Saturday, January 8, 2011

របាយការណ៍ប្រចាំឆ្នាំ២០១០

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០

. ដើម​កំណើត​នៃ​សមាគម
ក្នុង​កំឡុង​ឆ្នាំ​១៩៦០ អ្នក​ឧត្តរមានជ័យ​ ដែល​បាន​មក​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ​ បាន​បង្កើត​ សមាគម​មួយ​ឈ្មោះ​ថា​ សមាគម​អ្នក​ឧត្តរមានជ័យ​ សម្រាប់​ផ្ដល់​កន្លែង ឲ្យ​និស្សិត​បាន​ស្នាក់​នៅ​​បន្ត​ការសិក្សា​ តែ​ក្រោយ​មក​ដោយសារ​តែ​ប្រទេស​វឹកវរ​នឹង​សង្គ្រាម​ សមាគម​អ្នក​ឧត្តរមានជ័យ​ក៏​បាន​បាត់​ឈ្មោះ​ទៅវិញ​។ ទោះបី​ជា​សមាគម​នេះ​ បាត់​ទៅ​ហើយ​ក្តី​ ក៏​ចាស់ៗ​នៅ​តែ​ផ្ដល់​គំនិត​ ដើម្បី​ធើ្វ​យ៉ាង​ណា​ឲ្យ​អ្នក​ឧត្តរមានជ័យ ចេះ​ជួយ​គ្នា សាមគ្គី​គ្នា​តទៅ​ទៀត​។​ បន្ទាប់​មក​ក្រុម​ និស្សិត​អ្នក​ឧត្តរមានជ័យ បាន​មក​បន្ត​ការ​សិក្សា​នៅ​ឧត្ដម​សិក្សា​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ជួប​ការ លំបាក​ ក្នុង​ការ​ស្នាក់​នៅ ​ហូបចុក​ ហើយ​និង​ការ​សិក្សា​របស់​សិស្ស​និស្សិត​មក​ពី​ឧត្តរមានជ័យ នូវ​មាន​កម្រិត​ ព្រម​ទាំង​ស្រលាញ់​ស្រុក​កំណើត​ ហើយ​ថែម​ទាំង​ចង់​ជួយ​ស្រុក​ផង​នោះ ទើប​ធ្វើ ឲ្យ​មាន​ការ​ជួប​ជុំ​របស់​និស្សិត​ដែល​កំពុង​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​។ ទន្ទឹម​នឹង​នោះ​ផង​ដែរ ​ក៏​មាន​កត្តា​ជំរុញ​មួយ​ទៀត​យ៉ាង​ខ្លាំង​ផង​ដែរ​ ក៏​ព្រោះ​តែ​ចាស់​ជំនាន់​មុន​ តែងតែ​និយាយ​ថា ពី​ជី​ដូន​ជីតា​មក​ពួក​គាត់​តែង​តែ ជួយ​គ្នា និង​សាមគ្គី​គ្នា​ជា​ខ្លាំង​នៅ​ក្នុង​ភូមិ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ពួក​គាត់​ជួប​ប្រទះ​។ ហើយ​និស្សិត​ទាំង​អស់​បាន​បង្កើត​ចេញ​ជា​រូបរាង​សមាគម​និស្សិត​ឧត្តរមានជ័យ​នេះ ក្នុង​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦ ​បន្ទាប់​ពី​បាន​ ប្រមូល​ផ្ដុំ​និស្សិត​ជួប​ប្រជុំ​ជា​ច្រើន​លើក​ច្រើន​សា​តាំង​ពី​ចុង​ខែ​មីនា​ និង​ទទួល​បាន​លិខិត​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​នា​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ដែល​ដឹក​នាំ​ដោយ​ ក្រុម​និស្សិត​មក​ពី​ខេត្ត​ឧត្តរមានជ័យ ​កំពុង​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា។
.​គោលបំណង​ និង​ទិសដៅ
សមាគម​និស្សិត​ឧត្តរមានជ័យ មាន​គោល​បំណង​ចូលរួម​ចំណែក​អភិវឌ្ឍន៍ វិស័យ​អប់រំ សង្គម​កិច្ច សុខភាព​ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ផង​ដែរ​។ ដើម្បី​ឆ្ពោះ​ទៅ​គោល​
បំណង​ខាង​លើ ​សមាគម​មាន​ទិសដៅ​ដូច​ចែង​ខាង​ក្រោម៖
. ផ្តល់​ការ​ឧបត្ថម្ភ​ សិស្ស​និស្សិត​ ដែល​មាន​កំណើត​នៅ​ឧត្តរមានជ័យ ឲ្យ​មាន​លទ្ធភាព
បន្ត​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់
. ផ្ដល់​ការ​គាំទ្រ​ផ្នែក​សុខភាព​ដល់​ប្រជាពលរដ្ឋ
. ឧបត្ថម្ភ​ និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សមស្រប​តាម​សមត្ថភាព តាម​សេចក្ដី​
ត្រូវការ​, ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស កសិកម្ម​ កសិឧស្សាហកម្ម ​សិប្បកម្ម​ និង​
ជួយ​ស្វែង​រក​ទីផ្សារ
ទស្សនវិស័យ
ចូល​រួម​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​តាម​មូលដ្ឋាន និង​ជួយ​ជំរុញ​សិស្ស​និស្សិត​ឲ្យ​ឈាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម ដែល​ជា​ធនធាន​មនុស្ស​ប្រកប​ដោយ​ចំណេះដឹង សីលធម៌ ស្មោះត្រង់និងទំនួល​ខុស​ត្រូវ ​ដើម្បី​រួម​ចំណែក​ក្នុង​អភិវឌ្ឍ​ខេត្ត​ ក៏​ដូច​ជា​ប្រទេស​ជាតិ​ផង​ដែរ។
បេសកកម្ម
ផ្ដល់​​នូវ​ការ​ជួយ​ឧបត្ថម្ភ​ដល់​និស្សិត​ដែល​មក​ពី​ខេត្ត​ឧត្តរមានជ័យ និង​ការ​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​ដល់​​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូលដ្ឋាន​សម​ស្រប​តាម​សមត្ថភាព​ តាម​សេចក្ដី​ត្រូវ​ការ និង​ឲ្យ​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការអប់រំ

. សកម្មភាព

នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១០​ -២០១១ សមាគម​និស្សិត​ឧត្តរមានជ័យ​មាន​និស្សិត​ស្នាក់​នៅ​ អន្តេវាសិកដ្ឋាន ចំនួន ១៨ នាក់ ស្រី​២​នាក់ ដើម្បី​បន្ត​ការ​សិក្សា​ក្នុង​ជំនាញ​ផ្សេងៗ​ពី​គ្នា​ តាម​សាកល​វិទ្យាល័យ​​នានា​ក្នុង​ក្រុង​ភ្នំពេញ ប៉ុន្តែ​មាន​និស្សិត​ចំនួន​៦​នាក់​បាន​ទៅ​រស់​នៅ​ខាង​ក្រៅ​ ដោយ សារ​ពួក​គេ​មាន​លទ្ធភាព​ក្នុង​ការ​ជួល​ផ្ទះ​ ព្រម​ទាំង​ទុក​ឱកាស​សម្រាប់​ប្អូន​ជំនាន់​ក្រោយ​មក​បន្ត​ការ​សិក្សា​ដូច​ពួក​គាត់​ដែរ​ ​និង​ម្នាក់​ទៀត​គឺ​កញ្ញា​ ហ៊ុន លីណា បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ មូលនិធិ​ហាប់ស៊្វែល (Harpswell Foundation)។​​ សរុប​ចំនួន​និស្សិត​ដែល​បាន​មក​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​សមាគម​មាន​ចំនួន​៤១​នាក់ ស្រី​៧​នាក់​ រួម​បញ្ចូល​ទាំង​និស្សិត​ឆ្នាំ​ថ្មី​ផង​។
សមាគម​និស្សិត​ឧត្តរមានជ័យ​មាន​អន្តេវាសិកដ្ឋាន​ចំនួន​២ អន្តេវាសិកដ្ឋាន​របស់​សមាគមទី​១​ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ឈ្មោះ​ថា​ “ផ្ទះ​និស្សិត​ឧត្តរមានជ័យ​”។ អាសយដ្ឋាន ផ្ទះ​លេខ​ ៤០ អា ​ផ្លូវ​ ១៣៨ សង្កាត់​ផ្សារ​ដេប៉ូ​ II ខណ្ឌ​ទួល​គោក​ (មាន​និស្សិត​រស់​នៅ​ចំនួន​ ១២​នាក់​ ស្រី​១​នាក់​ ប្រុស​១១​នាក់​) និង​ស្ថិត​នៅ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ការ​ជួល​ផ្ទះ​ពី​លោក​អ៊ំ​ លោក​ពូ​ អ្នក​មីង​ អ្នក​ឧត្តរមានជ័យ​នៅ​ប្រទេស​បារាំង​។ អន្តេវាសិកដ្ឋាន​ទី​២​ ស្ថិត​នៅ​ផ្ទះ​លេខ​៥៥៣ ផ្លូវ​៨៣​P​ (ផ្លូវ​លំ​ ៥០​ខ្នង​ទី​II​) ភូមិ​ប៉ាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។ លោក​បង​ ខូ តារា​ឫទ្ធិ​ ជា​ម្ចាស់​ផ្ទះ​ បាន​អនុញ្ញតិ​ឲ្យ​និស្សិត​ស្នាក់ នៅ​ដោយ​មិន​ចាំ​បាច់​បង់​ថ្លៃ​ផ្ទះ​។ បច្ចុប្បន្ន​មាន​និស្សិត​មក​ពី​ឧត្តរមានជ័យរស់​នៅ​ ចំនួន​៥​នាក់​ ស្រី ប្រុស​៤​នាក់​។
ទន្ទឹម​នឹង​នោះ​ផង​ដែរ​ សម្រាប់​ឆ្នាំ​សិក្សា​២០១០​-​២០១១​ សមាគម​ និស្សិត​ឧត្តរមានជ័យ​បាន​ទទួល​និស្សិត​ឲ្យ​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​ទាំង​ពីរ​ មាន​ចំនួន​៦​នាក់​ ស្រី​១​នាក់​ ​ប្រុស​០៥​នាក់​បន្ថែម​ទៀត​ ដែល​មាន​ដូច​ជា​៖
  • ផាត សិលា និស្សិត​ឆ្នាំ​ទី​នៃ​សាកលវិទ្យាល័យ​វេសស្ទើន​ ជំនាញ​សេដ្ឋកិច្ច​ និង​និស្សិត​បង់​ថ្លៃ​។
  • ឆិម សុផា និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​នីតិសាស្ត្រ​និង​សេដ្ឋកិច្ច ជំនាញ​គណនេយ្យ និង​ជា​និស្សិត​អាហារូបករណ៍ ១០០ ភាគ​រយ​របស់​សម្ដេច​ ហ៊ុន ​សែន​។
  • យឿង រតនា (ស្រី) និស្សិត​ឆ្នាំ​ទី​១ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ ជំនាញ​វិស្វករ​អគ្គិសនី​ និង ជា​និស្សិត​អាហារូបករណ៍​។
  • ជិម ជីវ៉ា និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​គណិតវិទ្យា​វិទ្យា និង​ជា​និស្សិត​ថ្នាក់​បង់​ថ្លៃ​។
  • ឡាន ចំណាន និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​ និង​ជា​និស្សិត​ថ្នាក់​បង់​ថ្លៃ​។
  • ភួន សុភាន់ និស្សិត​ឆ្នាំ​ទី​១​ នៃ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ ជំនាញ​គណនេយ្យ​ និង​ជា​ និស្សិត​បង់​ថ្លៃ​។

. ខែ​មករា​ ឆ្នាំ​២០១០​ សមាគម​និស្សិត​ឧត្តរមានជ័យ​បាន​រៀប​ចំ​រចនាសម្ព័ន្ធ​សមាគម​ និង រំលឹក​ វិន័យ​គោលការណ៍​នានា​របស់​សមាគម​សារ​ជា​ថ្មី​ដល់​និស្សិត​ទាំង​ថ្មី​និង​ចាស់​ ក្រោម​ការ​ដឹក​នាំ​របស់​ លោក​ប្រធាន​ ស្មឿន ណារ៉េន​។ និង​ដាក់​ផែនការ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១០​ ដល់​សមាជិក​ សមាជិកា សិស្ស​និស្សិត​ទាំង​អស់​ក្នុង​អន្តេវាសិកដ្ឋាន​។
. ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ​និស្សិត​ទាំង​អស់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​ ទាំង​អស់​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រៀប​ចំ​ កម្ម​​វិធី ញ៉ាំ​អាហារ​ឆ្ងាញ់​ ដែល​ឧបត្ថម្ភ​ដោយ​ លោក គង់ ធឿយ និង​ក្រុម​គ្រួសារ​នៅ​ក្នុង​អន្ត​អន្តេវាសិកដ្ឋាន​ទី​២​របស់​សមាគម​ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ជា​មួយ​គ្នា​ហើយ​ លោក​គង់​ ធឿយ ដែល​លោក​អញ្ជើញ​មក​ពី​សហរដ្ឋអាមេរិក​ បាន​ផ្ដល់​ដំបូន្មាន​ និង​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​រៀន​សូត្រ ​និង​អំពី​ជីវិត​ក្នុង​សង្គម​ដល់​និស្សិត​ទាំង​អស់​ក្នុង​អន្តេវាសិកដ្ឋាន​។

. ចុង​ខែ​ កុម្ភៈ ប្រធាន​សមាគម​និស្សិត​ឧត្តរមានជ័យ​ សុំ​លា​លែង​ពី​ដំណែង​ ដោយ​លោក​មមាញឹក​និង​ការសិក្សា​ មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​និស្សិត ការងារ​ផ្សេងៗ​ដែល​សមាគម​ដំណើរការ ហើយ​ទន្ទឹម​មាន​ការ​ប្រកាស​លាលែង​ពី​ដំណែង ក្រុមប្រឹក្សាភិបាល​សមាគម​បាន​ជ្រើសរើស​ប្រធាន​ថ្មី​ ​ដើម្បី​បន្ត​ការ​ដឹក​នាំ​ជា​មន្ត​ទៅ​ទៀត​ដោយ​ធ្វើ​ការ​បោះឆ្នោត​។​ ក្រោយ​ពី​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ ថ្នាក់​ដឹកនាំ​សម្រាប់​សមាគម​និស្សិត​ឧត្តរមានជ័យ លោក សាន វុឌ្ឍី បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី និង​បាន​ប្រគល់​ការងារ​ជូន​តាំង​ពី​ពេល​នោះ​មក។
. ដើម​ខែ​មីនា​ ឆ្នាំ​២០១០​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​សមាគម​និស្សិត​ឧត្តរមានជ័យ​មាន​ បើក​អង្គ​ប្រជុំ​ស្ដី​ពី​ផែនការ​បន្តបន្ទាប់​ពី​លោក​បាន​ទទួល​តំណែង​ និង ប្រជុំ​បែងចែក​ការងារ​ ដែល​ត្រូវ​ធ្វើ​សម្រាប់​ខែ​មេសា​ ​តាំង​ពេល​ការងារ​ដំបូង​រហូត​ដល់​ពេល​ប្រារព្ធ​កម្មវិធី​ត្រូវ​បញ្ចប់​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ប្រធាន​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​និស្សិត​ទាំងអស់​ក្នុង​អន្តេវាសិកដ្ឋាន​នូវ​ការ​ប្រតិបត្តិ​វិន័យ​ដែល​មាន​ស្រាប់​មក​នោះ​ជា​ការ​រំលឹក​ដាស់តឿន​។
សមាគម​និស្សិត​ឧត្តរមានជ័យ​បាន​រៀប​ចំ​បោះពុម្ព​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​
ចំណាប់អារម្មណ៍​របស់​និស្សិត​ដែល​បាន​មក​បន្ត​ការ​សិក្សា​ក្នុង​ទីក្រុង​ភ្នំពេញ​” សម្រាប់​យក​ទៅ​ចែក​ជូន​​​​​​​​​​​​​សិស្ស​ប្អូន​ក្នុង​ពេល​ប្រារព្ធ​កម្មវិធី​ ខែ​មេសា​។

. ថ្ងៃ​ទី​១០​ ខែ​មេសា​ សមាគម​ប្រារព្ធ​កម្មវិធី​ រួម​គ្នា​អភិវឌ្ឍន៍​ឧត្តរមានជ័យ​ ក្នុង​ភូមិ​គោក​ស្វាយ​ ឃុំ​គោកមន​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​អ្នក​ចូលរួម​ចំនួន​​១២០​នាក់​ ក្នុង​នោះ​មាន​ និស្សិត ឪពុក​ម្ដាយ​និស្សិត​ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ​ក្នុង​វិស័យ​អប់រំ ​និង​ព្រះសង្ឃ​ ព្រមទាំង​លោក​ស្រី​អភិបាល​រង​ស្រុក​ ស្លោម គឹមឡន ជា​គណៈអធិបតី​។ កម្មវិធី រួម គ្នា​អភិវឌ្ឍន៍​ឧត្តរមានជ័យ​ នេះ មាន​គោល​បំណង​ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ឲ្យ​កាន់​តែ​មាន​ភាព​ទូលំទូលាយ ហើយ​អាច​ប្រកួត​ប្រជែង​ទីផ្សារ​ការ​ងារ​នា​ពេល​បច្ចុប្បន្ន​និង​អនាគត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។ លោក​ប្រធាន​សមាគម​មាន​ប្រសាសន៍​ ក្នុង​កម្មវិធីដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​បាន មាន​តែ​ការចូល​រួម​ ពី​យើង​ទាំង​អស់​គ្នា​ជា​កត្តា​សំខាន់​ មាន​ដូច​ខាងក្រោម​៖
  • ជំរុញ​សិស្ស​និស្សិត​ឲ្យ​បាន​បន្ត​ការ​សិក្សា​នៅ​ឧត្ដម​ បន្ទាប់​ពី​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយ​ភូមិ កុំ​ឲ្យ​បោះបង់​ការ​សិក្សា​ ត្រូវ​គិត​ថា​ការ​សិក្សា​ជា​ការ​សំខាន់​សម្រាប់​ជីវិត​ និង​ជីវភាពនៅ​ពេលអនាគត​។ ការ​សិក្សា​នៅ​ឧត្ដម​សិក្សា​ ជា​ការ​បើក​ទំព័រ​ជីវិត​ថ្មី​មួយ​ដែល​យើង​ម្នាក់​ៗ​​ពុំ​សូវ​បានឃើញ​និង​ជួប​ប្រទះ​ពី​មុន​មក​ កាល​ណា​យើង​មាន​ជំនាញ​ពិត​ប្រាកដ​ យើង​នឹង​មាន​អ្វីៗ​ដែល​បាន​​បង​​ប្រាថ្នា​។
  • សិស្ស​និស្សិត​ខ្លួនឯង​ផ្ទាល់​ត្រូវ​ស្វះស្វែង​រក​បទពិសោធន៍​សិក្សា​នៅ​មធ្យមសិក្សា​ ក៏​ដូច​ជា​នៅ​ឧត្ដម​សិក្សា​ផង​ដែរ​។ ​​​ក្នុង​កន្លែង​នេះ​ខ្ញុំ​បាន​មើល​ឃើញ​ថា​ ការ​សិក្សា​នៅ​ទី​ក្រុង​មាន​ការ​ខុស​ប្លែក​ ពី​នៅ​ការ​សិក្សា​នៅ​ក្នុង​ខេត្ត​យើង​ អ្នក​ទីក្រុង​ចូលចិត្ត​អាន​សៀវភៅ​ មាន​តែ​សៀវភៅ​ទេ​ ដែល​ជា​មិត្ត​ដ៏​ល្អ​មិន​នាំ​ទៅ​រក​ផ្លូវ​អាក្រក់​ ការ​អាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​សិក្សា​ឧត្ដម​សិក្សា​ និង​បង្កើត​ក្រុម​ស្វ័យ​សិក្សា​ យើង​ម្នាក់ៗ​មិន​ត្រូវ​បន្ទោស​ថា​
គ្រូបង្រៀន​មិន​កើត​ តែ​តើ​យើង​បាន​សួរ​ខ្លួន​យើង​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ​ឬ​នៅ​?
  • និង​ចុង​ក្រោយ​ជា​ការ​ចូលរួម​ជំរុញ​ពី​ឪពុក​ម្តាយ​ និង​​ សហគមន៍​ផ្ទាល់​ដែល​ជា​អ្នក​បណ្ដុះ​ទំពាំង​ល្អ​ដែល​អាច​ស្នង​ឫស្សី​បាន​ទៅ​ថ្ងៃ​អនាគត​។
លោកស្រី​អភិបាលរងស្រុក​ មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​ឃើញ​អតីត​ជា​សិស្ស​របស់​ គាត់​មាន​វត្តមាន​មក​ចូលរួម​ក្នុង​កម្ម​វិធី​ហើយ​ជា​ការ​សមាជិក​សកម្ម​របស់​សមាគម​ផង​ដែរ​ លើស​ពី​នោះ​ទៅ​ទៀត​បាន​មក​ចូលរួម​ជំរុញ​សិស្ស​ប្អូន​ឲ្យ​មាន​ឱកាស​បន្ត​ការ​សិក្សា​។ ចំ​ណែក​ ឯ​មន្ត្រី​ខាង​ផ្នែក​អប់រំ​ក្នុង​តំបន់​ លោក​បាន​ស្វាគមន៍​ដែល​មាន​សមាគម​និស្សិត​បាន​មក​ធ្វើ​បទ​ បង្ហាញ​សម្រាប់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ផង​ដែរ​។

. ថ្ងៃ​ទី​៣០ ខែ​ឧសភា​ លោក​សាស្ត្រាចារ្យ​ ហេង ស្រ៊ាង នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ត​ ធ្វើ​បទ​ បង្ហាញ​ពី​ សហគ្រិន​នយោបាយ​នៅ​កម្ពុជា​ ដែល​ជា​អត្ថបទ​ស្រាវជ្រាវ​របស់​លោក​ ដល់​និស្សិត​ក្នុង​សមាគម បាន​ជា​ព័ត៌មាន​ក្នុង​សិក្សា​ និង សាមគ្គី​ភាព​ក្នុង​ការ​ប្រតិបត្តិ​ការងារ​ក្នុង​សមាគម​។

. ថ្ងៃ​ទី​ ២៧ ខែ​មិថុនា​ អ្នកស្រី Allyson Hoston អ្នក​និពន្ធ​ជនជាតិ​អូស្ត្រាលី​ ធ្វើ​បទ​បង្ហាញ​អំពី​ ការ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ និង​ការ​និពន្ធ​អត្ថបទ​ ដោយ​សមាគម​និស្សិត​ឧត្តរមានជ័យ​ទើប​ និង​ចេញ​សេចក្ដី​ប្រកាស​ដល់​និស្សិត​ឲ្យ​និពន្ធ​អត្ថបទ​ក្នុង​មួយ​ខែ​ ជា​រៀងរាល់​ខែ​។
នៅ​ដើម​ខែ​មិថុនា​ លោក​​ប្រធាន សាន វុឌ្ឍី សុំ​លាលែង​ពី​ដំណែង​ ដោយ​លោក​រវល់​និង​ការ​ សិក្សា​ហើយ​ លោក​បាន​ទៅ​ស្នាក់​ក្នុង​អន្តេវាសិកដ្ឋាន​របស់​សាលា​ ដើម្បី​ធ្វើ​ការងារ​ជា​ជំនួយ​ការ​គ្រូ​បង្រៀន​ក្នុង​សាលា​។ ក្រុមប្រឹក្សាភិបាល​កោះ​អញ្ជើញ​ សមាជិក​សមាជិកា​ប្រជុំ​ រក​អ្នក​ស្ម័គ្រចិត្តដឹក​នាំសមាគម​បន្ត​ទៀត​ តែ​ដោយ​សារ​គ្មាន​និង​មិន​មាន​អ្នក​ឈរ​ឈ្មោះ​បោះឆ្នោតលោក​ខូ​ តារាឫទ្ធិ​ ជា​អ្នក​ដឹក​នាំ​អង្គប្រជុំ​ បាន​ជ្រើសរើស​តែង​តាំង​ លោក​អ៊ិន​ សូ​ដា​ ដែល​ជា​អតីត​ប្រធាន​ ដឹក​នាំ​សមាគម​និស្សិត​ឧត្តរមានជ័យ​តាំង​ពី​មាន​រចនាសម្ព័ន្ធ​ ធ្វើ​ការ​ដឹក​នាំ​រហូត​ដល់​ឆ្នាំ​២០១២​។
.នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ ឆ្នាំ​២០១០​ លោក John Hogan ជា​នាយក​សាលា​ញ៉ូវតុន​ធីឡាយ​ និង វិទ្យាស្ថាន​ពិភព​ថ្មី​ មក​ចែក​រំលែក​នូវ​ បទ​ពិសោធន៍​ការងារ​ដែល​ធ្លាប់​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​របស់​លោកផ្ទាល់​។ លោក​សង្កត់​ធ្ងន់​ លើ​ការ​ទទួល​ខុស​ត្រូវ​ ធ្វើ​ការ​អ្វី​មួយ​មិន​ត្រូវ​គិត​ថា​ តូច ឬ​ធំ​ទេ​ សំខាន់​គឺ​ធ្វើ​កិច្ចការ​នោះ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង​ និង​អ្នក​ដ៏​ទៃ​ទទួល​យក​បាន​។
ចំណែក​ កញ្ញា​ ភឿង​ សុភ័ក្រ្ត​ ជា​អ្នក​ស្មូត​កំណាព្យ​ ដើម្បី​ឲ្យ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ កាន់​តែ​មាន​ការ​យកចិត្ត​ទុក​ដាក់​ទៀត​ កញ្ញា​បាន​បង្ហាញ​ពី​ការ​សូត្រ​កំណាព្យ​ចំនួន​បទ​ សម្រាប់​ កំដរ​បរិយាកាស​នេះ​ផង​ដែរ​។ ក្នុង​ខែ​នេះ​ផង​ដែរ​ យើង​បាន​ទទួល​អ្នក​ស្រី​កែវ​ ចាន់បូរណ៍ ​ និង​លោក​ហង្ស​ ផល្លា​ ជា​អ្នក​និពន្ធ​មក​ពិសា​អាហារ​ជា​មួយ​នឹង​និស្សិត​ក្នុង​សមាគម​ដើម្បី​ជា​ការ​ស្គាល់​គ្នា​។

. ថ្ងៃ​ទី​៣១​ ខែ​កក្តដា​ បង​ស្រី​ ចាន់ សំណាង​ជា​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​ នៃ​សាកលវិទ្យាល័យ​វេសស្ទើន និង​បម្រើ​ការងារ​នៅ​អង្គការ​សហការណ៍​ បាន​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​និយាយ​ភាសា​អង់គ្លេស ដោយ​ក្នុង​នោះ​បងស្រី​បាន​អនុញ្ញាត​ឲ្យ​និស្សិត​ក្នុង​អន្តេវាសិកដ្ឋាន​និយាយ​ម្ដង​ម្នាក់​ និង​ផ្ដល់​ឱវាទ​មួយ​ចំនួន​ទាក់ទង​ក្នុង​ការ​និយាយ​ដើម្បី​ជៀសវាង​កំហុស​មួយ​ចំនួន​។

. ថ្ងៃ​ទី​ ៧​ខែ​សីហា​ លោក​ពិសិដ្ឋ​ ជា​ជំនួញ​ការ​នៅ​ប្រទេស​បារាំង​ចែក​រំលែក​បទពិសោធន៍​ ពី​ការធ្វើ​ជំនួញដល់​និស្សិត​ក្នុង​អន្តេវាសិកដ្ឋាន​។ និយាយ​ពី​បែបបទ​នៃ​ការ​ធ្វើ​ជំនួយ​ ក្នុង​ការ​រៀប​ចំ​ទុក​ ជា​មុន​របស់​ប្រទេសជាតិ​មួយៗ​មុន​និង​ផែន​ការ​នោះ​មក​ដល់​។

១០. ថ្ងៃ​ទី​៥​ខែ​កញ្ញា​ លោក​ម៉េង​ អេដែត ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ អាយ អាយ ស៊ី បាន បណ្ដុះបណ្ដាល​និស្សិត​ក្នុង​អន្តេវាសិកដ្ឋាន​ រយៈ​ពេល​៨​ម៉ោង​ ទាក់ទង​នឹង​ Mindset​Mindset នេះ​មាន​ច្រើន​វគ្គ​ផង​ដែរ​ តែ​លោក​សូម​លោក​តែ​វគ្គ​ទី​១​ មក​បង្ហាញ​ដោយ​ យើង​មាន​រយៈ​ពេល​ខ្លី​ ដែល​វគ្គ​នេះ​ និយាយ​អំពី​ ការ​រៀប​ចំ​ចិត្ត​គំនិត​បែប​ណា​ដើម្បី​ទទួល​បាន​ជោគជ័យ​ ក្នុង​សិក្សា​រយៈ ៨​ម៉ោង​នេះ​បាន​ធ្វើ​ឲ្យ​និស្សិត​យើង​បាន​បង្ហាញ​ បញ្ចេញ​នូវ​គំនិត​គោល​បំណង​មួយ​ចំនួន​ ដើម្បី​យក​មក​វិភាគ​ក្នុង​វគ្គ​នេះ​។ ក្រោយ​ពី​បណ្ដុះបណ្ដាល​វគ្គ​នេះ​ មាន​និស្សិត​មួយ​ចំនួន​បាន​​ផ្លាស់​ប្ដូរ​ការ​គិត​ និង​ការ​រៀប​ចំ​ខ្លួន​។
១១. ក្នុង​ខែ​តុលា​ មាន​និស្សិត​មួយ​ចំនួន​ធំ​បាន​ទៅ​ស្រុក​កំណើត​ ដើម្បី​ជួបជុំ​បងប្អូន​ក្នុង​បុណ្យ​ កាន់បិណ្ឌ ឬ​ភ្ជុំបិណ្ឌ​។ ពេល​សម្រាក​មែន​ពិត​ និស្សិត​យើង​ដែរ​ទៅ​ស្រុក​បាន​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​ លើក​ដំបូង​របស់​ខ្លួនក្នុង​ខេត្ត​និង​ស្រុក​កំណើត​របស់​ខ្លួន​។ ជា​លទ្ធផល​ចុងក្រោយ​ នៃ​ការ​ស្រាវ​ជ្រាវ ដោយ​ការ​ទៅ​ស្រុក​កំណើត​មាន​រយៈ​ពេល​ខ្លី​ ហើយ​ជួប​បញ្ហា​ជា​មួយ​អាកាសធាតុ​មិន​អំណោយ​ផល​ ផ្លូវ​ទៅ​កាន់​ភូមិ​មួយ​ចំនួន​ត្រូវ​ ទឹក​ភ្លៀង​លិច​ ដែល​មិន​អាចទៅ​ធ្វើ​ការ​ស្រាវជ្រាវ​បាន​។ ជា​លទ្ធ​ផល​ជំហាន​ដំបូង​ និស្សិត​យើង​បាន​ស្រាវជ្រាវ​ពី​ប្រវត្តិ​ភូមិ​ចំនួន​៣​ ក្នុង​ខេត្ត​ មាន​ដូចជា​ភូមិជើង​ទៀន​ ខ្នារ និង ភូមិ​គោកមន​។
១២. ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកាប្រធាន​សមាគម​ និង ក្លឹប និស្សិត​ឧត្តរមានជ័យ​ បាន​ដឹក​នាំ​និស្សិត​ឧត្តរមានជ័យ បង្សុកូល​ជូន​ដល់​និស្សិត​ដែល​បាន​មរណភាព​ក្នុង​តំបន់​កោះ​ពេជ្រ នៅ​កន្លែង​ស្ពាន​ពេជ្រ​ដែល​ជា​កន្លែង​កើត​ហេតុ​ និង​មាន​និស្សិត​ចំនួន​២០​នាក់​ចូលរួម​ និង​ប្រារព្ធ​វិញ្ញាណក្ខន្ធដោយ​ស្មិងស្មាធិ៍​ចំនួន​មួយ​នាទី​ បន្ទាប់​ពី​បង្សុកូល​ចប់​។

  • ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​ សមាគម​និស្សិត​ឧត្តរមានជ័យ​បាន​ រៀប​ចំ​កម្ម​វិធី​រំលឹក​ខួប​ លើក​ទី​២​ របស់​​សមាគម​ដែល​បាន​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ និង​និមន្ត​ព្រះសង្ឃ​ សូត្រ​មន្ត បង្សុកូល ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធនិស្សិត​អ្នកឧត្តរមានជ័យ​ពីរ​នាក់ដែល​ទទួល​មរណភាព​​នៅ​តំបន់​កោះ​ពេជ្រ​កាល​ពី​ថ្ងែ​ទី​២២ ខែ​វិច្ឆិកា​ (និស្សិត​ទឹម​ រ័ត្នមុន្នី ជំនាញ ទី​ផ្សារ​ ទើប​នឹងបញ្ចប់​ក្នុង​ខែ​កក្កដា​​កន្លង​នៃ​ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។ និស្សិត រឿន ស្រី​រ័ត្ន​ ជំនាញ គណនេយ្យ​ឆ្នាំ​ទី​២​ នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​)ការ​ប្រារព្ធ​ខួប​លើក​ទី​២​ ក្រោម​ប្រធាន​​បទ​ ឧត្តរមានជ័យ​តែ​មួយ​ ក្នុង​គោលបំណង​ប្រមូល​ផ្ដុំ​និស្សិត​ឧត្តរមានជ័យ​ដែលបាន​មក​សិក្សា​ក្នុង​​ទី​ក្រុង​ភ្នំពេញ​ ព្រម​ទំាង​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ទឹក​ដី​ឧត្តរមានជ័យ​ទាំង​អស់​ ដើម្បី​សាមគ្គី​ភាព​ មិត្តភាព​ ភាតរភាព​រវាង​សិស្ស​ និង​និស្សិត​ទាំងអស់​។ កម្មវិធី​នេះ​មាន​សិស្ស​មក​ខេត្ត​ចំនួន​បី​នាក់​ចូលរួម និស្សិត​ដែល​បាន​បន្ត​ការ​សិក្សា​ក្នុង​ក្រុង​ភ្នំពេញ​ប្រមាណ​ ២៥​នាក់​ អតីត​និស្សិត​ដែល​ជាសមាជិក​ស្ថាបនិក​របស់​សមាគម​ ព្រមទាំង​និស្សិត​ក្នុង​សមាគម​ សរុប​ប្រមាណ​ ៤៥​នាក់​ដែល​បាន​ចូល​រួម។ ​

១៣. ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ក្នុង​អន្តេវាសិកដ្ឋាន​របស់​សមាគម​ បើក​វគ្គ​បណ្ដុះបណ្ដាលនិស្សិត​ថ្មី​ នៅ​ការ​ ប្រើប្រាស់​អ៊ិនធឺណិត​ អ៊ីម៉ែល និង​បង្កើត​វ៉ែបប្លកសម្រាប់​សមាគម​ ដែល​មាន​អាសយដ្ឋាន​នោះ​ www.oddormeancheystudent.blogspot.com
  • ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ប្រធាន​សមាគម​បាន​នាំ​យក​នូវ​ប្រាក់​ឧបត្ថម្ភ​ ពី​បងប្អូន​ខ្មែរ​ និង​ពី​មូល​មូលនិធិ​ហាប់ស្វ៊ែល​ ជូន​ដល់​គ្រួសារ​និស្សិត​ដែល​ទទួល​មរណភាព​នៅ​តំបន់​កោះ​ពេជ្រ​ នៅ​តាម​គេហដ្ឋាន​និស្សិត​ម្នាក់ៗ​ ក្នុង​ស្រុក​កំណើត​ និង​ចូលរួម​មរណៈ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជា​មួយ​ និង​គ្រួសារ​និស្សិត​ផង​ដែរ​។ ហើយ​ក្រុម​គ្រួសារ​និស្សិត​ទាំង​ពីរ​ បាន​ជម្រាប​ជូន​ដំណឹង​ផង​ដែរ​ លោក​នឹង​ធ្វើ​ពិធីបុណ្យ​ខួប​១០០​ថ្ងៃ​ដល់​មិត្ត​និស្សិត​ទាំង​អស់​ និង​លោក​ លោកស្រី​ ទាំង​អស់​ ដែល​កម្មវិធី​បុណ្យ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ចុង​ខែ​កុម្ភៈ​ និង​ ដើម​ខែ​មីនា​ខាង​មុខ​នេះ​។

. សេចក្ដី​អំពាវនាវ​

ចាប់​តាំង​ពី​សមាគម​និស្សិត​ឧត្តរមានជ័យ​ កកើត​មក​យើង​បាន​មើល​ឃើញ​ការ​លំបាក​ជា​ ច្រើន​របស់​សិស្ស​ដែល​ទើប​តែ​ប្រលង​ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ ដោយ​មួយ​ចំនួន​ទៀត​បោះបង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ ហើយ​និង​មួយ​ចំនួន​មក​បន្ត​ការ​សិក្សា​ហើយ​ជួប​ការ​លំបាក​ក្នុង​ការ​ចំណាយ​សម្រាប់​ការ​ហូប​ចុក​ និង​កន្លែង​ស្នាក់​នៅ​។
អាស្រ័យ​ដូច​ជម្រាប​ជូន​ខាង​លើ​ ក្នុង​នាម​ខ្ញុំ​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សមាគម​ សូម​អំពាវ​នាវ​ដល់​សប្បុរសជន​គ្រប់​និន្នាការ​ និង​ជាន់​ថ្នាក់​ នឹង​ជា​ពិសេស​លោក​អ៊ំ ​លោក​ពូ​ អ្នក​មីង​ បង​ប្អូន​អ្នក​ឧត្តរមានជ័យ​ទាំង​អស់​ដែល​បាន​អាន​នូវ​របាយការណ៍​នេះ​ហើយ​ មេត្តា​ជួយ​ជ្រោមជ្រែង​ជា​បន្ត​ទៀត​ ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ សិស្ស​ និស្សិត​ និង​យុវជន​ខេត្ត​ឧត្តរមានជ័យ​ បាន​​សាង​ស្រុក​កំណើត​នៅ​ពេល​ខាង​មុខ​។ លើស​ពី​នោះ​ទៅ​ទៀត​ យើង​ខ្ញុំ​នឹង​យក​ថវិកា​ ព្រម​ទាំង​សម្ភារៈ​ទាំង​នេះ​ទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ និង​មាន​តម្លា​ភាព​។ យើង​ខ្ញុំ​សូម​ភ្ជាប់​មក​ជា​មួយ​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ និង​គម្រោង​ផែនការ​ឆ្នាំ​២០១១​។
ចុង​បញ្ចប់យើង​ខ្ញុំ​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​ សមាជិក​សមាជិកា​ និង​សិស្ស​និស្សិត​ដែល​ កំពុង​សិក្សាក្នុង​ទីក្រុង​ភ្នំពេញ​សូមថ្លែង​អំណរគុណ​ដ៏​ថ្លៃថ្លា​ជូន​ចំពោះ​លោក​ លោកស្រី លោកអ៊ំ លោកពូ អ្នកមីង នឹង​បងប្អូន​ខ្មែរ​ដែល​បាន​បរិច្ចាគ​ថវិកា​ ព្រម​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ និង​លះបង់​ពេល​វេលា​ដ៏​មាន​តម្លៃ​ ដើម្បី​ជួយ​សមាគម​និស្សិត​ឧត្តរមានជ័យ​ និង​និស្សិត​ដែល​កំពុង​ តែ​ខ្វះខាត​ដែល​បាន​មក​បន្ត​ការ​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ​។នេះ​ជា​សក្ខីភាព​ឧឡារិក​ដែល​សរ​ បញ្ជាក់​ឲ្យ​ឃើញ​ថា​​លោក​ លោកស្រី លោកអ៊ំ ពូ មីង​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ជ្រោមជ្រែង​ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ចង​ចាំ​ជា​និច្ច​ ពុំ​អាច​បំភ្លេច​បាន​ ហើយ​ក៏​សូម​ប្រសិទ្ធពរ​ជូន​ដល់​ លោក លោកស្រី បាន​ជួប​តែ​នឹង​ពុទ្ធ​បួន​ប្រការ​ អាយុ វណ្ណៈ សុខ ពល ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​