Thursday, January 31, 2013

ទំនួញ​ជន​ពិការ​



ធ្លាប់​តែ​ជា​មនុស្ស​ល្អ​ស្អាត​បាត​
ធ្លាប់​តែ​សង្វាត​ធ្វើ​ការ​ងារ​
មិន​ធ្លាប់​គិត​ទេ​រឿង​វេ​រា​
ឥឡូវ​រោគា​ មក​បៀត​បៀន​ ។
ពេល​នេះ​ធ្លាក់​ខ្លួន​ជន​ពិការ​
បាត់​អស់​វរ​ហារ​ដែល​ខ្លួន​មាន​​
ជម្ងឺ​ចង្រៃ​ក្លាយ​ជា​ព្រាន​
ប្រហារ​ព្រមាន​ភ្នែក​ទាំង​ទ្វេរ​ ។
អ្វី​ៗ​ជុំ​វិញ​ធ្លាប់​តែ​ស្រស់​
ពេល​នេះ​បាត់​អស់​គ្មាន​សល់​ទេ​
ងងឹត​សូន្យ​ឈឹង​ពិបាក​ម្លេះ​ទេ​
ឈឺ​ចាប់​ឡើង​ទ្វេរ​គ្មាន​ស្រាកស្រាន​ ។
ធ្លាប់​តែ​រស់​នៅ​ជួប​ជុំ​គ្នា​
ឥត​មាន​វេរាសុខ​ថ្កើង​ថ្កាន
សប្បាយ​ជួប​ជុំ​ញាតិ​សណ្ដាន​
ប្រៀប​ដូច​ជា​ឋាន​ល្អ​ប្រ​ពៃ​ ។
ក្ដី​ទុក្ខ​ពេល​នេះ​ធំ​ធេង​ណាស់​
ជួប​រឿង​អាម៉ាស់​ឈឺ​ចាប់​ក្រៃ​
ឈឺ​លើស​​ ក្ដី​​សុខ​ទុក្ខ​បាន​ដៃ​
សៅ​ហ្មង​រាល់​ថ្ងៃ​ព្រោះ​តែ​រោគ​ ។
ជា​ជន​ពិការ​គ្មាន​ក្ដី​សុខ​
ដេក​អោប​ក្ដី​ទុក្ខ​ក្នុង​ជំរក​
រក​អ្វី​គ្មាន​បាន​ហូ​រ​​ចូល​​មក​
ចូល​តែ​ទុក្ខ​សោក​ពេញ​ហូរហៀរ​ ។
​ក្រុម​គ្រួសា​រ​ក៏​ជួប​តែ​ទុក្ខ​
បង្កើន​បន្ទុក​សែន​វេនា​
ទុក្ខ​លើ​ទុក្ខ ​គ្រប់​និន្រ្ទា​
ឈឺ​ចាប់​គ្រប់​គ្នា ​​ល្ហែ​ល្ហើយ​ ។
តែ​មិន​ថ្វី​ទេ​ពិការ​ភ្នែក​​
រស់​ដើម្បី​ស្អែក​កុំ​កន្តើយ​
ធ្វើ​រឿង​ល្អៗ​ទុក្ខ​បាន​ស្បើយ​
ខំចម្លង​ត្រើយ ​ទើប​ល្អ​ពិត​ ។
មិន​តូច​ចិត្ត​ទេ​រឿង​ប៉ុ​ណ្ណឹង​
ខ្ញុំ​ត្រូវ​ខំ​ប្រឹង​រក​គំនិត​
ត្រូវ​ខំ​សិក្សា​រាប់​រក​មិត្ត​
ដើម្បី​ជី​វិត​ល្អ​ថ្លៃ​ថ្លារ​ ។
ខ្ញុំ​សូម​ផ្ដែរ​ផ្ដាំ​រ​មិត្ត​រូម​ជាតិ​
កុំ​តូច​ចិត្ត​ទៀត​ព្រោះ​ពិការ​
យើង​អាច​ធ្វើ​បាន​គ្រប់​កិច្ចការ​
ឲ្យ​តែ​វរហារ​យើង​នៅ​បាន​ ។
ស៊ូ​ពិការ​​ភ្នែក​​ឲ្យ​​តែ​​ចិត្ត​
កុំ​​ពិការ​​ពិត​​នោះ​​ថ្កើង​​ថ្កាន​​
ត្រូវ​ខំ​ប្រឹង​រស់​រក្សា​ប្រាណ​
នោះ​ទើប​ដល់​ឋាន​ថ្កាន​ប្រសើរ...​ ៕
ស្ងាម​ ក្រឹម​