Tuesday, January 3, 2012

អាដហុក​ថា ​​ពលរដ្ឋ​ខ្មែរ​១៥​នាក់​ត្រូវ​​ទាហាន​ថៃ​បាញ់​សម្លាប់​​នៅ​ខេត្ត​ឧត្តរ​មាន​ជ័​យ​​ក្នុង​ឆ្នាំ​២០១១

របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​រក​ឃើញ​ថា​ គ្រាន់​តែ​នៅ​ក្នុង​​ខេត្ត​ឧត្តរ​មាន​ជ័យ​​មួយ​​ប៉ុណ្ណោះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​​ហោច​ណាស់​​១៥​​នាក់​ត្រូវ​បាន​ទាហាន​​ល្បាត​ ព្រំដែន​ថៃ​​ធ្វើ​ការ​បាញ់​សម្លាប់​​កាល​ពី​អំឡុង​​ឆ្នាំ​២០១១​កន្លង​ទៅ ។
លោក ​ចាន់ សូវ៉េត មន្ត្រី​ស៊ើប​អង្កេត​​របស់​អង្គការ​នេះ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ចន្ទ​ ម្សិលមិញ​ថា ពលរដ្ឋ​ខ្មែរ​១៥នាក់​​​ដែល​ទាហាន​ថៃ​បាញ់​សម្លាប់​នេះ​គិត​តែ​ក្នុង​ខេត្ត ឧត្តរ​​មាន​ជ័យ​មួយ​​ប៉ុណ្ណោះ ហើយ​​តួលេខ​នេះ​​អាច​មាន​ការ​ប្រែប្រួល​។
បើ​តាម​មន្ត្រី​រូប​នេះ​ថា ​ទិន្នន័យ​​នេះ​​នៅ​មិន​ទាន់​បាន​បូក​បញ្ចូល​​​​ខេត្ត​​​មួយ​ចំនួន​ទៀត​​​ ដែល​មាន​ករណី​ដូច​គ្នា​ផង​ទេ , ដូច​ជា​នៅ​ ប៉ៃលិន បន្ទាយមានជ័យ និង ខេត្ត ព្រះ​វិហារ ។ ដោយ​​បាន​ធ្វើ​​ការ​កត់​សម្គាល់​ថា ​” តាម​ការ​ទូត​យើង​​មើល​ឃើញ​ថា ​ទំនាក់ទំនង​​ខ្មែរ​ ថៃ​ ល្អ​ប្រសើរ តែ​ជាក់​ស្ដែង​ពុំ​ទាន់​ល្អ​ទេ ព្រោះ​មុន​​ឆ្នាំ២០០៨ មិន​ដែល​ឮ​ថា ទាហាន​ថៃ​បាញ់​ពលរដ្ឋ​​ខ្មែរ​តាម​ព្រំ​ដែន​ឡើយ​  តែ​ឥឡូវ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ​ធ្វើ​ឡើង​​តាម​គ្រប់​រូប​ភាព ” ៕
លោក​​ ចាន់​ សូវ៉េត មន្រ្តីស៊ីបអង្កេតរបស់​អង្គការសិទ្ធិមនុស្សអាដហុក