Saturday, May 7, 2011

ភាពសោកសៅរបស់ប្រជាពលរដ្ឋនៅស្រុកបន្ទាយអំពិល

ដោយ ត្រា
 ចាប់ តាំង​ពី​មាន​ការ​ទាស់​ទែង​គ្នា​រវាង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​ថៃ​ដោយ​ សារ​តែ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក។តាំង​ពី​ព្រឹត្តិការ​នេះ​បាន​កើត​ឡើង​ប្រទេស​ថៃ​មាន​ទំនាស់​ជា​មួយ​ នឹង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃ។មិន​ត្រឹម​តែ​ជា​រឿង​ប្រាសាទ​ ព្រះវិហារ​ប៉ុណ្ណោះ​ទេ ថៃ​ដែល​ហៅ​ថា សៀម​នេះ​បាន​ប៉ុនប៉ង​លុក​លុយ​ទឹក​ដី​ខ្មែរ​តាម​ជួរ​ភ្នំ​ដង​រ៉ែក​នៅ​តំបន់​ ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តា​ក្របី​ដែល​សង់​នៅ​លើ​ភ្នំ​ដង​រ៉ែក។
តាំង តែ​ពី​ពេលនោះ​ហើយ​ដែល​តាម​ជួរ​ភ្នំ​ដង​រ៉ែក​តំបន់​ប្រាសាទ​តា​មាន់​និង​ ប្រាសាទ​តា​ក្របី​មាន​ភាព​រកាំរកូស​អូស​បន្លាយ​ពេល​យ៉ាង​យូរ​ធ្វើ​អោយ​ ប្រជាជន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ដេក​មិន​លក់​បក់​មិន​ល្ហើយ។ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១១​ មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​រៀង​ៗ​ខ្លួន​ ធ្វើ​អោយ​មាន​អ្នក​ស្លាប់​និង​រង​របួស​ទាំង​សង​ខាង​ជា​ច្រើន​នាក់​​។ រហូត​មក​ដល់​ពេល​នេះ ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១១ នៅ​តែ​បន្ត​ការ​ប្រយុទ្ធ​គ្នា​នៅ​ឡើយ​។ ចំពោះ​ប្រជាជន​នៅ​តំបន់​នេះ​ភិតភ័យ​​ជា​ខ្លាំង ហើយ​សម្រេច​ចិត្ត​ចាក​ចេញ​ចោល​ផ្ទះ​សំបែង​ទៅ​ស្នាក់​នៅ​ឃុំ​ក្បែរ​នោះ​ ដែល​ឆ្ងាយ​ពី​ឃុំ​គោកមន​បន្តិច ព្រោះ​នៅ​ក្នុង​ឃុំ​គោកមន​ត្រូវ​បាន កង​ទ័ព​សៀម​បាញ់​កាំភ្លើង​ធំ​ទម្លាក់​ជា​ច្រើន​គ្រាប់​ ធ្វើ​អោយ​ឆេះ​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ ហើយ​គាត់​បាន​នាំ​កូន​ចៅ​រត់​គេច​គ្រាប់​ផ្លោង​ទាំង​ទឹក​មុខ​ស្រពោន​ក្រៀម​ ក្រំ​លាយឡំ​និង​ទឹក​ភ្នែក​តិចៗ ទៅ​នៅ​តាម​ជុំរុំ​ជន​ភៀស​ខ្លួន​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​សម្រួល។ ប៉ុន្តែ​ដោយសារ​តែ​ពេល​វេលា​ប្រថុច​ញ៉ុច​និង​ភ័យ​ខ្លាច​ពេក​មាន​អ្នក​ខ្លះ​ អត់​បាន​ដាក់​ស្បៀង​អាហារ​ទៅ​ជា​មួយ​ទើប​មាន​ខ្លះត្រូវ​ខ្ខី​គេ​និង​ខ្លះ​ ទៀត​ចូល​រួម​ជា​មួយ​គេ​ម្ដង​ទៅ​ពីរ​ដង។ យ៉ាង​ណា​មិញ​ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ការ​ទៅ​រស់​នៅ​ស្រុក​គេ​ ក្នុង​ពេលវេលា​បែប​នេះ តើ​វា​មាន​ការ​លំបាក​ដូច​ម្ដេច​ខ្លះ​? ប្រជាពលរដ្ឋ ក្នុង​ពេល​នេះ​គាត់​មិន​ដឹង​ជា គិត​យ៉ាង​ណា​នោះ​ទេ​ ណា​មួយ​បារម្ភ​ពី​ប្ដី​ដែល​កំពុង​ប្រយុទ្ធ​គ្នា​ឮ​តែ​ស្នូរ​កាំភ្លើង​ធំ​ ធ្លាក់​មក​លើ​ភូមិ​ស្រុក​របស់​ខ្លួន ហើយ​ខ្លួន​ក៏​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ លុយ​កាក់​ក៏​មាន​បន្តិច​បន្តូច ជាប់​តាម​ខ្លួន ចំណែក​ឯ​ទឹក​ប្រើប្រាស់​ក៏​ខ្វះខាត​ទៀត​បញ្ហា​នេះ​គឺ​វា​រឹត​តែ​លំបាក​ចំពោះ ក្មេងៗ​ជំនាន់​ក្រោយ​ដែល​ពុំ​ដែល​ជួប​ប្រទះ​និង​សង្គ្រាម រត់​គេច​គ្រាប់​ផ្លោង ភាព​ស៊ូ​ទ្រាំ និង​ស្ថានភាព​ដ៏​លំបាកលំបិន​បែប​នេះ។ មួយ​វិញ​ទៀត​ការ​ព្រួយ​បារម្ភ​របស់​ដ៏​ធំ​នោះ​គឺ​ខ្លាច​តែ​គេ​ធ្វើ​អោយ​មាន​ ការ​កើត​ឡើង​នូវ​សង្គ្រាម​ដ៏​ធំ​ហើយ​ខែត្រ​ក៏​លិច​លង់​ធ្លាក់​ចូល​ទៅ​ក្នុង​ ភាព​អន្ធការ​ម្ដងទៀត ជីវិត​ប្រជាពលរដ្ឋ​ត្រូវ​និរាស​ព្រាត់​ប្រាស់​បង​ប្អូន​កូន​ចៅ​ប្រពន្ធ​ ប្ដី។ មួយ​ទៀត​ប្រសិន​បើ​ គាត់​មិន​បាន​មាន​ពេល​វេលា​ក្នុង​ការ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ដែល​ជា​ អាជីព​របស់​គាត់​ក្នុង​ឆ្នាំ​នេះ​ទេ​ នោះ នៅ​ឆ្នាំ​ក្រោយ​និង​មាន​ប្រជាជន​ជា​ច្រើន​ក្នុង​ស្រុក​បន្ទាយអំពិល​ទទួល​រង​ នូវ​គ្រោះ​អត់​ឃ្លាន​ជា​មិន​ខាន រី​ឯ​ខាង​វិស័យ​អប់រំ​វិញ បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​ពុំ​ទាន់​បាន​បើក​ទ្វា​ចូល​រៀន​នៅ​ឡើយ​ទេ​ ឥឡូវនេះ​ព្រោះ​ទាំង​គ្រួ​និង​សិស្ស​បាន​រត់​គេច​គ្រាប់​ផ្លោង​អស់ទៅ​ហើយ ធ្វើ​អោយ​គាត់​គិត អំពី​ការ​សិក្សា​របស់​កូន​ដែល​ត្រូវ​និង​ត្រៀម​ប្រលង​ឌីប្លូម និង បាក់ឌុប​ទៀត​ផង។ ដោយ ឃើញ​ថា​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ពិត​ជា​ទទួល​រង​នូវ​ទុក្ខ​សោក​សង្រេង​បែប​នេះ​ មែន​ក្រុម​ការ​ងារ​​កាក​បាត​ក្រហម​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវ ប៊ុន​រ៉ានី​ហ៊ុន បាន​ចុះ​ចែក​នូវ អំណោយ​ដ៏​ជ្រះ​ថ្លា គឺ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករ ៥០kg ត្រី ខ​១​កេស​ មី១កេស ក្រមា​១​ ក្រណាត់ និង មុង​ជ្រលក់​ថ្នាំ១។ ហើយ​ប្រជាជន​ទាំង​អស់​ទទួល​អំណោយ​ទាំង ទឹក​មុខ​ក្រៀម​ក្រំ​ព្រោះ​ការ​ប្រយុទ្ធ​គ្នា​រវាង​ភាគ​គី​ទាំង​សង្ខារពុំ​ ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ តែ​ទោះ​បី​ជា​យ៉ាង​ក៏​ដោយ ប្រជាពលរដ្ឋ​ទាំង​ក្នុង​ស្រុក​បន្ទាយ​អំពិល សូម​ថ្លែង​អំណរ​គុណ​ចំពោះ​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​រាជរដ្ឋាភិបាល។
ជា ចុង​ក្រោយ​ក៏​មាន​ប្រជាជន​ជា​ច្រើន​បាន​សំណូមពរ​អោយ​លោក​រាជរដ្ឋាភិបាល​ មេត្តា​ជួយ​រិះ​រក​មធ្យោបាយ​ដោះ​ស្រាយ​នូវ​បញ្ហា​នេះ​អោយ​បាន​ឆាប់​រហ័ស​និង ដាច់​ស្រេច​ផង​ព្រោះ​ខែត្រ​ឧត្ដរមានជ័យ​ប្រជាជន​បាន​ជួប​ទុក្ខ​សោកនាដកម្ម​ និង​វិប្បដិសារី យូរ​យារ​ណាស់​មក​ហើយ៕