យើងដឹងហើយថាប្រទេសកម្ពុជាយើងនេះក៏ដូចជាប្រទេសនៅលើសកលលោកទាំងមូលដែរគឺមានសម្បត្តិធម្មជាតិច្រើនណាស់ ដូចជាទឹកសម្រាប់អោយប្រជាជនយកទៅប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ព្រៃឈើសម្រាប់ជួយដល់ការសាងសង់សំណង់ផ្សេងៗដូចជា សាលារៀន ផ្ទះ វត្តអារាម ស្ពាន គ្រឿងសង្ហារឹមជាដើម។ ប៉ុន្តែយើងគួរកត់សម្គាល់ថានៅក្នុងសម្បត្តិធម្មជាតិនោះថាមានដើមឈើមួយប្រភេទដែលមានសារប្រយោជន៍គួរសមដែរ ដើមនោះគឺដើមត្នោត។ ជាការពិតណាស់ ដើមឈើមួយប្រភេទនេះគឺផ្ដល់ផល់ប្រយោជន៍ច្រើនណាស់ដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាជនមួយចំនួនធំដូចជាគេអាចយកស្លឹកវាមកធ្វើជាឧបករណ៍ប្រើប្រាស់ ដូចជាធ្វើមួក កញ្ចប់នំ ធ្វើជារបាំងសម្រាប់បាំងផ្ទះ និងធ្វើជាឧបករណ៍មានប្រយោជន៍ជាច្រើនផ្សេង ទៀត។ ចំនែកទឹកវាយើងអាចយកមកធ្វើជាទឹកត្នោតផ្អែម ជូ និងយកមកធ្វើជាស្ករជាដើម ប៉ុន្តែដើមវាវិញគឺអ្នកភូមិតែងតែយកទៅពុះច្រៀកធ្វើជាក្ដារបន្ទះសម្រាប់ក្រាលផ្ទះ និងសំណង់ផ្សេងៗច្រើនទៀត។ ចំនែកកម្ទេចកំទីដែលនៅសេសសល់ យើងឃើញថាដែលប្រជាជនភាគច្រើនតែងយកមកធ្វើជាអុសសម្រាប់ដុតចម្អិនអាហារនិងដុតកម្ដៅផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះដើមត្នោតនេះគេអាចដាំវាអោយការពារគ្រោះដែលបង្កពីធម្មជាតិដូចជា ការពារខ្យល់ព្យុះ និងការពារទឹកជំនន់បានខ្លះៗដែរ។ខាងលើនេះយើងសង្កេតឃើញថាដើមត្នោតគឺពិតជាមានសារៈប្រយោជន៍ច្រើនណាស់ដល់ប្រជាជន ក៏ដូចជាប្រទេសយើងទាំងមូលដែរ។ ដូចនេះយើងត្រូវនាំគ្នាថែរក្សាការពារសម្បត្តិធម្មជាតិក៏ដូចជាដើមត្នោតអោយបានគង់វង់ជារៀង រហូត ព្រោះដើមត្នោតក៏ជាដើមដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ប្រទេសកម្ពុជាផងដែរ៕ ដោយនិស្សិត ស្ងាម ក្រឹម