Sunday, January 9, 2011

ព្រៃ​ឈើ​នៅ​ខេត្ត​សៀមរាប​និង​ឧត្ដរមានជ័យ​រង​ការ​កាប់​បំផ្លាញ

អត្ថបទរបស់វិទ្យុអាស៊ីសេរី
មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​មួយ​រូប របស់​ខេត្ត​សៀមរាប​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ព្រៃ​ឈើ​ដ៏​សម្បើម​ដែល​ត្រូវ​ការ​ពារ​របស់​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ឧទ្យាន​ ជាតិ​គូលែន​ព្រហ្ម​ទេព នៅ​តំបន់​ជប់​សោម ដី​ក្រហម​អូរ​ទី​៤ អាច​នឹង​បាត់​បង់​យ៉ាង​ឆាប់​រហ័ស ដោយសារ​តែ​គេ​កាប់​ប្រចាំ​ថ្ងៃ ហើយ​មិន​មាន​កិច្ច​ការ​ពារ​ពី​មន្ត្រី​បរិស្ថាន ដែល​ជា​ឧទ្យាន​នុរក្ស​ទី​នោះ​ទេ។
លោក ម៉ៅ សារ៉ាត់ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយ​លើ បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ ខែ​មករា​ថា លោក​ទើប​តែ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ឧទ្យាន​ ជាតិ​គូលែន​ព្រហ្ម​ទេព​នោះ ហើយ​បាន​ឃើញ​សកម្មភាព​កាប់​ព្រៃ​ឈើ​ជា​ច្រើន ដើម្បី​រុក​រាន​យក​ដី​ជា​កម្ម​សិទ្ធិ​ឯកជន និង​មាន​អ្នក​ស្លៀក​ពាក់​ទាហាន​ខ្លះ​បាន​កាប់​ឈើ​លក់ ៖ "ក្នុង​ដែន​ព្រៃ​ ស្អាក​ហ្នឹង​ចម្ងាយ​ពី​ថ្នល់ High Way ទៅ​ច្រក​អន្លង់​វែង​ប្រហែល​ពី​៨ ទៅ​៩​គីឡូ​ម៉ែត្រ។ ទឹក​ដី​នោះ​វា​ព្រំ​ប្រទល់​ឃុំ​ស្រែ​ណូយ និង​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ។ ថត​បាន​ទាំង​រទេះ​ដឹក​ឈើ​ដឹក​អី​ទៀត​ផង។ អ្នក​ដែល​ត្រួស​ព្រៃ​ហ្នឹង​កាប់​ផ្ដួល​ទាំង​ស្រុង​បណ្ដោយ ធ្វើ​ចម្ការ​តូច​ប៉ុណ្ណា​ក៏​វា​កាប់​ដែរ ប៉ុន្តែ​អ្នក​ដែល​កាប់​ឈើ​អារ​លក់​នោះ វា​កាប់​ឈើ​ប្រភេទ​ដើម​ផ្ដៀក​ដើម​ធំៗ។ អា​ម៉ាស៊ីន​ត្រង់​ស៊ី​ន័រ​នោះ​វា​ចូល​កាត់​លាន់​ពេញ​ព្រៃ​ហ្មង"
តំបន់​ដែន​ឧទ្យាន​ដែល​កំពុង​ទទួល​រង​ការ​កាប់​ឈើ​នោះ ត្រូវ​បាន​គេ​ដឹង​ថា ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង និង​ការ​ពារ​របស់​មន្ត្រី​បរិស្ថាន​ឧទ្យាន​នុរក្ស នៅ​ចំណុច​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប។ ប៉ុន្តែ​លោក ហុង តារា​វុធ ប្រធាន​ឧទ្យាននុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​មិន​អាច​ទំនាក់​ទំនង​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ព័ត៌មាន​នេះ​បាន​ទេ។
ប្រជា​ពល​រដ្ឋ​ម្នាក់​កំពុង​រស់​នៅ​តំបន់​ត្រពាំង​ក្រសាំង ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​នោះ កំពុង​មាន​ការ​កាប់​ឈើ​ជា​រៀង​រាល់​ថ្ងៃ​សម្រាប់​រុក​រាន​យក​ដី​ធ្វើ​ កម្មសិទ្ធិ​ឯកជន និង​មាន​ម៉ាស៊ីន​អារ​ឈើ​ខុស​ច្បាប់ ដើម្បី​យក​ទៅ​លក់​ដូរ​ផង ៖ "ទាហាន​ពួក​អី គេ​អារ​ឈើ​ម៉ាស៊ីន​ប្រហែល ៤-៥​គ្រឿង រៀង​រាល់​ថ្ងៃ ប៉ះ​ជួន​ណា (អារ) យប់​ប៉ះ​ជួន​ណា​ថ្ងៃ​នេះ​ឯង។ ទើប​តែ​ស្ងាត់​មិញ​នេះ​ឯង ដឹក​តាម​រទេះ​គោ ជួន​ណា​ក៏ ១០​រទេះ ជួន​ណា​ក៏ ៥​រទេះ​ជួន​ណា​ក៏ ៣​រទេះ។ បើ​នៅ​ច្រក​ឯ​កោះ​កូង​នោះ​ទៀត​រាល់​ថ្ងៃ"
កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១០​កន្លង​មក លោក ហឿ អន ប្រធាន​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃ​ឈើ ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ ក៏​ធ្លាប់​បាន​សំដែង​ការ​ព្រួយបារម្ភ​ដែរ​ថា ព្រៃ​ដែល​សហគមន៍​របស់​លោក​ការ​ពារ​សម្រាប់​លក់​កាបូន​ព្រៃ​ឈើ​ជា​ច្រើន​ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ខ្លាំង។
ប្រធាន​សហគមន៍​ព្រៃ​ឈើ​ដដែល បាន​មាន​ប្រសាសន៍​ថា ក្រុម​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់ បាន​ប្រើ​ម៉ាស៊ីន​លាន់​ឮ​ទ្រហឹង​ពេញ​ព្រៃ ប៉ុន្តែ​មិន​មាន​ការ​បង្ក្រាប​ពី​មន្ត្រី​ជំនាញ​ណា​មួយ​ទេ។
ដែន​ជម្រក​សត្វ​ព្រៃ​នៃ​ឧទ្យាន​ជាតិ​គូលែន​ព្រហ្ម​ទេព មាន​ផ្ទៃ​ដី​លាត​សន្ធឹង​ត​ភ្ជាប់​គ្នា​រាប់​សិប​គីឡូ​ម៉ែត្រ​ដោយ​ផ្ទៃ​ដី​ ព្រៃ​មួយ​ផ្នែក​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ មួយ​ផ្នែក​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ខេត្ត​សៀមរាប និង​មួយ​ផ្នែក​ភ្ជាប់​ទៅ​តំបន់​ព្រៃ​ស្អាក ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ៕