Friday, February 1, 2013

មើលន៎គេឯនាយ



រៀបរៀងដោយ ស៊ី  សាឡែន  ធ្វើនៅថ្ងៃទី០៦ ខែ មករា ឆ្នាំ ២០១៣  លេខ០១៣៧
មើលន៎ឯនាយ                  គេដើរទស្សទាយ
ស្ពាយក្បួនតម្រា ()             គេថែមកត់ទុក
ទៅមុខយាត្រា                   ប្រើដោយបញ្ញា
វាចារសមសួន ។
ពេលឮឈ្មោះខ្មែរ              ពាក្យគេតែងតែ
ពោលថាបងប្អូន                គេចាំប្រវត្តិ
គេស្ទាត់ទាំងក្បួន               ខ្មែរតែងភ្លេចខ្លួន
ក្បួនគេទីទៃ ។
គេអាងសាច់ដុំ                  ឃើញមាឌគេធំ
អាងពាក្យបំភ្លៃ                  គេឃើញយើងតូច
ប្រដូចសត្វចៃ                             គេគូសនឹងដៃ
តែងលុបនឹងជើង ។ ()
គេមានមហិច្ឆតា                យកខ្មែរខេមរា
ទីបង្កាត់ភ្លើង                     គេស្រែកខ្លាំងៗ
មិនតតាំងយើង                 ទ័ពគេឈរជើង
ក្នុងដីសីមា។ (៣)
នេះគេក្បួនច្បាប់               គេមិនដែលត្រាប់
អ្វីដែលគេថា                     ផ្ទុយពាក្យចារចុះ
ដែលស្មោះបោះត្រា            ចូរខ្មែរខេមរា
មានការប្រៀបប្រុង ។
គ្រប់ផ្នែកវិស័យ                 ទោះតិចតូចក្តី
គេគន់សំឡឹង                    មិនចង់ឃើញខ្មែរ
ឆ្លៀតស្នេហ៍ពង្រឹង             វប្បធម៌រីករឹង
ក្រៅក្នុងប្រទេស ។
កូនខ្មែរប្រុសស្រី                គួរតែវាងវៃ
មិនត្រូវប្រហែស                ត្រេចចរកត់តា្រ
បញ្ញាអ្នកទេស                  ញាណដោយតម្រេះ
ហើយឃ្លាំរំពៃ ។

ដើរតាមផ្លូវជើង                 ចក្ខុជាភ្លើង
ឆ្លុះបំភ្លឺព្រៃ                        សោតៈស្តាប់បាន
វិញ្ញាណថ្លាថ្លៃ                             ចេញពីហរទ័យ
ដោយគន្លងធម៌ ។
ពូជខ្មែរមានសីល               ជាតិគេក្រវែល
តាមចោះយកជ័រ                ប្រាថ្នាប៉ុនប៉ង
ចំឡងផ្សាំពណ៌                 ចង់ឲ្យខ្មែរញ័រ
ឆ្លៀតចូលចាក់ថ្នាំ ។
នេះគេគំនឹត                     ថ្វីយើងមិនគិត
ក៏ត្រូវមានកម្ម                            យើងស្រួលដំណេក
គេភ្នែករកាំ                        ព្រោះខ្មែរកេរដាំ
ចាក់គ្រឹះត្រៀបត្រា ។
រាល់ថ្ងៃគេស្ទង់                  ចាត់ចែងគូរប្លង់
ច្រើនថ្មីផែនការ                 បើខ្មែរបានសុខ
គេមុខក្តៅផ្សា                    ខ្មែរសូន្យសាវតា
វាសនាគេខ្ពស់ ។
គេផ្លាស់ស្បៃថ្មី                   លេចពណ៌ស្កឹមស្កៃ
ហាក់ថ្កើងកេរ្តិ៍ឈ្មោះ          ប្រវត្តិបរិសុទ្ធ
គេចផុតទុរយស                ជាតិមិនពាល់ប៉ះ ()
ពូជចោរអប្រិយ ។
យើងបានដឹងច្បាស់           នាមខ្មែរគេផ្លាស់
កាត់ផ្តាច់និស្ស័យ               គ្រប់ឈ្មោះខេត្តឃុំ
លួចហុំយកដី                    អក្ខរាក្រឡៃ
លេចថ្មីប្រវត្តិ ។
ដែនទឹកដីខ្មែរ                              គេប្រៀបដូចរ៉ែ
ពេញដោយឳសថ៌             គេទារចូលឆ្នៃ
លូកដៃវាស់កាត់                 ដោយចិត្តមធ្យ័ត
ងងល់ហ្មងមោះ ។

អ្វីជាទ្រព្យយើង                 គេតាមរករឿង
មិនដែលបង់បោះ              ទាមទារចំណែក
បំបែកដីកោះ                     បាតអាងឯណោះ
ច្រោះបូមឈូឆរ ។
តាមផ្លូវសេដ្ឋកិច្ច                គេតាមពន្លិច
ច្របាច់ជាន់ក                             គេបានចំណែក
ដឹករែកបន្ត                       ម្ចាស់សល់បបរ
កំដរជីវិត ។
វិស័យសេដ្ឋកិច្ច                 គេប្រើស្នៀតល្បិច
តាមគាបរួតរឹត                  ក្បួនបង្ខះទុន
ប្រើឈ្នុនបើកបិទ               ខ្មែរទាល់គំនឹត
លែងគឹតថោកថ្លៃ។
តាមឈ្នាន់សេដ្ឋកិច្ច           គេចាយទុនតិច
បានច្រើនកម្រៃ                 កេងដូរដោះថោក
ផ្សំបោករាល់ថ្ងៃ                 ទឹកមាត់គេប្រៃ
ផ្តល់ន័យខ្លឹមសារ ។
គេមានទុនធំ                     ទឹកដីជាយព្រំ
គេជួលប្រើការ                  បានទិញធ្វើម្ចាស់
ចំក្រាស់ព្រឹក្សា                   ម៉ីនសែនហិកតា
ដាំបង្កើនទុន ។
បែបគេសេដ្ឋកិច្ច                ខ្មែរសល់បង្វិច
ជាតិគេកើនធន                 ចិត្តគេជាម្ចាស់
មិនខ្វះទេពមន្ត                  ផលកើនពេកពន់
កើបទុនបន្ថែម ។
ចរន្តសេដ្ឋកិច្ច                             ខ្មែរត្រូវរិលរេច
ព្រោះច្រើនអ្នកក្លែម           ចិត្តជ្រួលរំភើប
ចំពើបបង្អែម                     អស់គេបោះថែម
ភ្លេចទិសតំបន់ ។
គេប្រើបញ្ញា                      ការពារត្រួតត្រា
គ្រប់គ្រងចរន្ត                            សេដ្ឋកិច្ចយោធា
គង្គាប្រព័ន្ធ                       គេមិនរួសរាន់
កាត់ផ្តាច់សង្ខារ ។
ប្រៀបបានដើមជ្រៃ            ដុះលាស់ធំថ្មី
ផ្ញើលើរុក្ខា                         ស្រូបយកជីរជាតិ
កៀបត្បៀតរូបា                 ផ្តាច់ទាល់មរណា
សល់សារជាតិជ្រៃ ។
មើលគេឯនាយ                 គឹតឲ្យធ្លុះធ្លាយ
ចាប់គេសំដី                      ប្រើញ្ញាណទាំងប្រាំ
សកម្មព្រួតដៃ                              លើកស្ទួយកែឆ្នៃ
ជាតិដែលរងគ្រោះ ។()
បើពុំនោះសោត                 កុំបើកក្រឡោត
ភ្នែកមាត់បន្ទោស               ជាតិយើងត្រូវការ
ចេស្តាធនមនុស្ស               ផុសដោយសន្ទុះ
អ្នកជាតិនិយម ។
កាលបានយល់ច្បាស់         ទឹកចិត្តមិនខះ
មូលមកប្រគុំ                    ស្ម័គ្រចូលលះបង់
ទ្រទ្រង់ទ្រនំ                      តាមផ្នែកតាមក្រុម
កុំបីខកខាន ។
បងប្អូនរួមជាតិ                  ចូរចាំខ្មីឃ្មាត
ដក់ជាប់គ្រប់ប្រាណ          ជាតិយើងផុតទុក្ខ
ទៅមុខសាន្តត្រាណ           អាស្រ័យកល្យាន
ខ្មែររួមសាមគ្គី ៕
ពាក្យពន្យល់៖
(១) ក្បួនតម្រាគេ  (២) មានពាក្យចម្លងខ្លះ
(៣) ដីខ្មែរសីមា  (៤) ជាតិរបស់គេ (៥) ជាតិខ្មែរខេមរា