Thursday, April 28, 2011

គ្រាម​ភាសារបស់ប្រជាជនខេត្តឧត្តរមានជ័យ


ដោយ​ ត្រា 
ជា​ធម្មតា​ទេ​ដែល​ប្រជាជន​ក្នុង​ប្រទេស​តែ​មួយ​ជា​មួយ​គ្នា តែ​តំបន់​ផ្សេង​ដោយ​ឡែក​ពី​គ្នា​មាន​ការ​និយាយ​ស្ដី​ខុស​គ្នា​ទៅ​តាម​តំបន់​នីមួយ​ៗ។ ជាក់​ស្ដែង​នៅ​តាម​ទី​ក្រុង ឬ ទី​ប្រជុំ​ជន​ធំៗ​ខ្លះ​គាត់ និយាយ​ជា​ភាសា​កំនើត​ពី​ជី​ដូន​ជីតា ជា​ភាសា <<អាណឹង អាចឹង>> ហើយ​ក៏​មាន​ខេត្ដ​ជា​ច្រើន​ដែរ​ដែល​គេ​ប្រើ​ភាសា​ដូច​ឬ​ប្រហាក់​ប្រហែល​អ្នក​នៅ​តាម​ទីក្រុង។ តែ​ចំពោះ​ខែត្រ​ឧត្ដរមានជ័យ​វិញ​គឺ ជា​ខែត្រ​ដែល​ទើប​តែ​កើត​ពី​ការ​កាត់​ផ្ដាច់​ចេញ​ពី​ខែត្រ​បន្ទាយ​មាន​ជ័យ និង ខែត្រ​សៀមរាប តែ​មាន មនុស្ស​រស់​នៅ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ គឺ​ការ​និយាយ​ស្ដី​ប្រាស្រ័យ​ទាក់ទង​គ្នា​គឺ​ប្រើ​ទាំង​ភាសា រដឺន ប្រើ​ទាំង​គ្រាម​ភាសា​ក៏​មិន​មាន​ជា​បញ្ហា​អ្វី​ដែរ​ឬ​និយាយ​តាម​អក្សរ តាម​វចនានុក្រម​សម្ដេច​សង្ឃ ​ជួន​ ណាត​ក៏បាន។ និយាយ​ទៅ​សព្វថ្ងៃ​នេះ​ក្រៅ​ពី​ការ​ប្រើ​ប្រាស់​គ្រាម​ភាសា​មនុស្ស​ដែល​រស់ នៅ​តំបន់​ផ្សេង​ឬ​ខែត្រ​ផ្សេង​ក៏​គាត់​អាច​ស្ដាប់​បាន​ច្រើន​ដែរ​តែ​ពិបាក​បន្តិច។ តែ​បើ​ប្រជាជន​នៅ​ឧត្ដរ មានជ័យ​ប្រើ​ជា​គ្រាម​ភាសា​វិញ​អ្នក​នៅ​តំបន់​ផ្សេង​គឺ​កម្រ​នឹង​ស្ដាប់​បាន​ណាស់។ ក្នុង​នេះ​ខ្ញុំ​និង​ដក​ស្រង់​និង​សង្ខេប​យក​​គ្រាម​ភាសា​មួយ​ចំនួន​ដែល​កំពុង​តែ​ប្រើប្រាស់​សព្វ​ថ្ងៃ ។
          ពាក្យ​ថាប៉ាក់​ប្លាត “ឬ” ព្លិញ​ប្លាត ” ពាក្យ​នេះ​ខ្ញុំ​ជឿ​ថា​ក្រៅ​​ពី​អ្នក​នៅ​ក្នុង​តំបន់​នេះ​គឺ​មិន​អាច​ស្ដាប់​បាន​ទេ គឺ​វា​មាន​ន័យ​ថា “ មេអំបៅ “។
          ពាក្យ​ថា​ឆោង​រ៉ង “ ពាក្យ​នេះ​មានន័យថា “ ប្រឡាយ​ទឹក​ហូរ​សង​ខាង​ផ្លូវ ។
          ពាក្យ​ថាផ្លូវ​កញ្ឆែង “ ពាក្យ​នេះ​មាន​ន័យថា “ ផ្លូវ​រលាក់ ផ្លូវ​ដែល​មាន​កន្លុក​តូច​ធំ​ច្រើន​ពេញ​ផ្លូវ​រហូត”។
          ពាក្យ​ថាជូង​កាក់ ” ពាក្យ​នេះ​មាន​ន័យ​ថា “ ជម្រាប​សួរ “ គេ​ប្រើ​ពាក្យ​នេះ​សម្រាប់​បង្ហាត់​បង្រៀន​កូន​ក្មេង​ឲ្យ​ចេះ​ជម្រាប​សួរ​នរណា​ម្នាក់ ។
          ពាក្យ​ថាដុប ” ពាក្យ​នេះ​មាន​ន័យថា” ព្រៃ, កម្ពក​ព្រៃ “។
          ពាក្យ​ថាដើរ​សំរង “ ពាក្យ​នេះ​មាន​ន័យ​ថា” ដើរ​ប្រមាញ់, ដើរ​បរបាញ់​សត្វ​ព្រៃ”។
          ពាក្យ​ថា” អុច “  ពាក្យ​នេះ​មាន​ន័យ​ថា” ដុត “ គេ​អាច​ប្រើ​វា​បាន​តែ​ពេល​ខ្លះ​ទេ​ដូច​ជា៖ អុច​ព្រៃ អុច​ទៀន អុច​ធូប...តែ​គេ​មិន​អាច​ប្រើ​វា​ជា​មួយ​ពាក្យ​ជា​ច្រើន​ដូចជា៖ អុច​ត្រី អុច​មាន់...
          ពាក្យ​ថាសំបើម” មានន័យថា​ ”ណាស់“ ឧទាហរណ៍ៈ​ធំ​សំបើមៈ ប្រែ​ថា​ធំ​ណាស់។ តែ​បើ ប្រើ​ចំពោះ​ភាព​ស្រស់​ស្អាត​វិញ សំបើម ប្រែ​ថា​សង្ហា,លយឆាយ, ហឺហា...
          ពាក្យ​ថា” ទេ​រ្អុយ? “ ពាក្យ​នេះ​មាន​ន័យ” មែន​ទេ?,មែន​ឬ​ទេ,មែន​ឬ​អត់?”
          ពាក្យ​ថាអាក្រក់​អាក្រៃ” ពាក្យ​នេះ​មាន​ន័យ​ថា ”អាក្រក់​ខ្លាំង​ណាស់"​
          ពាក្យ​ថាអា​យ៉ូស” មានន័យថា”អាយុ” ឧទាហរណ៍ៈ​​អាយ៉ូស​វែង,មាន​ន័យ​ថា​អាយុ​វែង។
          ពាក្យ​ថាម៉ែវ ឬ ម៉ៀវ” ពាក្យ​នេះ​មាន​ន័យ​ថា ”ឆ្មា”។
          ពាក្យ​ថាថឺ​អុយ?” ពាក្យ​នេះ​មាន​ន័យ​ថា” ធ្វើអ្វី?”
          ពាក្យ​ថា”រ៉ក់​ៗ” ពាក្យ​នេះ​មាន​ន័យ​ថា”ក្បែៗ​,​ជិតៗ។
          ពាក្យ​ថារ្អៀក” ពាក្យ​នេះ​មាន​ន័យ​ថា” ខ្ពើម​ណាស់, រអើម​ណាស់។
          ពាក្យ​ថាអាប៉ោង,អា​ង៉ា,អានាង” ពាក្យ​ទាំង​នេះ​មាន​ន័យ​ថា” អា​អូន,កូនប្រុស,ចៅប្រុស។
          ពាក្យ​ថា​ ខ្លឺក” មាន​ន័យ​ថា​ក្រញរ  <<​ឧទាហរណ៍ៈ ខ្លឺក​តែ​ឡូវ​នេះ​ហ៊ីយ! មាន​ន័យ​ថាៈ​ក្រញរ​តែ ឥឡូវ​ហ្នឹង>>
          ពាក្យ​ថា ”ថា​អុយ?” មាន​ន័យ​ថាៈ ថាម៉េច?