ទឹកចិត្តនិស្សិត
បទពាក្យ៤ (កាកគតិ)
ជាតិជានិស្សិត ទោះមានក្រពិត ត្រូវតែសង្វាត
តស៊ូពុះពារ រៀនគ្រប់ក្បួនខ្នាត ទន់ភ្លន់ចាស៎បាទ
នៅគ្រប់ទិសទី
។
កុំគិតរឿងផ្សេង ទាន់ខ្លួននៅក្មេង កុំគិតវគ់វី
តាំងខ្លួនជាសិស្ស គិតគ្រប់វិធី ឈាងជើងទៅទី
ដែលល្អប្រពៃ
។
ទោះខ្លួនក្រចុះ ឲ្យតែចិត្តស្មោះ នោះខ្លួនល្អក្រៃ
សាងកេរិ៍្តឈ្មោះយើង ឲ្យបានថ្លាថ្លៃ ទើបវាប្រពៃ
បានល្អគ្រប់គ្នា
។
កុំរាថយក្រោយ ហើយកុំបណ្ដោយ ឲ្យខាតវេលា
សង្វាតគ្រប់ពេល កុំចាញ់រុញរា ត្រូវខំពុះពារ
ទើបបានប្រសើរ
។
យើងដឹងហើយថា កូនជាតិខេមរា កូនត្រូវខំដើរ
រិះរកគំនិត គិតហើយចាំប្រើ ឲ្យបានប្រសើរ
ចម្រើនខ្លួនឯង
។
ឃើញកូនគេមាន ខ្ញុំត្រូវខំរៀន កុំឲ្យចាញ់គេ
គេមានៗចុះ កុំគិតវេចវេ នាំខាតចាញ់គេ
អាប់ដល់កេរិ៍្តឈ្មោះ។
តាំងខ្លួនក្លាហាន មិនត្រូវប្រមាណ ឲ្យបាត់បង់យស
ធ្វើរឿងល្អៗ កុំគិតសាបព្រោះ បង្ករជំលោះ
ដល់អ្នកដទៃ
។
រៀនឲ្យគ្រប់សព្វ កុំគិតបន្លប់ រៀនឲ្យឆ្លាតវៃ
ទោះខ្លួនអាក្រក់ តែចិត្តថ្លាថ្លៃ បង្កើតស្នាដៃ
ល្អក្នុងសង្គម
។
ខ្លួនមិនមានទេ ត្រូវខំរិះរេ រៀនឲ្យធំដុំ
សាងមង្គលខ្លួន ឲ្យសុខដុម ឲ្យបានជួបជុំ
ក្រុមគ្រួសារខ្លួន
។
កុំឲ្យឪម៉ែ ខាតបង់ព្រោះតែ កូនសម្លាញ់ស្ងួន
យើងធ្វើឲ្យបាន ឲ្យសាកសមសួន ត្រូវកសាងខ្លួន
ឲ្យមានតម្លៃ
។
បើបានល្អហើយ កូនកុំកន្តើយ តំឡើងឬកឆ្មៃ
គោរពរាប់អាន ញាតិជិតខាងនៃ ឲ្យបានប្រពៃ
នោះជាតិថ្កុំថ្កើង
៕
ស្ងាម ក្រឹម