Sunday, June 12, 2011

ចំណាប់​អារម្មណ៍​ និស្សិត លឿង ត្រា និង​គម្រោង​ទៅ​ថ្ងៃ​អនាគត

សួស្ដី! មិត្ត​អ្នកអាន​ទាំងអស់​គ្នា ខ្ញុំ​បាទ​ឈ្មោះ លឿង ត្រា ជា​​និស្សិត​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ជំនាញ​សំណង់​ស៊ី​វិល ក្នុង​ក្រុង​ភ្នំ​ពេញ។​ ខ្ញុំ​បាទ​កើត​នៅ​ភូមិ​សិង្ហ ឃុំ​គោកមន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ និង ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​ស្រុក​កំណើត​របស់​ខ្ញុំ​ណាស់ ថ្វីត្បិត​តែ​ស្រុក​ដ៏​តូច​នេះ គ្មាន​ប្រព័ន្ធ​ទឹក​ស្អាត ផ្លូវ​មិន​សូវ​មាន​ភាព​ល្អ​ប្រសើរ និង​គ្មាន​អ្នក​ចេះ​ដឹង​ច្រើន​ទេ វា​មាន​លក្ខណៈ​ជា​ព្រៃ​ភ្នំ​ក៏​ពិត​មែន ក៏​ខ្ញុំ​គិត​ថា​គ្មាន​កន្លែង​ណា​ដែល​ល្អ​ជាង​ភូមិ​កំណើត​របស់​ខ្លួន​ឡើយ។ បន្ទាប់​ពី​លទ្ធផល​សិក្សា​​បាន​ប្រកាស ខ្ញុំ​បាន​សុំ​ឪ​ពុក​ម្តាយ​របស់​ខ្ញុំ​ទៅ​រៀន​បន្ត​នៅ​សាកល​វិ​ទ្យា​ល័យ នៅ​ទី​ក្រុង​ភ្នំពេញ ព្រោះ​ខ្ញុំ​បាន​ទទួល​អាហារ​រូបករណ៍​សិស្ស​​ក្រី​ក្រ​របស់ សមេ្តច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន តាម​រយៈ​ ឯកឧត្ដម ព្រឿង ប្រណិត ជា​អ្នក​សែ្វង​រក​ឱកាស​ល្អ​នេះ​សម្រាប់​ខ្ញុំ​។
ទោះ​បី​ជា​ខ្ញុំ​​បាន​អាហារ​រូបករណ៍​និស្សិត​ក្រី​ក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​ទំាង​ពីរ ​នៅ​តែ​មាន​ការ​ព្រួយ​​បារម្ភ​​អំពី​ការ​រស់​នៅ​​​​ស្រុក​គេ។ តែ​ក្រោ​យ​​ពេល​ដែល​ខ្ញុំ​បាន​ពន្យល់​ដល់​គាត់​ឲ្យ​យល់ ​​ពី​របៀប​​របប​​​នៃ​ការ​រស់​នៅ​ក្នុង​​​សមាគម​និស្សិត​ឧត្តរ​មាន​ជ័យ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ព្រោះ​ខ្ញុំ​បាន​ដឹង​​​​ព័ត៌មាន​​​​មួយ​ចំនួន​ពី​សមាគម ពួក​គាត់​ក៏​យល់​ព្រម​ទាំង​គ្មាន​ការ​រា​រែក​ចិត្ត។ ពេល​​ដែល​ខ្ញុំ​មក​ដល់​ទីក្រុង​ភ្នំពេញ​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ភិត​
ភ័យ រំភើប​រក​និយាយ​មិន​ត្រូវ គឺ​វា​ហួស​ពី​ការ​ស្មាន​របស់​ខ្ញុំ ដែល​នៅ​តាម​ជន​បទ​មិន​ដែល​មាន​សោះ ផ្លូវ​ខ្វែង​ខ្វាត់ ឡាន​ហូរ​ហៀ សំណង់​អាគារ​តូច​ធំ​ ភ្លើង​ភ្លឺ​ពាស​ពេញ​ដង​ផ្លូវ។ លើស​ពី​នេះ​ទៅទៀត គឺ​មាន​ការ​ខុស​គ្នា​ឆ្ងាយ​មែន​ទែន​រវាង​ទី​ក្រុង​និង​​ជន​បទ ទាំង​ការ​និយាយ​ស្តី ទំនាក់​ទំនង ទីផ្សារ​ការ​ងារ​កត្តា​ដែល​សំខាន់​នោះ គឺ​ចំណេះ​ដឹង​ទាំង​សង្គម និង​ផ្នែក​វិទ្យា​សាស្រ្ត​ដូច​ជា​ការ​ប្រើប្រាស់ ប្រព័ន្ធ​កុំព្យូទ័រ អ៊ីនធឺណិត អ៊ីមែល​​និង​ភាសា​បរទេស ដូច​ដែល​មិត្ត​អ្នក​អាន​បាន​ដឹង​ស្រាប់​ហើយ​ថា រវាង​សិស្ស​នៅ​ទី​ក្រុង និង​ជនបទ ថា​តើ​មួយ​ណា​មាន​ឱកាស និង​កន្លែង​រៀន​បាន​ច្រើន​ជាង? ហេតុ​ដូច្នេះ​ ពេល​ដែល​ខ្ញុំ​ក្រឡេក​មើល​មក​ក្រោយ​វិញ ការ​សិក្សា​របស់ខ្ញុំ​នៅ​វិទ្យា​ល័យ​គឺ​ប្រៀប​ដូច​កង្កែប​ដែល​នៅ​ក្នុង​អណ្ដូង ថា​អណ្ដូង​ធំ ទូលាយ​ណាស់​សម្រាប់​គេ។ ខណៈ​ពេល​នៅ​ក្នុង​អណ្តូង​ហើយ មាន​ឱកាស​ក៏​មិន​​ដឹង​ថា​យក​មក​ធ្វើ​អី្វ​ដែរ។ ពេល​នេះ​ទើប​ដឹង​ថា ចំណេះ​ដឹង​​​របស់​ខ្លួន​នៅ​មាន​កម្រិត​។ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ត្រូវ​ខិត​ខំ​រៀន ឲ្យ​បាន​ច្រើន​នូវ​ភាសា​បរ​ទេស កុំព្យូទ័រ និង​មុខ​វិជ្ជា​ដែល​ជា​ជំនាញ​របស់​ខ្ញុំ​ជា​សំខាន់ ដើម្បី​ចូល​ប្រកួត​ប្រជែង​នឹង​និស្សិត​ក្នុង​ទីក្រុង​បាន ពីព្រោះ​ខ្ញុំ​មាន​គម្រោង​មួយ​ទៅ​ថ្ងៃ​ក្រោយ គឺ​ខ្ញុំ​ចង់​ក្លាយ​​ជា​មនុស្ស​មួយ​ដែល​មាន​សមត្ថ​ភាព​ធ្វើ​ការ​ងារ​ល្អ​សម្រាប់​សង្គម និង​ក្រុម​គ្រួ​សារ ព្រម​ទាំង​​ទទួល​បាន​ការ​ស្រឡាញ់​ពី​ប្រជា​ពល​រដ្ឋ​​ក្នុង​តំបន់​។
ជា​ចុង​បញ្ចប់ ខ្ញុំ​មាន​ការ​ផ្ដាំផ្ញើ​មួយ​ចំនួន​ដល់​ប្អូន​ៗ ដែល​ជា​សិស្ស​កំពុង​រៀន​នៅ​វិទ្យាល័យ និង​ត្រៀម​ប្រឡង​យក​សញ្ញាប័ត្រ​ខាង​មុខ ដើម្បី​បាន​​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​នានា     គឺ​ប្អូន​ៗ​​​ត្រូវ ព្យាយាម​សិក្សា​រៀន​សូត្រ កុំ​បោះ​​បង់​ចោល​ការ​សិក្សា​ក្នុង​វ័យ​ក្មេង និង​ពុះពារ​​​ចាប់​យក​ចំណេះ​ដឹង​តាមរយៈ​ការ​អាន ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ហើយ​វា​​ជា​ស្ពាន​​​មួយ​ចម្លង​យើង​ឲ្យ​ដល់​គោល​ដៅ ដែល​យើង​បាន​កំណត់​ទុក។ ខ្ញុំ​សូម​ជូន​ពរ​ដល់​មិត្ត​អ្នក​អាន ប្អូន​ៗ​ជំនាន់​ក្រោយ មាន​សុខ​ភាព​ល្អ សំណាង​ល្អ​គ្រប់​ពេល​វេលា និង​ជោគ​ជ័យ​រាល់​កិច្ចការ​ទាំងអស់៕