Saturday, January 7, 2012

ទំពាំងឫស្សីលក

ដោយ​ អូត​ ឡាទីន

ឫស្សី​លក​គឺ​ជា​រុក្ខ​ជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​តាម​តំ​បន់​ដី​មួយ​ចំនួន​ដូច​ជា​នៅ​តាម​តំបន់​ក្បែរ​មាត់​អូរ​។​ហើយ​ជា​ពិ​សេស​នោះ​គេ​ច្រើន​សង្កេត​ឃើញ​វា​មាន​ដុះ​នៅ​តំ​បន់​ព្រៃ​ដុង​ហើយ​និង​​ក្បែរ​ជើង​ភ្នំ​មួយ​ចំនួន​​ដូច​ជា​នៅ​តាម​តំ​បន់​មួយ​ចំនួន​នៃ​ភ្នំ​ដង​រ៉ែក​។ ​
ហើយ​រុក្ខជាតិ​ផងដែរ​វា​ស៊ូទ្រាំ​ទៅ​និង​អាកាស​ធាតុ​បាន​គ្រប់​រដូវ​។ហើយ​ឫស្សីលក​នេះ​ដែរ​វា​មាន​ភាព​ស្រដៀង​ទៅ​និង​អំពៅ​ដែរ​ តែ​ស្លឹក​វា​ខុស​ប្លែក​ពី​គ្នា​ត្រង់​ស្លឹក​អំពៅ​វែង​តែ​ស្លឹក​ឫស្សី​ប្រ​ភេទ​នេះ​ដូច​គ្នា​ទៅ​និង​ស្លឹក​ឫស្សី​ពន្លា​ដែរ​ តែ​វា​គ្រាន់​តែ​តូច​ជាង​គ្នា​ប​ន្តិច​។​ ឫស្សី​នេះ​ដែរវា​បែក​ខ្នែង​ចេញ​ជា​មែក​ដូច​ឫស្សី​ពន្លា​ដែរ​ ​បើ​តាម​ការ​សង្កេត​ឃើញ​តំ​បន់​ដែល​វា​មាន​ដុះ​នៅ​ភូមិ​សិទិ្ធសេរី​ថ្មី​ទឹក​ដី​ឃុំ​គោគមន​ស្រុក​បន្ទាយ​អំ​ពិល​ខេត្ត​ឧត្តរ​មាន​ជ័យ​ហើយ​នឹង​តំបន់​ផ្សេងៗ​ទៀត​នៃ​ខេត្ត​នេះ​។ ប៉ុនែ្ត​ដោយ​​ឡែក​នៅ​ក្នុង​ភូមិ​សិទ្ធិ​សេរី​ថ្មី​មាន​ឫស្សី​លក​នេះ​ដុំ​នៅ​ក្បែរៗ​មាត់​អូរ​មួយ​ខ្សែរ​កាត់​ភូមិ​នេះ​រហូត​ទៅដល់​ជើង​ភ្នំ​ដងរ៉ែក​ នៅ​តំបន់​(ចាន់ក្រហម)ដែល​តំបន់​នេះ​ស្ថិត​ភាគ​ខាង​លិច​ប្រាសាទ​តា​មាន់​ចំងាយ​ប្រហែល​ពីរ​គីឡូដី។ដែល​បច្ចុប្បន្ន​ឫស្សី​លក​នេះ​កំពុង​តែ​រង​នូវ​ការ​គំ​រាម​គំ​ហែង​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​ដោយ​ការ​កាប់​បំ​ផ្លាញ​ផ្សេងៗ​។​ តែ​ឫស្សី​នេះ​ដែរ​ក៏​ជួយ​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជា​ជន​​បាន​មួយ​​ចំនួន​ធំ​ផង​​ដែរ ​ដូច​ជា​ប្រជា​ជន​តែង​តែ​​កាប់​វា​យក​មក​ធ្វើ​ជា​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងៗ​ដូច​ជា​យក​ទៅ​ធ្វើ​ឡូប​ ​ទ្រូ ​​ត្រក​ អង្រុត​ហើយ​ជា​ពិសេស​​នោះ​យក​ទៅ​ធ្វើ​ជា​របង​​សម្រាប់​កា​ពារ​សួន​ដំ​ណាំ​ផ្សេងៗ​ដើម្បី​កុំ​អោយ​សត្វ​ពាហនៈ​ចូល​លុក​​លុយ​ហើយ​និង​យក​ទៅ​ប្រើ​ប្រាស់​តាម​រយៈ​ផ្សេងៗ​ទៀត​ជា​ច្រើន..........។ ​​ឫស្សី​នេះ​វា​បន្ត​ពូជ​តាម​រយៈ​ការ​ពន្លក​ភ្លុះ​ជា​ទំ​ពាំង​មុន​នឹង​ក្លាយ​ទៅ​ជា​ដើម​ឫស្សី​ពេញ​លេញ​។​ ទន្ទឹម​និង​នោះ​ដែរ​ការ​បន្ត​ពូជ​របស់​វា​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​​ពេល​មួយ​ឆ្នាំ​ម្តង​​រដូវ​ដែល​វា​ដុះ​ភ្លុះ​ចេញ​ជា​ទំ​ពាំង​​នៅ​រដូវ​ស្សា​ ​វា​ចាប់​ផ្ដើម​ព​ន្លក​ចេញ​ពីគល់​នៅ​ខែ​មិថុនា​រហូត​ដល់​ខែ​កញ្ញា​។ មុន​នឹង​ភ្លុះ​ផុស​ចេញ​ពី​ដី​ទាល់​តែ​រដូវ​ភ្លៀងធ្លាក់​សើម​ស្រ​ទាប់​ក្រោម​ដី​​ទើប​វា​ភ្លុះជា​រូប​រាង​មក។​ពន្លក​ភ្លុះ​នៃ​ទំ​ពាំង​នេះ​ដែរ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ភូមិ​តែងតែ​ទៅ​ច្រឿត​វា​យក​មក​ធ្វើ​ជា​បន្លែ​​​អន្លក់​ហើយ​ធ្វើ​និង​យក​ទៅ​ធ្វើ​ជា​អាហារ​តាម​រយៈ​​មធ្យោបាយ​ផេ្សងៗ​ទៀត។​ តែមុន​និង​យក​វា​ទៅ​ធ្វើ​ជា​ប​ន្លែ​រឺ​អន្លក់​គេ​ត្រូវ​យក​វា​បក​សំ​បក​ចេញ​រួច​ហើយ​ចិត​វា​ជា​បន្ទះ​ស្ដើងៗ​រួច​ហើយ​ស្ងោរ​ឲ្យ​អស់​ជាតិ​ល្វីង​ពុល​ ទើប​យក​ទៅ​ធ្វើ​ជា​អន្លក់​ឬ ​បន្លែ​បាន​​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​អាច​ទុក​ហូប​បាន​យូរ​ទេ​​គឺត្រឹម​តែ​រយៈពេល​ពី​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​វា​នឹង​ផ្អូម​ហើយ​យើង​មិន​អាច​ហូប​វា​កើត​ទេ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ​ អ្នក​ភូមិ​ខ្លះ​ក៏​រក​មធ្យោបាយ​ដើម្បី​អោយ​រក្សា​ទុក​ធ្វើ​ជា​បន្លែ​បាន​យូរ​ ដោយ​វិ​ធី​ផ្សេងៗ​ដូច​ជា​ក្រោយ​ពេល​បក​សំបក​​រួច​ត្រូវ​ពុះ​វា​ជា​ពីរ​ចម្រៀក​(បើវាធំ)។ យើង​ដាំ​ទឹក​អោយ​ពុះ​​រួច​ដាក់​ចេញ​ពី​ចង្ក្រាន​​រួច​យក​វា​ដាក់​ចូល​ក្នុង​ទឹក​ក្ដៅ​រយៈពេល​ពីមួយ​​​ទៅ​ពីរនាទី​រួច​ស្រង់​យក​វា​ដាក់​ក្នុង​ថង​ផ្លាស់​ស្ទិច​ដែល​ក្រាស់​អត់ដៃ​ហើយ​យើង​យក​កៅ​ស៊ូ​កង​រឺត​ក្បួច​វា​អោយ​តឹង​រួច​​យើង​យក​វា​ទៅ​ទុក​កន្លែង​ដែល​មាន​សុវត្ថិភាព​ដើម្បី​កុំ​អោយ​វា​ធ្លុះធ្លាយ ​បើ​ធ្លុះធ្លាយ​វា​និង​ខូច​។
ដើម្បី​រក្សា​ទុកវា​ហូប​បាន​យូរត្រូវ​ទុក​វា​អោយ​ល្អ។តែ​នៅ​ពេល​យើង​ត្រូវ​ការ​យក​វា​មក​ធ្វើ​ជា​បន្លែ​ត្រូវ​លាង​អោយ​ស្អាត​រឺក៏​យក​វា​ទៅ​ស្រុះ​រួច​ទើប​យក​ទៅ​ប្រើ​ការ​បាន។សូម​បញ្ជាក់​ថា​ដំ​បូង​មុន​ពេល​ដែល​យើង​ស្រុះ​យក​វា​ដាក់​ក្នុង​ថង់​យើង​មិន​ត្រូវ​ស្រុះ​អោយ​​ឆ្អិន​ទេ​គឺ​ស្រុះ​តែ​ក្នុង​រយៈ​​ពេល​មួយ​ដែល​ខ្លី​តែ​ប៉ុណ្ណោះ​ព្រោះ​បើ​យើង​ស្រុះ​ឆ្អិនវា​និង​ខូច​ហើយ​យើង​មិន​អាច​ទុក​វា​បាន​យូរ​ទេ​។​ យើង​ធ្វើ​បែប​នេះ​គឺ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ចំ​នាយ​ទៅ​លើ​បន្លែ​ផ្សេងៗ​បាន​មួយ​ភាគ​ដែរ៕