ដោយ សូដា
តែនរណាក៏ស្គាល់ថាវាជាអ្វីដែរ ហើយរសជាតិយ៉ាងដូចម្ដេចនោះ មិនត្រឹមតែប៉ុណ្ណោះ ស្គាល់ពីពណ៌ពេលនៅស្រស់ មិនទាន់ឆុង និងពណ៌ទឹកតែពេលដែលគេឆុងហើយទៅទៀតផងដែរ ប៉ុន្តែស្មៅតែមានមនុស្សតិចណាស់ដែលបានស្គាល់វា និងរសជាតិរបស់វា គេបានប្រើស្មៅនេះដូចជាតែ ចិន វៀតណាម ថៃ....ដែរ។
ស្មៅតែនេះឃើញដុះនៅក្នុងទឹកដីខេត្តឧត្ដរមានជ័យ ហើយមានក្លិនក្រអូបដើមរបស់វា។ ស្មៅនេះដុះជាគុម្ពដូច ស្មៅគុម្ព ហើយដើមស្មៅនេះដុះស្លឹកឆ្លាស់គ្នាស្រដៀងនិងគល់ស្លឹកគ្រៃ តែគល់ស្លឹកខ្លីហើយឆ្លាស់គ្នាជាគាវសំប៉ែតខាងក្រោម។ នៅគល់របស់វាមានពណ៌ក្រហមក្រមៅប្រហែលជា៣ ទៅ៥ សង់ទីម៉ែត្រ បន្ទាប់មកមានពណ៌សំបកពងមាន់រហូតដល់ចង់ស្លឹក។ ស្លឹកវាធំពីក្រោមហើយរៀវតូចរហូតដល់ចុងស្លឹក។ ឫសស្មៅតែមានពណ៌សខ្ចីពេលនៅខ្ចី ហើយប្រែពណ៌ទៅចាស់បន្តិចម្ដង រហូតដល់ឫសចាស់មានពណ៌ខ្មៅ ឬក៏ក្រមៅ និងជាលក្ខណៈបំពង់។
ស្មៅតែនេះមានកម្ពស់ចាប់ពី ១០ សង់ទីម៉ែត្រ រហូតដល់ ៥០ សង់ទីម៉ែត្រ ទៅតាមស្ថានភាពដីដែលមានជីវជាតិ។ ស្មៅនេះដុះនៅលើដីខ្សាច់វាលទំនាប ឬដីល្បាប់ខ្មៅក្នុងស្រែ។ វាចាប់ផ្ដើមដុះនៅក្នុងឧសភាឬ មិថុនា ជាពេលដែលមានភ្លៀងធ្លាក់ ហើយលូតលាស់រហូតដល់ខែ តុលា និងខែវិច្ឆិកា ហើយនិងចេញផ្កាជាកញ្ចុំ៥ទៅ៦ កញ្ចុំក្នុងមួយទង។ ក្នុងមួយដើមកញ្ចុំផ្កាមានប្រហែលពី៦០ កញ្ចុំរហូតដល់ ១០០កញ្ចុំទៅតាមស្ថានភាពដី។ ក្រោយពីផ្កាហើយស្មៅនេះចាប់ផ្ដើមងាប់បន្តិចម្ដងរហូតដល់ខែមករាឬកុម្ភៈទើបអស់។ ក្រៅពីផ្នែកខាងលើស្មៅនេះ វាមានលក្ខណៈពិសេសត្រង់គល់វាមានក្លិនក្រអូបឈ្ងុយនៅពេលដើមវាចាស់ មិនចាញ់តែចិនពេលដែលឆុងហើយទេ តែគ្រាន់តែវាគ្មានជាតិចត់ដូចជាតែប៉ុណ្ណោះទោះបីដាក់ច្រើនយ៉ាងណាក៏ដោយ។ តាមចាស់ក្នុងខេត្តនេះនិយាយតៗគ្នា ស្មៅនេះមិនស្គាល់ថាជាប្រភេទស្មៅអ្វីឲ្យពិតប្រាកដទេ តាំងពីគាត់ធំដឹងក្ដីកាលណាមក លឺតែជីដូនជីតារបស់គាត់ហៅតែ "ស្មៅតែៗ" ក៏ពួកគាត់ហៅតាមមកដល់បច្ចុប្បន្ន។ ចំណែកគុណសម្បត្តិ វាដូចជាឱសថព្រៃ ជួយឲ្យសុភាពល្អ និងជួយបញ្ចុះឈាមសម្រាប់អ្នកមានជំងឺលើសឈាម តាមប្រសាសន៍របស់ពួកគាត់។
ស្មៅតែនេះកំពុងស្ថិតនៅក្នុងការពិសោធន៍របស់និស្សិតឧត្តរមានជ័យទៅលើវាវេចខ្ចប់ និងរយៈពេលរក្សាទុកបន្ទាប់ពីវេចខ្ចប់រួច។ ស្មៅតែនេះជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើនទៀតក្នុងខេត្តឧត្តរមានជ័យ ដែលមានធនធានជាច្រើន តែខេត្តឧត្តរមានជ័យគ្មានធនធានមនុស្សសម្រាប់ជួយការងារ និងធ្វើការងារលើការផលិត លើធនធានដែលខេត្តខ្លួនឯងមាន ដើម្បីជួយជីវភាពអ្នករស់នៅក្នុងតំបន់នោះឲ្យបានល្អប្រសើរ។
ស្មៅតែនេះជារុក្ខជាតិព្រៃសុទ្ធសាធ តែផ្ដល់ផលប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់ តែគ្រាន់តែមនុស្សក្នុងខេត្តនេះមិនចេះច្នៃប្រឌិត ដើម្បីទាញយកផលប្រយោជន៍ពីសក្ដានុពលដែលមានក្នុងខេត្តនេះតែប៉ុណ្ណោះ ក៏ព្រោះតែយុវជនជំនាន់ថ្មីមិនបានរៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រាសហើយនិងគ្មានឱកាសបានមកបន្តការសិក្សា៕៚