ប្រវត្តិវត្តសុគន្ធារាម
(ហៅវត្តគោកមន)
និពន្ធដោយៈសូដា
វត្តសុគន្ធរាមស្ថិតនៅក្នុងភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។ វត្តនេះស្ថិតនៅភាគខាងលិចនៃទី រួមខេត្ត ដែលមានចម្ងាយប្រហែល ៣៨គីឡូម៉ែត្រ ។ វត្តសុគន្ធរាមជា វត្ត ដែលមានវ័យចំណាស់ជាងគេ បន្ទាប់ពីវត្តបេងហើយទីតាំងវត្តស្ថិតនៅកន្លែងដីទួលខ្ពស់ និងនៅជិតនោះមានស្រះទឹកមួយយ៉ាងធំដែលគេតែងហៅថាៈស្រះធ្នង់។ ទំហំដីវត្តសុគន្ធរាមមានប្រហែលជាពីរហិចតាដីសព្វថ្ងៃនេះ។
វត្តសុគន្ធរាមបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ ដោយសារតែប្រជាជន នៅក្នុងភូមិនិងភូមិដែលនៅជំវិញនោះទៅធ្វើបុណ្យនៅវត្តភូមិបេង តែក្រោយមកភូមិគោកមននេះកាន់តែរីកធំឡើងៗ ក៏និមន្តព្រះសង្ឃមកពីវត្តភូមិបេងមកស្នាក់នៅដីវត្តសព្វថ្ងៃនេះ ហើយឲ្យឈ្មោះថាវត្តគោកមន។ ក្រោយមកពីបង្កើតបានជាវត្ត មានព្រះចៅអធិការព្រះនាម ពេន ឡេង លោកបានកសាងកុដិធំវែងមួយនិងសាលាឆាន់ លោកបានស្នាក់នៅក្នុងវត្តនោះប្រហែល២ឬ៣ឆ្នាំក៏បានសុគតទៅ។ បន្ទាប់មកក៏មានលោកគ្រូ ឯក លឿន ជាចៅអធិការវត្តបន្ទាប់តែសព្វថ្ងៃលោកទៅនៅសហរដ្ឋអាមេរិច។ វត្តនេះកាលពីមុនឋិត នៅក្រោមការគ្រប់គ្រងរដ្ឋបាលខែត្របាត់ដំបង ហើយដែលសម័យនោះទីរួមស្រុកបន្ទាយអំពិលឋិតក្នុងភូមិអំពិលដែលមានប្រវែងប្រមាណ២៧គីឡូម៉ែត្រពីទីរួមស្រុកបន្ទាយអំពិលសព្វថ្ងៃ។បន្ទាប់ពីលោកគ្រូ ឯក លឿន បានលាចាកសិក្ខាបទទៅ មានលោក សៅ ប៉ាន់ ជាអ្នកបន្តវេនក្នុងកំឡុងឆ្នាំ១៩៥៨។
ហើយក្រោយមកមានចៅអធិការច្រើនទៀត ដែលបានធ្វើនិងស្នាក់នៅក្នុងវត្តនេះតែមិនបានយូរឆ្នាំទេ។សម្តេចប្រវ័នរ័ត្ន អ៊ីវ ទូត ជាមេគណខេត្តបាត់ដំបងហើយត្រូវបានប្រសិទ្ធនាមឲ្យថា “វត្តសុគន្ធរាមគោកមន” ក្នុងពេលមកបញ្ចុះបឋមសីលា។
សុគន្ធរាមមានន័យថា អារាមដែលមានក្លិនក្រអូបដែលសាយភាយទៅគ្រប់ទិសទាំងបួន។ ក្នុងបរិវេណវត្តនេះមានចេតីយ៍ដែលចាស់បំផុតជារបស់លោកអាចារ្យ ខេន ជាអាចារ្យធំខាងបូជាសពនិងបានសិក្សាខាងវិប្បសនាកម្មដ្ឋាន លុះបានដឹងពីផ្លូវក្នុង ពីដំណើរមនុស្សស្លាប់ទៅយ៉ាងដូចម្តេច?លោកធ្វើជាអាចារ្យមុនជំនាន់ លោកគ្រួ ឯក លឿន បន្តិចរហូតដល់។គួររំលឹកលោកគ្រួ ឯក លឿន បានទៅសិក្សាធម្មវិន័យនិងបាលីនៅក្នុងខេត្តបាត់ដំបងកាលពីសម័យនោះ។ ចំណែកការរៀនសូត្រផ្នែកព្រះសង្ឃវិញរៀនពីលោកគ្រួ ឯក លឿន ផងដែរ។ នៅក្នុងសម័យនោះមិនមានសាលារៀនភាសាបាលីទេ មានតែសាលាធម្មវិន័យតែប៉ុណ្ណោះ។
លុះក្រោយមកក្នុងសម័យរបបពលពតខ្មៅងងឹត៣ឆ្នាំ៨ខែ២០ថ្ងៃ វត្តនេះត្រូវបានបោះបង់ចោល ដូចបណ្តាវត្តដទៃទៀត ក្នុងប្រទេសកម្ពុជាផងដែរ។តែសម័យក្រោយមកទៀតវត្តនេះ ក្លាយជាកន្លែងទាហានឈរជើងជួរមុខរបស់ហេងសំរិន និងជាចំការមីននៅបរិវេណវត្តនោះ។ តាំងពីសម័យប៉ុល ពត រហូតដល់សម័យរដ្ឋកម្ពុជាទីធ្លាវត្តត្រូវបានបោះបង់ចោលដោយសារតែវាជាចំការមីន ក្រោយពីពេល ធ្វើសមាហរណ៍កម្មក្នុងប្រទេសទីធ្លាវត្តត្រូវបានដោះមីននិងប្រគល់ជូនទៅប្រជាជនវិញហើយបង្កើតវត្តសារជាថ្មីនៅកំឡុងទស្សវត្សទី៩០។ បន្ទាប់ពីបង្កើតមកទីវត្តនេះមិនទាន់មានការអភិវឌ្ឍន៍ឲ្យមានវិហារ សាលាឆាន់ កុដិ ដែលសមជាវត្តដែលកើតតាំងពីយូរទេ។ ខ្ញុំសង្ឃឹមថា អជ្ញាធរ និងសប្បុរសជនក្នុងនឹងក្រៅប្រទេស នឹងជួយជ្រោមជ្រែងឲ្យវត្តដ៏ ចំណាស់នេះបានកែប្រែរូបរាង សមជាកន្លែងដែលប្រជាជនក្នុងតំបន់ទៅគោរពប្រតិបិត្តធម៌។ ជាពិសេសទៅទៀត អាជ្ញាធរនឹងថែរក្សាចេតិយ៍ដ៏ចំណា ស់មួយនោះផងដែរ៕៚