Tuesday, January 10, 2012

៩ថ្ងៃដើមឆ្នាំ ២០១២ ថៃចាប់ពលរដ្ឋខ្មែរ បីនាក់

Monday, 09 January 2012 15:37 ដោយៈ អេង គឹមជាង-Posted ID:099
 ដកស្រង់ពីគេហទំព័រ ដើមអម្ពិល


ឧត្តរមានជ័យ៖ គ្រាន់តែរយៈ៩ ថ្ងៃ ក្នុងខែមករា ឆ្នាំ២០១២ ភាគីថៃបានចាប់ ប្រជាពលរដ្ឋខ្មែរ ៣នាក់ នៅត្រង់ចំណុច ភូមិសាស្រ្តអូថ្លាញ ឃុំច្រាច ស្រុកប៊ូឆេត ខេត្តស៊ូរិន ចម្ងាយពីព្រំដែន កម្ពុជា ៣គីឡូម៉ែត្រ ខណៈពួកគេបាន ឆ្លងដែនខុសច្បាប់ ទៅកាប់ឈើនៅក្នុងទឹកដីថៃ។
មន្រ្តីទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ លោក តូច រ៉ា មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ថា បើទោះបីជាមាន ការហាមឃាត់ពីសំណាក់ អាជ្ញាធរមិនឲ្យពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃយ៉ាង ណាក៏ដោយ ភាគច្រើនពួកគេ មិនសូវយកចិត្តទុកដាក់ ស្តាប់នោះទេ នៅតែរឹង ទទឹងដដែល ជាពិសេសទៅ កាប់ឈើនៅក្នុងទឹកដីថៃ។ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ពលរដ្ឋខ្មេរ បីនាក់បាន ធ្វើដំណើរទៅ ប្រទេសថៃ ដើម្បីទៅកាប់ឈើនោះ ត្រូវបានទាហានថៃ ចាប់បានរហូតបញ្ជូន ទៅតុលាការ ខេត្តស៊ូរិន ថែមទៀតផង។
លោកបន្តថា នៅពេលចាប់ភ្លាមៗនោះ ខាងភាគីកម្ពុជា ក៏បានទៅអន្តរាគមន៍ដែរ ប៉ុន្តែហួសពេលហើយ ដោយគេបានបញ្ជូនទៅខេត្តស៊ូរិន។ នៅពេលចាប់បាន នោះភាគីថៃ រកឃើញភស្តុតាង មួយចំនួនដូចជា ឈើដែលកាប់បាន ដោយគេមិនអាច ដោះលែងបានទេ ព្រោះច្បាប់ស្រុកគេឲ្យតែចាប់ និង មានភស្តុតាងជាប់ខ្លួន ត្រូវបញ្ជូនទៅតុលាការ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា «ចាប់តាំងពីដើមឆ្នាំ ២០១២ នេះមក មិនមានបញ្ហាអ្វីកើតឡើង រវាងទាំងពីរ ប្រទេសទេ ប៉ុន្តែទើបតែមានករណីថៃ ចាប់ពលរដ្ឋខ្មែរ បីនាក់ហ្នឹង ខណៈពួកគាត់ ធ្វើដំណើរឆ្លង កាត់តាមព្រៃ ដើម្បីរកកាប់ឈើនោះ ត្រូវភាគីគេចាប់ខ្លួនតែម្តងទៅ»។
កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង បានលើកឡើង នៅមុខ លោក រ៉ាពង្ស រដ្ឋមន្រ្តីការបរទេស ថៃ ក្នុងកិច្ចជំនួបរវាង រដ្ឋមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរ ដោយ លោក ហោ ណាំហុង បានលើកឡើងថា ចំពោះបញ្ហាប្រជាពលរដ្ឋខ្មែរ ឆ្លងដែនទៅកាប់ឈើ នៅថៃនោះ ជួនកាលពួកគាត់ អត់ដឹងថា នៅទីនោះជាទឹកដី របស់ថៃ ព្រោះភាគច្រើនពួកគាត់ មិនបានដឹងអំពីភូមិសាស្រ្ត ច្បាស់លាស់ ហើយលោកសូមស្នើ ឲ្យអាជ្ញាធរសមត្ថកិច្ច នៅតាមព្រំដែនថៃ កុំបាញ់សម្លាប់ ប្រជាពលរដ្ឋខ្មែរ បន្តទៀត គួរតែចាត់វិធានការណ៍ ទៅតាមផ្លូវច្បាប់វិញល្អជាង។
លោក ហោ ណាំហុង ក៏បានស្នើទៅកាន់ សមភាគីរបស់លោក អនុញ្ញាតឱ្យ ក្រុមការងាររបស់កម្ពុជា ធ្វើប័ណ្ណការងារស្រប ច្បាប់ជូនពលករខ្មែរជាង ១៤ម៉ឺននាក់ទៀត ក្នុងចំណោម ២៥ម៉ឺននាក់ ដែលកំពុង ធ្វើការនៅប្រទេសថៃ។
បើតាមការសិក្សារបស់ មូលនិធិអាស៊ី បានរកឃើញថា ពលករកម្ពុជាប្រហែលជា ២០០.០០០នាក់ កំពុងធ្វើ ការខុសច្បាប់ នៅប្រទេសថៃនា ពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមន្រ្តីរាជរដ្ឋាភិបាល បានប៉ាន់ប្រមាណថា ឆ្នាំ២០០៩ និង ឆ្នាំ២០១០ មានពលករកម្ពុជា ប្រហែលជា ១៩.០០០នាក់ បានបម្រើការងារស្របច្បាប់នៅថៃ៕