Sunday, January 9, 2011

សម្លកង្កែបអាំង ម្ជូរម្កាក់

សម្ល​កង្កែប​អាំង ម្ជូរម្កាក់

កង្កែប​អាំង ម្ជូរ​ម្កាក់​គឺ​ជា​មុខម្ហូប​មួយ​ប្រភេទ​របស់​អ្នក​ឃុំ​គោកមន ស្រុក​បន្ទាយអំពិល​ខេត្ត​ឧត្ដរ មានជ័យ។ ម្ហូប​នេះ​គេ​និយម​ធ្វើ​ទទួល​ទាន​នៅ​រដូវ​រំហើយ​ដែល​ជា​រដូវច្រូតកាត់ ហើយ​កង្កែប​ក៏​សំបូរ និង កំពុង​តែ​ឡើង​ឆ្ងាញ់​ផង​ដែរ​នៅ​រដូវ​នេះ។ កង្កែប​អាំង ម្ជូរ​ម្កាក់​គឺ​ជា​ម្ហូប​ដែល​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់ និង មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ម្ហូប​នៅ​ស្រុក​ស្រែ​ជា​ច្រើន​ទៀត។ ម្ហូប​នេះ​ដែរ​គឺ​ជា​ម្ហូប​ដែល​បាន​បញ្ជាក់ ពី​អត្តសញ្ញាណ​របស់​ប្រជាកសិករ​នៅ​ស្រុក​បន្ទាយអំពិល​ដែល​គាត់​និយម​ធ្វើ​ទទួល​ទាន​ជា​លក្ខណៈ​គ្រួសារ ហើយ​ច្រើន​តែ​ធ្វើ​នៅ​ឯ​ស្រែ​គឺ​នៅ​ពេល​ដែល​គាត់​ទៅ​ប្រមូល​ផល​ស្រូវ ព្រោះ​នៅ​ឯ​ស្រែ​គាត់​អាច​រក​កង្កែប​បាន​យ៉ាង​ងាយ​ដោយ​ការ​ដាក់​ទ្រូ ឬ​លប (ដាក់​នុយ ឬ​ត្រី​តូច​ៗ​ដែល​ងាប់​ចូល​ក្នុង​ទ្រូ​ឬ លប​ដើម្បី ឲ្យ​កង្កែប​ចូល​ទៅ​ស៊ី) នៅ​តាម​ថ្លុក​ក្នុង​ស្រែ ឬ​ទី​ដែល​មាន​ទឹក​ដក់​បន្តិចបន្តួច​នៅ​ក្នុង​ស្រែ ម្យ៉ាងទៀត​គាត់​ក៏ អាច​ជីក​រន្ធ​ក្ដាម​តាម​វាល​ស្រែ​បាន​ផង​ដែរ
សម្រាប់​ផ្លែ​ម្កាក់​គឺ​មិន​មែន​ម្កាក់​ដែល​គេ​ដាក់​លក់​នៅ​តាម​ទីផ្សារ​នោះ​ទេ។ ម្កាក់​ដែល​ដាក់​លក់​នៅ លើ​ទីផ្សារ​មិន​អាច​យក​មក​ស្ល​បាន​ទេ។ ចំពោះ​សម្ល​នេះ​គឺ​គេ​យក​ម្កាក់​ព្រៃ ដែល​នៅ​ក្នុង​ភូមិ​មិន​មាន​ផ្លែដើម​របស់​វា​ឡើយ គឺ​មាន​តែ​នៅ​តាម​ព្រៃ និង​នៅ​តាម​វាល​ស្រែ​ប៉ុណ្ណោះ។ សូម​បញ្ជាក់​ថា​មិន​មែន​ព្រៃវាល​ស្រែ​ទាំងអស់​សុទ្ធ​តែ​មាន​ដើម​ម្កាក់​នោះ​ទេ ព្រោះ​វា​ជា​ឈើ​ដែល​កម្រ ហើយ​មាន​មិន​សូវ​សំបូរ​ទេ​នៅ ស្រុកបន្ទាយអំពិល។ គ្រាន់​តែ​បាន​ឃើញ​ឈ្មោះ​មុខ​ម្ហូប​នេះ​លោក​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា​ផ្លែ​ម្កាក់​មាន រសជាតិ​យ៉ាង​ណា គឺ​វា​មាន​រសជាតិ​ជូរអែម។

  • គ្រឿង​ផ្សំ
  • កង្កែប
  • ផ្លែ​ម្កាក់
  • ម្អម ឬ​ម្រះព្រៅ(បើ​ដាក់​ម្អម​មិន​ចាំបាច់​ដាក់​ម្រះ​ព្រៅ​ទេ)
  • អំបិល
  • ប៊ីចេង
  • មើមខ្ទឹមស
  • ស្លឹក​គ្រៃ
  • ប្រហុក (ដាក់បន្តិបន្តួចកុំឲ្យច្រើនពេក)
  • វិធីធ្វើ
លាង​ឆ្នាំង​ឲ្យ​ស្អាត រួច​ដាក់​ដាំ​ទឹក បន្ទាប់​មក​ដំ​មើម​ខ្ទឹម​ស​ដាក់​ចូល ហើយ​ដាក់​ផ្លែ​ម្កាក់ និង​ស្លឹក គ្រៃ​ចូល​ព្រម​ជា​មួយ​គ្នា​តែ​ម្ដង រួច​ហើយ​ដាក់​អំបិល​ចូល​បន្តិច រីឯ​ម្អម​ត្រូវ​លាង​ទុក​ឲ្យ​ស្អាត។
ចំណែក​កង្កែប​ត្រូវ​វះ​យក​អាចម៍​ចេញ ហើយលាងឲ្យស្អាត រួច​​យក​ទៅ​ដាក់​អាំង​ឲ្យ​ឆ្អិន​ល្មម តែកុំ ឆ្អិន​ពេក។ កង្កែប​មិន​ត្រូវ​ពន្លាត់​យក​ស្បែក​ចេញ​ទេ គឺ​ត្រូវ​ទុក ហើយ​ដាក់​អាំង​ទាំង​ស្បែកនៅ​ពេល​ទឹក​ពុះ ត្រូវ​ដាក់​កង្កែប​ដែល​អាំង​ឆ្អិន​ល្មម​នោះ​ចូល ហើយ​គ្រប​ទុក​រហូត​កង្កែប​ឆ្អិន​ល្អ​សឹម​ជ្រំ​ប្រហុក​ដាក់​ចូល បន្តិច រួច​ដាក់​ប៊ីចេង​ចូល​បន្តិច គ្រប​ទុក​មួយ​ស្របក់​ទើប​បង់​ម្អម​ដែល​បាន​លាង​សំអាត​រួចរាល់​ហើយ ដាក់​ចូល បន្ទាប់​ពី​បង់​ម្អម​ចូល​ហើយ​ត្រូវ​គ្រប​ទុក​មួយ​សន្ទុះ​ដើម្បី​ឲ្យ​ម្អម​ស្លោក​បន្តិច​។ ភ្លក់​មើល សាប ឬ​ប្រៃ​ត្រូវ​ថែម​ថយ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត រួច​ហើយ​សឹម​ដាក់​ចុះ​ពី​ភ្លើង​ជា​ការ​ស្រេច​។ សម្រាប់​ម្អម គេ​អាច​រក​ដក​បាន​នៅ​ក្នុង​ស្រែ ឬ​នៅ​តាម​ទី​កន្លែង​ដែល​មាន​ដើម​ម្អម​ដុះ ម្អម​នេះ​ដែរ​មាន​ពីរ​ប្រភេទ គឺ ម្អម​ក្ដាម និង​ម្អម​ស្រែ ហើយ​ម្អម​ដែល​យក​មក​បង់​ក្នុង​សម្ល​នេះ​គឺ​ជា​ម្អម​ស្រែ​ដែល​មាន​ក្លិន​ក្រអូប​ប្រហើរ។
បន្ទាប់​ពី​បាន​រៀបរាប់​ខាង​លើ​រួច​មក​ឃើញ​ថា​មុខ​ម្ហូប​មួយ​នេះ​គឺ​ជា​ម្ហូប​ដែល​ងាយ​ស្រួល​ធ្វើ ហើយ​មាន​គ្រឿង​ផ្សំ​តិច​ទៀត​ផង អ្វី​ដែល​ពិសេស​ជាង​នេះ​គឺ​វា​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់ បើ​បាន​ទទួល ទាន​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ក្រោម​ម្លប់​ឈើ​ក្នុង​ស្រែ​គឺ​ពិត​ជា​មាន​ភាព​កក់​ក្ដៅ និង​មាន​សុភមង្គល​មែន​ទែន ស្រប​នឹង​ខ្យល់​បក់​នាំ​យក​មក​ជាមួយ​នូវ​ក្លិន​ដ៏​ក្រអូប​នៃ​ផ្លែ​ស្រូវ​ធ្វើ​ឲ្យ​សម្ល​កង្កែប​អាំង​ម្ជូរ​ម្កាក់​មាន​ឱជារស​ ឈ្ងុយ​ឆ្ងាញ់​ថែម​មួយ​កម្រិត​ទៀត​។
សូម​បញ្ជាក់​ថា​ម្ហូប​មួយ​មុខ​នេះ​មិន​មែន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​វិជ្ជា​ធ្វើ​ម្ហូប​ណា​មួយ​ឡើយ គឺ​ជា ការ​ដកស្រង់​ពាក្យ​សំដី និង​បទពិសោធន៍​ផ្ទាល់​របស់​ប្រជាកសិករ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​គោកមន​ដែល​គាត់ ធ្លាប់​បាន​ឃើញ​បាន​ស្គាល់ និង​ធ្លាប់​បាន​ធ្វើ​ទទួល​ទាន៕

ចងក្រង​ដោយ​៖ ផាត សុភឿន និស្សិត​ផ្នែក​សំណង់​ស៊ីវិល​ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ