Friday, March 23, 2012

ចន្រ្ទា​អមតៈ

នាង​ស្លាប់​ទៅ​ហើយ​តែ​ព្រលឹង​នៅ  
ស្រែកដង្ហោយ​ហៅ​កូន​ខ្មែរ​ទាំងឡាយ
និស្សិត​បញ្ញវន្ត​ត្រូវ​ប្រយ័ត្ន​កាយ 
ស្រុង​យើង​ធ្លុះ​ធ្លាយ​គ្មាន​សន្តិសុខ។
នាង​ហោនចន្រ្ទា​ចោរ​បាញ់​ប្រហារ 
ពួក​យើង​ខ្លោចផ្សា​រួម​គ្នា​កាន់​ទុក្ខ
ស្តាយ​ណាស់​ឃាត​ករ​បាញ់​ពុំ​រើសមុខ​ 
ចាប់​ចោរ​ញាត់​គុក​ពុំ​សង្ឃឹម​ឡើយ។
សង្គម​ផ្លែ​ល្វា​ខ្មែរ​ស្លាប់​ដូច​សត្វ​ 
ដូច​ក្បូន​រសាត់​ពុំ​ឃើញ​កោះ​ត្រើយ
ចន្រ្ទា​ប្រឹង​រះ​រង​ទុក្ខ​ឥត​ស្បើយ 
មេឃ​ប្រែ​កន្តើយ​កម្ម​ឥត​ប្រណី។
ស្រណោះ​គោកមន​យប់​ខែ​ភ្លឺ​ថ្លា  
ចន្រ្ទា​ប្រាថ្នា​ជីវិត​មាន​ន័យ
ជួយ​ភូមិ​កំណើត​ឧត្តរមានជ័យ​ 
សមាគម​ក្មេង​ខ្ចី​ន័យ​អក្សរសាស្ត្រ។
ពួក​យើង​សែន​ខ្វល់​នឹក​នាង​ឥត​ល្ហែ 
នាង​ជា​កូន​ខ្មែរ​មាន​ឆន្ទៈ​ច្បាស់
សង្ឃឹម​ថា​នាង​ថ្លា​ដូច​ច័ន្ទ​រះ 
តែ​ខុស​ស្រឡះ​នាង​បែរ​ក្សិណក្ស័យ។
ចន្ទ្រា​អមតៈ​ឆ្លាក់​ក្នុង​ចិត្ត​ខ្ញុំ 
ឈ្មោះ​នាង​ឧត្តម​សមាគម​មាន​ជ័យ​
សូម​ព្រលឹង​នាង​ទៅ​កាន់​ភព​ថ្មី 
មាន​សុខ​សេរី​ដែន​ដី​មាតុភូមិ៕៚
…....................
សូម​ឧទ្ទិស​កម្រង​កំណាព្យ​នេះ​ជូន​ព្រលឹង​នាង​ហោន ចន្ទ្រា ដែល​បាន​ស្លាប់​ទៅ​យ៉ាង​ខ្លោច​ផ្សា​ក្នុង​អំពើ​ចោរកម្ម។ សូម​នាង​ទៅកាន់​សុគតិភព កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។
ពី​អ្នក​និពន្ធ ហេង​ ថាល់​សាវុធ