Thursday, March 22, 2012

ក្រុមហ៊ុន​ទំ​រីង​ ដា​តា​ ប្រមូល​ទិញ​ឈើ​គ្រញូង​ល្បី​ពេញ​ខេត្ដឧត្ដរមានជ័យ​

 ដកស្រង់ពី​គេហទំព័រនគរវត្ត
ដោយ​ ៖ ​សុខ​ ខេមរា​
ថ្ងៃទី 22-03-2012 ម៉ោង 09:40:51

​ខេត្ដឧត្ដរមានជ័យ​ ៖​ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​កំពុង​កើត​មាន​យ៉ាង​ពេញ​បន្ទុក​នៅ​ក្នុង​ទឹកដី​ខេត្ដឧត្ដរមានជ័យ​ មាន​ទាំង​ក្រុមហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ និង​ក្រុម​ឈ្មួញ​ល្មើសច្បាប់​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ដែល​មានព្រៃ​សម្បទាន​សេដ្ឋ​កិច្ច​ ក៏​បាន​លួច​បង្កប់​ដឹកឈើ​គ្រញូង​និង​ប្រមូល​ទិញ​ឈើ​គ្រញូង​រហូត​ដល់​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ដ​ចូល​កាប់​ និង​អូស​ឈើ​ក្នុង​ទឹកដី​ថៃ​ យក​មក​លក់​ឱ្យ​ឈ្មួញ​ ឬ​ស៊ីឈ្នួល​អូស​ឈើ​គ្រញូង​នេះ​ជា​ ដើម​ងាយ​នឹង​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ផង​ដែរ​ពី​ទាហាន​ថៃ​នោះ​ ។​

​គេ​បាន​រាយការណ៍​មក​ថា​ ក្រុមហ៊ុន​ទំ​រីង​ ដា​តា​ កំពុង​តែ​ប្រមូល​ទិញ​ឈើ​គ្រញូង​ និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​យ៉ាង​អនាធិបតេយ្យ​ក្រោម​ក្រសែភ្នែក​សមត្ថ​កិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ដ​នេះ​ ។​

​ជា​ទូទៅ​គេ​បានឃើញ​ទីតាំង​ក្រុមហ៊ុន​ ទំ​រីង​ ដា​តា​ ដែល​ស្ថិត​នៅ​ភូមិ​អណ្ដូង​៣​ ឃុំ​-​ស្រុក​អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ បាន​ចាំ​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ជា​ម៉ូតូ​ ជា​ឡាន​កាម​រី​កែ​ច្នៃ​ ទួ​រី​ស​ រួច​ហើយ​ក្រុមហ៊ុន​ទំ​រីង​ដា​តា​ បាន​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ទាំងនោះ​តាម​រយៈ​ឡាន​កូរ៉េ​២​តោន​កន្លះ​ចេញពី​ទីតាំង​ក្រុមហ៊ុន​ ឆ្ពោះទៅ​កាន់​ខេត្ដកំពង់ចាម​ ។​

​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១២​ ក្រុមហ៊ុន​ទំ​រីង​ ដា​តា​ បាន​ដឹកឈើ​គ្រញូង​តាម​ឡាន​កូរ៉េ​២​តោន​កន្លះ​ ប៉ុន្ដែ​មាន​អ្នក​រត់ការ​សម្រាប់​បែងចែក​ប្រាក់​ដល់​សមត្ថកិច្ច​ ដែល​មានឈ្មោះ​បូរ​ ជា​អ្នក​ចេញ​មុខ​រត់ការ​និង​មាន​ឯកសណ្ឋាន​ជា​យោធា​ មាន​កាំភ្លើងខ្លី​ និង​ឡាន​កាម​រី​ ឆ្លាម​ពណ៌​ស្ករ​ សម្រាប់​ជា​មធ្យោបាយ​រត់​ការ​នោះ​ ។​

​លោក​ទៀង​ ដា​វី​ដ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដឧត្ដរមានជ័យ​ ហាក់ដូចជា​មមាញឹក​ផង​ដែរ​ក្នុង​ការ​ទទួលផល​ប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើត​មាននៅ​ក្នុង​ខេត្ដឧត្ដរមានជ័យ​នេះ​ មិនតែប៉ុណ្ណោះ​ឈ្មួញ​ឈើ​មួយ​ចំនួន​បាន​ស្គាល់​អំពី​ទឹកចិត្ដ​របស់​គាត់​ច្បាស់​ក្នុង​ការ​ទទួលផល​ប្រយោជន៍​ពី​ពួក​គេ​ដែល​បាន​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​ ។​

​កន្លង​ទៅ​ ក្រុមហ៊ុន​ទំ​រីង​ ដា​តា​ តែង​ តែ​ប្រមូល​ទិញ​ឈើ​ពី​ប៉ែក​អូរ​ស្មាច់​ ស្រុក​អន្លង់​វែង​,​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ និង​ពី​ចំណុច​ទំនប់​ដាច់​ ហើយ​មួយ​ចំនួន​ទៀត​ ក៏​បាន​ប្រមូល​ទិញ​ផង​ដែរ​ពី​ខេត្ដព្រះវិហារ​យក​មក​ស្ដុក​ទុក​នៅ​ទីតាំង​ក្រុមហ៊ុន​របស់​ខ្លួន​ជ្រក​ក្រោម​ឈើ​មានច្បាប់​ ដែល​ចេញ​ពី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ក្រុមហ៊ុន​ទំ​រីង​ ដា​តា​ ដឹក​ជញ្ជូន​ឈើ​គ្រញូង​ដែល​មក​ពី​ការ​ប្រមូល​ទិញ​ពី​ឈ្មួញ​ និង​ប្រជាពលរដ្ឋ​រហូត​ដល់​អ្នក​រត់ការ​ឱ្យ​ក្រុមហ៊ុន​នេះ​ចំណាយ​ប្រាក់​ទៅ​លើ​សមត្ថកិច្ច​ និង​ជំនាញ​រដ្ឋបាល​ ព្រៃឈើ​បែប​អនាធិបតេយ្យ​នេះ​លោក​ ទៀង​ ដា​វី​ដ​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្ដឧត្ដរមានជ័យ​បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ “​ច្បាប់​ណា​ដឹកឈើ​គ្រញូង​មិន​បាន​”​ រួច​ក៏​បិទ​ទូរស័ព្ទ​ ។​

​ថ្មីៗ​នេះ​ក៏​មានការ​រិះគន់​ផង​ដែរ​ពី​ក្នុង​ស្រុក​អន្លង់​វែង​ បន្ទាប់​ពី​ខាង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​តែងតែ​ធ្វើទុក្ខបុកម្នេញ​ គាបសង្កត់​ និង​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ដឹក​វល្លិ​ផ្ដៅ​បន្ដិចបន្ដួច​ ទៅ​លក់​នៅ​ទឹកដី​ថៃ​តាម​ច្រក​ជាំ​-​សា​ង៉ាំ​ រង​នូវ​ការ​ចាប់​ ក៏​ដូច​ជា​តម្រូវ​ឱ្យ​បង់ប្រាក់​ទៅ​តាម​ទំនើង​ចិត្ដ​ ហើយ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ ក៏​ដូច​ជា​ការ​ប្រមូល​ទិញ​ឈើ​នៅ​ក្នុងស្រុក​អន្លង់​វែង​,​ ស្រុក​ត្រពាំ​ង​ប្រាសាទ​ បែរជា​អស់លោក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សុខចិត្ដ​បិទ​ភ្នែក​ធ្វើ​ជា​ដេក​លក់​មើល​មិនឃើញ​ ។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១២​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង​ បាន​ចាប់​ផ្ដៅ​របស់​ប្រជា​ពល​រដ្ឋ​ យក​មក​ទុក​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ រួច​ហើយ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​យក​ប្រាក់​ទៅ​ដោះស្រាយ​ដែល​ជា​អំពើ​ពុក​រលួយ​ និង​ខ្វះ​ភាព​ទទួលខុសត្រូវ​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ដែល​កំពុង​កើត​មាន​ពេញបន្ទុក​នៅ​ក្នុង​ខេត្ដឧត្ដរមានជ័យ​នេះ​ ៕​