ដោយ អូត ឡាទីន
ស្នូរប៉ុកបានបន្លឺឡើងប៉ុកប៉ុកៗ.........កងរំពងពេញភូមិហាក់បីដូចជាចង់ប្រកាសអាសន្នប្រាប់ទៅដល់ប្រជាជនដែលក្នុងភូមិ នាពេលព្រលឹមស្រាងៗព្រឹកមួយគេឃើញមានមនុស្សចាស់ប្រុសស្រីវ័យ
កណ្តាលជាច្រើនព្រមទាំងលាយឡំជាមូយយុវជនមួយចំនួនបានដើរតាមផ្លូវលំក្នុងភូមិសំដៅទៅផ្ទះ
មួយនៅក្បែរផ្លូវក្នុងភូមិគូរ ដែលលាតសន្ធឹងពីទិសខាងជើងទៅទិសខាងត្បូង។ ហើយមានផ្លូវចេញពីភូមិត្រង់ទៅទិសខាងកើតឆ្ពោះទៅកាន់ខ្លោងទ្វាវត្តដំណាក់គីរីសាគូគួរ។ បើយើងធ្វើដំនើរចេញពីខ្លោងទ្វាវត្តចូលទៅដល់ក្នុងភូមិដល់ផ្លូវបំបែកក្នុងភូមិយើងបត់ឆ្វេងឃើញផ្ទះមួយនៅខាងលិចផ្លូវនៅខាងត្បូងផ្ទះនេះមានផ្ទះមួយទៀតដែលប្រជាជនដើរទៅកាន់។ ក្រោយមកគេឃើញមានឡានមួយគ្រឿងបានបើកចូលទៅកាន់ផ្ទះនោះ។បន្ទាប់មកប្រធានភូមិក៏ចាប់ផ្តើមបើកអង្គប្រជុំមួយស្ដីអំពីរបៀបនៃការធ្វើកសិកម្មដែលមានការចូលរួមយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។ព្រមទាំងមានអង្កការបានចូលរួមលើកឡើងលើងនូវបពា្ហជាច្រើនស្តីអំពីកសិកម្ម ដើម្បីអោយប្រជាជនបានយល់ដឹងកាន់តែច្រើនអំពីរបៀបនៃការធ្វើកសិកម្ម។ ហើយជាពិសេសនោះគឺអោយប្រជាជនបានយល់ដឹងកាន់តែច្បាស់អំពីការធ្វើដំណាំស្រូវហើយនឹងអោយប្រជាកសិករបានយល់ពីរបៀបនៃការប្រើប្រាស់ជីដើម្បីអោយសាកសមនិងប្រភេទដី។ នៅខណៈនោះដែរ អង្គការបានបង្រៀនពីរបៀបនៃការជ្រើសរើសពូជស្រូវដើម្បីអោយសាកសមទៅនិងប្រភេទដី។ ក្រោយពេលស្ដាប់នូវការណែរនាំរបស់អង្គការចប់សព្វគ្រប់ហើយប្រជាជនក៏បានរំសាយចេញពីអង្គប្រជុំដើរទៅកាន់គេហដ្ឋានរៀងៗខ្លួន។ ប្រជាជននៅក្នុងភូមិនោះភាគច្រើនគឺជាប្រជាកសិករប្រកបរបរធ្វើស្រែចំការ។ ប៉ុន្តែមានអ្នកខ្លះទៅស៊ីឈ្នួលធ្វើការនៅប្រទេសថៃ។ តែមានប្រជាជនមួយចំនួនទៀតក្រោយពីប្រមូលផលស្រូវចប់សព្វគ្រប់ហើយក៏ប្រកបរបរបន្ទាប់បន្សំផ្សេងៗទៀតអ្នកខ្លះក៏រុករានព្រៃ ដើម្បីយកកន្លែងសម្រាប់ដាំដំណាំផ្សេងៗសម្រាប់ទ្រទ្រង់នូវជីវភាពគ្រួសារខ្លួន។ តែការធ្វើបែបនេះវាមិនទទួលបានផលខ្ពស់នោះទេដោយសារតែប្រជាជននៅក្នុងភូមិនោះភាគច្រើនជាមនុស្សមិនសូវមានចំនេះដឹងហើយនឹងបច្ចេកទេសនៃការថែរក្សាដំណាំទាំងនោះអោយទទួលបានផលល្អនោះទេ។ហេតុដូច្នេះហើយធ្វើអោយប្រជាជនខ្លះមិនមានទឹកចិត្តក្នុងការដាំដំណាំបន្ទាប់បន្សំផ្សេងៗទៀតនោះទេ។ រហូតដល់ធ្វើអោយប្រជាពលរដ្ឋមួយចំនួនមានជីវភាពខ្វះខាតមែនទែន សឹងតែមិនអាចផ្គត់ផ្គងគ្រួសាររបស់ខ្លួនគ្រប់ផង។
ទន្ទឹមនឹងនោះផងដែរមានប្រជាពលរដ្ឋមួយចំនួនមានភាពខ្វះខាតខ្លាំងរកព្រឹកខ្វះល្ងាច រកល្ងាច ខ្វះព្រឹកណាមួយដោយសារតែមានមុខរបរតិចតួចណាស់ក្រៅពីធ្វើស្រែ។មិនតែប៉ុណ្ណោះសមាជិកនៅក្នុងគ្រួសារមានគ្នាច្រើនហេតុដូចនេះហើយមេគ្រួសារពិកបាកក្នុងការទំនុកបំរុងយ៉ាងខ្លាំង។តែទោះបីជាយ៉ាងណាក៏ដោយក៏ពួកគាត់នូវតែខិតខំរិះរកមធ្យោបាយផ្សេងៗដើម្បីដោះស្រាយនូវបញ្ហានេះ។ប៉ុន្តែបច្ចុប្បន្ននៅក្នុងភូមិនេះមានក្រុមអង្គការមួយចំនួនបានចុះចូលទៅកាន់ទីនោះហើយបង្កើតជាកម្មវិធីផ្សេងៗផ្ដល់ពូជស្រូវមួយចំនួនជូនប្រជាជននិងជីផ្សេងៗផងដែរ។ បច្ចុប្បន្ននេះប្រជាជននៅក្នុងភូមិនេះកំពុងតែខិតខំយកចិត្តដាក់ទទួលយកនូវការអប់រំពីមន្ត្រីអង្គការបានចុះទៅពន្យល់ណែរនាំអំពីរបៀបនៃការធ្វើកសិកម្ម។ ប្រជាជននៅក្នុងភូមិនេះខិតខំរៀងៗខ្លួនដើម្បីលើកកម្ពស់គ្រួសារអោយកាន់តែមានភាពរីកចម្រើនហើយសង្ឃឹមថាទៅថ្ងៃមុខប្រជាជននៅទីនោះនិងកាត់បន្ថយនូវភាពខ្វះខាតបានកាន់តែច្រើនឡើងៗហើយនិងធ្វើអោយសង្គមនោះទទួលបាននូវការអភិវឌ្ឍន៍យ៉ាងលឿនជានិច្ច៕