Friday, June 10, 2011

ក្ដួច(រុក្ខជាតិ)

ដោយ​ លឿង ត្រា
 ដើម​ក្តួច(រូបភាពដោយ ជិម​ សុជាតិ)
     
នៅ​ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​មាន​ប្រជាជន​ជាច្រើន​​បាន​ស្គាល់​ឈ្មោះ​ រុក្ខជាតិ​នេះ ​ដែលមាន​ដុះ​នៅតាម​ព្រៃ​យ៉ាង​ច្រើន។ ​ឈ្មោះ​រុក្ខជាតិភាគ​ច្រើន​ ​ដែល​បានស្គាល់​គឺ​តាមរយៈ​ការ​ហៅ​ឈ្មោះ​ តៗគ្នា​ តាម​មនុស្ស​ចាស់​ជំនាន់​មុន​គាត់​ប្រាប់​ និង​​ពិពណ៌នា​...តាម​ព្រៃ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​គេ​បាន​សង្កេត​ឃើញ​ប្រភេទ​រុក្ខ​ជាតិ​ ម្យ៉ាង ​វា​​ជា​វល្លិ​ដែល​មាន​សារប្រយោជន៍​យ៉ាង​សំខាន់​ចំពោះ​ប្រជាជន​ដែល​រស់​នៅ​ឧត្តរមានជ័យ​និង​បណ្ដា​ខេត្ត​មួយ​ចំនួន។​ ក្រៅពីមើមក្តួច​មាន​មើម​រុក្ខជាតិ​ដ៏ទៃទៀត​ដូចជា៖​​ ដំឡូង​ជ្រូក ដំឡូង​ស្យ៉ា ដំឡូង​ទឹក ដំឡូង​ទៀន ដំឡូង​ច្រង់ ដំឡូង​ពងលលក ... ​ដំឡូង​ទាំងអស់​នេះ ​ប្រជាជន​គាត់​ទៅ​ជីក​ យក​មក​បរិភោគ​ទៅតាម​ខែដែល​រុក្ខជាតិ​នេះ មាន​មើម​។ មិន​តែ​ប៉ុណ្ណោះ​ចំពោះ​ដំឡូង​ទៀន ​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ​​សុរិន្ទ ​គាត់​និយម​ទទួល​ទាន​ផង​ដែរ​។ ហេតុ​ដូច្នេះ​ប្រជាជន​​ ដែល​រស់​នៅ​ក្បែរ​ព្រំដែន​គាត់​ទៅ​ជីក​មក​ពី​ព្រៃ​ហើយ​យក​ទៅ​លក់​ឲ្យប្រជាជន​ខ្មែរ​​សុរិន្ទ​ពេល​គេ​បើក​ច្រក​ម្ដង​ៗ។ រីឯ​រុក្ខជាតិ​មួយ​​ទៀត​ ក៏​មាន​ប្រយោជន៍​ចំពោះ​អ្នកភូមិ​​ផង​ដែរ​ហើយ​វា​មាន​លក្ខណៈ​ដូចជា​ដំឡូង​ដែរ ​ តែ​គេ​មិន​អាច​យក​វា​មក​ស្ងោ​ហូប​បាន​ភ្លាម​ៗ​ដូចជា​​ដំឡូង​ឯ​ទៀត​ៗ​បាន​ទេ​ វា​មាន​ឈ្មោះ​ថា​« ក្ដួច»។ ​ប្រហែល​ជា​មាន​ខេត្ដ​​ខ្លះ​បាន ឮ និង​ធ្លាប់​ស្គាល់ ហើយ​ក៏​មាន​ខ្លះ​ទៀត​មិនបាន​ឮ មិនបាន​ឃើញ អ្នកខ្លះឃើញ​ហើយ​មិន​ស្គាល់​ក៏​ថា​បាន​ដែរ ។
ជា​ការ​ពិត​ណាស់​«ក្ដូច»​ត្រូវ ​បាន​អ្នក​​ឧត្ដរ​មាន​ជ័យ​ចាត់​ទុក​ វា​ជា​រុក្ខជាតិ​ដែល​មាន​សារ​ប្រយោជន៍​ចំពោះ​ពួកគេ​ជា​ខ្លាំង។ នៅ​សម័យ​មុន​មិនមាន​ផ្លូវទាក់ទង ពួកគេរស់នៅ​ដោយ​សារ​ក្តួច នៅពេល​មាន​អាកាស​ធាតុ​ក្ដៅ​ស្ងួត​ហួត​ហែង​ធ្វើ​ស្រែ​មិន​កើត​ខ្វះ​ខាត​ស្រូវ​អង្ករ គ្មាន​កាកបាទក្រហម​ណាដែល​ទៅ​ចែក​ដល់​តំបន់​នោះទេ។ ហើយ​នៅ​ក្នុង​ សម័យ​ខ្មែរក្រហម ក្តួចនេះក៏មានតម្លៃ​សម្រាប់​ជីវិតមនុស្សផងដែរ ​គេ​អាច​យក​វា​មក​ធ្វើ​ជា​អាហារ​ញ៉ាំ​ជំនួស​បាយ​បាន ​ត្បិត​តែ​គេ​មិន​អាច​ទទួល​ទាន​វា​បាន​ភ្លាមៗ​មែន។ រុក្ខជាតិ​នេះដុះនៅ​តំបន់​ដី​ទួល​ធំ​ៗ។​
លក្ខណៈ​និង​រូបរាង​របស់​វល្លិ​ក្ដូច
វល្លិ​របស់​វា​មាន​ទំហំ​ទៅ​តាម​ដី​មាន​ជី​ជាតិ​ច្រើន​ឬ​​​តិច​ ប៉ុន្តែ​ជា​មធ្យម​ដើម​របស់​វា​មាន​ទំហំ​ប៉ុន​មេដៃ ប្រវែង​វា​គឺ​អាច​លូត​វែង​ទៅ​តាម​ដើម​ឈើ​ដែល​វា​ដុះ​រុំ​ឡើង​អាច​ពី ៥­ ទៅ ​១០​ម ដុះ​រុំ​ព័ទ្ធ​ដើម​ឡើង​ទៅ​លើ តែ​ដោយ​​ឡែក​ចំពោះ​កន្លែង​ណា​ដែល​អត់​មាន​ដើម​ឈើ​ខ្ពស់​ៗ​ វា​រុំ​ឡើង​ដើមគ្នា​វា​ដូច​ជា​គេ​ដាំ​សណ្ដែក​មិន​មាន​ទ្រើង​យ៉ាង​ដូច្នោះ​ដែរ។ នៅ​លើ​ដើម​របស់​វា​មាន​បន្លា​ប្រវែង​ជា ១ម.ម​ ជា​ច្រើន​តាំង​ពីគល់​រហូត​ដល់​ចុង តែ​នៅ​ខាង​គល់​ ​មាន​បន្លា​រាង​ញឹក​បន្តិច​ ហើយ​រង្វើល​បន្តិច​ម្ដង​ៗ​រហូត​ដល់​ចុង។ រីឯ​ស្លឹក​​របស់​វា​វិញ​មាន​ធំ មាន​តូច​ ទៅ​តាម​លក្ខណៈ​ដើម​របស់​វា​ដែរ ជា​មធ្យម​ស្លឹក​មួយ​មាន​ទំហំ​ប៉ុន​បាត​ដៃ តែ​ក្នុង​មួយ​ធាង​វា​ចែក​ចេញ​ជា​បី​សន្លឹក។​ ​ធាង​របស់​វា​មាន​រាង​មូល​ទ្រវែងដែល​មាន​​អង្កត់​ផ្ចិត​ប្រហែល ២​ម.ម និង​មាន​ប្រវែង​ពី ១០​ទៅ​១៥​ស.ម ទើប​បែក​ចេញ​ជា​ស្លឹក​បី ដោយ​ស្លឹក​មួយ​នៅ​កណ្ដាល និង​ពីរ​ទៀត​នៅ​សង​ខាង។ ធាង​ស្លឹក​របស់​វា​ចាប់​មាន​ត្រឹម​ពាក់​កណ្ដាល​ដើម​ទៅ​លើ ​ព្រោះ​នៅ​ខាង​គល់​របស់វា​ ចាស់​ទុំ​ជ្រុះ​អស់​មាន​តែ​ជា​បន្លា​ទេ ។ ចំណែក​ឯ​មើម​របស់​វា​វិញ​មាន​លក្ខណៈ​ជា ចង្កោម​ តូច​ធំ​ចម្រុះ​គ្នា ហើយ​មើម​នីមួយ​ៗ​របស់​វា​មាន​រោម​ឆ្មា​ជា​ច្រើន​ហើយ​រឹង​ ដុះ​ជុំ​វិញ​មើម​ ទៀត​ផង ។
សារៈ​ប្រយោជន៍​របស់វា
ជា ​ការ​ពិត​ណាស់​គឺ​នៅ​ខែ​ឆ្នាំ​ណា​ដែល​អាកាសធាតុ​មិន​អនុគ្រោះ​ដល់​ដំ​ណាំ​ កសិកម្ម​ពិសេស​គឺ​ដំណាំ​ស្រូវ​តែម្ដង​ ដូច​ជា​មាន​ភ្លៀង​ធ្លាក់​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​មាន​ការ​ ខូច​ខាត ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត ពេល​នេះ​ហើយ​ជា​ពេល​ដែល​ក្ដួច​មាន​សារ​ប្រយោជន៍​​ចំពោះ​​ប្រជា​កសិករ​​នៅ​ឧត្ដរ​មានជ័យ គឺ​គេ​អាច​យក​វា​មក​ទទួល​ទាន​ជំនួស​បាយ​បាន គេ​អាច​បុក​ជា​ម្សៅ​ធ្វើ​ជា​នំ​ក៏បាន រឺ​ចំហុយ​ដាក់​ដូង​ស្ក​សរ​ញ៉ាំ​ក៏​បាន ឬ​ក៏ធ្វើជាបង្អែម។
គុណវិបត្ដិ​របស់​ក្ដួច
          ទន្ទឹម ​នឹង​នេះ​ ក្ដួច​ក៏​ជា​រុក្ខជាតិ​មួយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បាន​ដែរ ​ប្រសិន​បើ​យើង​មិន​បាន​ដឹង​ពី​វិធី​សាស្រ្ដ​ក្នុង​ការ​ធ្វើ​វា​ឲ្យ​ក្លាយ​ ទៅជា​របស់​មួយ​ថ្មី​ដែល​យើង​អាច​ទទួលទាន​បាន​ នោះគឺ​វា​​ធ្វើ​អោយ​យើង​ពុល​បាន​ដែរ​ តែ​មិន​ធ្ងន់ធ្ងរ​ទេ​ គ្រាន់​តែ​មាន​អាការៈ​ដូចជា៖ ឈឺក្បាល វិលមុខ ក្អួតចង្អោរ គ្រុនក្ដៅ បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​។
វិធី​សាស្រ្ដ​ក្នុង​ការ​ធ្វើ
ដើម្បី ​បាន​ក្ដួច​យក​មក​បរិភោគ​បាន ​មុន​ដំបូង​គឺ​យើង​ត្រូវ​ទៅ​ជីក​យក​មើម​របស់​វា​ ពី​ព្រៃ​យក​មក មាន​មើម​ខ្លះ​ស្វិត​ ដូច្នេះ​យើង​ត្រូវ​ការ​ត្រាំ​ទឹក​វា​ប្រហែល​ជា ១​ម៉ោង​ទៅ ២​ម៉ោង​ដើម្បី​ឲ្យវា​បាន​ស្រូប​ជាតិ​ទឹក​ហើយ​រឹង​។ ក្រោយ​មក​យើង​ត្រូវ​តែ​ចិត​សំបក​វា​ចេញ​ឲ្យបាន​ស្អាត​ រួច​ដាក់​ចូល​ក្នុង​ចាន​ឡាត​ទឹក​ធំ​មួយ ​ដើម្បី​លាង​វា​ម្ដង​​ទៀត​។ បន្ទាប់​មក​ទៀត​ គេ​ត្រូវ​ឆាក​(ចិត)​ក្ដួច ​ដែល​ចិត​សំបក​នោះ​ជា​ចំណិត​ស្ដើង​ៗ​កម្រាស់​ប្រហែល​ជា ១ម.ដាក់​ត្រាំទឹក​អំបិល​ក្នុង​ពាង។ គឺ​យើង​ដាក់​ទឹក​កន្លះ​ពាង​មុន ហើយ​ដាក់​អំបិល​ពីរ​ក្ដាប់​រួច​ដាក់​ក្ដួច​ដែលឆាក​ចូល​បន្ដិច​រួច​ដាក់​អំបិល​ចូល​ទៀត យើង​បន្ត​ធ្វើ​បែប​នេះ​រហូត​ដល់អស់ក្ដួច។ ក្រោយ​ពេល​ដែល​បាន​ត្រាំ​ក្នុង​ពាង​រយៈ​ពេល​មួយ​ថ្ងៃ​គេ​ស្រង់​វា​ចេញ​ ហើយច្រក​ចូល​ក្នុង​ការុង​ទម្ងន់​ប្រហែល ២០​គីឡូ​ក្រាម​ទៅ ៣០​គី​ឡូក្រាម​ក្នុង​មួយ​ការុង​ រួច​ចង​មាត់​វា​ឲ្យ​ជិត​ហើយ​ដាក់​ត្រាំ​ក្នុង​ទឹក​បឹង​ ឬត្រពាំង​ធំ​ៗ ។ ពេល​ដែល​ត្រាំ​វា គេ​ត្រូវ​ជ្រើស​រើស​យក​កន្លែង ណា​ដែល​មាន​ទឹក​ល្អ ថ្លា គ្មាន​កករ ល្អក់ គឺ​ស្អាត។ ប្រសិន​បើ​យើង​ត្រាំ​ទឹក​មិន​ល្អ ​វា​ធ្វើ​ឲ្យ​ក្ដួច​របស់​យើង​មិន​ល្អ មាន​ដីចូល​ និង​មាន​ពណ៌​ខ្មៅ​ទៀត ។ បន្ទាប់​ពី​នេះ​យើង​ត្រូវ​ស្រង់​វា​យក​មក សង្កត់​ឬ​ជាន់​វា​ពីលើ​ការុង​ឲ្យ​ស្រស់​ទឹក​រួច​ដាក់​វា​ចូល​កន្លែង​ដើម​វិញ ធ្វើ​បែបនេះ​ដើម្បី​វា​ឆាប់​សាប (អស់​ជាតិ​ពុល​)​ធ្វើ ​បែបនេះ​ក្នុង​មួយ​ថ្ងៃ​បី​ដង​ឬ​ពីរ​ដង​រយៈ​ពេល​បី​ថ្ងៃ​ទើប​លើក​វា​ចេញ​ពី​ ទឹក​ហើយ​សម្រស់​​វា​ឲ្យ​ស្រស់​បន្តិច​ពេល​នោះ​យើង​អាច​យក​មក​ធ្វើ​អ្វី​ ផ្សេង​ៗ​ទទួល​ទាន​បាន។ ហើយ​ក៏​គេ​អាច​រក្សា​វាទុក ​​​ដោយ​ការ​ដាក់​សំដិល​(ដាក់​ពង្រាយ​ហាល​អ​ត់​មាន​ថ្ងៃ ហាល​ក្នុង​ម្លប់​) រួច​ច្រក​ការុង​ទុក ។ ភាគ​ច្រើន​ដែល​គាត់​ចូលចិត្ត​ធ្វើ​គឺ​ចំហុយ​ពេល​ជិត​ឆ្អិន​គេ​ដាក់​ដូង​(បាន​កោស​រូច) និង ​ដាក់​ស្ករស ព្រោះ​ងាយ​ស្រួល​ធ្វើ​ហើយ​ឆ្ងាញ់​ផង ។ គេ​អាច​លាយ​ជា​មួយ​អង្ករ​ដាំ​ជា​មួយ​បាយ​បរិភោគ បាន ។ មួយ​វិញ​ទៀត​គេ​អាច​យក​វា​ទៅ​ធ្វើ​ជា​ម្សៅ​សម្រាប់​ធ្វើ​នំ​បាន​ទៀត​ផង ពិសេស​គឺ​នំ​ខ្ចប់​ស្លឹក​ចេក លាយ​ជា​មួយ​ដូង​និង​ស្ករ​រួច​ដាក់​អាំង​ឲ្យ​ក្រៀម​ក្រហម​រាង​ក្រមៅ​បន្ដិច​ នោះ​យើង​ញ៉ាំ​បាន​យ៉ាង​ឆ្ងាញ់​ពិសា ។ ហើយ​គេ​ក៏​អាច​យក​ក្ដួច​នេះ​ទៅ​កែច្នៃ​ធ្វើ​ជា​អ្វី​ផ្សេង​ៗ​ទៀត​បាន​ទៅ​តាម ​កា​ប៉ិនប្រសប់​របស់​ពួកគេ។
          ដូច្នេះ ​ក្ដួច​ថ្វី​ត្បិត​តែ​វា​មិន​មែន​ជា​រុក្ខជាតិ​ពិសេស​ដុះ​ក្នុង​ព្រៃ ​គ្មាន​ប្រយោជន៍​អ្វី​ចំពោះ​មនុស្ស​ជាច្រើនក៏​ពិត​មែន​ តែ​វា​ក៏​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជា​កសិករ​នៅ​ឧត្ដរមានជ័យ នៅពេល​ដែល​ពួកគាត់​ជួបនឹង​គ្រោះ​រាំង​ស្ងួត ខ្វះ​ខាត​ស្រូវ​អង្ករ​បាន​មួយ​គ្រា​ៗ​ដែរ ៕