Wednesday, December 22, 2010

ប្រវត្តិ អ្នកតា នុង

អ្នកតា តានុង

អ្នកតា តានុង សព្វថ្ងៃស្ថិតនៅខាងកើតវត្តក្បាល ស ភូមិក្បាល ស ឃុំក្បាល ស ស្រុកសំរោង ខេត្ត ឧត្តរមានជ័យ។មុននឹងអធិប្បាយអំពីអ្នកតា តានុង សូមអធិប្បាយអំពី ភូមិក្បាលសបន្ទិច  ព្រោះ ភូមិនេះមានជាប់ទាក់ទងទៅនឹងឥទ្ធិពលរបស់អ្នកតាដូចតទៅ:ឈ្មោះតាបេននៅភូមិខាងលើនេះ
បាន អធិប្បាយអំពីអ្នកតានុង យ៉ាងច្បាស់លាស់ណាស់ប្រាប់ខ្ញុំបាទ ថា:ចំនួនប្រមាណជាសតវត្ស កន្លងមកហើយ វត្ត ភូមិសង្កាត់ក្បាលសនេះ គេហៅថា វត្តភូមិសង្កាត់ត្បាល់ថ្មទេលុះ ក្រោយមក
អ្នកតា តានុង ក៏កើតឡើងនៅភូមិនេះហើយមានឬទ្ធិអំណាចខ្លាំងអស្ចារ្យណាស់មានតេជ:បារមីដ៏ មោះមុតពិតប្រាកដ។កាលនោះអ្នកតានេះនៅស្នាក់អាស្រ័យនឹងដើមយាងមួយដើមយ៉ាងធំនៅមុខ វត្ត ក្បែរមាត់ស្រះ។ស្រះនោះមានទំហំប្រហែលជា ២០០ម មានទឹកថ្លាហ្វង់ដូចកញ្ចក់ ពីដើមស្រះ នេះមានជំរៅដល់ទៅ ១០ម ឬ ១៣ម ឯនោះ សព្វថ្ងៃនៅជំរៅតែ៥ - ប៉ុណ្នោះទេ។នៅថ្ងៃ ៨ កើត
៥រោច ខែពេញបូណ៍មី  និងថ្ងៃខែដាច់ តានុងតែងតែសំដែងឥទ្ធិពល បញ្ចេញភ្លើង ហោះហើរ ភ្លឺ ច្រាលរន្ទាលពេញផ្ទៃអាកាស រួចបញ្ចេញភ្លើងឲ្យផុសចេញពីទឹកចំកណ្តាលស្រះប្រមាណប៉ុន
ត្បាល់បុកអង្ករ ហើយមានសណ្ឋានដូចត្បាល់ពីលើមាត់ត្បាល់មានពន្លឺសន្ធោពេញតែក្នុងស្រះនេះ។ អ្នកស្រុកទៅមើលអ៊ូអរ និងកោតសសើរគ្រប់ៗគ្នា។នៅភូមិក្បាលសនេះមនុស្សមិនសូវ ប្រកបមុខ របរកសិកម្មច្រើនទេ គេចូលចិត្តប្រព្រឹត្តអំពើចោរកម្មទាំងប្រុស ទាំងស្រី ទៅលើភូមិជិតខាង។ លុះប្រព្រឹត្តអំពើអកុសយូរៗទៅ អ្នកភូមិជិតខាងកើតក្ដីក្ដៅក្រហាយក៏ បបួលគ្នាបាន៥០នាក់ បម្រុង មកកាប់សំលាប់អ្នកស្រុកដែលជាចោរនោះចោល ដំណឹងនេះបានលឺដល់អ្នកតាសែន ម៉ៅ លោក តាក៏ទៅបន់ស្រន់ សុំឲ្យលោកតានុង ជួយថា សូមឲ្យលោកតានុងជួយ ខ្ញុំជាកូនចៅឲ្យមានជ័យជំនះ នៅពេលនោះ ខ្ញុំនឹងថ្វាយស្រា  មាន់ស្ងោ ភ្លេង ៣បទព្រមទាំងសង់ខ្ទមថ្វាយផង។ ការបន់ស្រន់ចប់ ហើយគាត់ក៏កាន់កាំភ្លើងបាញ់សត្វ(កាំភ្លើងឡត)ទៅឈរអែបក្បែរដើមយាង ដែលលោកតាអា ស្រ័យនៅជាបន្ទាន់នោះអ្នកស្រុកដែលជាចោរទាំងប៉ុន្មានប្រហែល ៥០ នាក់ ក៏មកដល់ដែរ ហើយ បាញ់តគ្នាទៅមកអស់ជិតកន្លះថ្ងៃ ចោរទាំងនោះក៏ដួលដេកពាសពេញ នៅលើដីក្បាលចោរឡើង
សសំព្រុះ។ ចាប់តាំងពីថ្ងៃនោះមកវត្តភូមិ និងសង្កាត់ត្បាល់ថ្មក៏ក្លាយ ទៅជាវត្តភូមិ និងសង្កាត់
ក្បាលសវិញ  តាមហេតុការដែលបានរៀបរាប់មកនេះ។ ហេតុតែ តានុង ជួយ យកអាសារអ្នកដែលស្លូត ត្រង់នេះហើយ ទើបមានពេក្យប្រតិដ្ឋជាប់ជាស្លោកទុកមកថា  តានុងគង់ស្រុក តានុងរក្សារស្រុក តានុង ជួយឲ្យផុតភ័យ។ មានរូបសម្នឹងតគ្នារហូតមក  រូបសព្វថ្ងៃឈ្មោះ យាយ យឹន អាយុ ៧០ឆ្នាំ (នៅរស់) ការបន់ស្រន់ក្ដី បញ្ជាន់រូបក្ដី ឃើញទាន់ ហន់ដូចចិត្តប្រាថ្នាមែន ឧទាហរណ៍កាលពីថ្ងៃទី ១ខែមិថុនា
ឆ្នាំ១៩៦៦ នេះ កងរាជតំរួតយើងចំនួន ២០នាក់ទៅស្នាក់នៅវត្តក្បាលសនេះស្រាប់តែ ខ្មែរសេរី
ចំនួន ៥៥នាក់ ចូលមកឡោមព័ទ្ធបាញ់ពួកយើងដោយកាំភ្លើងត្បាល់ តូចផង ធំផង បាញ់ តគ្នាចំនួន ២០នាទី។ខ្មែរសេរីបាក់ទ័ព ពួកយើងដេញបាញ់រហូតដល់ព្រំ ដែនសៀម។ ជាពិសេស តានុង ធ្លាប់ បាន​ដាស់​តឿន​កងទ័ព​យើង​ជា​ច្រើន​ដង​ទៀត​ដូច​ជា​ឆ្មាំបន្ទាយឈរយាមហើយងោកងក់ តានុង ក៏ទៅកន្រ្តាក់ ឬ ក៏ទន្រ្ទាំដិព្រូសៗឲ្យអ្នកយាមដឹងខ្លូនឡើង។

ពិធីឡើងអ្នកតា
ពិធីឡើងអ្នកតានេះពីដើមគ្មានទេ បន្តែអស់លោកធំៗ ឡើងទៅម្ដងៗ តែងទៅអុជទៀន ធូប ច្រូច ស្រាថ្វាយជានិច្ច ឯបាយម្ហូបចំនីគេថ្វាយពេលទទួលទាន។ កងទ័ពជាតិយើងទាំង តូច ធំ ដែលទៅតំ បន់នោះទទួលស្គាល់តាថង នេះទាំងអស់ដោយសាតាថង ជួយផ្ដល់នូវសេចក្ដីសុខ ចម្រើនគ្រប់ពេលវេលា។ ពិធីឡើងអ្នកតាទើបតែនឹងចាប់ផ្ដើមធ្វើ ក្រោយពេលលោកតាម៉ៅ បន់ ហើយមានជ័យជំនះ នោះទេ គឺគេធ្វើនៅខាងចុងនៃហិមន្ដរដូវ ១៥កើតខែមាឃ។មុនថ្ងៃឡើងអ្នកតាមួយថ្ងៃ អ្នកភូមិនេះ ឈប់ធ្វើការទាំងអស់គ្នា នាំគ្នាទៅបោសសំអាតខ្ទម មានជំរះស្មៅព្រៅជាដើម --។ នៅមុខអ្នក តានុង គេធ្វើកូនខ្ទមតូចមួយ បុរាណហៅថា  “រានទេពតា”  សង់ដោយកូនឈើតូចៗ មានទំហំទទឹង ៣តឹក  បណ្ដោយ ៥តឹក ក្រាលព្រួលជា រនាប ជញ្ជាំងកំបាំងដោយប្រួលដែរ ប្រក់កំណាត់កន្ទេល ។ នៅលើរានទេពតា មានដាក់ថ្មមួយ ដំ ជានិមិត្តរូបជាអ្នកតា គេអន្ទងអ្នកតាគ្រប់ទិសទីមកជប់លៀង ពូនភ្នំខ្សាច់ ៨ទិស ដោតទង់រូបក្រពើធ្វើដោយក្រដាសពណ៍ លើភ្នំខ្សាច់ពាសពេញ។ព្រឹកឡើងនាំគ្នា ហែរក្បួនដោយមានវង់ភ្លេង អាយៃ ច្រៀងរាំ ឆ្ពោះទៅខ្ទមតានុង ដល់ហើយគេហែរប្រទក្សិណខ្ទម ៣ជុំ ទើបយកប្រដាប់ប្រដានោះទៅដាក់មុខអ្នកតា នុង ដែលសង់ដោយឈើ ប្រក់ស័ង្គសី។ នៅ លើខ្ទម មានឆ្លាក់រូបមនុស្សដោយឈើ របៀបជារូបតុក្កតា ជានិមិត្តរូបនសតា នុង ។បន្ទាប់មកគេ លេងភ្លេង ៣បទ ថ្វាយអ្នកតា បញ្ជាន់រូបយាយ យឹន  សួរអំពីសុខទុក ស្រូវអង្ករ កើតរឺ មិនកើត ក្នុងឆ្នាំនេះ ព្រមទាំងសួរពំពីហេតុការណ៍ផ្សេងៗទៀតដែលគេទាំងអស់គ្នាចង់ដឹង។ អ្នកតានេះនៅ ចំងាយពីភ្នំដងរែក៨គ.ម៕៚