Sunday, June 12, 2011

ភូមិ​ភ្លង​ថ្មី

ដោយ​ សូដា
 ទីតាំង​និង​ស្ថានភាព​ភូមិ​ភ្លង​ថ្មី
បើ​យើង​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​ក្នុង​ក្រុង​សំរោង​ ផ្លូវ​ក្រោយ​វត្ត​ប្រាសាទ​រាជា​សំរោង​ ទៅ​ទិស​ខាង​ត្បូង​​មាន​ចម្ងាយ​ប្រមាណ ​៧​ គីឡូម៉ែត្រ​ ប៉ុណ្ណោះ។ យើង​នឹង​ទៅ​ដល់​ភូមិ​មួយ​នៅ​ខាង​ស្ដាំ​ដៃ តែ​មុននឹង​ទៅ​ដល់​ភូមិ​ខាង​ស្ដាំ​ដៃ​ដែល​ផ្ទះ​អ្នក​ភូមិ​នៅ​តាម​បណ្ដោយ​ផ្លូវ​គ្រួស​ក្រហម​ ត្រូវ​ឆ្លង​កាត់​ សំរោង ភូមិ​ភ្នៀត​ បុស្បូវ​​។ ភូមិ​នេះ​ចេញ​ពី​ភូមិ​បុស្បូវ​ប្រមាណ​៨០០​ម៉ែត្រ នៅ​ខាង​ស្តាំ​មាន​ផ្លូវ​គ្រួស​ក្រហម​កាត់​ភូមិ​ ទី​នោះ​ហើយ​គឺ​ភូមិ​​ភ្លង​ថ្មី។
ភូមិ​ភ្លង​ថ្មី​ ស្ថិត​ក្នុង​ឃុំ​បុស្បូវ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ។ ភូមិ​នេះ​រស់នៅ​លើ​ទួល​ ខាង​ជើង​ ត្រពាំង​ភ្លង​ ហើយ​មាន​ភាព​ស្ងប់​ស្ងាត់​ មិនសូវ​ជា​មាន​ភាព​អូរ​អរ​ដូច​ភូមិ​ផ្សេង​ទេ។
កំណើត​ទី​ភូមិ​ភ្លង​ថ្មី
តាម​ការ​សិក្សា​ស្រាវជ្រាវ​ ស្វែង​យល់​ពី​ចាស់​ៗ​ ជា​ច្រើន​ ដែល​ជា​អ្នក​ដឹង​ ពី​ការ​កកើត​ភូមិ​នេះ​បាន​ឲ្យ​ដឹង​ថា​ ភូមិ​នេះ​ទើប​នឹង​កើត​ក្នុង​ឆ្នាំ​​ ១៩៨៧​ គឺ​កើត​ក្រោយ​​ប្រទេស​បាន​ស្ថិត​ក្នុង​របប​វាល​ពិឃាដ។ ដោយ​សារ​ភូមិ​នេះ​ជា​ដី​ទួល​មិន​លិច​ទឹក​ ហើយ​ប្រជាជន​ក្នុង​ភូមិ​ភ្លង​ចាស់​មាន​ចំនួន​​កើន​ឡើង​ ហើយ​​ភូមិ​នេះ​មិន​អាច​ពង្រីក​ទៅ​ណា​បាន​ទៀត​ ព្រោះ​ខាង​ក្រោយ​ភូមិ​ជា​ដី​ទំនាប​លិច​ទឹក និង​សង​ខាង​ភូមិ​ក៏​ដូច្នោះ​ដែរ​។ ហើយ​នៅ​ម្ខាង​ត្រពាំង​ភ្លង​នោះ​មាន​ដី​ទួល​ ហើយ​ ប្រជាជន​ចេញ​ពី​ភូមិ​ចាស់​មក​នៅ​ ដំបូង​តែ​៤ ទៅ​ ១០​គ្រួសារ​តែ​ប៉ុណ្ណោះ​ចេញ​ពី​ ភូមិ​ភ្លង​ចាស់​ ក្រោយមក​ប្រជា​ជន​ ចេះ​តែ​មក​រស់នៅ​បន្ថែម​។ កាល​ពី​មុន​មក​ ភូមិ​មួយ​នេះ​នៅ​តែ​ហៅ​ ភូមិ​ភ្លង​ តែ​ក្រោយ​មក​ក្នុង​កំឡុង​ឆ្នាំ​១៩៩០ ភូមិ​នេះ​ចាប់​ផ្ដើម​​ថែម​ អក្សរ​មួយ​តួ​ពី​ខាង​ក្រោយ​ មួយ​ពាក្យ។ ភូមិ​ដែល​កើត​មុន ដាក់​ឈ្មោះ​ថា​ ភូមិ​ភ្លង​ចាស់​ ឯ​ភូមិ​ដែល​កើត​ក្រោយ​ ហៅថា​ភូមិ​ភ្លង​ថ្មី​។ ភូមិ​នេះ​មាន​ប្រជា​ជន​មក​ពី​ ភូមិ​ បុស្បូវ​ និង​ភូមិ​ភ្លង​ចាស់​មក​រស់​នៅ​។ ប្រជាជន​មក​ពី​ភូមិ​បុស្បូវ​មាន​ប្រហែល​ពី​ ៥​ ទៅ​ ៨​គ្រួសារ​តែ​ប៉ុណ្ណោះ​ដែល​មក​រស់​នៅ​ក្នុង​ភូមិ​នេះ។

ប្រវត្តិ​សង្គ្រាម​ក្នុង​ភូមិ​ភ្លង​ថ្មី
ឧត្តរមានជ័យ​ជា​ខេត្ត​មួយ​ដែល​​រង​នៅ​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ចាប់​តាំង​ខេត្ត​នេះ​ចាប់​កំណើត​មក​ម្ល៉េះ។ គួរ​រំលឹក​ផង​ដែរ​ថា ​ខេត្ត​ឧត្តរមានជ័យ​បង្កើត​ឡើង​បន្ទាប់​ពី​ តំបន់​នេះ​មាន​ការ​ប្រយុទ្ធ​​រវាង​ខ្មែរ​ឥស្សរៈ​ជា​មួយ​កងទ័ព​រាជា​និយម​ដែល​ដឹក​នាំ​ដោយ​លោក​ វរសេនីយ៍ទោ ជា គឹមអេង បាន​ប្រយុទ្ធ​ឈ្នះ​ទ័ព​ខ្មែរ​ឥស្សរៈ​ ដឹកនាំ​ដោយ​លោក​ ស៊ឹង​ ង៉ុកថាញ់​ ក្នុង​ឆ្នាំ​១៩៦៥។​ តំបន់​នេះ​ ត្រូវ​បាន​បំបែក​ចេញ​ពី​​ខេត្ត​សៀមរាប​ ហើយ​តែង​តាំង​ឡើង​ពី​ឆ្នាំ ១៩៦៦ (ព្រះ​រាជ​ក្រម​លេខ ២៨២- បរ ចុះ​ថ្ងៃ​ទី​១ មីនា ១៩៦៦) ។ ទោះ​បី​ខេត្ត​នេះ​ បាន​បង្កើត​ហើយ​​ក៏​ដោយ​ ខេត្ត​រង​នូវ​សង្គ្រាម​ស៊ីវិល​រាប់​អស់​ តាំង​ពី​ភូមិ​ភ្លង​ថ្មី​នេះ​ មិនទាន់​បាន​បង្កើត​មក​ម្ល៉េះ​។
ក្រោយ​ពី​ភូមិ​ភ្លង​ថ្មី​នេះ​ បាន​បង្កើត​ឡើង​​ហើយ​ក៏ដោយ​ ​ខេត្ត​ឧត្តរមានជ័យ​មិន​ទាន់​បាន​សន្តិភាព​មួយ​រយ​ភាគ​រយ​នៅ​ឡើយ​ទេ​ គឺ​នៅ​តែ​មាន​សង្គ្រាម​ទ័ព​រាជរដ្ឋាភិបាល​កម្ពុជា​​ជាមួយ​ ទ័ព​ខ្មែរ​ក្រហម​ ដែល​មិន​ទាន់​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​។ ភូមិ​នេះ​ជា​កន្លែង​ដែល​ទ័ព​ខ្មែរ​ក្រហម​ឆ្លង​កាត់​​​ ហើយ​ពេល​ខ្លះ​ក៏​ជា​កន្លែង​ប្រយុទ្ធ​រវាង​ទ័ព​ទាំង​ពីរ​ផង​ដែរ​ ធ្វើ​ឲ្យ​ប្រជាជន​ភូមិ​នេះ​រស់​នៅ​ក្នុង​សភាព​ភ័យ​ខ្លាច។ នៅ​ពេល​ទាហាន​ខ្មែរ​ក្រហម​​ឆ្លង​កាត់​ម្ដង​ សត្វ​ជ្រូក​មាន់​ទា​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​សម្លាប់​ និង​យក​ទៅ​ធ្វើ​ជា​អាហារ​របស់​ពួក​គេ​។
ចំណែក​ជីវភាព​​ និង​មុខ​របរ​ប្រជាជន​ភូមិ​នេះ​​គឺ​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​មួយ​រយ​ភាគ​រយ​ ក្រោយ​ពី​រដូវ​ស្រែ​បាន​បញ្ចប់​ គ្រួសារ​មួយ​ចំនួន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។ ពី​ព្រោះ​តែ​តំបន់​នេះ​មិន​សូវ​មាន​អ្នក​ចេះ​ដឹង​ ដែល​អាច​ប្រកប​របរ​អ្វី​ផ្សេង​ ក្រៅ​ពី​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ​។ ភូមិ​នេះ​មិន​មាន​ទឹក​គ្រប់​គ្រាន់​ នៅ​រដូវ​ប្រាំង​ សម្រាប់​ឲ្យ​ប្រជាជន​ក្នុង​ភូមិ​អាច​ដាំ​បន្លែ​បង្ការ​ផ្សេង​ៗ​ ហើយ​ក្រៅ​ពី​ទឹក​ ប្រជាពលរដ្ឋ​ក៏​គ្មាន​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​ផង​ដែរ។

សេចក្ដី​សន្និដ្ឋាន​ និង​សំណូម​ពរ​
ឆ្លង​តាម​ប្រសាសន៍​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នេះ​បាន​ឲ្យ​ដឹង​ថា ភូមិ​នេះ​កើត​ឡើង​បន្ទាប់​ពី​ភូមិ​ភ្លង​ចាស់​មាន​ចំនួន​ប្រជាពលរដ្ឋ​ច្រើន​ពេក​ ក៏​មាន​ការ​បំបែក​មក​នៅ​តំបន់​ផ្សេង​ៗ​ដែល​ជិត​ភូមិ​ចាស់​នោះ​។ ​ភូមិ​នេះ​ កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៨៧​ តែ​មេភូមិ​ជាមួយ​និង​ភូមិ​ចាស់​ដ​ដែរ ហើយ​ក្រោយ​មក​ក៏​ប្រសិទ្ធ​នាម​ភូមិ​នេះ​ថា​ ភូមិ​ភ្លង​ថ្មី​ តែ​​ប្រជាជន​មិន​បាន​ចាំ​ពី​ឆ្នាំ​ដែល​ដាក់​ឈ្មោះ​ភូមិ​នេះ​ទេ។
សូម​ក្រសួង​ដែរ​ពាក់​ព័ន្ធ​ ដូចជា​ក្រសួង​កសិកម្ម​ ក្រសួង​ធនធាន​ទឹក​ ជួយ​ធ្វើ​អាង​ស្តុក​ទឹក​ និង​ផ្ដល់​បច្ចេកទេស​ ដល់​ពួក​គាត់​ ដើម្បី​ចៀសវាង​ការ​ធ្វើ​ចំណាក​ស្រុក​ដែល​ជា​គុណវិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ភូមិ​នេះ​ ក៏​ដូច​ជា​ខេត្ត​ឧត្តរមានជ័យ​ទាំង​មូល។​​ ក្រៅ​ពី​រដ្ឋាភិបាល​ សូម​អង្គការ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​នេះ​សូម​ជួយ​ យ​ក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាជន​ដែល​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ផង ហើយ​សប្បុរសជន​នានា​ជួយ​ជា​ថវិកា​សម្រាប់​ជីក​ត្រពាំង​ដែល​មាន​ស្រាប់​ ឲ្យ​អាច​ផ្ទុក​ទឹក​បាន​ច្រើន​ សម្រាប់​ប្រើប្រាស់​នៅ​រដូវ​ប្រាំង​ និង​ទាញ​យក​មក​ធ្វើ​ដាំដំណាំ​បាន​​ផង​ដែរ៕