទៅគឺធ្វើអ្វីបានទាំងអស់ឲ្យតែមានប្រយោជន៍ ជាពិសេសឲ្យតែសង្គមចូលចិត្ត និងច្បាប់លើកលែង។ ដើម្បីកូនៗពួកគាត់ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងមិនថាការងារនោះលំបាកយ៉ាងណាក៏ដោយ។ ដូច្នេះក្នុងនាមពួកយើងជាកូនល្អយើងត្រូវធ្វើយ៉ាងណាបំពេញកាតព្វកិច្ចរបស់ពួកយើង ឲ្យបានល្អដើម្បីក្ដីសង្ឃឹមពួកគាត់ និងអនាគតខ្លួនឯងបានល្អប្រសើរផងដែរ៕៚
ដោយនិស្សិត ស្ងាម ក្រឹម