Wednesday, April 27, 2011

មានការ​​ផ្តាច់​​​ចរន្ត​អគ្គិសនី​​នៅ​ច្រកទ្វារ​​អន្តរជាតិ​​អូរស្មាច់ ​និង​ក្រុង​សំរោង

Admin
ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៨:៥៧
គេហទំព័រ​កោះសន្តិភាព

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​ភ្លើង​​អគ្គិសនី​​ដែល​ពលរដ្ឋ​​​កម្ពុជា​ប្រើ​ប្រាស់​​​​តាម​​ខ្សែ​បណ្តាញ​ ​​ត​មក​ពី​ប្រទេស​សៀម​​ចូល​ច្រកទ្វារ​អន្តរជាតិ​​អូរស្មាច់ ​​រហូត​ដល់​ក្រុង​​សំរោង​នោះ ត្រូវ​បានកាត់​ផ្តាច់​​​តាំង​ពី​វេលាម៉ោង​​ប្រមាណ​៦ល្ងាច​ថ្ងៃទី​​​២៦ មេសា ​២០១១ ​បន្ទាប់ពី​មានការបាញ់គ្នា​​​យ៉ាង​ក្តៅគគុក​នៅ​តំបន់​​​​ប្រាសាទ​​តាក្របី ​និង​តំបន់​​​ប្រា​សាទ​​​តាមាន់ធំ កាលពីរសៀល​ថ្ងៃទី​​២៦ មេសា ​នោះ​។ អ្នក​រស់នៅ​​ជាប់ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និងក្រុង​សំរោង​​​ដែល​ធ្លាប់តែ​​​ប្រើ​​ភ្លើង​អគ្គិ​សនី​​របស់សៀម​​ និង​ធ្លាប់តែ​មាន​ភ្លើង​​បំភ្លឺ​តាម​​លំនៅ​ឋាន​ និង​ទីក្រុង​​​ជា​រៀង​រាល់​ថ្ងៃ​នោះ ត្រូវ​បានងងឹត​​សូន្យ​សុង​...​​ចំណែក​​​ប្រជា​ពលរដ្ឋ​​ដែល​រស់នៅ​តំបន់​ ផ្សេងៗ​​ពោលគឺ​​នៅទី​ប្រជុំជន​​​ក្រៅ ពី​ក្រុង​សំរោង​ទៅ គេអត់បាន​​ប្រើប្រាស់​​ចរន្ត​អគ្គិ​សនី​​របស់​សៀម​​ទេ ដូច្នេះ​​​ភ្លើង​​នៅ​​មានបំភ្លឺ​​​​នៅ​ឡើយ ។​
តាមប្រភពព័ត៌​មាន​​​ផ្សេងៗ​បាន​ឱ្យ​ដឹង​ថា ការ​ដាច់​ចរន្តអគ្គិសនី​​​ដែលតខ្សែ​​បណ្តាញ​​ចេញ​មក​ពីប្រទេស​សៀម​​នេះ គឺ​​អាជ្ញាធរ​​​សៀម​ជា​អ្នក​​​ផ្តាច់​...​ប៉ុន្តែ​​ប្រភពខ្លះថា បណ្តាល​មកពីគ្រាប់​ផ្លោង​​នៃការ​បាញ់គ្នា​​រវាងទាហាន​​កម្ពុជា​ និង​សៀម​ ប៉ះ​ចំ​កាប៊ីន​ភ្លើង​ណា​មួយ​បណ្តាល​ឱ្យ​​ដាច់​ខ្សែ​​បណ្តាញ​​ ទើប​ចរន្ត​អគ្គិសនី​​ត្រូវ​បាន​រលត់​​​សូន្យ​សុង​​បែបនេះ ។​ ព័ត៌មាន​លម្អិត​​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ និង​នៅលើទំព័រ​កាសែត​កោះ​សន្តិភាព៕