Wednesday, August 15, 2012

ប្រាសាទតាមាន់ធំ និង តាក្របី ក្នុងសភាពស្ងប់ស្ងាត់

ដកស្រង់ពីគេហទំព័រ​ភ្នំពេញដេលី
Written by ភ្នំពេញដេលីញូវ   
Tuesday, 14 August 2012 02:45



កាលពីប៉ុន្មានឆ្នាំមុនការធ្វើដំណើរទៅកាន់ ប្រាសាទតាមាន់និងតាក្របីដែលជា ប្រាសាទបុរាណតាំងពីសតវត្សរ៍ទី ១១ មានការ លំបាកជាខ្លាំង ពិសេសនៅ រដូវវស្សា  ផ្លូវចូលទៅកាន់ប្រាសាទមានទឹកលិច ដីបែកភក់ និង រអិល តែមក ទល់ពេលនេះ លែងមានរូបភាពបែបនោះទៀតហើយ ដោយសារផ្លូវនោះត្រូវ បានកសាងយ៉ាងល្អ គឺមានទាំងផ្លូវក្រាលក្រួសក្រហម និង ចាក់បេតុងរលោង ។
      ភ្ញៀវទាំងឡាយអាចទៅទស្សនាប្រាសាទតាមាន់ធំជាមុន រួចទើបបន្តដំណើរទៅប្រាសាទតាក្របី ជាក្រោយ ឬ ទៅទស្សនាប្រាសាទតាក្របីមុនក៏បាន ព្រោះប្រាសាទទាំងពីរនេះស្ថិតនៅលើជួរភ្នំដងរែក ជាមួយគ្នា ចម្ងាយពីគ្នាត្រឹមតែ ១៣ គីឡូម៉ែត្រប៉ុណ្ណោះ ។
      ប្រាសាទតាមាន់ធំស្ថិតនៅក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន  ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមាន ជ័យ ចម្ងាយ ៨៥ គីឡូម៉ែត្រពីខេត្តឧត្តរមានជ័យ ។
      ផ្លូវទៅកាន់ប្រាសាតាមាន់ធំបានកសាងនៅឆ្នាំ ២០០៩ និង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពី ឆ្នាំ ២០១០ ដែលក្នុងនោះមានផ្លូវក្រាលក្រួសក្រហម ២៤ គីឡូម៉ែត្រ និង ផ្លូវបេតុងឡើងភ្នំប្រវែង ៥០០ ម៉ែត្រ ។
      ពេលធ្វើដំណើរដល់ជើងភ្នំភ្ញៀវនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំដងរែក ដែលក្រៅពី ដើមឈើមានមែកត្រឈឹងត្រឈៃពណ៌ខៀវស្រងាត់ គេ ក៏ចាប់អារម្មណ៍ផងដែរនឹងផ្កានៃដើមត្របែកព្រៃភ្នំមាន ពណ៌ស្វាយដ៏ច្រើនស្អេកស្កះ ។ ក្បែរគ្នានោះមានភ្នំ កំព្រា និង ភ្នំបេះដូង ដែលសម្បូរដោយផ្កាត្របែកព្រៃ រីកព្រោងព្រាតស្ទើរពេញព្រៃភ្នំ ។ រថយន្តភ្ញៀវដែលទៅដល់ជើងភ្នំត្រូវឈប់សំចតនៅទីនោះ រួចគេអាចបន្តដំណើរដោយថ្មើរជើង ឡើងភ្នំតាមផ្លូវបេតុងចម្ងាយកន្លះគីឡូម៉ែត្រដែលរាងខ្ពស់ និង ចោតខ្លាំងបន្តិចពេល ទៅជិតដល់ប្រាសាទ តែបើមានការហត់នឿយក្នុងការដើរគេអាចជិះម៉ូតូឌុបក៏បាន ដែលគិតទាំងការជូនឡើងភ្នំ និង ចុះភ្នំថ្លៃ ១០.០០០ រៀល ។
      នៅក្បែរផ្លូវឡើងទៅភ្នំតាមាន់ ខាងឆ្វេងដៃគេឃើញមានរោងលោកតា ព្រះភក្ត្រ ៨ សម្រាប់ឱ្យភ្ញៀវដែលមានជំនឿចូលធ្វើការបន់ស្រន់ទៅតាមបំណង របស់គេរៀងខ្លួន ។
      ពេលឡើងដល់លើភ្នំ គេនឹងបានឃើញប្រាសាទតាមាន់ធំបង្ហាញរូបរាងនៅ លើទីវាលស្រឡះធំទូលាយ ទំហំប្រមាណជាកន្លះហិកតារ ដោយមានជញ្ជាំង កំពែងថ្មព័ទ្ធជុំវិញ ។ គេត្រូវឡើងតាមជណ្តើរដ៏ចោតដែលសម្រាប់ចាស់ៗគាត់ ហាក់មានការពិបាកបន្តិច ដោយត្រូវប្រឹងប្រែងបញ្ចោញកម្លាំងតោងគ្នា ឬ វារឡើង ទើបបាន ។ នៅលើប្រាសាទនោះអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ គឺដោយបាន ឃើញកងទ័ពខ្មែរ និង ថៃម្ខាងៗមានគ្នា ៥ នាក់ នៅមើលការខុសត្រូវទីនោះ ប៉ុន្តែ ពុំឃើញមានកាន់អាវុធឡើយ ។ ប្រាសាទតាមាន់ធំមានក្បាច់ចម្លាក់តិចតួច និង មានការខូចខាតច្រើនបង្គួរ ដែលគេអាចសន្និដ្ឋានថាជាប្រាសាទបុរាណ កសាង តាំងពីសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័ន តែក៏មានអ្នកខ្លះគិតថាកសាង តាំងពីសតវត្សរ៍ទី ៩ ឬ ១០ ម៉្លេះ ។ អ្នកដែលបានទៅឃើញផ្ទាល់ភ្នែកពិតជាមានក្តី ស្រណោះចំពោះប្រាសាទបុរាណស្ថិតនៅលើភ្នំដងរែកនេះណាស់ ។
      តាមការឱ្យដឹងពីបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានកងទ័ពខ្មែររៀបរាប់ ប្រាប់ថា ជាងមួយឆ្នាំហើយនៅប្រាសាទតាមាន់មានសភាពស្ងប់ស្ងាត់ល្អ ជាហេតុ អំណោយផលដល់អ្នកដែលចង់ដឹងចង់ឃើញមកទស្សនាដល់ទីប្រាសាទផ្ទាល់ជា ហូរហែ ។ ភ្ញៀវភាគច្រើនដែលបានមកទស្សនាប្រាសាទគឺមានចម្រុះ ដោយខ្លះ មកជាលក្ខណៈក្រុមគ្រួសារក៏មាន ជាក្រុមចាស់ៗជួលរថយន្តមកទាំងរថយន្តៗក៏ មាន ជាក្រុមគណៈប្រតិភូក៏មាន... ។ ចំណែកខាងកងទ័ពទាំងសងខាងដែលនៅ មើលការពារប្រាសាទបុរាណនេះគឺម៉ោង ៩ ព្រឹក ទើបនាំគ្នាឡើងទៅកាន់ទីប្រា-សាទ និង ទាល់តែដល់ម៉ោង ៣ រសៀលនាំគ្នាចុះមកវិញ ។
      ឈ្មោះប្រាសាទតាមាន់ត្រូវបានគេយល់ថា គឺជាពាក្យក្លាយប៉ុណ្ណោះ ព្រោះ ពីដើមប្រាសាទនេះមានឈ្មោះថា“ប្រាសាទវេទមន្ត” តែដោយការហៅតគ្នា យូរលង់ទៅ ពាក្យវេទមន្តក៏បានក្លាយជាពាក្យតាមាន់វិញទៅ ។
      ភ្ញៀវដែលបានចូលទៅទស្សនាប្រាសាទតាមាន់គឺមានចូលទាំងពីរច្រក បើ ចូលពីខាងថៃត្រូវបានខាងទាហានថៃជាអ្នកជូនដើរមើល ហើយបើខាងខ្មែរគឺ កងទ័ពខ្មែរជូនដើរមើលដោយពុំមានបញ្ហាអ្វីឡើយ ។
      នៅពេលភ្ញៀវទស្សនាប្រាសាទតាមាន់រួចរាល់ គេក៏បន្តដំណើរទៅកាន់ ប្រាសាទតាក្របីទៀតដោយមិនមានការលំបាកដែរ ព្រោះផ្លូវធ្វើរួចរាល់ហើយ ដោយបានចាក់បេតុងឡើងរហូតដល់លើភ្នំក្បែរប្រាសាទតែម្តង ។ ចេញពីប្រា-សាទតាមាន់តាមរថយន្តមិនដល់កន្លះម៉ោងទេ គេនឹងបានទៅដល់ទីដៅដូចបំណង ដោយត្រូវជិះតាមផ្លូវជម្រាលឡើងភ្នំ ។
      តាមផ្លូវចូលទៅកាន់ប្រាសាទតាក្របី បើគេពិនិត្យមើលដើមឈើក្បែរនោះ នឹងបានឃើញស្លាកស្នាមគ្រាប់កាំភ្លើងបាញ្ញ់ត្រូវដើមឈើ ដែលដើមខ្លះរបកសម្បក,ខ្លះធ្លុះធ្លាយដើមបែកស្ញាញ, ខ្លះបាក់រលំដើមបន្សល់ទុកតាំងពីមានការប៉ះទង្គិច គ្នាកាលពីខែមេសា ឆ្នាំ ២០១១ មក ។ ពេលទៅជិតដល់ទីតាំងប្រាសាទតាក្របី គេក៏មិនអាចមើលឃើញតួប្រាសាទភ្លាមដែរ ព្រោះតែជុំវិញនោះសម្បូរដោយ ដើមឈើធំៗដុះជុំជិត លុះត្រាតែចូលទៅកៀកប្រមាណជា ១០ ទៅ ១៥ ម៉ែត្រពី ប្រាសាទទើបគេអាចមើលឃើញរូបរាងយ៉ាងច្បាស់គឺជាប្រាសាទទោល ។ រីឯ ថ្មប្រាសាទក៏ពុំមានក្បាច់ចម្លាក់អ្វីដែរ ជាហេតុអាចឱ្យគេសន្និដ្ឋានថាជាប្រាសាទ បុរាណមានវ័យចំណាស់កសាងតាំងពីសតវត្សរ៍ទី ១០ ឬ ១១ ម៉្លេះ ។ ភ្ញៀវដែល បានទៅដល់ប្រាសាទតាក្របីគ្រប់គ្នាមិនភ្លេចក្នុងការអុជធូបបន់ស្រន់ ឬ បួងសួង ទៅតាមអ្វីដែលគេចង់បាន និង ប៉ងប្រាថ្នានោះឡើយ ព្រោះតែប្រាសាទតាក្របី ជាប្រាសាទទោល គេដើរមើលតែមួយសន្ទុះក៏ចុះ និង វិលត្រឡប់មកវិញ ហើយ ក៏ដូចគ្នានឹងប្រាសាទតាមាន់ដែរ ភ្ញៀវដែលទៅទស្សនាប្រាសាទតាក្របីគឺមាន ទាំងខាងខ្មែរ និង ថៃ គ្រាន់តែភ្ញៀវចូលមើលពីខាងថៃត្រូវបានទាហានថៃជូន និង ភ្ញៀវខាងខ្មែរត្រូវបានកងទ័ពខ្មែរជូន ។ នៅប្រាសាទតាក្របីឃើញមានកង ទ័ពខ្មែរ ៣ នាក់ និង ថៃ ៣ នាក់នៅយាមការពារនៅទីនោះ ។
      ប្រាសាទតាក្របីឈ្មោះពិតតាមទស្សនៈខ្មែរខ្លះហៅថា ប្រាសាទព្រះតង្វាយ ។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរដូចគ្នាទៅនឹងប្រាសាទព្រះ-វិហារ ប្រាសាទតាមាន់ ដែរ ។
      ប្រាសាទតាមាន់ និង តាក្របីចាប់ផ្តើមល្បី និង ធ្វើឱ្យគេចង់ស្គាល់ក្រោយ ពីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពខ្មែរ និង ថៃ ដើម្បីគ្រប់គ្រងប្រាសាទ នេះ ។
      គេសង្កេតឃើញភ្ញៀវទៅទស្សនាច្រើនតែក្នុងពេលមានបុណ្យធំៗដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ...ជាដើម ព្រោះជាពេលគេមានឱកាសឈប់សម្រាក ពីការងារច្រើនថ្ងៃបានទៅដើរលេង ។ ក្រៅពីនោះក៏មានចាស់ៗដែលគាត់ចង់ ឃើញចង់ស្គាល់នាំគ្នាជួលរថយន្តទៅទាំងរថយន្តៗ ប៉ុន្តែត្រូវចាំថាបើបានទៅកុំ ភ្លេចត្រៀមអាហារសម្រាប់ហូបទៅជាមួយផង ព្រោះនៅទីនោះគ្មានហាងលក់ ដូរម្ហូបអាហារអ្វីទេ ៕